ក្រុម​អភិបាល​រដ្ឋ​នៅនីហ្សេរីយ៉ា ពិភាក្សា​​អំពី​ការបង្កើត​នាយកដ្ឋាន​ប៉ូលីស​តាម​តំបន់

  • Heather Murdock

ក្រុមអ្នកតវ៉ា​ប្រមូល​ផ្តុំគ្នា​នៅ​ក្រោម​ស្ពាន​ក្នុង​ការ​តវ៉ាការ​ឡើងថ្លៃ​ប្រេងសាំងទ្វេដង នៅអាប៊ូចា រដ្ឋធានីរបស់​នីហ្សេរីយ៉ា ខែមករា ២០១២។

កងកម្លាំង​ប៉ូលីស​​ក្នុង​តំបន់​អាចបង្កើន​សន្តិសុខ ប៉ុន្តែ​ក្រុម​មន្រ្តី​ផ្សេង​ទៀត​មាន​ការ​ព្រួយ​បារម្ភ​ថា ចំណាត់ការ​បែបនេះ អាច​​នាំ​​ប្រទេសនេះ​ទៅរក​​សង្រ្គាម​ស៊ីវិល​ឡើង​វិញ។
ប្រែសម្រួល​ដោយ ឌី​ ខាំបូលី
អភិបាល​ក្រុង​ទាំងឡាយ​របស់​ប្រទេស នីហ្សេរីយ៉ា (Nigeria) កំពុង​ពិភាក្សាគ្នា​អំពី​ផែនការ​ដ៏ចម្រូង​ចម្រាស់ ដើម្បី​ធ្វើ​វិមជ្ឈការ​កង​កម្លាំងសន្តិសុខ​របស់​ប្រទេស​នេះ ដោយ​បង្កើត​នាយកដ្ឋាន​ប៉ូលីស​នៅ​តាមរដ្ឋនីមួយៗ។ មន្រ្តី​មួយចំនួន​និយាយ​ថា កងកម្លាំង​ប៉ូលីសក្នុង​តំបន់​អាចបង្កើន​សន្តិសុខ ប៉ុន្តែ​ក្រុម​មន្រ្តី​ផ្សេង​ទៀត​មាន​ការ​ព្រួយ​បារម្ភ​ថា ចំណាត់ការ​បែបនេះ អាចនាំប្រទេសនេះ​ទៅរកសង្រ្គាម​ស៊ីវិល​ឡើង​វិញ។
ប្រទេស នីហ្សេរីយ៉ា មិន​បានបំភ្លេច​សង្គ្រាម​ស៊ីវិល​របស់​ខ្លួន​ឡើយ។ រយៈពេល​ពីរឆ្នាំ​កន្លះ​រវាង​ឆ្នាំ​១៩៦៧​និង​ឆ្នាំ​១៩៧០ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើរ​ឃោរឃៅ​ ជនស៊ីវិល​និង​ទាហាន​ជាង​មួយលាន​នាក់ បាន​ស្លាប់​ដោយសារ​ការវាយប្រយុទ្ធគ្នា​និង​គ្រោះ​ទុរ្ភិក្ស។ អំពើ​ហិង្សា​ផ្នែក​ជាតិពន្ធុ​នៅតែ​បន្តយាយី​ប្រទេស​នេះដដែល។
ថ្ងៃនេះ ពាក្យ​ថា​«ការរួបរួម» អាចត្រូវបាន​មើលឃើញ​នៅគ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​រដ្ឋធានី ដូចជា​នៅតាម​ស្លាកសញ្ញាតាមដងផ្លូវ ផ្ទាំង​បិត​ប្រកាស និង​នៅលើ​បបូរមាត់​របស់​ក្រុម​មេដឹកនាំ​នយោបាយ​ទៀត​ផង។
អតីត​អគ្គ​អធិការ​ប៉ូលីស លោក មូហាមម៉ាឌូ ហ្គាមបូ (Muhammadu Gambo) និយាយ​ថា ការធ្វើ​វិមជ្ឈការ​កងកម្លាំង​សន្តិសុខ តាម​រយៈ​ការបង្កើតនាយកដ្ឋាន​ប៉ូលីស​នៅតាម​រដ្ឋ​ទាំងឡាយ អាចគំរាម​កំហែង​ដល់​ការរួបរួមនេះ ដោយ​ផ្តល់កង​ជីវពលទៅឱ្យ​ក្រុម​មេដឹកនាំក្នុងតំបន់​ទាំងនោះ។
លោក​និយាយ​ថា មុនពេល​មាន​សង្រ្គាម​ស៊ីវិល នាយកដ្ឋាន​ប៉ូលីស​របស់​រដ្ឋ បាន​ទប់ស្កាត់​ក្រុម​អ្នក​នយោបាយ មិនឱ្យ​ធ្វើសកម្មភាព​ ​ឃោសនានៅតាមតំបន់​ទាំងឡាយ ដែល​គូ​បដិបក្ខ​របស់​ខ្លួន​គ្រប់គ្រង។
«មាន​ចលនា​កងទ័ព​យ៉ាង​ធំធេងនិងសកម្មភាព​ផ្សេងៗទៀត ដើម្បី​ធានា​ឱ្យ​ប្រាកដថា​នឹង​មិនមាន​រឿងអ្វី​កើតឡើង។ ប្រសិនបើ​អ្នក​ចង់​បំបែកប្រទេស នីហ្សេរីយ៉ា អ្នក​អាចលើក​ទឹកចិត្ត​តាមរបៀបនេះទៅ។ នីហ្សេរីយ៉ា នឹង​រលាយបាត់​ជាក់ជាពុំខាន»។
លោក ហ្គាមបូ និយាយ​ថា រដ្ឋ​ភាគច្រើន​នៅក្នុង​ចំណោម​រដ្ឋ​ទាំង​៣៦​របស់​នីហ្សេរីយ៉ា មិនអាច​ផ្តល់​ហិរញ្ញ​វត្ថុ​ទៅឱ្យ​នាយកដ្ឋាន​ប៉ូលីស​បាន​ទេ ប្រសិន​បើ​រដ្ឋ​ទាំងនេះ​មាន​នាយកដ្ឋាន​នេះ។
ប៉ុន្តែ ក្រុម​មន្រ្តី​ឆ្នើមៗផ្សេង​ទៀត ដែលរួម​ទាំង​អតីត​ប្រធានាធិបតី លោក​ឧត្តមសេនីយ អ៊ីប្រាហីម បាបានហ្គីដា (Ibrahim Babangida) និយាយ​ថា ការ​ភ័យខ្លាច​ពី​សង្រ្គាម​ស៊ីវិល​ គឺ​ហួសសម័យ​ទៅហើយ។ ពួកគេ​និយាយ​ថា នាយកដ្ឋាន​ប៉ូលីស​តាម​តំបន់ ​មានសារសំខាន់​ណាស់ ដើម្បី​ពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយ​បាននិយាយយោង​ទៅ​ សហរដ្ឋអាមេរិក ​និង​ចក្រភព​អង់គ្លេស ថា​ជា​ប្រទេស​ដែលមាន​ទាំង​កងកម្លាំង​សន្តិសុខ​ក្នុង​តំបន់​ផង​និង​ថ្នាក់ជាតិផង។
កងកម្លាំង​សន្តិសុខ​របស់ហ្សេរីយ៉ា កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​កងជីវពល​នៅភាគ​ខាងជើង ធ្វើការ​ចាប់ពង្រាត់​នៅភាគ​ខាងត្បូង និង​អំពើហិង្សា​ជាតិ​ពិន្ធុ ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​រាប់​ពាន់នាក់ ​នៅ​«តំបន់​ខ្សែ​ក្រវ៉ាត់កណ្តាល(Middle Belt)​» របស់​នីហ្សេរីយ៉ា ។
លោក ប៉ូលលៃ អូណាហ្ស (Paul-light Onah) និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សាពី​មហាវិទ្យាល័យ​នាពេល​ថ្មីៗ​នេះ ថ្លែងថា ដូច​ប្រជាពលរដ្ឋ នីហ្សេរីយ៉ា ជាច្រើនទៀតដែរ លោក​ត្រូវការសន្តិសុខ​ខ្លាំងជាងមុន​ ហើយថាការបង្កើតនាយកដ្ឋាន​ប៉ូលីស និង​អគ្គអធិការប៉ូលីស នៅតាម​រដ្ឋនីមួយៗ អាច​ជួយ​សង្រ្គោះ​ជីវិតមនុស្ស។
«ប្រសិនបើ​នាយកដ្ឋាន​នេះ​មិនមាន​អំពើ​ពុករលួយទេ វា​នឹង​កាត់បន្ថយ​បទ​ឧក្រិដ្ឋកម្ម​នៅក្នុង​ប្រទេស នីហ្សេរីយ៉ា។ វា​នឹង​បង្ក​ភាពស្រួលនិង​ឆាប់​រហ័ស​ក្នុងការចូល​ទៅកាន់កន្លែង​កើត​អំពើ​ឧក្រិដ្ឋកម្ម។ ខ្ញុំ​ជឿជាក់​ថា ប្រសិន​បើ​រដ្ឋ​នី​មួយៗ​មាន​អគ្គ​អធិការ​ប៉ូលីស យ៉ាងហោច​ណាស់ វា​នឹង​ធ្វើ​ឳ្យ​ការដើរល្បាតមាន​ភាព​ងាយស្រួល​ ហើយ​ពួកគេ​យល់​អំពី​រដ្ឋ​នោះ​បាន​យ៉ាង​ល្អទៀត​ផង»។
អភិបាល​រដ្ឋ​ទាំងឡាយ​របស់​ប្រទេស នីហ្សេរីយ៉ា នឹង​ជួប​ប្រជុំ​ដើម្បី​ពិភាក្សាបញ្ហា​នេះ។ ឥឡូវនេះ​ អភិបាលរដ្ឋ​ទាំងនេះ​ កំពុងតែ​មាន​ភាព​បែក​ខ្ញែក​គ្នាជាសាធារណ គឺ​ដូចជា​ប្រទេស នីហ្សេរីយ៉ាដែរ ដែល​មានការ​បែង​ចែករវាង​ភាគ​ខាងជើង​និង​ភាគខាង​ត្បូង។
ក្រុម​អភិបាល​រដ្ឋ​មកពី​ភាគខាងជើង​ដែល​គ្របដណ្តប់លើស​លប់​ទៅ​ដោយក្រុម​អ្នកកាន់​សាសនាអ៊ីស្លាម ប្រឆាំង​ទៅនឹង​ការបង្កើត​នាយកដ្ឋាន​ប៉ូលីស​នៅតាម​រដ្ឋ ខណៈពេល​ដែល​ក្រុម​អភិបាល​រដ្ឋ​ មក​ពីភាគខាងត្បូង​ដែលភាគច្រើនជាអ្នក​កាន់​សាសនាគ្រិស្តវិញ គាំទ្រ​គំនិត​នេះ៕