ភរិយា​​អ្នក​បក​ប្រែ​​ភាព​យន្ត​ឯកសារ​«ម្តាយខ្ញុំ​លក់​ខ្ញុំ»​អះអាង​ថា ​ប្តី​របស់​ខ្លួន​កំពុង​រង​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ

លោករ៉ាត់ រត្នមុន្នី ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃសុក្រនៅពេលដែលលោកបានព្យាយាមធ្វើដំណើរទៅប្រទេសហូឡង់ជាមួយគ្រួសាររបស់លោក។ (រូបថត៖ ហ្វេសប៊ុក Rath Rott Mony)

​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​​អះអាងថា​ អាជ្ញាធរ​​កំពុង​បន្ត​សួរ​យក​ចម្លើយ​ពី​អ្នក​បកប្រែ​នោះ។​ ​ភរិយា​អ្នក​បកប្រែ​រូប​នោះ​និយាយ​ថា​ ​ស្វាមី​អ្នក​ស្រី​មាន​បញ្ហា​ផ្លូវ​ចិត្ត​ខុស​ពី​ប្រក្រតី។

គ្រា​ដែល​តុលាការ​ក្រុង​ភ្នំពេញបាន​សម្រេច​ឃុំ​ខ្លួនលោក​រ៉ាត់ រត្នមុនី​ ​ដែល​ជា​ប្រធាន​សហ​ជីព​មួយចំពោះ​កិច្ចការ​ដែល​លោក​បាន​ធ្វើ​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋរបស់​ប្រទេស​រុស្ស៊ី​ ​RT ដើម្បី​ផលិត​ខ្សែភាពយន្ត​ឯកសារ​ស្តីពី​ការ​ជួញ​ដូរ​ផ្លូវភេទនោះ​ អ្នកស្រី​ឡុង គឹមហ៊ាង ​ភរិយា​លោក​រ៉ាត់ រត្ន​មុនី​ ​បាន​ថ្លែង​នៅថ្ងៃ​សុក្រ​នេះ​ថា​ ​ស្វាមី​អ្នកស្រី​បាន​រង​នូវ​សម្ពាធ​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​ ​និង​មាន​អាការៈ​ស្លេក​ស្លាំង​ខុស​ពី​ធម្មតា។​

អ្នកស្រីឡុង គឹមហ៊ាង​បា្រប់​ ​VOA​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ ​ទាំង​អួល​ដើម​កថា៖

«ប្តី​ខ្ញុំ​អត់​ដូច​ពីមុន​ទេ! ​ប្តី​ខ្ញុំ​ពេល​ដែល​ខ្ញុំ​ចូល​ទៅ​ ​គេ​កោរ​ត្រងោល​ប្តី​ខ្ញុំ​ ​មិនមែន​កាត់​ទេ។ ​សក់​គាត់​ គេ​កោរ​ត្រងោល​អស់​រលីង​ ​ហើយ​គេ​ឲ្យ​គាត់​ស្លៀក​ពាក់​អ្នកទោស​ ​ហើយ​ប្តី​ខ្ញុំ​ហាក់​បី​ដូច​ជា​រង​សម្ពាធ​ខ្លាំង​មែន​ទែន​ ​វង្វេង​វង្វាន់​ ​ភ័យខ្លាច​អត់​ដឹង​ថា ​មាន​រឿង​អីលើ​គាត់​ទេ។​ ​គាត់​និយាយ​ស្តាប់​គ្នា​អត់​សូវ​បាន​ទេ។​ ​អត់​ដឹង​មាន​រឿងអីលើ​គាត់ទេ?​ ​ខ្ញុំ​បារម្ភ​មែន​ទែន​ ​ហើយ​គាត់​ឡើង​ស្លេក។​ ​គាត់​ឡើង​ស្លាំង»។​

ភាពយន្ត​ឯកសារ​មាន​ចំណង​ថា «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ My Mother Sold Me​ ​ដែល​ផលិត​ដោយ​បណ្តាញព័ត៌មាន​រដ្ឋ​ប្រទេស​រុស្ស៊ី​ឈ្មោះ​ Russia Today ​(RT) ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខឹង​សម្បារ​ ​ហើយ​ចោទ​ថា ភាពយន្ត​ឯកសារ​នោះ​គឺ​ការ​ប្រតិដ្ឋឡើង។ ភ្លាមៗ​នោះ​ ការ​ស៊ើប​អង្កេត​មួយ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ផង​ដែរ។ លោក​រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ពលករ​ ​បាន​រត់ភៀស​ខ្លួន​ទៅ​ទីក្រុង​បាងកកជាទី​ដែល​លោក​រង់​ចាំ​ទិដ្ឋាការសុំសិទ្ធិ​ជ្រកកោន​នៅ​ប្រទែស​ហូឡង់ដើម្បី​គេចពី​ការ​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា។​ ​លោក​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ខ្លួននៅ​ក្នុង​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​៧ខែ​ធ្នូ​កន្លង​ទៅ​ ​ហើយ​ឃុំខ្លួន​នៅឯ​មជ្ឈមណ្ឌល​ឃុំ​ឃាំង​អន្តោ​ប្រវេសន៍​ថៃ​រហូត​ដល់​ថ្ងៃ​ពុធ​ ​ពេល​ដែល​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ។

អ្នកស្រី ​ជូ ប៊ុនអេង​ រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​ និង​ផ្លូវ​ភេទ​លើ​ស្ត្រី​ ​និង​កុមារ​ ​បាន​ថ្លែង​ប្រាប់​ ​VOA​ ​ថា​ ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​កំពុង​ពិនិត្យចម្លើយ​នានាដែល​ផ្តល់​ដោយ​លោក ​រ៉ាត់ រត្នមុនី​ និង​អ្នក​ពាក់​ព័ន្ធ​ក្នុង​ករណី​នេះ។​

«ឥឡូវ​ហ្នឹង​យើង​កំពុង​ផ្ទៀង​ផ្ទាត់​ចម្លើយ​គ្នា​ ​តើមួយ​ណា​ត្រូវ?​ ​លោក​ហ្នឹង​ គាត់​ថា​ រឿង​ហ្នឹង​ពិត​ ប៉ុន្តែ​អ្នក​ដែល​គេ​ដើរ​តួ​ គេ​ថា​ រឿង​ហ្នឹង​គេ​គ្រាន់​តែ​ដើរ​តួ។​ អ៊ី​ចឹង​យើង​ត្រូវ​រក​មើល​ឲ្យ​ឃើញ​ថា​ តើ​មួយ​ណា​ជា​ការណ៍​ពិត? ​បើសិន​ជា​ការណ៍​ពិត​ក៏​ដោយ​ គាត់​គួរតែ​រាយ​ការណ៍​មក​អាជ្ញាធរ​ ​ឬ​សមត្ថ​កិច្ចដើម្បី​ដោះស្រាយ​ មិនមែន​យក​កេរ្តិ៍​ឈ្មោះ​ស្តី្រ​ក្មេង​ហ្នឹង​ យក​ទៅ​ផ្សព្វផ្សាយ​លើ​ពិភព​លោក​ឲ្យ​សើច​និន្ទា​គាត់​ទេ​ ពី​ព្រោះ​ជា​រឿង​ ដែល​រូប​គាត់ ដែល​ជា​ម្ចាស់​សាមី​ខ្លួន​ហ្នឹង​ បែរ​ជាគេហៅ​ថា ​professional​ ​របស់​ media​ គេ​មិន​គួរ​យកជន​រងគ្រោះ​ហ្នឹង​ទៅ​ផ្សព្វ​ផ្សាយ​ពេញ​ពិភព​លោក​អ៊ឹ​ចឹង​ទេ»។

មន្ត្រី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​រូប​នេះអះអាង​ថា​ ភាពយន្ត​ដែល​ផលិត​ឡើង​ដោយ​មាន​លោក​រ៉ាត់ រត្នមុនី​ជួយ​បកប្រែ​សម្រួល​នោះគឺ​មាន​ការ​ការ​ឡៃ​ការណ៍​ពិត​ ដែល​ប៉ះពាល់​ដល់​សាមី​ខ្លួន​ដែល​ផ្តល់​ការ​សម្ភាសន៍​ក្នុង​ភាពយន្ត​នោះ​ ​និង​ធ្វើ​ឲ្យ​ខូចកេរ្តិ៍​ឈ្មោះ​របស់​សាលា​រៀន​ ​ក៏ដូ​ច​ជាក្រសួង​អប់រំ​ ដែល​បាន​ខិត​បង្កើន​ការ​យល់​ដឹង​ក្នុង​ការ​ទប់ស្កាត់​ការ​រំលោភ​បំពាន​នានា​នៅ​តាម​សាលា​រៀន។​

លោករ៉ាត់ រត្នមុនី​ ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា ​ដែល​ជួយ​បកប្រែ​ភាព​យន្ត​ឯកសារ​អំពី​ការ​ជួញដូរ​ផ្លូវភេទ​ឲ្យ​បណ្តាញ​សារ​ព័ត៌មាន​ ​Russia Today​ ​ឬ​ RT​ ​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋា​ភិបាល​រុស្ស៊ី​ ត្រូវ​បាន​ចាប់​បញ្ជូន​ពី​ប្រទេស​ថៃ​ត្រឡប់​ទៅ​កម្ពុជា​វិញក្រោម​បទ​ចោទ​ថា ​បាន​ជួយ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ។​

អ្នកស្រីឡុង គឹមហ៊ាងនិយាយ​ថា ​ស្វាមី​អ្នក​ស្រី​បាន​បញ្ជាក់​ថា​ ភាពយន្ត​ដែល​បាន​ផលិត​ឡើង​នោះ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​រឿង​ពិត​នៅ​កម្ពុជា​ ហើយ​បាន​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះលែង​ស្វាមី​អ្នកស្រី។

«ខ្ញុំ​នៅតែ​និយាយទៀត​ថា​ ដោះ​លែង​ប្តីខ្ញុំ​មក! ដោះ​លែង​ប្តីខ្ញុំ​មក! ព្រោះ​ប្តី​ខ្ញុំអត់​មាន​កំហុស​ទេ។​ ខ្សែ​ភាព​យន្ត​ហ្នឹង ខ្សែ​ភាព​យន្ត​ហ្នឹងគឺប្តី​ខ្ញុំអត់​បាន​ប្រតិដ្ឋទេ។​ ប្តីខ្ញុំ​អត់​បានជួល​លុយ​ អត់​បាន[ឲ្យ​លុយ] ​អ្នកណា​ទេ​ ហើយ​មួយ​ទៀត​ រឿង​មួយដែល​ប្តី​ខ្ញុំ​គាត់​និយាយ​ គាត់​ប្រាប់​ខ្ញុំ​ថា​ ខ្សែ​ភាពយន្តរឿង​ហ្នឹង​ ខ្សែ​ភាពយន្ត​ឯកសារ​គឺ​និយាយ​អំពី​រឿង​ពិត។​ រឿងពិត​បាន​លាត​ត្រដាង​ហើយ អ្វី​ដែល​ប្តី​ខ្ញុំ​គាត់​ចង់​បាន​គឺ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​បាន​លើក​ឡើង​ លាត​ត្រដាង​ក្នុង​ខ្សែ​ភាពយន្ត​ហ្នឹង​ទៅ‍!»

អ្នកស្រីឡុង គឹមហ៊ាង ​ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី និង​លំនៅ​ដ្ឋាន​ ​ធ្លាប់បាន​លើក​ឡើង​ថា អ្នក​ស្រី​ចង់​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស្នើ​ដល់​បណ្តាញ​សារ​ព័ត៌មាន​របស់​រុស្ស៊ី​ ​RT​ ​មក​តទល់​នឹង​ករណី​នេះ ដោយ​មិន​ត្រូវ​ធ្វើ​បាប​តែប្តី​អ្នកស្រី​នោះ​ទេ។​

ទាក់ទិន​ការ​ស្នើ​នេះ​ អ្នកស្រីជូ ប៊ុនអេង​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ៖​

«ខ្ញុំ​ជឿ​ជាក់​ថា​ រុស្ស៊ីហ្នឹងគឺ​គាត់​ទទួល​សំណើ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ហើយ​ ពីព្រោះ​មាន​ពេល​ខ្លះ​យើង​ជួល​ទេ​តើ​ media ហ្នឹង!​ អ៊ី​ចឹង​បើ​សិន​ជាអ្នក​ផ្សព្វផ្សាយ​គេ​អត់​ដឹង​ថា​ យើង​យ៉ាង​ម៉េច​ ហើយ​ក្នុង​ហ្នឹង​ បើ​ដាក់​ថា​ ជា​ភាព​យន្ត​ គាត់ត្រូវ​តែ​និយាយ​មួយ​ម៉ាត់​ថា​ នេះ​ដក​ស្រង់​ពី​ខ្សែ​ភាព​យន្ត​រឿង​អី​ ហើយ​ខ្សែ​ភាព​យន្ត​ហ្នឹង​មាន​បាន​សុំ​អនុញ្ញាតទៅ​ដល់​ក្រសួង​វប្បធម៌​ដើម្បី​គេ​គិត​ពិចារ​ណា​អំពីការ​ប៉ះពាល់​ទៅ​លើ​វប្បធម៌ ឬសេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រទេស​ជាតិ​គេ​អត់?​ អ៊ីចឹង​យើង​រក​ពី​សាមីខ្លួន​ឲ្យ​ឃើញ​សិន​ថា ​អ្នកដែល​ប្រព្រឹត្ត​ហ្នឹង​ ហេតុ​អី​គាត់គេច​ខ្លួន​ធ្វើ​អី​ គាត់​ចូល​មក​បំភ្លឺ​មក!»

លោកឆាយ គឹមខឿន​ ​អគ្គ​ស្នងការ​រង​ ​និង​ជា​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​ មាន​ប្រសាសន៍​បញ្ជាក់ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ​លោក​រ៉ាត់​ រ័ត្នមុនី​កំពុង​ស្ថិត​ក្នុង​ការ​សួរ​ចម្លើយ​បន្ថែម​ពី​ចៅក្រម​ស៊ើប​សួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​ ​លោក​បញ្ជាក់​ទៀត​ថា​ ​ អាជ្ញាធរ​កំពុង​ពិចារណា​ស្នើ​ឲ្យ​មាន​ការ​ពន្យល់​ពី​សារ​ព័ត៌មាន​រុស្ស៊ី​ RT ​ទាក់ទង​នឹង​ការ​ផលិត​ភាព​យន្ត​ឯកសារ​ស្តីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នេះ។​

«យើង​ខ្ញុំ​កំពុង​តែ​ពិចារណា​ ព្រោះអី​ពាក់ព័ន្ធ​ច្រើន​ណាស់ហើយ​ត្រូវ​ធ្វើ​របៀប​ម៉េច»។

លោក​ ​Shawn Crispin​ ​តំណាង​ជាន់ខ្ពស់​នៃ​អង្គការ​ ​CPJ​ ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ថ្លែង​ថា៖

«យើង​អំពាវនាវ​ឲ្យអាជ្ញាធរ​កម្ពុជា​ដោះលែង​លោករ៉ាត់ រត្នមុនីជា​បន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ។​ ​រឿងរ៉ាវ​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​ការ​ចោទ​ប្រកាន់​ថា ​បង្កើត​ព័ត៌មានក្លែង​ក្លាយ​នេះ​គឺ​ថា ​ប្រ​ទេស​កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រជា​ធិបតេយ្យ​ពហុបក្ស​ដែល​មាន​បណ្តាញ​សារ​ព័ត៌មាន​សេរី​ទៅ​ជា​ប្រទេស​ផ្តាច់​ការ​មាន​គណបក្ស​តែ​មួយ។​ របប​លោក​ហ៊ុន សែន​បាន​បំផ្លាញ​មុខមាត់​ប្រទេស​ជាតិ​ ​មិនមែន​បណ្តាញ​ផ្សព្វ​ផ្សាយ​ទេ»។​

យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ក្រុម​មន្រ្តី​កម្ពុជា​បាន​អះអាង​ថា ​លោករ៉ាត់ រត្នមុនី​បាន​ឲ្យ​លុយ​ទៅ​អ្នក​ដែល​បាន​មក​សម្ភាសន៍​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ​ ឲ្យ​និយាយ​កុហក​អំពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។​

មុន​អាជ្ញាធរ​ថៃ​ធ្វើ​ការ​បញ្ជូន​ខ្លួន​លោករ៉ាត់ រត្នមុន្នី​ ​វ័យ​៤៧​ឆ្នាំ ​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​នោះ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (Human Rights Watch)​ បាន​អំពាវ​នាវ​មិន​ឲ្យ​រដ្ឋាភិបាល​ថៃ​បញ្ជូន​អ្នក​ជួយ​បក​ប្រែ​ឲ្យ​បណ្តាញ​សារ​ព័ត៌មាន​របស់​រស្ស៊ី​ RTនេះ​មក​កម្ពុជា​នោះ​ទេ។​ ​អង្គការ​ឃ្លាំ​មើលសិទ្ធិ​មនុស្ស​អន្តរជាតិ​ជឿ​ថា មាន​ហេតុផល​ជាច្រើន​ ដែល​នឹង​បង្ហាញ​ថា​ លោករ៉ាត់ រត្នមុន្នីនេះ​នឹង​ប្រឈម​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ ការ​ឃុំ​ខ្លួន​មិន​ត្រឹម​ត្រូវ​ និង​ការ​ធ្វើ​បាប​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោកឆាយ គឹមខឿន​ ​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ ​ទាត់​ចោល​ការ​អធិប្បាយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ​លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖​

«អា​ហ្នឹង​ស្រេច​តែ​គាត់​ថា។​ ​ធ្វើ​ម៉េច​បើ​គាត់​អត់​ព្រម​មក។​ ​បើ​គាត់​ចង់​ច្បាស់​ គាត់​មក​ពិនិត្យ​ មក​អីមក! គាត់​នៅ​មួយ​កន្លែង​ គាត់​ស្រែក​អ៊ីចឹង។​ អាហ្នឹង​ធ្វើម៉េច​ គាត់​ចេះតែ​ថា។​ ខ្ញុំ​ក៏​ចេះថា​ ដូច​គាត់​បាន​ដែរ»។​

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោកលី សុផាណា​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ ​VOA​ ​ដែល​បាន​ផ្ញើទៅ​ទូរស័ព្ទ​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ​ទេ។​ ​

លោក​ ​Phil Robertson​ ​នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch​ ​ប្រចាំតំបន់​អាស៊ី​ ​បាន​ចោទ​ប្រកាន់​ថា ​ករណី​លោករ៉ាត់ រ័ត្នមុនីបាន​ផ្តើម​ចេញ​ពី​ការ​មិន​សប្បាយ​ចិត្ត​របស់​ក្រុម​មន្ត្រី​ខ្មែរ​ ហើយជា​ពិសេស​នោះគឺ​លោក​ស្រី​ប៊ុន រ៉ានី​ ដែល​ជា​ភរិយា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ខឹង​សម្បារ​នឹង​ខ្សែ​ភាពយន្ត​នេះ​ជា​ជាង​ស្វែង​រក​ដំណោះ​ស្រាយ។​ ​លោក​ថ្លែង​ថា​ អ្វី​ដែល​ប៉ូលិស​កម្ពុជា​ថ្លែង​នោះ​មិន​អាច​យក​ជា​ការ​បាន​ទេ។

លោក​បាន​សរសេរ​តាម​រយៈ​សារ​អេឡិច​ត្រូនិក​ ​ឬ​ Email​ ជា​ភាសា​អង់​គ្លេស​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជាភាសា​ខ្មែរ​យ៉ាង​ដូច្នេះ៖​

«ការ​ថ្លែង​ទាំង​ឡាយ​របស់​ប៉ូលិសកម្ពុជា​គឺ​ជា​ធម្មតា​មិន​គួរទុក​ចិត្ត​នោះ​ទេ។​ ​ប៉ូលិសកំពុង​តែ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​លោក​មុនីក្លាយ​ជា​អ្នក​ទទួល​ថ្ម​បាក់​ ដូច្នេះ​គេ​អាច​បដិសេធ​បាន​អំពី​បញ្ហា​មួយគឺ​ការណ៍​ដែលភរិយា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ស្រី​ប៊ុន រ៉ានីខឹង​ខ្លាំង​ នៅពេល​ដែល​គាត់​បាន​ឃើញ​ខ្សែ​ភាពយន្ត​ឯកសារ​នេះ។​ ​អ្វីដែល​ជា​បញ្ហា​ពិត​ប្រាកដ​នោះ​គឺលោក​ស្រី​ប៊ុន រ៉ានី​ និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ជាច្រើន​រូបបារម្ភ​ខ្លាំង​អំពី​មុខមាត់​ប្រទេស​ជាតិ​ជា​ជាងព្យាយាម​ដោះស្រាយ​បញ្ហា​ ដូច​ជា​ក្មេងៗ​រក​ស៊ីផ្លូវ​ភេទ​នេះ»។​

លោក​បាន​បន្ថែម​ថា​ គ្មាន​ម្តាយ​រូបណាចង់​ឲ្យ​កូន​ពួក​គេ​ទទួល​ការ​ឈឺចាប់​នោះ​ទេ​ តែ​ពិត​ណាស់​គ្រួសារ​ទាំង​នោះ​មើល​មិន​ឃើញ​ជម្រើស​ផ្សេង ​ហើយ​វាជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ ដែល​ពួក​គេ​មាន​សេចក្តី​ក្លាហាន​ប្រាប់​រឿង​របស់​ពួកគេ​ ទៅ​បណ្តាញ​ព័ត៌មាន​ RT។​ ​លោក​ឲ្យ​ដឹង​ទៀត​ថា​ ​សារ​ព័ត៌​មាន​ RT ​គួរតែ​ក្រោក​ឈរ​ និង​គាំទ្រ​លោក​មុនី​ ដែល​ប្រឈមបញ្ហា​នៅ​ផ្នែក​ខ្លះ​ ដោយសារ​តែ​អ្នក​ផលិត​ភាពយន្តនៅ​ក្រុង​មូស៊្គូ​ ខកខាន​មិន​បាន​បំពេញ​តាម​ការ​អនុវត្ត​តាម​បទដ្ឋាន​អន្តរជាតិ​ និង​លាក់​អត្ត​សញ្ញាណ​នៃ​ក្មេងៗ​ដែល​ជា​ជន​រងគ្រោះ​នៃ​ការ​កេង​ប្រវ័ញ្ច​ខាង​ផ្លូវ​ភេទ​នោះ។ ​ដើម្បី​ឲ្យ​មាន​ភាព​យុត្តិធម៌ ​លោក​ថា​ ប៉ូលិសខ្មែរ​គួរតែ​អនុញ្ញាត​ឲ្យ​លោក​មុនី​បាន​នៅ​ក្រៅឃុំ​ជា​បន្ទាន់​ ដូច្នេះ​គាត់​នឹង​មាន​លទ្ធភាព​គ្រប់​គ្រាន់ដើម្បី​រៀបចំ​ការពារ​ក្តី​របស់​គាត់។

លោក​បាន​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«តើ​នៅ​ពេល​ណា​ដែលមេដឹកនាំ​កម្ពុជា​ចាប់​ផ្តើម​ចែក​រំលែក​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ដោយ​ខុស​សីលធម៌​របស់​ពួកគេ​ ដែល​ពួក​គេ​បាន​ទទួល​ពី​ប្រភព​ជាច្រើន​ប្រកប​ដោយ​ភាព​ស្រពេច​ស្រពិល​ ហើយ​បញ្ចប់​គោល​នយោបាយ​រដ្ឋ ​ដូច​ជា​ការ​រឹបអូស​ដី​ធ្លី​ ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ជនសាមញ្ញ​ធ្លាក់​ខ្លួន​ក្រ​ និង​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​នោះ»។​

មក​ដល់​ពេល​នេះ​មិនទាន់​មាន​ព័ត៌មានផ្លូវ​ការ​ណាមួយ​បញ្ជាក់​ថា​ ​លោករ៉ាត់ រត្នមុនី​ត្រូវ​បាន​តុលា​ការ​ចោទ​ប្រកាន់​ផ្លូវ​ការ​នៅ​ឡើយ​នោះ​ទេ​ ​ខណៈ​ភរិយា​របស់​លោក​គឺ​ ​អ្នកស្រីឡុង គឹមហ៊ាងបញ្ជាក់​ប្រាប់​ ​VOA​ ​ថា​ ​លោក​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​ក្នុង​មន្ទីរអប់រំ​កែ​ប្រែ​ព្រៃ​ស ឬ​ ​គុក​ព្រៃ​ស៕