នយោបាយ​រឹងរូស​ប៉ះ​ទង្គិច​ដល់​កេរ្តិ៍​ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ

ព្រះមហាក្សត្រ​ព្រះបរមនាថ​នរោត្តម​សីហមុនីយាង​ត្រួត​ពល​មុន​ចូល​បើក​សម័យ​ប្រជុំ​សភា​ដែល​មាន​សមាជិកពាក់កណ្តាល​ធ្វើ​ពហិការ។

នៅ​ពេល​អ្នក​នយោបាយ​កម្ពុជា​ជំនះ​រៀងៗ​ខ្លួន​លើ​បញ្ហា​ស្វែងរក​ដំណោះ​ស្រាយ​ លើ​វិវាទ​បោះឆ្នោត​ ក្រុម​អ្នក​វិភាគ​ខ្លះ​បាន​អះអាង​ថា ​សញ្ញា​អវិជ្ជមាន​ខ្លះ​ទំនង​ជាអាច​កើត​មាន​ឡើង​ ដូចជា​ការ​ប៉ះ​ទង្គិច​ដល់​កេរ្តិ៍​ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ និង​បញ្ហា​ដាក់​ទណ្ឌកម្ម​ខ្លះ​អាច​កើត​មាន។​ លោក​សុខ ខេមរាបាន​រាយ​ការណ៍​ ថា​ ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា​ នេះ​ជា​បញ្ហា​ដែល​អ្នក​នយោបាយ​ធ្វើឲ្យ​ពលរដ្ឋ​ រងគ្រោះ។

ក្រុម​អ្នក​វិភាគ​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា ​ការ​ប្រជុំ​សភា​ដោយ​ឯកបក្ស​ជា​ការ​ធ្វើផ្ទុយ​ពី​ស្មារតី​រដ្ឋ​ធម្មនុញ្ញ ​ដែលនិយាយ​ពីគោល​ការណ៍​ប្រជា​ធិបតេយ្យ​ សេរី ​ពហុបក្ស។​ ក្រុម​អ្នក​វិភាគ​បាន​អះអាង​ថា ​ពលរដ្ឋ​កម្ពុជា​អាច​នឹង​រង​ទុក្ខ​ ដោយសារ​កម្ពុជា​ត្រូវ​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​និង​បញ្ហា​ហ៊ុំព័ទ្ធ​ សេដ្ឋ​កិច្ច​ខ្លះ​កើត​ឡើង​ នៅពេល​អ្នក​នយោបាយ​ទាំងពីរ​ក្រុម​មិន​បាន​ដោះស្រាយ​ បញ្ហា​ជាតិ​ជាមួយ​គ្នា។​

លោក​សុខ ទូច​ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ ​បាន​អះអាង​ថា​ អ្នក​នយោបាយ​កម្ពុជា​មិន​គួរ​ ដោយសារ​តែការ​ចង់​ឈ្នះ​រៀងៗ​ខ្លួន​ ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​រងទុក្ខ​ទេ​ មិន​គួរ​ឲ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​អន់ថយ​ គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ទេ។​

«វាជា​ការណ៍​ពិតៗ​ថា​ កម្ពុជា​មិន​អាច​រស់ដោយ​ខ្លួន​ឯង​បាន​ទេ។​ សុំឲ្យ​អ្នក​នយោបាយ​មើលផ្ទាំង​ទស្សនីយ​ភាព​ប្រវត្តិ​សាស្ត្រ​បី។​ ពេល​ដែល​យើង​ឱបស.រ.អា.​ យើង​ឃើញ​គ្រាប់បេ​៥២​ទម្លាក់​លើ​ទឹកដី​ខ្មែរ​រាប់ពាន់​តោន។​ យើង​ឱបជា​មួយ​ចិន​អស់​១លាន​៧សែន​នាក់។ ​បើយើង​ឱបជាមួយ​សូវៀត​ យើងមាន​ក​៥ ​ពិការ​ដៃ​ ជើង ​បន្សល់​ទុក​រហូត​ដល់​សព្វ​ថ្ងៃ។​ នេះហើយ​ជា​ទិដ្ឋភាព។​ អញ្ចឹង​កម្ពុជា​ត្រូវ​ការ​អ្វី? ​កម្ពុជា​ត្រូវការ​ ​WTO ​កម្ពុជា​ត្រូវការ​ទីផ្សារ​អន្តរជាតិ​ត្រូវ​ការ​រួម​សហការ​វិនិយោគ​បរទេស ​ជាពិសេស​គឺ​ពួក​បស្ចឹមប្រទេស»។​

លោកសុខ ទូច​បាន​បន្ត​ថា​ កម្ពុជា​ត្រូវ​សំឡឹង​មើល​ទីផ្សារ​ទូលំ​ទូលាយ​ជាមួយ​ បស្ចឹមប្រទេស​ដើម្បី​ការ​រីក​ចម្រើនរបស់​ប្រទេស​ ហើយ​បញ្ចៀស​ការ​ហ៊ុំព័ទ្ធ​ សេដ្ឋ​កិច្ច​ពាណិជ្ជ​កម្ម។​

«បើ​សិន​មានការ​ហ៊ុំព័ទ្ធ​ណាមួយ ​មិន​ផ្តល់​ជំនួយ​ មិន​ឲ្យ​ប្រាក់​កម្ចី​ មិន​ឲ្យ​កូតា​ក្នុង​ ការ​នាំចេញ​ទៅ​សហគមន៍​អឺរ៉ុប ទៅ​ស.រ.អា. ​នរណា​អ្នក​រង​គ្រោះ ​វាយ​ណភ័ណ្ឌ​ គឺ​មាន​កម្មករ​៦០​ម៉ឺននាក់​ដែល​ត្រូវ​រងគ្រោះ។​ បើសិន​ជាគេ​មិន​ទិញ​អង្ករ​យើង​ ប្រជាជន​កម្ពុជា​យើង​ដឹង​ហើយ​ មិន​ថា ​ដល់​៨០​ភាគ​រយ​ទេ ​៧០​ភាគ​រយ​ជា​កសិករ។​ តើ​គាត់​ផលិត​អង្ករ​ទៅ​ណា?​ គ្រាន់តែ​ដាំ​ដំឡូង​គ្មាន​ទីផ្សារ​ យើង​ពិបាក​រួច​ទៅ​ហើយ»។​

លោក​ជា មុនី​ ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​អះអាង​ថា ​កិច្ច​ប្រជុំ​សភា​ឯកបក្ស​នេះ​វាខុស​នឹង​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ សេរី​ ពហុបក្ស​តាម​លក្ខខណ្ឌ​របស់​ប្រទេស​លោក​សេរី​ ដូចជា​ស.រ.អា.​និង​សហគមន៍​អឺរ៉ុប។ ​លោក​សម្តែងការ​ព្រួយ​បារម្ភ​ខ្លាច​ថា ​ស.រ.អា.​និង​សហគមន៍​អន្តរជាតិ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​នាំចេញ​សម្លៀក​បំពាក់​ចូលទៅ​ប្រទេស​គេ​ដោយសារ​តែ​បញ្ហា​ប្រជា​ធិបតេយ្យ​កម្ពុជា​មិនមាន​ការ​រីក​ចម្រើន។​ ​

«ខ្ញុំមាន​ការ​សោកស្តាយ​ ប្រសិន​បើជា​គេ​ដាក់​ទណ្ឌកម្ម​ មិន​ឲ្យ​សម្លៀក​បំពាក់​ឬ​ចង់​និយាយ​ថា​ ឧស្សហ​កម្ម​កាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​មិនត្រូវ​គេ​ឲ្យ​នាំ​ទៅ​លក់​នៅ​សហគមន៍​អឺរ៉ុប​និង​ស.រ.អា.​ទេ ​នោះ​កម្មករ​កម្ពុជា​ចំនួន​៧០​ម៉ឺននាក់​នឹង​បាត់បង់​ការងារ»។​

​ដោយ​មិនទាន់​គិតពី​ការ​ផ្តល់​ជំនួយ​ វិស័យ​កាត់ដេរ​ត្រូវ​កំណត់​ថា ​ជា​សរសរ​ទ្រង់ ​នៃ​សេដ្ឋកិច្ច​ក្នុង​ចំណោម​វិស័យ​ទាំង​បួន​ក្នុង​ប្រទេស​កម្ពុជា​គឺ​កសិកម្ម ​ទេសចរណ៍​ ​សំណង់ ​និង​កាត់​ដេរ។​ ប្រទេស​កម្ពុជា​នាំចេញ​ផលិតផល​សម្លៀក​បំពាក់​ ប្រមាណ​៣​ពាន់​លាន​ក្នុង​១​ឆ្នាំៗ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។ ​ទីផ្សារ​ធំ​បំផុត​គឺ​ស.រ.អា.​និង​សហគមន៍​អឺរ៉ុប​នៅតែ​ទាមទារ​ឲ្យមាន​ការត្រួត​ពិនិត្យ​ដោយ​តម្លាភាព​ទៅលើ​ភាពមិន​ប្រក្រតី​នៃ​លទ្ធផល​បោះឆ្នោត​ដែល​មាន​ការ​ប្រទាញ​ឈ្នះ​រៀងៗ​ខ្លួននោះ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ ​បាន​ថ្លែង​ថា​ ការ​ដាក់​ទណ្ឌកម្ម ​ឬ​ការ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ទំនង​ជាមិន​ទាន់​កើត​ភ្លាមៗ​ទេ។​

«ដូច្នេះ​ខ្ញុំ​ថា​ ប្រហែល​ជា​គេ​ជំរុញ​ឲ្យ​ដូច​ជា​ស.រ.អា.​ ​ដើម្បី​ឲ្យ​ភាគី​ទាំងពីរ​ហ្នឹង​ចរចា​គ្នា​បន្ត​ទៀត​ទៅ​ ហើយ​សហគមន៍​អឺរ៉ុប​អញ្ចឹង​ដែរ ​ហើយ​ប្រហែល​ជា​អាច​មាន​ការ​កៀប​សង្កត់​ខាងផ្លូវ​ទូត​ហ្នឹង​ច្រើន​ជាង​មុន​ទៅ»។​

លោក​ឡៅ ម៉ុងហៃ​បាន​អះអាង​ទៀត​ថា​ ការ​ប្រជុំ​សភា​ដំបូង​ក្រោយថ្ងៃ​បោះឆ្នោត ​បង្ហាញ​ពីថ្ងៃ​ដែល​ក្រៀមក្រំ ​ព្រោះ​ស្ថាប័ន​ជា​តំណាង​ជាតិ​មាន​អ្នក​តំណាង​រាស្ត្រ​តែ​ពាក់​កណ្តាល​ ដែល​លោក​អធិប្បាយ​ប្រៀបធៀប​ទៅ​នឹង​អតីតកាល​ដែល​សភា​និង​រដ្ឋាភិបាល​កើតឡើង​មិនស្រប​ច្បាប់​ មាន​ការ​ប្រឈម​មុខច្រើន​លើ​ឆាក​អន្តរ​ជាតិ​នោះ។​

«រដ្ឋាភិបាល​ ដែលកើត​ចេញពី​សភា​ដែល​បង្កើត​ក្នុង​លក្ខណៈ​បែបនេះ ​ធ្លាប់​ជួប ប្រទះ​ហើយ​គឺមាន​បទពិសោធន៍​ស្រាប់​ហើយ​គឺរយៈ​ពេល​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ ១៩៩១ហ្នឹង​ឯង​គឺអត់​មាន​ស្រប​ច្បាប់​ទេ​ នៅពេល​នោះ។​ ប៉ុន្តែ​ចេះតស៊ូ​ទៅ​ ចេះ​តែ​បាន​ទៅ។​ តែ​ទីបំផុត​គឺ​អត់បាន​សម្រេច​ដែរ»។​

លោក​ឡៅ ម៉ុងហៃ​បាន​អះអាង​ថា ​រដ្ឋាភិបាល​នឹង​ពិបាក​ដឹកនាំ​គ្រប់គ្រង​ប្រទេស​ ប្រសិន​បើគ្មាន​ភាព​ស្រប​ច្បាប់។​

«ម្ល៉ោះ​ហើយ​ពិបាក​គ្រប់គ្រង ​ប្រសិន​បើគ្មាន​សម្បទាន​អ្វី​ដែល​អាច​ផ្គាប់​ចិត្ត​ប្រជា​ ពលរដ្ឋ»។​

តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​៥៥​រូប​មិន​បាន​ចូលរួម​ប្រជុំ​សភា​តាម​ការ​កោះ អញ្ជើញ​ពី​ព្រះ​មហាក្សត្រ​ទេ​ ដោយ​បាន​បញ្ជាក់​ថា​ គឺ​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ដែល​ពួកគេ​ជាអ្នក​ឈ្នះ​រហូត​ដល់​៦៣​អាសនៈ​ ហើយ​នឹង​ជា​កា​រ​ជំទាស់​នឹងអ្វី​ដែល​គណបក្ស​ប្រជាជន​មិនព្រម​បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​ដើម្បី​ត្រួត​ពិនិត្យ​ដោយ​តម្លាភាព​លើ​ភាព​មិន​ប្រក្រតី​ដ៏​ធ្ងន់ធ្ងរ​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​ថ្ងៃទី​២៨​ ខែ​កក្កដា​ឆ្នាំ​២០១៣​នោះ៕​