សង្គម​ស៊ីវិល​បារម្ភ​​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារី​អគ្គិសនី​ថ្មី​របស់​ឡាវ​​លើ​បរិស្ថាន

រូបឯកសារ៖ ទំនប់វារីអគ្គិសនី Nam Ngum នៅ​​ក្នុង​ប្រទេស​ ឡាវ ឆ្នាំ​២០១៨។

សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ទំនប់​វារី​អគ្គិសនី​ថ្មី​របស់​ឡាវ​​ឈ្មោះ​ថា Luang Prabang នឹង​ធ្វើ​ឲ្យ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ ហើយប៉ះពាល់​ផល​ត្រី​និង​ដី​ល្បាប់​នៅ​​ផ្នែក​ខាង​ក្រោម។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​លើ​គម្រោង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​ថ្មី​មួយ​ទៀត​របស់​ឡាវ​នៅ​លើ​ដង​ទន្លេ​មេគង្គ ដែល​ពួកគេ​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ ហើយប៉ះពាល់​ផល​ត្រី​និង​ដី​ល្បាប់​នៅផ្នែក​ខាង​ក្រោម។

ប្រទេស​ឡាវ​គ្រោង​នឹង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ថ្មី​មួយ​ទៀត ឈ្មោះ​ថា Luang Prabangដែល​មាន​ទំហំ​ថាមពល ១៤៦០​មេហ្គាវ៉ាត់ នៅ​ចុង​ឆ្នាំ​២០២០​នេះ។ នេះ​ជា​គម្រោង​ទី​៥ ក្នុង​ចំណោម​គម្រោងនៃ​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ដង​ទន្លេ​មេគង្គ​សរុប​ទាំង៩របស់​ឡាវ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ទាំង​៥​ដែល​រួម​មាន បណ្តាញ​ការពារ​ទន្លេ​សេសាន ស្រែពក សេកុង អង្គការ ​FACT វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌ និង​អង្គការ​ភូមិ​ខ្ញុំ បាន​បញ្ជាក់​ពី​កង្វល់​របស់​ពួកគេ​ថា៖ «ការ​បម្លាស់​ទី​របស់​ត្រី លំហូរ​ជលសាស្រ្ត និង​កំណក​កករ​ដី​ល្បាប់ គឺ​ជា​ផល​ប៉ះពាល់​ឆ្លង​ដែន​ដែល​នឹង​កើត​មាន​ពី​គម្រោង​ទំនប់​វារី​អគ្គិសនី​នៅ​លើ​តួ​ទន្លេមេ»។ ពួកគេ​លើក​ឡើង​ថា គម្រោង​នេះ រួម​នឹង​គម្រោង​ដែល​មាន​ស្រាប់«នឹង​បង្ក​ផល​ប៉ះពាល់​បន្ថែម​ទៀត​ដល់​លំហូរ​ជលសាស្រ្តដែល​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​ក្រោម នឹង​ជួប​ប្រទេស​ញឹកញាប់​នូវ​កម្រិត​លំហូរ​ទឹក​ទាប ពោលគឺ​ការ​ប្រែ​ប្រួល​របប​ទឹក​ហូរ​មាន​កម្រិត​កាន់​តែ​ខ្ពស់»។

នេះ​ជា​ទំនប់​វារី​អគ្គិសនី​ចម្រូង​ចម្រាស​ថ្មី​មួយ​ទៀត​នៅ​ផ្នែក​ខាង​លើ​ទន្លេ​មេគង្គ បន្ទាប់​ពី​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី(Xayaburi) និង​ដន សាហុង។ ក្រៅ​ពី​ទំនប់​ទាំង​នេះ រដ្ឋាភិបាល​ឡាវ​ក៏​នឹង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​ប៉ាក់ បេង​(Pak Beng)​មួយ​ទៀតដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១៥៤០​គីឡូ​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា~ឡាវ។​

បើ​តាម​អង្គការ​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា គម្រោង​ស្ថាបនា​ទំនប់ ​Luang Prabang​ នេះ «នឹង​កាត់​បន្ថយ​ជា​អតិបរមា​នូវ​បរិមាណ​កំណក​កករឬ​ដីល្បាប់ ដែល​ចាក់​បំពេញ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​ក្រោម ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​បាក់​ច្រាំង​ទន្លេ និង​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​នេសាទ​កសិកម្ម​របស់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តាម​ដង​ទន្លេ​ផ្នែក​ខាង​ក្រោម»។

អង្គការ​ទាំង​នោះ​លើក​ឡើង​ទៀត​ថា ផែន​ការ​សាងសង់​ទំនប់​នេះ​នៅ​ចុង​ឆ្នាំ​២០២០ នឹង​មិន​ផ្តល់​ពេល​គ្រប់​គ្រាន់ ដើម្បី​សិក្សា​បន្ថែម​ទៅ​លើ​សំណើ​របស់​អ្នក​ពាក់ព័ន្ធ​ឲ្យ​បាន​រួច​រាល់​មុន​ការ​ចាប់​ផ្តើម​សាងសង់​ឡើយ។

VOAមិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក តែ ណាវុធ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​បាន​ទេ។ ហើយ​VOA​ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​ឡាវ​ប្រចាំ​នៅ​កម្ពុជា​បាន​ដែរ។

លោក គល់ វឌ្ឍនា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដែល​ចូលរួម​កិច្ច​ប្រជុំ​ពិភាក្សា​រយៈ​ពេល​២​ថ្ងៃនៅ​ប្រទេសឡាវ អំពី​ទំនប់​វារី​អគ្គិសនី Luang Prabang នេះ ដែលបញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​នេះ​ដោយ​លោក​ថា​រង់​ចាំពេល​លោក​ត្រឡប់​មក​កម្ពុជា​វិញ។

អ្នកស្រី ផ្លោក សារេត អាយុ​៤៨ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ដំរែ ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ នៅ​លើ​កោះត្នោត ក្នុង​ទឹក​ទន្លេមេគង្គ បាន​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ទឹក​ទន្លេ​បាន​ស្រក​ខុស​ពី​ធម្មតា ដែល​ធ្វើ​ឲ្យ​ប្រជាកសិករ​ពិបាក​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ ដាំបន្លែ និង​នេសាទ។ អ្នកស្រី​បន្ត​ថា បច្ចុប្បន្ន​នេះ ទឹក​ទន្លេ បាន​ស្រក​ខ្លាំង រហូត​ដល់​ពិបាក​ធ្វើ​ដំណើរ​តាម​ទូក ដោយសារ​មាន​ថ្ម​ច្រើន។

អ្នកស្រី​បាន​ថ្លែង​ថា៖ «តែ​ឥឡូវ​នេះ រដូវ​ប្រាំង​បែរ​ជា​មាន​ទឹក​ឡើង​វិញ ឬ​ក៏​មិន​ទាន់​ចូល​រដូវ​ប្រាំង​ពិត​ប្រាកដ បែរ​ជា​ទឹក​ស្រក​ខ្លាំង​វិញ​អញ្ចឹង។ មើល​ឃើញ​ថ្ម ពិបាក​បើក​កាណូត។ ហើយ​ជួន​ណា​ទៅ វា​ស្រក​ខ្លាំង ជួនណា​ទៅ វា​ឡើងៗ​ទៅ។ ដូច​ថា​ដំណាំ​យើង​ដាំ​តាម​មាត់​ច្រាំង ជិត​ទឹក​អី លិច​អស់​អញ្ចឹង​ទៅ»។

អ្នកស្រី​ស្នើ​ឲ្យ​មាន​ការ​បញ្ឈប់​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ដង​ទន្លេ​មេគង្គ ដើម្បីធានា​ថា​ប្រជាជន​នៅ​ខាង​ក្រោម មិន​រង​ផល​ប៉ះពាល់​ដោយសារ​ទំនប់​ទាំង​អស់​នេះ។

អ្នកស្រី​បន្ថែម​ថា៖ «ទោះ​បី​ទំនប់​មិន​កើត​នៅ​ស្រុក​ខ្មែរ​ច្រើន​ក៏​ដោយ កើត​នៅ​លើ​ប្រទេស​គេ​ក៏​ដោយ ក៏​ប៉ះពាល់​មក​ដល់​ស្រុក​ខ្មែរ​ដែល​ពួក​យើង​នៅ​ក្រោម​ទំនប់​ហ្នឹង​ធ្ងន់​ធ្ងរ​ជាង​មុន ដូច​ខ្ញុំ​ថា​តាំង​ពី​ទឹក​ទន្លេ ការ​រស់​នៅ​របស់​ត្រី ស្មៅ​បាត់​ទន្លេ អាច​វា​ងាប់​បណ្តើរៗ ដោយសារ​មាន​ស្លែ​មាន​អី»។

ការ​សាងសង់ទំនប់​ថ្មី​ Luang Prabang​ នេះ​ត្រូវ​រំពឹង​ថា​នឹង​ចាប់​ផ្ដើម​នៅចុងឆ្នាំ​២០២០​ហើយ​និង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២៧។​ថាមពល​ដែល​ផលិត​បាន​ពី​ទំនប់​នេះ​អាច​នឹង​ត្រូវ​លក់​ឲ្យ​ទៅ​ប្រទេស​ថៃ​ឬ​វៀតណាម៕