ក្រុមអង្គការធំៗមួយចំនួនដែលធ្វើការងារផ្តោតសំខាន់ទៅលើការអភិវឌ្ឍ សុខភាពនិងការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជាបានទាមទារឲ្យមេដឹកនាំពិភពលោកធ្វើឲ្យប្រាកដថា ពលរដ្ឋគ្រប់រូបទាំងនៅក្នុងប្រទេសក្រីក្រផង អាចទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ នៅពេលដែលវ៉ាក់សាំងនេះត្រូវបានរកឃើញ។
ការទាមទារនេះធ្វើឡើង ខណៈពិភពលោកកំពុងស្វះស្វែងរកថ្នាំបង្ការឬវ៉ាក់សាំងជំងឺកូវីដ១៩ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតជាសកលនៃជំងឺនេះ។
សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់អង្គការក្រៅរដ្ឋាភិបាលទាំងនេះដែលចុះថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០នេះសរសេរថា៖
«វ៉ាក់សាំងនេះនឹងក្លាយជារូបិយបណ្ណនៃជីវិតនិងមរណភាព ជាពិសេសសម្រាប់ប្រទេសនានា ដែលប្រព័ន្ធសុខាភិបាលរបស់យើងបច្ចុប្បន្ន នៅត្រូវការការកែលំអឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត រួមទាំងប្រទេសកម្ពុជាផងដែរ»។
អង្គការទាំងនេះ រួមមានអង្គការអុកស្វាម (Oxfam) វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum on Cambodia) គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (Cooperation Committee for Cambodia ) គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព(Health Action Coordinating Committee) និងអង្គការគ្រូពេទ្រគ្មានព្រំដែន (Médecins Sans Frontières)។
ការទាមទារនេះគឺជាផ្នែកមួយនៃយុទ្ធនាការរួមគ្នារយៈពេល១ខែរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនេះក្នុងការកៀរគរសំឡេងពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាឲ្យបាន១លាននាក់ ដើម្បីផ្ញើសារបែបនេះទៅកាន់មេដឹកនាំពិភពលោក៕