អង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិកបានអំពាវនាវឱ្យដោះលែងប្រធានាធិបតីនីហ្សេលោក Mohamed Bazoumបន្ទាប់ពីទាហានមួយក្រុមបានអះអាងថាបានដកលោកចេញពីតំណែង។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រាប់ពួកអ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងប្រទេសនូវែលសេឡង់ថា លោកបាននិយាយជាមួយលោកប្រធានាធិបតី Bazoum ហើយបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគាំទ្រលោកយ៉ាងខ្លាំងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសនីហ្សេ។
លោក Blinkenបានថ្លែងទៀតថា៖ «ទោះបីការណ៍នេះបង្កើតឱ្យមានរដ្ឋប្រហារឬក៏អត់ក៏ដោយបើតាមបច្ចេកទេស ខ្ញុំមិនអាចនិយាយបានទេ នេះជាបញ្ហាសម្រាប់ពួកមេធាវីនិយាយ ក៏ប៉ុន្តែ អ្វីដែលបញ្ជាក់យ៉ាងច្បាស់នោះជាការប៉ុនប៉ងដើម្បីដណ្តើមអំណាចដោយកម្លាំងនិងដើម្បីបង្អាក់ដល់រដ្ឋធម្មនុញ្ញ»។
លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterresបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃពុធថាអង្គការសហប្រជាជាតិឈរសាមគ្គីភាពជាមួយរដ្ឋាភិបាលជាប់ឆ្នោតប្រជាធិបតេយ្យនិងប្រជាពលរដ្ឋនីហ្សេ។
លោក Dujarric បាននិយាយថា លោក Guterres មាន«ការព្រួយកង្វល់យ៉ាងខ្លាំង»អំពីការឃុំឃាំងលោក Bazoum ហើយបានអំពាវនាវឲ្យដោះលែងលោកដោយគ្មានលក្ខខណ្ឌជាមុន។
ស្ថានភាពបានចាប់ផ្តើមកាលពីថ្ងៃពុធម្សិលមិញនៅពេលដែលពួកទាហានបានប្រើប្រាស់ទូរទស្សន៍ជាតិដើម្បីប្រកាសថាពួកគេបានបណ្តេញលោកBazoumចេញពីតំណែង។
អ្នកស្រី Carol Van Dam Falk នៃវីអូអេនិងក្រុមផ្សាយព័ត៌មានVOAជាភាសាបារាំងទៅកាន់ទ្វីបអាហ្វ្រិកបានផ្តល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយ ការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAFP និងReuters។