យុទ្ធនាការដែលមានសម្គាល់ដោយពាក្យមួយឃ្លាថា #BuyNaijatoGrowtheNaira នេះត្រូវបានផ្តួចផ្តើមដោយព្រឹទ្ធសភា និងមហាសេដ្ឋីផ្នែកកម្សាន្ត លោក Ben Murray-Bruce។
«ហើយ ខ្ញុំបាននិយាយថា មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់យើង គឺការគាំទ្រ ផលិតផល និងសេវាកម្មដែលធ្វើនៅប្រទេសនីហ្សេរីយ៉ា ពីព្រោះ ប្រសិនបើយើងធ្វើបាននោះ ប្រាក់មួយចំនួននឹងស្ថិតនៅក្នុងប្រទេសយើងដដែល ហើយយើងនឹងអាចផ្តល់ជំនួយដល់ប្រជាជនរបស់យើង។ យើងមាន សហគ្រិនល្អៗនៅក្នុងប្រទេស»។
ប្រេង គឺជាផលិតផលនាំចេញធំបំផុតរបស់ប្រទេសនីហ្សេរីយ៉ា និងជាប្រាក់ចំណូលរបស់រដ្ឋាភិបាល។ ឥឡូវនេះ តម្លៃប្រេងមួយធុង គឺប្រហែល ៣៥ដុល្លារ ដែលធ្លាក់ចុះពីតម្លៃប្រហែល១០០ដុល្លារ កាលពីពីរឆ្នាំមុន។ វាបានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនីហ្សេរីយ៉ាមានភាពយឺតយ៉ាវ ហើយធ្វើឲ្យតម្លៃរូបិយប័ណ្ឌ Naira ធ្លាក់ថ្លៃនៅក្នុងទីផ្សារងងឹត បើទោះបីជា អត្រាផ្លូវការរបស់វានៅតែមានស្ថិរភាពក៏ដោយ។
នៅហាងមួយ ក្នុងផ្សារ Obalende នៅរដ្ឋធានី Lagos លោក Sunday Emeka ដែលជាអ្នកលក់ដូរម្នាក់ បាននិយាយថា គាត់បានមើលឃើញតម្លៃទំនិញនាំចូល ដូចជា ស្រូវបានកើនឡើង ជិត ៥០ ភាគរយ ដោយសារតែភាពទន់ខ្សោយនៃរូបិយប័ណ្ណ។
«មើលទៅការ៉ុងអង្ករនោះ។ កាលពីឆ្នាំមុន អង្ករមួយការ៉ុងមានតម្លៃ ១០.០០០ naira ។ ពីព្រោះដោយសារតែការនាំចូលទំនិញ អង្គរមួយការ៉ុងបានឡើងថ្លៃរហូតដល់ ១៥.០០០ naira ដែលនេះជាការមិនត្រឹមត្រូវទេ»។
លោក Ani Bassey-Eyo គឺជាសហគ្រិន ដែលបានចាប់ផ្តើមក្រុមហ៊ុនអាហារ ដែលលក់ទឹកឃ្មុំ។ លោកបាននិយាយថា កាលពីពេលគាត់ធំដឹងក្តីឡើង ប្រជាជនមិនចាប់អារម្មណ៍ ចំពោះសម្លៀកបំពាក់នីហ្សេរីយ៉ា ឬក៏អ្នកសិល្បៈទេ។ ប៉ុន្តែក្មេងជំនាន់ក្រោយបានធ្វើការផ្លាស់ប្តូរចំណាប់អារម្មណ៍នេះ។
«យើងមានការវិវត្តន៍ទៅមុខ ជាពិសេសជាមួយ Nollywood ហើយវិស័យសិល្បៈកម្សាន្តបានកំណត់និន្នាការនេះ។ ខ្ញុំគិតថាឥឡូវនេះវាជាពេលវេលា ... សម្រាប់ផលិតផលដើម្បីឈានទៅរកខ្សែបន្ទាត់ដែលអាចទទួលយកបាន»។
ប៉ុន្តែលោក Chuba Ezekwesili អ្នកវិភាគការស្រាវជ្រាវមួយនៃក្រុមសេដ្ឋកិច្ចកិច្ចប្រជុំកំពូលនីហ្សេរីយ៉ា (Nigerian Economic Summit Group) បានអះអាងថា យុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាការសម្លឹងមើលក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
ប្រទេសនីហ្សេរីយ៉ាជាប់ចំណាត់ថ្នាក់ទី១៦៩ ជិតដល់បាតតារាងនៅក្នុងតារាងចំណាត់ថ្នាក់ធនាគារពិភពលោកវាយតម្លៃលើភាពងាយស្រួលនៅក្នុងការធ្វើអាជីវកម្ម។ ឧស្សាហកម្មរបស់ប្រទេសនីហ្សេរីយ៉ា បានជួបបញ្ហា ដោយសារការខ្វះខាតអគ្គិសនី និងមានការយឺតយ៉ាវផ្នែកការិយាធិបតេយ្យ ។ លោកបាននិយាយថា យុទ្ធនាការដែលមាននិរន្តរភាពយូរអង្វែងជាងនេះ នឹងដាក់សម្ពាធលើរដ្ឋាភិបាលឱ្យដោះស្រាយបញ្ហាទាំងនេះ។
«នៅក្នុងប្រទេសនីហ្សេរីយ៉ា វាពិតជាថ្លៃខ្លាំងមែនទែន ក្នុងការផលិតឬបង្កើតផលិតផលណាមួយ។ ការចំណាយលើគ្រឿងផលិតមានតម្លៃថ្លៃ ដូចជា អគ្គីសនី ទឹក ការដឹកជញ្ជូនជាដើម»។
លោក Ezekwesili បាននិយាយថា ប្រសិនបើប្រទេសនេះ មានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរជាងមុន នោះអាជីវកម្មកាន់តែច្រើន នឹងអាចនាំចេញផលិតផលផ្សេងទៀត ដែលនេះនឹងជួយដល់សេដ្ឋកិច្ចរបស់ប្រទេសនីហ្សេរីយ៉ាមាននៅពេលដែលតម្លៃប្រេងធ្លាក់ចុះ៕
ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង