សត្វ​រក​ឃើញ​ថ្មីៗ​នៅ​តំបន់​ទន្លេ​មេគង្គ​ត្រូវការ​ការគាំពារ​កុំ​ឲ្យ​ផុត​ពូជ

  • Steve Herman

សត្វស្លាប​មួយ​ក្បាល​នេះ ត្រូវ​បាន​គេ​ឃើញ​លើក​ដំបូង​នៅ​កម្ពុជា​នៅ​ឆ្នាំ២០០៩។

រុក្ខជាតិ​និង​សត្វ​ជិត​៤០០​ប្រភេទ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តំបន់​ទន្លេ​មេគង្គ ក្នុង​ឆ្នាំ​២០១២ និង​២០១៣ យោង​តាម​របាយការណ៍​ដែល​ទើប​តែ​ចេញ​ផ្សាយ​របស់​មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ។ ការ​រក​ឃើញ​ថ្មី​នេះ ធ្វើ​ឲ្យ​ពូជ​សត្វនិង​រុក្ខជាតិ​ដែល​រក​ឃើញ​ថ្មី​ទាំង​អស់​មាន​សរុប​ជាង​២០០០​ប្រភេទ​ក្នុង​រយៈពេល​១៧​ឆ្នាំ​ចុង​ក្រោយ​នេះ។ សត្វ​មួយ​ចំនួន​ត្រូវ​បាន​គេរក​ឃើញ​នៅ​តាម​កន្លែង​នានា​ដែល​បញ្ជាក់​ពី​កង្វះ​ការ​គាំ​ពារ។

អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា ក្នុង​ចំណោម​ពូជ​សត្វ​និង​រុក្ខជាតិ​ថ្មីៗ​ទាំង​អស់​ដែល​បាន​កត់​ត្រានៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ សត្វ​ចាប​មួយ​ប្រភេទ​(Orthotomus Chaktomuk) ត្រូវ​បាន​គេ​រក​ឃើញ​ថា​ បាន​លាក់​ខ្លួន​នៅ​ក្នុង​តំបន់​ធម្មតា​ក្នុង​រាជធានី​ភ្នំពេញ។ នាយក​កម្មវិធី​ពូជ​សត្វ​តំបន់​ទន្លេ​មេគង្គ​របស់​មូល​និធិ​ពិភពលោក​សម្រាប់​ធម្មជាតិ លោក Thomas Gray មាន​ប្រសាសន៍​ថា ​សត្វ​ចាប​ប្រភេទ​នេះ​ដែល​រក​ឃើញ​នៅ​កម្ពុជា គឺ​ជា​បក្សី​ថ្មី​តែ​មួយ​ប្រភេទ​គត់ ដែល​ដាក់​បញ្ចូល​ក្នុង​សត្វ​ប្រភេទ​ថ្មីក្នុង​ឆ្នាំ​២០១២​និង​២០១៣​នេះ។

«បក្សី​ប្រហែល​ជា​ប្រភេទ​សត្វ​ដែល​ត្រូវ​បាន​គេ​សិក្សា​យ៉ាង​ច្រើន​បំផុត​ក្នុង​ចំណោម​ពូជ​សត្វ​នានា​នៅ​លើ​ពិភពលោក​នេះ ហើយ​ពូជ​បក្សីថ្មី​នេះ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​ដែល​មាន​ចម្ងាយ​មិន​ដល់​៥​គីឡូម៉ែត្រ​ពី​កន្លែង​ដែល​ខ្ញុំ​កំពុង​និយាយ​ជាមួយ​លោក​នៅ​រាជធានី​ភ្នំពេញ​នេះ ​រស់​នៅ​តាម​ដី​ល្បាប់​ពី​ទឹកជំនន់​នៅ​ក្រៅ​រាជធានី​ភ្នំពេញ ដែល​នេះ​ពិត​ជា​អស្ចារ្យ​ណាស់»។

អ្នក​សិក្សា​ពី​សត្វ​ល្មូន​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សារមន្ទីរ​ប្រទេស​អូស្រ្តាលី លោកស្រី Jodi Rowley បាន​ទទួល​ស្នាដៃ​ពី​ការ​រកឃើញ​សត្វ​កង្កែប​យក្ស​ពណ៌​បៃតង​ដែល​អាច​ហើរ​បាន។ លោកស្រី​និយាយ​ថា​ការ​រក​ឃើញ​នេះ គឺ​ជា​ការ​ដែល​មិន​រំពឹង​ទុក។

«ពួក​យើង​រក​ឃើញ​សត្វ​កង្កែប​ដែល​អាច​ហើរ​បាន​នេះ​នៅ​កន្លែង​ដែល​មិន​រំពឹង​ទុក។​ខ្ញុំ​កំពុង​តែ​វាស់​វែង​ព្រៃ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ទីក្រុង​ហូជីមិញ ដែល​ជា​ទីក្រុង​ធំ​មួយ​ក្នុង​ចំណោម​ទីក្រុង​ធំៗក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ខ្ញុំ​មិន​រំពឹង​ថា​នឹង​អាច​រក​ឃើញ​អ្វី​ថ្មី​នោះ​ទេ។ ខណៈ​ពេល​ដែល​ពួក​យើង​កំពុង​ដើរ​តាម​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រៃ​ស្រាប់​តែ​ឃើញ​មាន​សត្វ​កង្កែប​ពណ៌​បៃតង​ធំ​មួយ​ដែល​អាច​ហើរ​បាន ​កំពុង​អង្គុយ​លើ​កំណាត់​ឈើ​នៅ​ក្បែរ​ផ្លូវ​លំ​មួយ​ដែល​ស្ថិត​នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ មនុស្ស​ម្នា និង​ក្របី​ជា​ច្រើន»។

ដំបូង លោកស្រី Rowley មិន​បាន​ដឹង​ថា ខ្លួន​បាន​រក​ឃើញ​អ្វី​ថ្មី​នោះ​ទេ ដោយ​សារ​លោកស្រី​គិត​ថា វា​ស្រដៀង​នឹង​សត្វ​កង្កែប​យក្ស​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​រួច​មក​ហើយ។ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ស្រី​បាន​ឃើញ​សត្វ​កង្កែប​មួយ​ប្រភេទ​ទៀត​នោះ​មួយ​ឆ្នាំ​ក្រោយ ទើប​លោកស្រី​ធ្វើ​ការ​សន្និដ្ឋាន​ថា​សត្វ​កង្កែប​របស់​វៀតណាម​ដែល​លោកស្រី​ធ្លាប់​ឃើញ​នោះ គឺ​ជា​សត្វ​ប្រភេទ​ថ្មី។ លោកស្រី​បាន​បញ្ជាក់​ថា កន្លែង​តែ​២​គត់​ដែល​សត្វ​កង្កែប​ប្រវែង​១០​សង់ទីម៉ែត្រ​ទាំង​នោះ​រស់​នៅគឺនៅ​តាម​វាល​ស្រែ និង​តំបន់​កសិកម្ម​ផ្សេង​ទៀត។

«វា​មិន​អាច​ទៅ​រួច​ទេ​ដែល​សត្វ​កង្កែប​ទាំង​នោះ​អាច​ឆ្លង​កាត់​វាល​ស្រែ​បាន ព្រោះ ពួក​វា​រស់​នៅ​លើ​ដើមឈើ។ ពួកយើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​អភិរក្ស​សត្វ​កង្កែប​ទាំង​នោះ​ក្នុង​រយៈ​ពេល​វែង នៅ​ក្នុង​ព្រៃ​តំបន់​ទំនាប​២​កន្លែង​នេះ ដែល​ទទួល​រង​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង។ ​នេះ​គឺ​ជា​កន្លែង​តែ​មួយ​ដែល​សត្វ​រមាស​បាន​ដាច់​ពូជ​នៅ​ប្រទេស​វៀតណាម​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ដូច្នេះ សត្វ​កង្កែប​ទាំង​នោះ​ទទួល​រង​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង»។

វា​មិនមែន​ជា​ប្រភេទ​សត្វ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថ្មី​តែ​មួយ​គត់ ដែល​ទទួល​រង​ការគំរាម​កំហែង​នោះ​ទេ។ តំបន់​ទន្លេ​មេគង្គ ស្ថិត​ក្នុង​តំបន់​ដែល​ទទួល​រង​ការ​ គំរាម​កំហែង​ដល់​ជីវ​ចំរុះ​ខ្លាំង​បំផុត​ទាំង​៥​នៅ​លើ​ផែនដី​នេះ។ លោក Thomas Gray នៃ​មូល​និធិ​ពិភពលោក​សម្រាប់​ធម្មជាតិ មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​លឿន​និង​គ្មាន​ចីរភាព គឺ​ជា​គ្រោះថ្នាក់​មួយ​ក្នុង​ចំណោម​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​ដែល​សត្វ​និង​រុក្ខជាតិ​កំពុងប្រឈម​មុខ។

«សត្វ​ថ្មី​មួយប្រភេទ​ក្នុង​ចំណោម​ប្រភេទ​ផ្សេងៗ​ទៀត​ដែល​ទើប​តែ​រក​ឃើញ​គឺ​សត្វ​កំប្រុក​យក្ស​ដែល​អាច​ហើរ​បាន​នៅ​ប្រទេស​លាវ។​ កំប្រុក​យក្ស​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ផ្សារ​លក់​សាច់​សត្វ​ព្រៃ​មួយ​កន្លែង ដែល​បង្ហាញ​កាន់​តែ​ច្បាស់ពីការ​គំរាម​កំហែងទៅ​លើ​សត្វ​ប្រភេទ​នេះ តាម​រយៈ​ការ​កើន​ឡើង​នៃ​ការ​លក់​សាច់​សត្វ​ព្រៃ​ឆៅ និង​ផលិតផល​សត្វ​ព្រៃ​ដ៏​ប្រណិត​ជា​ច្រើន​ទៀត»។

ក្នុង​ចំណោម​ពូជ​សត្វ​និង​រុក្ខជាតិ​ដែល​បាន​រក​ឃើញ​កាល​ពី​មុន​ឯ​ទៀត​ដែល​ត្រូវ​បាន​កត់​ត្រា​ក្នុង​របាយការណ៍​មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ គឺ​សត្វ​ដំរី​ទឹក​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ឧទ្យានជាតិ​២ ដែល​ឃ្លាត​ពី​គ្នា​ចម្ងាយ​១០០០គីឡូម៉ែត្រ ក្នុង​ប្រទេស​វៀតណាម។ សត្វ​តុកកែ​ឥន្ទធនូ​ប្រវែង​វែង​ដ៏​កម្រ​មួយត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សត្វ​ពីងពាង​គ្មាន​ភ្នែក​ដំបូង​បំផុត​ត្រូវ​បាន​រក​ឃើញ​ក្នុង​រូងភ្នំ​មួយ​ក្នុង​ប្រទេស​លាវ​ ហើយ​ត្រីរ៉ស់​ដែល​អាច​រស់​លើ​ដី​បាន​ជាច្រើន​ថ្ងៃ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​វៀតណាម៕
ប្រែសម្រួល​ដោយ​ ហុង ចិន្តា