លោក​ស៊ុន ចាន់​ថុល​៖ គ្មាន​ការ​ជាប់​គាំង​នៃ​​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជា​ ក្រោយ​បើក​ការដ្ឋាន​បាន​បីខែ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​ទី​១​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ផ្តល់​បទ​សម្ភាសន៍​ដល់​​វីអូអេនៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០២៤។ (ពិន ស៊ីសុវណ្ណ/វីអូអេ)

ឧប​នាយក​រដ្ឋមន្រ្តី​ដែល​ទទួល​បន្ទុក​គម្រោងព្រែក​ជីក​ហ្វូណនតេជោ លោក ​ស៊ុន ចាន់ថុល អះ​អាងថា ​បើ​គិត​ចាប់​តំាងពី​ថ្ងៃបើកការ​ដ្ឋាន​កាល​ពី​ដើមខែ​សីហា​មក​ គម្រោងព្រែក​ជីក​នេះ​កំពុង​តែ​ដំណើរ​ការ ហើយគ្រោង​បញ្ចប់​តាម​ផែន​ការ​កំណត់នៅ​ឆ្នាំ​ ២០២៨​។

ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់រូប​នេះកើត​មាន​ឡើង ​បន្ទាប់ពី​ទីភ្នាក់​ងារ​ព័ត៌​មាន​Reuters បាន​ចេញ​ផ្សាយ​សេចក្តី​រាយ​ការណ៍​មួយ​កាល​ពី​សប្តាហ៍​មុន​ថា​ រយៈ​ពេល​បីខែ​ក្រោយ​ការ​បើក​ការដ្ឋាន ​គឺ​ការ​ចូល​រួម​ចំណែក​ខាង​ហិរញ្ញ​វត្ថុ​របស់​ចិន​សម្រាប់ការ​អនុវត្ត​គម្រោង​នេះ ​នៅ​តែ​ជាក្តី​មន្ទិល ​ដែល​ការណ៍​នេះធ្វើ​ឲ្យ​ជោគ​វាសនា​ និង​ចីរភាព​នៃ​ការ​អនុវត្តគម្រោង​ព្រែក​ជីក​នេះ​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​។​

នៅ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ប្រព័ន្ធ​គ្រប់​គ្រង​គម្រោង​វិនិយោគ​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ​ឆ្នាំ ២០២៤ ​លោក ​ស៊ុន ចាន់ថុល​ បាន​បដិសេធ​ចំពោះសេចក្តី​រាយ​ការណ៍​ព័ត៌​មាន​នោះ និង​អះ​អាង​ថា​ ការ​អនុវត្ត​គម្រោង​នេះ​កំពុង​ប្រព្រឹត្ត​ទៅជា​ធម្មតា​ ដោយ​គ្មាន​ឧបសគ្គអ្វី​ឡើយ ទាំង​ផ្នែក​សង្គម​ សេដ្ឋ​កិច្ច​ និង​បរិស្ថាន​។

លោក​ថ្លែងថា​៖ ​«​ប្រហែល​គាត់​សួរ​ អា​អ្នក​ថា អ៊ីចឹង​អាអ្នក​ថា​អត់ដឹង​អីទេ ​ប្រហែល​សួរ​អា​អ្នក​ឈរ​មើល​អត់ដឹង​អីទៀត​ សួរ​អាអ្នក​ទិតៀន​ អត់ដឹង​អី​ទៀត​ [ហើយ]​អា​អ្នក​ធ្វើ​ មិន​សួរ​ ហើយ​សរសរ​ថា ​គម្រោង​នេះ​លែង​ទៅ​មុខ​ហើយ ​បោះ​បង់​ចោល ​គ្មាន​ការ​គំាំទ្រ​ពីដៃ​គូ​របស់​យើង​ ទាំង​ដៃ​គូ​រដ្ឋ ទាំង​ដៃ​គូ​ឯក​ជន​ទេ​។ ខ្ញុំសូម​ជម្រាប​ៗ​ថា ​ព្រែក​ជីក​ហ្វូ​ណននឹង​ធ្វើ​ចប់ជា​ស្ថាពរ​តាម​ការ​គ្រោង​ទុក ឬ​មុន​ការ​គ្រោង​ទុក​»។

បើ​តាម​លោក ស៊ុន ចាន់ថុល ​បន្ទាប់​ពី​បើក​ការដ្ឋាន​សាង​សង់​ជាង​ ៣ ខែ​មក​នេះ​ រដ្ឋា​ភិបាល​បាន​ធ្វើ​ការ​ជា​ប្រចាំ ​ហើយចុះ​សិក្សាផល​ប៉ះ​ពាល់​ផ្ទះ​សំបែង និង​ដើម​ឈើ​របស់​ប្រជា​ពល​រដ្ឋ​ ដែល​កើន​ពី​ ១.៥៨៥ ​ខ្នង​ផ្ទះ​ ឡើងដល់​ ២.៣​០៥ ​ខ្នង​ផ្ទះ​ ដោយ​សារ​តែ​ត្រូវ​ពង្រីក​ព្រែក​ត្រង់​កន្លែង​ខ្លះ​ ហើយក្នុង​នោះ​ផ្ទះ​ប្រមា​ណ ​៤០០​ ខ្នង ​នឹងត្រូវ​រុះ​រើ​ចេញ​។

លោក​ថ្លែង​ថា​៖ «នែ! ​យើង​រយៈ​ពេល​ ៣ ខែនេះ ត្រូវ​តែកំពុង​ធ្វើការ​លម្អិត​អ៊ីចឹង​ រាប់ដើម​ខ្នុរ ដើម​ស្វាយ ដើម​ល្ហុង ​តែ​កាប់​របស់​គាត់​[ប្រជាពលរដ្ឋ​] ត្រូវ​តែ​សង​គាត់​ហើយ​។ ​ហើយ​មក​ទិតៀន ថាអត់​មាន​អ្វីអី​សោះ​ ខ្ញុំសូម​ជម្រាប​ថា ​ធ្វើ​រហូត​ៗ​។ ប៉ុន្តែ​មិនទាន់​ដល់​ពេល ​យើង​ដោះ​ស្រាយ​ហើយ យើង​នឹង​ចាប់​ដំណើរ​ការ​»។

លោក​បន្ថែម​ថា៖ ​«​ប៉ុន្តែ​សួរ​ថា​ តើ​ការ​បើក​ការ​ដ្ឋាន​មិនទាន់​ធ្វើអី​? ​ការធ្វើ​ដំណើរ​ក្នុង​ដំណើរ​ ១៨០ ​គីឡូ​ម៉ែត្រ​ ត្រូវ​ចាប់​ផ្តើម​ពី​ជំហាន​ទី ១​។ មិន​មែន​ទៅ​ដល់​ ១៨០ ​គីឡូម៉ែត្រ​ភ្លាម​ទេ ដើរ​មួយ​ជំហានសិន​។ ​អ៊ីចឹង​ការ​បើក​ការ​ដ្ឋាន ​ជា​ជំហាន​ទីមួយ ​ហើយ​យើង​ខ្ញុំ​កំពុង​ធ្វើការ​រាល់​ថ្ងៃនេះ​»​។

ឧបនា​យក​រដ្ឋ​មន្ត្រីរូបនេះ មិន​បាន​បញ្ជាក់​ថា​តើ​ក្រុម​ហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន CRBC (China Road and Bridge Corporation) នៅ​តែ​បន្ត​ចូលរួម​វិនិ​យោគ​ក្នុង​ទំហំ​៤៩% ​ឬ​ប្រែប្រួល​យ៉ាង​ណា​នោះ​ទេ​ បន្ទាប់​ពី​រដ្ឋា​ភិបាល​បាន​រៀប​ចំ​សេចក្ដី​ព្រាង​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​នៃ​គម្រោង​ផ្លូវ​នាវា​ចរណ៍ និង​ប្រព័ន្ធ​ភស្ដុ​ភារ​កម្ម​ទន្លេ​បាសាក់ ​«ព្រែកជីក​ហ្វូណន​តេជោ»​ ជាមួយ​ក្រុម​ហ៊ុនចិន​មួយ​នេះ ​អំឡុង​ឆ្នាំ​ ២០២៣​។

លោក​ក៏មិន​បាន​បញ្ជាក់​ជុំវិញ​ការ​ដោះ​ស្រាយ​សំណង​ផល​ប៉ះ​ពាល់​លើ​ប្រជា​ពលរដ្ឋ​ថា តើ​នឹង​ដោះ​ស្រាយយ៉ាង​ដូច​ម្តេច​នោះ​ដែរ​។ ​

ទង់ជាតិ​កម្ពុជា​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​ពិធី​សម្ភោធបើកការដ្ឋាន​សាងសង់ព្រែកជីក​ហ្វូណនតេជោក្នុង​ខេត្ត​កណ្តាលប្រទេសកម្ពុជាកាលពីថ្ងៃទី​៥ សីហា ឆ្នាំ២០២៤។

ព្រែក​ជីក​ហ្វូ​ណន​តេជោ​ ដែល​មាន​ប្រវែង​ ១៨០ ​គីឡូ​ម៉ែត្រ គ្រោង​ចំណាយ​ប្រាក់​១.៧០០​ លាន​ដុល្លារ​អាមេរិក ដែល​តភ្ជាប់ទន្លេ​មេគង្គ​ក្នុងខេត្ត​កណ្តាល ​ទៅ​ដល់ឆ្នេរ​អង្កោលក្នុង​ខេត្ត​កែប។

កាល​ពី​ដើម​ឡើយ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្តើម​ប្រកាស​អំពី​ការ​ស្ថាបនា​គម្រោង​ព្រែក​ជីក​មួយ​នេះ ​រដ្ឋាភិបាល​បញ្ជាក់​ថា​ ក្រុមហ៊ុន​ចិន CRBC ដែល​វិនិយោគ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ក្រុង​ព្រះ​សីហនុនិង​ភ្នំពេញ​បាវិត ​ជា​អ្នក​វិនិយោគទុន​ ​១០០%។ ​

បើតាម​សេចក្តីរាយ​ការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន ​Reuters ក្រោយ​មក​ភាគហ៊ុន​ក្រុមហ៊ុន​នេះ​បាន​ថយ​ចុះមក​ត្រឹម ​៤៩% ​ ហើយ​ចំណែក​ផ្សេង​ទៀត​គឺ​ ភាគី​កម្ពុជា​ជាអ្នក​រ៉ាប់​រង​។ ប៉ុន្តែ​មន្ត្រី​ម្នាក់​នៅក្រុម​ហ៊ុន​ CRBC ​បាន​ប្រាប់ ​Reuters ​ថា ​តួលេខ​ដែល​បានផ្សព្វ​ផ្សា​ជា​

សាធារណៈ​នោះ​មិន​ច្បាស់​នោះ​ទេ ​ហើយ​ថា​ «វាជារឿង​ស្មុគ​ស្មាញ​»។​
សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់​ងារព័ត៌​មាន​ Reuters ​បាន​យោង​តាម​សម្តី​របស់​អ្នក​ជំនាញ​ មន្ត្រី​ និង​អ្នកការ​ទូត​ជាច្រើន ដែល​បាន​និយាយថា​ កង្វះការ​ប្តេជ្ញាចិត្ត​ច្បាស់​លាស់​របស់​ចិនអាច​ធ្វើ​ឲ្យ​ខូច​ផែន​ការ​ទាំង​មូល​ ដោយ​លើក​ហេតុផល​អំពី​ការ​ចំណាយ​របស់​គម្រោង​ ផល​ប៉ះពាល់​ខាង​បរិស្ថាន​ និង​លទ្ធ​ភាព​ដែល​អាច​រស់​បាន​ខាង​ហិរញ្ញ​វត្ថុ។

ប្រធាន​វេទិកា​អនាគត​ (Future Forum) លោក​ អ៊ូ វីរៈ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋា​ភិបាល​គួរ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​បន្ថែម​ទៀត ឬ​បង្ហាញ​ឯកសារ​សង្ខេប​អំពី​ក្រុម​ហ៊ុនវិនិ​យោគ និង​ទំហំ​ទុន​វិនិ​យោគ​ និង​ផល​ប៉ះ​ពាល់​ផ្សេង​ៗ​ ដើម្បីជម្រះ​មន្ទិលសង្ស័យ​នានា​អំពីការ​អនុវត្ត​គម្រោង​ដែល​មាន​រយៈ​ពេល​ ៤ ឆ្នាំ​នេះ។

លោក​ថ្លែងថា​៖​ «ប៉ុន្តែមក​ដល់​ពេល​បច្ចុប្បន្ននេះ ​យើងស្ងាត់​រឿង​ ៤៩% ​ហ្នឹងទៀត អ៊ីចឹង​នៅតែជាការ​ចូល​រួម​ក្នុង​ខ្ទង់​ចំណាយ​ហ្នឹង​ជា​របស់​ប្រទេស​ចិន ឬ​ក្រុមហ៊ុន​ចិន ឬ​មួយ​ក្រុមហ៊ុន​រដ្ឋ​របស់​ចិន​ អាហ្នឹង​យើង​នៅ​មិន​ទាន់ច្បាស់​។ តាមពិត​ រដ្ឋាភិបាល​គួរ​បញ្ជាក់​កន្លែង​ហ្នឹង​ឲ្យច្បាស់​លាស់​ទៅ​ វាល្អ​សម្រាប់​កុំ​ឲ្យ​គេ​មាន​មន្ទិល​សង្ស័យ​ ឬមួយ​មាន​ការ​ចោទ​ប្រកាន់​»​។

បើតាម​លោក​ អ៊ូ វីរៈ ​សារ​ព័ត៌មាន​ធំៗ ​ដូចជា​ Reuters ក្តី​ ​បាន​ផ្តោត​ការចាប់​អារម្មណ៍​លើប្រទេស​ចិន ​ជា​ពិសេស​គម្រោង ​BRI ដែល​ជា​គំនិត​ផ្តួច​ផ្តើម​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​របស់​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង ​ដែលបាន​ធ្លាក់ចុះជា​បន្ត​បន្ទាប់​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ រួម​ទាំង​កម្ពុជា​ផង​ដែរ​។​

ពាក់​ព័ន្ធ​នឹង​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ​លោក​ អ៊ូ វីរៈ ​លើក​ឡើង​ថា​ គម្រោង​នេះ​ ទោះ​បីជា​ «ដើរ​យឺត​ ប្រសើរ​ជាងដើរ​ខុស» ​ព្រោះ​ដើម្បី​កុំឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រជា​ពលរដ្ឋ។​ លោកបាន​ជំរុញ​ឲ្យរដ្ឋា​ភិបាលផ្តល់​ព័ត៌​មាន​ជាក់លាក់​អំពី​ផល​ប៉ះពាល់ និង​សំណង​ដល់​ប្រជា​ពលរដ្ឋ​ ​ដើម្បី​កុំឲ្យ​ពលរដ្ឋ​ភ័យ​ផង ​អរផង ​ឬ​មានភាព​ស្រពេច​ស្រពិល​។

លោក​បន្ថែម​ថា៖ «បើសិន​ជា​យើង​ដកឃ្លា ឬ​យក​ពេល​ដើម្បី​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ ឲ្យ​បាន​លម្អិត​ ខ្ញុំថាល្អ [​គឺ​]ល្អ​ជាង​យើង​បង្ខំ​ឲ្យលឿន»។ ​

វីអូអេមិន​ទាន់​អាច​សុំការ​បញ្ជាក់ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណ​ការ ​និង​ដឹក​ជញ្ជូន ​លោក​ ផន រឹម​ បាន​នៅ​ឡើយទេ គិត​ត្រឹមរ​សៀល​ថ្ងៃព្រហស្បតិ៍​។ វីអូអេ​ក៏​មិន​ទាន់​អាច​សុំការ​បញ្ជាក់ពី​ក្រុមហ៊ុន​ចិន ​CRBC​ និង​ស្ថាន​ទូត​ចិន​ ​នៅ​ទីក្រុង​ភ្នំពេញ​បាន​នៅ​ឡើយ​ដែរ​។

រដ្ឋា​ភិបាល​កម្ពុជា​បានបើក​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​មួយ​នេះ ​កាលពី​ថ្ងៃ​ទី​ ៥​ ខែ​សីហា ឆ្នាំ​ ២០២៤ ​នៅ​ត្រង់​ចំណុចស្រុក​កៀន​ស្វាយ ​ខេត្ត​កណ្តាល ដែលចំ​ថ្ងៃខួប​កំណើត​របស់​អតីត​នាយក​រដ្ឋមន្រ្តី ​លោក​ ហ៊ុន សែន​ ដែល​លោក​ជា​អ្នក​ផ្តួច​ផ្តើមគំនិត​នៃគម្រោង​មួយ​នេះ​។ ​

មួយ​ថ្ងៃ​ក្រោយ​ការ​បើក​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​បញ្ជាក់​ថា គម្រោងនេះ​ដាក់​ទុន​វិនិយោគ​ដោយក្រុម​ហ៊ុន​ខ្មែរ​ចំនួន ​៥១% ​ក្រៅ​ពី​នោះ​គឺ​ក្រុម​ហ៊ុន​ចិន។ លោកបន្ថែម​ថា​ ក្រុមហ៊ុន​ខ្មែរ​នឹង​ប្រើ​ថវិកា​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជោ​ទាំង​ស្រុង ​ប្រសិន​បើ​ក្រុមហ៊ុន​ចិន​ដក​ភាគ​ហ៊ុន​ចេញ​ពីគម្រោង​នេះ​។ ​

ក្រុម​ហ៊ុន​ខ្មែរ​ដែល​បាន​ដាក់​ការ​វិនិយោគ​ក្នុង​ការ​សាង​សង់​ព្រែកជីក​ហ្វូណន​តេជោ ​រួមមាន​ក្រុមហ៊ុន​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ ​និង​ក្រុមហ៊ុន​សាជីវ​កម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ​(OCIC) ​ដែល​កំពុង​សាង​សង់​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី​នៅ​ក្នុង​ខេត្ត​កណ្តាល។​ នេះ​បើ​តាម​រដ្ឋាភិបាល​កម្ពុជា​។

ដោយ​ឡែក ​ប្រជា​ពលរដ្ឋដែល​រស់​នៅ​ជិតព្រែក​តាកែវ​ ស្ថិត​ក្នុង​ឃុំ​សំរោង​ធំ ​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​ កំពុង​ទន្ទឹងរង់​ចាំ​ដំណឹង​អំពី​ការ​ទូទាត់ផល​ប៉ះ​ពាល់ ​និង​សំណង​នានា​។ ​ពួកគេ​ក៏​រំពឹង​ថា ​រដ្ឋា​ភិបាល​នឹងផ្តល់​សំណង​សមរម្យ​ដល់​ពួក​គេផង​ដែរ។ ​

លោក វ៉ា ជា​ អាយុ​ ៣៩ ឆ្នាំ ​ដែល​រស់​នៅ​ជិត​ព្រែក​តាកែវ​ ​ប្រាប់​វីអូអេ​ថា៖ «​ចង់​ឲ្យ​តែ​ច្បាស់​លាស់​តែ​ម្តង ​ចង់​និយាយ​ថា ​យក​គម្រោង​គេ​ប៉ុណ្ណា ​អី​ប៉ុណ្ណា​ ហើយ​យកធ្វើ​ខែណា ​ស្រួល​យើង​ចាត់​ចែង​ពី​ត្រឹម​ហ្នឹង​។ ​យើង​ធ្វើ​ដំណាំ​ដាំ​ដុះ​ស្រួល ​អ៊ីចឹង​ទៅ»​។

ចំណែក​លោក​ ឡេង សុខ ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ជា​អ្នក​ប្រកបរបរ​សាង​សង់​ផ្ទះ​ស័ង្កសី​នៅ​លើ​មាត់​ព្រែក​តាកែវ ​រយៈ​ពេល​ប្រមាណ​ ១៥ ​ឆ្នាំមកនេះ បាន​លើក​ឡើង​ថា​៖ ​«អត់ដឹង​ដី​ដែលគេ​ត្រូវ​ធ្វើ​ហ្នឹង ​គេ​យក​ត្រឹមណា​ឲ្យ​ពិត​ប្រាកដ​ អាហ្នឹង​យើង​អត់​ទាន់​ដឹង​ដែរ​»​៕