កាលពីសប្ដាហ៍មុនអតីតប្រធានរដ្ឋសភាស.រ.អ លោក នូត ហ្គីនរីច (Newt Gingrich) បានបោះជំហានដ៏ខ្លីទីមួយឆ្ពោះទៅរកលទ្ធភាពនៃការទទួលបានការតែងតាំងបេក្ខភាពជាប្រធានាធិបតីស.រ.អ ពីគណបក្សសាធារណរដ្ឋសម្រាប់ឆ្នាំក្រោយ។
ក្នុងអំឡុងពេលទស្សនកិច្ចមួយទៅកាន់រដ្ឋGeorgiaអតីតប្រធានរដ្ឋសភា នូត ហ្គីនរីចបានថ្លែងប្រាប់ក្រុមអ្នកកាសែតថាលោកស្ថិតនៅក្នុងវគ្គបឋមនៃការស្វែងរកបេក្ខភាពសម្រាប់តំណែងប្រធានាធិបតីស.រ.អនៅឆ្នាំក្រោយ។
លោកហ្គីនរីចបានប្រកាសពីការបង្កើតគេហទំព័រនៃបណ្ដាញអ៊ីនថឺណិត NewtExplore2012.com ដើម្បីស្វែងរកលទ្ធភាពបន្ថែមទៀត។
«យើងពិចារណាអំពីរឿងនេះដោយហ្មត់ចត់ ហើយយើងនឹងលាតត្រដាងដ៏លម្អិតនូវគោលការណ៍ដែលយើងនឹងយកទៅអនុវត្ដនៅពេលក្រោយមក។ យើងយល់ថាសារៈសំខាន់គឺពលរដ្ឋអាចយល់ដឹងអំពីគោលការណ៍ទាំងនេះដែលយើងនឹងសហការគ្នាសម្រាប់រយៈពេលយូរ»។
បេក្ខជនប្រធានាធិបតីដែលចង់ឈរឈ្មោះច្រើនតែបោះជំហានមុនដើម្បីស្ទង់ស្ទាបប្រតិកម្មពីការគាំទ្រពីសាធារណជនក្នុងការប្រកួតយកតំណែងក្នុងសេតវិមានហើយ អាចមានលទ្ធភាពនឹងរៃអង្គាសលុយដើម្បីឃោសនាដែលជាលក្ខខណ្ឌមួយធំក្នុងការឃោសនារកសំឡេងឆ្នោតសម្រាប់តំណែងប្រធានាធិបតី។
លោក នូត ហ្គីនរីចអតីតតំណាងរាស្រ្ដមកពីរដ្ឋ Georgia ដែលបានក្លាយទៅជាអ្នកនយោបាយល្បីឈ្មោះរបស់ប្រទេសជាតិ ក្នុងសម័យទសវត្សរ៍១៩៩០ក្រោយពីលោកបានជួយក្រុមសាធារណរដ្ឋឲ្យដណ្ដើមបានមកវិញ នូវការត្រួតត្រាក្នុងរដ្ឋសភា ជាលើកដំបូងក្នុងរយៈជាង៤០ឆ្នាំ កាលពីឆ្នាំ១៩៩៤។
លោកហ្គីនរីច បានឡើងកាន់តំណែងជាប្រធានរដ្ឋសភានៅឆ្នាំ១៩៩៥ ហើយក្រោយមកបានប៉ះទង្គិចជាមួយប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យប៊ីល គ្លីនតុន អំពីរឿងចំណាយថវិកា របស់រដ្ឋាភិបាល។ ការប៉ះទង្គិចគ្នានោះបានជំរុញឲ្យរដ្ឋាភិបាលសហព័ន្ធបិទទ្វារធំធេងក្នុងឆ្នាំ១៩៩៥និង១៩៩៦។
លោក ហ្គីនរីច បានលាលែងចេញពីមុខតំណែង ក្នុងអាសនៈក្នុងរដ្ឋសភា កាលពីឆ្នាំ១៩៩៨ ក្រោយពីក្រុមសាធារណរដ្ឋបានចាញ់ឆ្នោត ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្ដិនៅឆ្នាំនោះ។ ចាប់តាំងពីពេលនោះមក លោកហ្គីនរីចបានចាប់ផ្ដើមសរសេរសៀវភៅ ទៅថ្លែងសុន្ទរកថានៅមុខសាធារណជនហើយចេញមុខនៅក្នុងទូរស្សន៍ជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ។
លោកហ្គីនរីចមានប្រជាប្រិយ៍ភាព ក្នុងចំណោមក្រុមសាធារណរដ្ឋហើយមានឈ្មោះល្បីខ្លាំងដែលជាកត្ដាពីរដែលជួយលោកឲ្យចូលទៅក្នុងអ្វីដែលគេរំពឹងថា ជាវាលប្រកួតពោរពេញទៅដោយបេក្ខជនសម្រាប់ការបោះឆ្នោតបឋមនៅឆ្នាំក្រោយ។
ប្រហែលជាមានបេក្ខជនប្រមាណជាងដប់នាក់មានចិត្ដចង់ប្រកួតសម្រាប់តំណែងប្រធានាធិបតី ស.រ.អ នៅឆ្នាំក្រោយ ហើយបេក្ខជនណាដែលមានគោលការណ៍ជាក់លាក់បានត្រូវគេរំពឹងថានឹងបានជ្រើសតាំងតាមផ្លូវការហើយប្រកាសគោលបំណងរបស់ខ្លួនចង់ធ្វើប្រធានាធិបតី ស.រ.អ នៅក្នុងប៉ុន្មានខែខាងមុខនេះ។
ការប្រកួតដើម្បីទទួលការតែងតាំងជាបេក្ខជនរបស់គណបក្សសាធារណរដ្ឋ នឹងត្រូវចាប់ផ្ដើមដោយយកចិត្ដទុកដាក់ខ្លាំង នៅដើមឆ្នាំក្រោយ ដោយមានការរៀបចំឲ្យមាន ការប្រជុំគណបក្សហៅ Caucus និងការបោះឆ្នោតបឋមក្នុងរដ្ឋប្រពៃណីដំបូងមានរដ្ឋអ៉ៃយូវ៉ា រដ្ឋញូហែមសៀ សៅខារ៉ូឡាញណា និងណេវ៉ាដា។
តែការដេញដោលគ្នាខ្លះបានត្រូវកំណត់ធ្វើ រួចស្រេចទៅហើយ សម្រាប់ឆ្នាំនេះ រាប់ទាំងថ្ងៃទី២ ខែឧសភា នៅឯបណ្ណាល័យប្រធានាធិបតីរ៉ូណាល់ រីហ្កេនរដ្ឋកាលីហ្វញ៉ា៕
ប្រែសម្រួលដោយ អ៊ូ ធួក