ប្រទេសចំនួន៣២នឹងចូលរួមនៅក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោកផ្នែកស្ត្រីដែលរៀបចំរួមគ្នាដោយប្រទេសអូស្ត្រាលីនិងនូវែលសេឡង់។
កាលពីឆ្នាំ១៩៩១ នៅពេលដែលពិធីនេះត្រូវបានធ្វើឡើងជាលើកដំបូង មានប្រទេសតែ១២ប៉ុណ្ណោះ ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡានេះ។
សហរដ្ឋអាមេរិកជាអ្នកការពារជើងឯក ដោយសង្ឃឹមថានឹងក្លាយជាក្រុមទី១ឈ្នះពានរង្វាន់កីឡាបាល់ទាត់ស្រ្តីពិភពលោកនេះ៣ដងជាប់ៗគ្នា។ ជាមួយទីតាំងប្រកួតស្ថិតនៅឆ្ងាយពីគ្នា ដូចជាមួយនៅក្រុង Perth ក្នុងតំបន់ភាគខាងលិចប្រទេសអូស្ត្រាលី និងមួយទៀតនៅរដ្ឋធានី វែលីងតោន (Wellington) នៃប្រទេសនូវែលសេឡង់ ការប្រកួតនេះមានលក្ខណៈខុសពីការប្រកួតមុនៗ បើគិតពីរយៈចម្ងាយឆ្ងាយពីគ្នានោះ។ ឧទាហរណ៍ ក្រុមប្រទេសអៀរឡង់ ត្រូវធ្វើដំណើរចម្ងាយ៨ពាន់គីឡូម៉ែត្រដើម្បីចូលរួមប្រកួតនៅជុំទី១។
ក៏ប៉ុន្តែនៅពេលដែលការប្រកួតប្រុងប្រៀបចាប់ផ្តើមឡើង មានការចម្រូងចម្រាសអំពីទឹកប្រាក់រង្វាន់ សម្រាប់ការប្រកួតនេះផងដែរ។
ក្រុមឈ្នះនៃការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោកសម្រាប់បុរស បានទទួលទឹកប្រាក់ចំនួន ៤៤០លានដុល្លារអាមេរិក ក៏ប៉ុន្តែពានរង្វាន់សម្រាប់បាល់ទាត់ពិភពលោកស្ត្រីវិញ ក្រុមឈ្នះបានទទួលទឹកប្រាក់ត្រឹមតែ១១០លានដុល្លារអាមេរិកប៉ុណ្ណោះ។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិស្ត្រីអូស្ត្រាលី ដែលគេស្គាល់ឈ្មោះថា Matildasបានចេញផ្សាយវីដេអូមួយកាលពីថ្ងៃចន្ទកន្លងទៅ ដោយបានត្អូញត្អែរអំពីភាពខុសគ្នានៃរង្វាន់នេះ។
កីឡាករខ្សែបម្រើនាង Tameka Yallop បាននិយាយថា ខណៈពេលដែលក្រុមកីឡាបាត់ទាត់នារី Matildas របស់អូស្ត្រាលី ទទួលបានសិទ្ធិខ្លះៗដូចគ្នានឹងក្រុម កីឡាបាល់ទាត់បុរសរបស់អូស្ត្រាលី Socceroos ក៏ដោយ ក៏វាតែមានភាពមិនស្មើគ្នានៅឡើយ។
នាង Yallop លើកឡើងដូចនេះថា៖ «ការតថ្លៃរួមគ្នាបានអនុញ្ញាតឱ្យយើងធ្វើឱ្យប្រាកដថា យើងឥឡូវនេះទទួលបានល័ក្ខខ័ណ្ឌដូចគ្នាដូចជាក្រុមបាល់ទាត់ Socceroos របស់បុរសដែរ ដោយលើកលែងករណីមួយ។ អង្គការបាល់ទាត់អន្តរជាតិ FIFAនៅតែស្នើផ្តល់ឱ្យក្រុមកីឡាបាលទាត់ស្ត្រីនូវរង្វាន់ជាប្រាក់ចំនួនមួយភាគបួន នៃក្រុមបុរសសម្រាប់ការទទួលបានជោគជ័យដូចគ្នា»។
កីឡាបាល់ទាត់នៅក្នុងប្រទេសអូស្ត្រាលី មានការពេញនិយមជាខ្លាំង។
មានការគិតក្នុងចំណោមអតីតកីឡាករនិងអ្នកគាំទ្រថា ប្រទេសនូវែលសេឡង់និងអូស្ត្រាលី កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ នៅពេលវេលាដ៏សំខាន់មួយសម្រាប់កីឡាបាល់ទាត់របស់ស្ត្រី។ ប្រវត្តិកីឡាបាល់ទាត់ស្ត្រីមិនសូវមានភាពពេញនិយមទេក្នុងពេលកន្លងទៅ ហើយបទដ្ឋានរបស់វាក៏មិនសូវប្រសើរដែរក្នុងពេលអតីតកាល។
អ្នកស្រី Kate Gill ជាអតីតប្រធានក្រុមMatildas និងជាសហប្រធានប្រតិបត្តិនៃក្រុមបាល់ទាត់ Professional Footballers Australia។
អ្នកស្រីបានប្រាប់បណ្តាញផ្សព្វផ្សាយ ABCរបស់អូស្ត្រាលីថា អ្នកស្រីសង្ឃឹមថាការប្រ កួតនេះ នឹងលើកទឹកចិត្តពួកអ្នកគាំទ្រ ឱ្យគាំទ្រការប្រកួតនៅក្នុងស្រុករបស់អូស្ត្រាលីដែរ។
អ្នកស្រីនិយាយដូចនេះថា៖ «នឹងមានក្មេងប្រុសៗនិងស្រីៗមួយចំនួន ដែលនឹងប្រាកដជាប់ចិត្តជាមួយកីឡានេះ ហើយចង់ចូលរួមពាក់ព័ន្ធជាមួយបាល់ទាត់ ហើយយើងនឹងមានក្រុម២ក្នុងស្រុក មួយជាក្រុមAខាងបុរស និងក្រុម A ខាងស្ត្រី។ ពួកគេសុំឱ្យមានការស្រឡាញ់និងការគោរព ដូច្នេះ ប្រសិនបើយើងអាចធ្វើអន្តរកាលនៃការអបអរសាទរ ហើយពួកអ្នកគាំទ្រអាចចាប់ផ្តើមបង្ហាញការគាំទ្រដែលខ្ញុំគិតថា នឹងក្លាយជាការទាក់ទាញអារម្មណ៍ដ៏ខ្លាំងសម្រាប់ការប្រកួតកីឡាដណ្តើមពានរង្វាន់ពិភពលោកនេះ។
ប្រទេសដែលមានចំណាត់ថ្នាក់ខ្ពស់បំផុត ដែលនឹងទៅចូលរួមការប្រកួតកីឡាដណ្តើមពានរង្វាន់កីឡាបាល់ទាត់ពិភពលោកផ្នែកស្ត្រីនេះ មានសហរដ្ឋអាមេរិក បន្ទាប់មកប្រទេសអាល្លឺម៉ង់ ស៊ុយអែដ អង់គ្លេសនិងប្រទេសបារាំង។ ប្រទេសអូស្ត្រាលីដែលជាសហអ្នករៀបចំកីឡាលើកនេះ មានចំណាត់ថ្នាក់ទី១០ របស់FIFA ហើយប្រទេសនូវែលសេឡង់មានចំណាត់ថ្នាក់ទី២០។
ការប្រកួតផ្តាច់ព្រ័តនឹងធ្វើឡើងនៅក្នុងពហុកីឡាដ្ឋានអូឡាំពិកក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី២០ ខែសីហា ខាងមុខនេះ៕
ប្រែសម្រួលដោយ លោក ជឹង ប៉ូជីន