ប្រទេសនូវែលសេឡង់និយាយនៅថ្ងៃអង្គារនេះថា មានប្រតិបត្តិការលួចទិន្នន័យមួយ ដែលគាំទ្រដោយរដ្ឋចិន បានសំដៅលើសភាប្រទេសនូវែលសេឡង់កាលពីឆ្នាំ២០២១កន្លងទៅ។ ការចោទប្រកាន់នេះកើតឡើងមួយថ្ងៃ ក្រោយពីសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានចាត់វិធានការដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលក្រុមចោរលួចព័ត៌មានវិទ្យាចិនបានធ្វើទៅលើប្រទេសខ្លួន។
ការិយាល័យទំនាក់ទំនងសន្តិសុខរដ្ឋាភិបាលនូវែលសេឡង់(GCSB) និយាយថា ខ្លួនបានភ្ជាប់សកម្មភាពវាយប្រហារអ៊ីនធឺណិតលើសភារបស់ខ្លួន ទៅនឹងក្រុមដែលមានឈ្មោះថាAdvanced Persistent Threat 40 ដែលការិយាល័យ GCSB របស់នូវែលសេឡង់និយាយថា មានទំនាក់ទំនងជាមួយក្រសួងសន្តិសុខរដ្ឋចិន។
ស្ថានទូតចិនក្នុងទីក្រុងវែលលីងតោន ប្រទេសនូវែលសេឡង់ បានបដិសេធការចោទប្រកាន់របស់ប្រទេសនេះ ដោយចាត់ទុកថា នេះការចោទប្រកាន់ដែល«គ្មានការទទួលខុសត្រូវនិងគ្មានមូលដ្ឋាន»។
អាជ្ញាធរអង់គ្លេសនិងអាមេរិកបានប្រកាសការចោទប្រកាន់ព្រហ្មទណ្ឌនិងដាក់ទណ្ឌកម្មកាលពីថ្ងៃចន្ទប្រឆាំងនឹងក្រុមចោរលួចព័ត៌មានវិទ្យាចំនួន៧នាក់ ដែលត្រូវគេជឿជាក់ថាកំពុងរស់នៅក្នុងប្រទេសចិន និងមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន។
ប្រតិបត្តិការនេះត្រូវបានអនុវត្តឡើងដោយក្រុមលួចព័ត៌មានវិទ្យាដែលមានឈ្មោះថាAdvanced Persistent Threat 31ឬ APT31 ដែលជាសាខាប្រតិបត្តិការដែលមានការគាំទ្រដោយរដ្ឋចិន និងមានទិសដៅទៅលើមន្ត្រីសហរដ្ឋអាមេរិក អ្នកកាសែត ក្រុមហ៊ុនជំនួញ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមឃ្លាំមើលការបោះឆ្នោតក្នុងប្រទេសអង់គ្លេស។
យុទ្ធនាការរបស់ក្រុមនេះបានចាប់ផ្តើមក្នុងឆ្នាំ២០១០ ដោយព្យាយាមស៊ើបការណ៍និងបំភ័យមន្ត្រីជាន់ខ្ពស់និងអ្នករិះគន់ទៅលើរដ្ឋាភិបាលចិន។ យុទ្ធនាការនេះក៏មានបំណងប្រមូលព័ត៌មានពាណិជ្ជកម្មសម្ងាត់ពីក្រុមហ៊ុនអាមេរិកាំងផងដែរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAP និង Reuters។