កាសែត​​សាលា​ជំរុញ​​ទឹក​ចិត្ត​​ក្មេងៗ​ជនជាតិ​ដើម​​អាមេរិក

ក្មេងៗ​ចូល​រួម​នៅ​ក្នុង​វិជ្ជា​ជីវៈ​ព័ត៌​មាន ​ក្មេងៗ​បង្កើត​កាសែត​ដោយ​ខ្លួន​ឯង។

គ្រូ​បង្រៀន​ព័ត៌មានម្នាក់ និង​ចាង​ហ្វាង​កាសែតដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែ​ង​មួយ​រូប​ បាន​ធ្វើ​ការ​ពង្រឹង​ឡើង​វិញ​នូវ​កាសែត​ ដែល​សរសេរ​ដោយ​ក្រុម​សិស្ស​សាលា​ នៅ​ឯ​វិទ្យា​ល័យមួយ ក្នុង​តំបន់ អភិរក្ស​ជនជាតិ​ដើម​អាមេរិក ផាញ​ រីដ្យ (Pine Ridge)​ ដែល​ស្ថិតនៅ​ក្នុង​រដ្ឋ​ សោធ​ ដាកូតា (South Dakota)។

ក្រុម​ម៉ាស្តាំង​ (Mustangs) នៃ​វិទ្យា​ល័យ​ លីតថល វូនដ៍ (Little Wound) ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ អភិរក្ស​ជនជាតិ​ដើម​អាមេរិក​ ផាញ​រីដ្យ​សង្ឃឹម​ថា​ ខ្លួន​នឹង​ទទួល​បាន​ជោគជ័យក្នុង​រដូវ​បាល់​បោះ​ឆ្នាំ​នេះ។ ប៉ុន្តែ កីឡា​បាល់​បោះ​មិន​មែន​ជា​សកម្ម​ភាព​តែ​មួយគត់​ដែលបាន​លេច​ធ្លោ​ឡើង​វិញ នៅ​ឯ​វិទ្យា​ល័យ​ លីតថល វូនដ៍​ នោះ​ទេ។

និយាយដោយ​មានសំឡេង​នៃ​ម៉ាស៊ីន​កំដៅ​ថ្នាក់​រៀន​អម​ជាមួយ​ផងនោះ​ លោក​ស្រី​ នីកគី វូលែត​ (Nicky Oulette) ផ្តល់​ការ​ណែ​នាំ​ដល់​សិស្ស​ចំនួន​១២​នាក់​ អំពីចំណុច​មួយ​ចំនួន​ ស្តី​អំពី​អ្វី​ដែល​នាំ​ឲ្យ​រឿង​មួយ​ក្លាយ​ទៅ​ជា​រឿង​សំខាន់​សម្រាប់​ព័ត៌មាន។​ លោក​ស្រី​ វូលែត​ គឺ​ជា​គ្រូបង្រៀន​ព័ត៌មានដំបូង​បង្អស់​ដែល​វិទ្យា​ល័យ លីតថល វូនដ៍​ មាន​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។​ ការ​មក​ដល់​របស់​គាត់​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​កាល​ពី​ឆ្នាំ​ទៅ​ បាន​ជួយ​ឲ្យ​សកម្ម​ភាព​កាសែតរបស់សាលានេះ​ ដែល​បាន​អវត្តមាន​អស់​មួយ​រយៈ ងើប​ឡើង​វិញ។​លោក​ស្រី​វូលែត​មាន​ប្រសាសន៍​ថា៖

«ពួក​គេ​ជ្រើ​ស​រើស​អត្ថ​បទ​ដែល​យើង​សរសេរ។​ក្មេង​ស្រី​ម្នាក់​ចង់​សរសេរអត្ថ​បទ​សម្រាប់​ទំព័រ​របស់​នាង​ផ្ទាល់ក្នុង​កាសែត​ដោយ​នាង​ចង់ធ្វើ​ការ​ប្រៀប​ធៀបអាកាស​ធាតុ​ទៅ​នឹង​ផ្នែក​ផ្សេងគ្នានៃជីវិត​របស់​នាង។​ ក្មេង​ស្រីម្នាក់​ចង់ចាប់​ផ្តើម​សរសេរ​អត្ថបទ​វិភាគ​ចម្រៀង​ ដូច្នេះ​នៅ​រៀង​រាល់​ពីរ​សប្តាហ៍​ម្តង។​ នាង​នឹង​ជ្រើស​រើស​ចម្រៀង​មួយ​ចំនួន​ ហើយ​សរសេរ​អត្ថបទ​វិភាគអំពី​ចម្រៀងទាំង​នេះ»។

ប៉ុន្តែ​ បុគ្គលិកកាសែត​មូស្តាំង​ មិន​គ្រាន់​តែ​សរសេរ​អត្ថបទ​អំពី​អាកាសធាតុ​ និង​តន្ត្រី​ដែល​ទើប​តែ​ចេញ​ថ្មីៗ​នោះ​ទេ ពួក​គេ​ក៏​បាន​សរសេរ​អត្ថបទ​ព័ត៌មាន​ទាន់​ហេតុការណ៍​ ដូចជា​ការ​លិចទឹក​នៅ​ក្នុង​សាលា​នា​ពេល​ថ្មីៗ​នេះ​ ដែល​បណ្តាល​មក​ពី​ការ​បាក់​ធ្លាយបំពង់ទឹក​មួយដែរ។​ កាសែត​នេះ​មិន​មែន​គ្រាន់​តែ​ត្រូវ​បានចែក​ចាយ​នៅ​ជុំ​វិញ​សាលា​រៀន​នោះ​ទេ តែ​ក៏​ត្រូវ​បាន​អាន​នៅ​ទូទាំងតំបន់​អភិរក្ស​ជនជាតិ​ដើម​អាមេរិក និង​នៅក្នុង​តំបន់​ទាំង​មូល​ ដែល​ជា​ផ្នែក​មួយ​នៃ​កាសែត​ ឌឹ​ ឡាកូតា​ ខាន់ទ្រី​ ថាមស៍ផង​ដែរ។​លោកស្រី​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​មិន​ដឹង​ថា​តើវិទ្យា​ល័យ​ជា​ច្រើន​ផ្សេង​ទៀត​មាន​ការ​រៀប​ចំ​បែប​នេះ​ដែរ​ឬ​ទេ​។ខ្ញុំ​ដឹង​ថា សាលា​ជា​ច្រើនមាន​កាសែត​ ឬ​ព្រឹត្ត​ប័ត្រ​ផ្ទាល់​ខ្លួន ប៉ុន្តែ​ខ្ញុំ​មិន​ដឹងថា​ តើសាលា​ទាំង​នោះ ​មាន​កាសែត​មួយ​សម្រាប់​សា​លា​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បោះ​ពុម្ព​ផ្សាយ​ នៅ​ទូទាំង​តំបន់​ អភិរក្ស​ជនជាតិដើមអាមេរិក ឬ​នៅ​ក្នុង​តំបន់ធំ​ទាំង​មូលទេ។»

លោក​ស្រី​ លីនដា​ ហាន់ធើរ​ (Linda Hunter) អ្នក​គ្រប់​គ្រង​សាលា លីតថល​ វូនដ៍ និយាយ​ថា​ កាសែត​តែង​តែ​ជា​ផ្នែក​មួយ​របស់​សាលា​ជានិច្ច​ប៉ុន្តែ​ត្រូវ​បាន​បញ្ឈប់​ដំណើរការ​ទៅ​វិញ​នៅពេល​ដែល​ថ្នាក់បង្រៀន​ព័ត៌​មាន​ត្រូវ​បាន​លុប​ចោល។​លោក​ស្រី​ហាន់​ធើរ​និយាយ​ថា​ឥឡូវ​នេះ​ដោយ​សារ​លោក​ស្រី​ នីកគី​ វូលែត​ បាន​មក​គ្រប់​គ្រង​កិច្ច​ការនេះជា​ផ្លូវ​ការ កាសែត​មូស្តាំង​ មិន​ត្រឹម​តែវិល​ត្រឡប់​មក​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ផ្សាភ្ជាប់​សាលា​រៀន​ទៅ​នឹង​សហគមន៍​ទៀតផង។​ លោកស្រី​ ហាន់ធើរ​ និយាយ​ថា៖

«ខ្ញុំ​ដឹង​ថា​ គោលដៅ​មួយរបស់​យើង​ គឺ​បង្កើត​ទំនាក់​ទំនង​ជាមួយ​សហគមន៍​ និង​ជាមួយ​ឪពុក​ម្តាយ។​ហើយ​នេះ​គឺ​ជាវិធី​ដ៏​ល្អ​ឥតខ្ចោះមួយក្នុង​ការ​ធ្វើ​កិច្ច​ការ​នេះ​ពី​ព្រោះ​សិស្ស​ជា​អ្នក​សរសេររឿង​ ហើយ​ពួក​គេ​ថត​រូប។​ ដូច្នេះ វា​គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​បង្ហាញ អំពី​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​សាលា​នេះ»។

មិន​ថា​ប្រធានបទអ្វី​ដែល​អ្នកកាសែតសរសេរ​នោះ​ទេ អ្វី​ដែល​ទទួល​បាននោះ ​គឺ​ការ​ឃើញ​អត្ថបទ​របស់​អ្នក​ត្រូវ​បានបោះ​ពុម្ពផ្សាយ។ សិស្ស​សរសេរ​អត្ថ​បទ ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ម្តង នៅ​ពេល​ដែល​បណ្ណាធិការកាសែត​ ឌឹ​ ឡាកូតា​ ខាន់ទ្រី​ ថែមស៍​ លោកស្រី​ ខូនី​ ស្មីត (Connie Smith)​ បាន​នាំ​យក​កាសែតទៅ​ចែក​ផ្សាយ​នៅវិទ្យា​ល័យ​ដោយ​ផ្ទាល់។

កាសែត​នេះ​រួម​មាន​ទាំង​កាសែត​មូស្តាំង​ ដែល​ជា​ផ្នែក​បន្ថែម​មួយ ដែល​ត្រូវ​បាន​ចែក​ចាយ​នៅថ្ងៃ​ពុធ​រាល់​ពីរ​សប្តាហ៍​ម្តង។​ លោក​ស្រី ស្មីត​ និយាយ​ថា មាន​ប្រតិ​កម្មដ៏​លើស​លប់​ពីសាធារណ​ជន។​ លោក​ស្រី​បន្ត​ទៀត​ថា៖

«នៅ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​ទៅ​ប្រជា​ពល​រដ្ឋ​បាន​និយាយ​មក​កាន់​ខ្ញុំអំពីមោទនភាព​របស់​គេ។​ ក្មេងៗ​សរសេរ​ព័ត៌​មាន។​ ពួក​គេ​ធ្វើ​សម្ភាសន៍។​ ពួក​គេ​ថត​រូប។ ខ្ញុំ​គិត​ថា​ គុណ​ភាព​គឺ​ល្អ​ដូច​ជា​អត្ថ​បទមួយ​ចំនួន​ ដែល​ខ្ញុំ​ទទួល​បាន​ពី​សមាជិក​នៃ​សហគមន៍​ ពី​ព្រោះ​យើង​ទទួល​បាន​អត្ថ​បទ​និង​រូប​ភាព​ពី​សមាជិក​សហ​គមន៍​ដែល​ចូល​មក។​ដូច្នេះ​ខ្ញុំពិត​ជាត្រេកអរ​ខ្លាំង​ណាស់»។

យោង​តាម​លោក ចេហ្វ ហាហ្សូ (Jeff Harjo) នាយក​ប្រតិបត្តិ​នៃ​សមាគម​អ្នកព័ត៌​មានជន​ជាតិ​ដើម​អាមេរិក កាសែត​របស់​សិស្ស​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កាសែត​របស់​ជន​ជាតិ​ដើម​អាមេរិក ប៉ុន្តែ​វាមិន​មែន​ជា​ក្រិត​ក្រម​នោះ​ទេ។ លោក​ ហាហ្សូ​ បាន​កត់​សម្គាល់​ថា ពាក្យ​ស្លោក​របស់សមាគម​គឺ «លើក​តម្កើង​អ្នក​និទាន​រឿង​ជំនាន់​ក្រោយ»។

«អ្វី​ដែល​យើង​ចង់​ឮ​គឺ​ថា ​ក្មេងៗ​ចូល​រួម​នៅ​ក្នុង​វិជ្ជា​ជីវៈ​ព័ត៌​មាន ​ក្មេងៗ​បង្កើត​កាសែត​ដោយ​ខ្លួន​ឯង ឬ​ចំណែក​ណាមួយនៃ​កាសែត ហើយ​នេះ​គឺ​ពិត​ជាព័ត៌​មាន​ដ៏​អស្ចារ្យ​សម្រាប់​យើង»។

កាសែត​មូស្តាំង បាន​ជំរុញ​ឲ្យ​សាលា​ពីរ​ផ្សេង​ទៀត នៅ​ក្នុង​តំបន់​អភិរក្ស​ជន​ជាតិ​ដើម​អាមេរិក​ ផាញ​ រីដ្យ ឲ្យ​ធ្វើ​ការ​បោះ​ពុម្ព​កាសែត​ដោយ​ខ្លួន​ឯង ហើយ​កាសែត​ទាំង​នោះ ដាក់​វេនគ្នា​ធ្វើ​ការចែក​ផ្សាយ​ចូល​គ្នា​ជាមួយ​នឹងកាសែត​ ឌឹ​ ឡាកូតា ខាន់ទ្រី ថែមស៍។ គោលដៅ​របស់​លោក​ស្រី ខូនី ស្ម៊ីត ដែល​ជា​បណ្ណាធិការកាសែត​ គឺ​បង្កើ​តឲ្យ​មាន​កាសែតរបស់​សិស្ស​មួយ​នៅ​គ្រប់​សាលានៅ​ក្នុង​តំបន់​អភិរក្សជន​ជាតិ​ដើម​អាមេរិក៕

ប្រែ​សម្រួល​ដោយ ឌី ខាំបូលី