អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានថ្លែងថា នឹងមិនមានការបោះឆ្នោតសាជាថ្មីឡើយ សម្រាប់អាណត្តិទី៦នេះ ទោះបីជាមានប្រតិកម្មពីមជ្ឈដ្ឋានមួយចំនួនដែលមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃអាទិត្យនោះក៏ដោយ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យម្នាក់របស់គ.ជ.ប បានមានប្រសាសន៍ប្រាប់VOAនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធយ៉ាងដូច្នេះថា «នឹងមិនមានការបោះឆ្នោតឡើងវិញទេ នៅអាណត្តិនេះ»។
ការលើកឡើងនេះ ធ្វើឡើង ខណៈដែលសហគមន៍អន្តរជាតិដែលកាន់លទ្ធិប្រជាធិបតេយ្យដូចជាសហរដ្ឋអាមេរិក កាណាដា អង់គ្លេស អូស្ត្រាលី នូវែលហ្សេឡង់ និងសហភាពអឺរ៉ុបជាដើម បានថ្កោលទោសការបោះឆ្នោតនេះ ដោយបានចាត់ទុកថា វាមិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋខ្មែរ ឬខ្វះភាពគួរឱ្យជឿជាក់បាន ដោយសារតែអវត្តមានគណបក្សប្រឆាំងដ៏ធំគឺគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតនេះ។
លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានថ្លែងនៅក្នុងកម្មវិធីHello VOA កាលពីថ្ងៃពុធ ដោយអំពាវនាវឱ្យមានការពិចារណា រៀបចំការបោះឆ្នោតសាជាថ្មី។
លោកបានមានប្រសាសន៍ថា ៖ «អ្វីដែលយើងចង់បាន ដើម្បីដោះស្រាយបញ្ហានោះ គឺលុបចោលទៅអាការបោះឆ្នោតក្លែងក្លាយកាលពីថ្ងៃអាទិត្យហ្នឹង។ គឺរៀបចំការបោះឆ្នោតមែនទែន»។
លទ្ធផលបឋមនៃការបោះឆ្នោត បង្ហាញថា ក្នុងចំណោមពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៨លាន៣សែននាក់ មានជិត៧លាននាក់ឬស្មើនឹងជិត៨៣% បានបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងជាង៤លាន៨សែនឬជិត៧៧%។ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ លទ្ធផលនេះ ត្រូវបានគេជឿថានឹងធ្វើឱ្យគណបក្សកាន់អំណាច កាន់កាប់អាសនៈសភាទាំង១២៥ សម្រាប់អាណត្តិទី៦នេះ។
តែទោះជាយ៉ាងនេះក្តី លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា «គឺមិនមានការបោះឆ្នោតឡើងវិញទេនៅអាណត្តិនេះ ពីព្រោះថា មតិទាំងឡាយដែលជំទាស់នឹងការបោះឆ្នោតនេះ គឺជាមតិនៃក្រុមភ័ន្តច្រឡំ បាទ»៕