ប្រែសម្រួលដោយ លី សុខឃាង
អស់រយៈពេលពេញមួយឆ្នាំ ក្រុមសកម្មជនកំពុងបំពងសម្លេងអំពីភូមិ បេហ្គេហ្គា (Bagega) ដែលជាភូមិមួយនៅក្នុងប្រទេស នីហ្សីរីយ៉ា (Nigeria) ដែលស្ថិតនៅចំណុចកណ្តាលនៃការផ្ទុះឡើងនូវជាតិសំណរពុល ដែលត្រូវបានដឹងថាមានសភាពអាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនមក។ ពួកគេត្រូវការថវិការ ដែលត្រូវបានសន្យាដោយរដ្ឋាភិបាល នីហ្សីរីយ៉ា ដូច្នេះភូមិនេះអាចត្រូវបានបោសសម្អាត ហើយកុមារអាចត្រូវបានព្យាបាល។ ឥឡូវនេះ នៅក្នុងកិច្ចប្រឹងប្រែងចុងក្រោយបង្អស់ដើម្បីទទួលបាននូវការបោសសម្អាត ដែលត្រូវតែធ្វើមុនរដូវធ្លាក់ភ្លៀងឆ្នាំក្រោយ ពួកគេបានប្រើប្រាស់បណ្តាញអ៊ីនធឺណែត ដោយបានព្យាយាមកសាងការគាំទ្រ និងដាក់សម្ពាធទៅលើលោកប្រធានាធិបតី។ Heather Murdock រាយការណ៍សម្រាប់វីអូអេ ពីទីក្រុង អាប៊ូចា (Abuja)។
អ្នកមិនអាចបង្ហោះអត្ថបទដោយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុករបស់ ប្រធានាធិបតី នីហ្សីរីយ៉ា លោក ហ្គោឌឡាក់ ចូណាថាន់ (Goodluck Jonathan) បានទេ ប៉ុន្តែអ្នកអាចធ្វើអត្ថាធិប្បាយទៅលើការបង្ហោះអត្ថបទរបស់លោកបាន។ អត្ថបទបង្ហោះចុងក្រោយរបស់លោក ទទួលបានការធ្វើអត្ថាធិប្បាយជាង៤ពាន់ ដែលរាប់ចាប់តាំងពីការចោទប្រកាន់អំពីអំពើពុករលួយ រហូតដល់សំណើរការងារ ការគាំទ្រ និងអ្នកបន់ស្រន់។
ឥឡូវនេះ ក្រុមសកម្មជនរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងបណ្តាញសកម្មភាពអាកាសធាតុយុវជន នីហ្សីរីយ៉ា កំពុងព្យាយាមប្រើប្រាស់ទំព័រនេះដើម្បីជួយសង្គ្រោះកុមាររាប់ពាន់នាក់ ដែលស្ថិតក្នុងសភាពគ្រោះថ្នាក់ដល់ជីវិត ឬពិការភាពជាអចិន្ត្រៃយ៍ ដោយសារសារជាតិពុលពីសំណរនៅក្នុងភូមិ បេហ្គេហ្គា ដែលជាភូមិមួយនៅក្នុងរដ្ឋហ្សាំហ្វារ៉ា (Zamfara)។
ស្នងការបរិស្ថាននៃរដ្ឋ ហ្សាំហ្វារ៉ា លោក មូកតា លូហ្គា (Mouktar Lugga) ថ្លែងថា ការបោសសម្អាតភូមិនេះ ត្រូវតែចាប់ផ្តើមភ្លាមៗ បើពុំដូច្នេះទេ វានឹងត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយ។
«វាជាការបំផ្លិចបំផ្លាញខាងចិត្តសាស្ត្រ។ យើងឃើញមានកុមារចំនួនពីរពាន់នាក់ នៅក្នុងភូមិ បេហ្គេហ្គា ដែលស្ថិតក្នុងសភាពគ្រោះថ្នាក់យ៉ាងពិតប្រាកដ។ យើងទទួលបានការហៅយ៉ាងច្រើន។ មនុស្សទាំងឡាយចង់ដឹងថាតើមានអ្វី ដែលនឹងកើតឡើងចំពោះកូនៗរបស់ពួកគេ។ ខ្ញុំមិនចង់សូម្បីតែគិតថា វាមិនអាចកើតឡើងមុនរដូវភ្លៀងឆ្នាំក្រោយ»។
ជាតិសំណរនេះចេញមកពីធូលី ដែលបង្ហូរចេញមកពីការជីករុករករ៉ែមាសតូចតាចមួយនៅក្នុងតំបន់នេះ។ កុមារជាង៤០០នាក់ បានស្លាប់ដោយសារជាតិពុលពីសំណរ ចាប់តាំងពីឆ្នាំ២០១០ ហើយមានកុមារជាច្រើនពាន់នាក់ផ្សេងទៀត កំពុងធ្លាក់ខ្លួនឈឺ។
ភូមិជាច្រើន ត្រូវបានបោសសម្អាត។ កាលពីខែឧសភា រដ្ឋាភិបាលនីហ្សីរីយ៉ា បានសន្យាផ្តល់ទឹកប្រាក់ជាង៤លានដុល្លារសម្រាប់ភូមិបេហ្គេហ្គា។ ប៉ុន្តែ គ្មានថវិការណាមួយ ត្រូវបានផ្តល់ឲ្យនោះទេ។
ក្រុមសកម្មជនកំពុងស្នើឲ្យប្រជាពលរដ្ឋ ទទូចសុំដល់លោកប្រធានាធិបតី ឲ្យផ្តល់មូលនិធិនោះ តាមរយៈការធ្វើអត្ថាធិប្បាយនៅលើទំព័រហ្វេសប៊ុករបស់លោក។ ពួកគេក៏ចង់ឲ្យប្រជាពលរដ្ឋចុះហត្ថលេខាលើញ្ញតិ្តនៅលើបណ្តាញអ៊ីនធឺណែត និងផ្សព្វផ្សាយការអំពាវនាវសុំមូលនិធិតាមរយៈគេហរទំព័រ SaveBagega៕