លោក George Santos សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ ត្រូវ​បាន​ដក​​​តំណែង

  • Steve Herman

រូបឯកសារ៖ លោក George Santos អតីតសមាជិក​រដ្ឋសភា​តំណាងរដ្ឋ​ New York​ ដើរ​ចេញ​ពី​ការិយាល័យ​របស់​លោក​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣។

កាលពី​ថ្ងៃ​សុក្រ​ ទី១ ខែធ្នូ ដោយ​មាន​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋភាគច្រើនបាន​ចូលរួម​ជា​មួយ​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​ឱ្យ​រដ្ឋសភា​សហរដ្ឋ​អាមេរិកមាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​អាចដក​តំណែង​លោក George Santos ដែល​ជា​សមាជិក​រដ្ឋ​សភា​ថ្មោងថ្មីរបស់​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ New York បាន។

កាលពី​ពេលថ្មីៗនេះ គណៈកម្មាធិការ​ខាង​សីលធម៌រដ្ឋសភា​បាន​ចេញ​ផ្សាយ​របាយការណ៍មួយដែល​រក​ឃើញ​ថា​មានភស្តុតាង​ច្រើន​ក្រាស់ក្រែលដែល​បញ្ជាក់​ថា​លោក Santos បាន​រំលោភ​ច្បាប់។ ពួក​អ្នក​ស៊ើបអង្កេត​សហព័ន្ធបាន​ចោទ​ប្រកាន់លោក​ Santos ពី​បទ​ក្លែង​បន្លំ ​លាងលុយ​កខ្វក់ លួច​អត្តសញ្ញាណរបស់​ក្រុមអ្នក​ផ្តល់​ប្រាក់សម្រាប់ជួយ​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​កែ​បំភ្លៃ​របាយការណ៍ហិរញ្ញវត្ថុនៃ​ការ​ឃោសនា​បោះឆ្នោតនិង​មានកំហុស​ជាច្រើន​ផ្សេង​ទៀត។

លោក Santos បាននិយាយ​ថា លោក​គ្មានទោសពៃរ៍ចំពោះ​ការ​ចោទប្រកាន់​សហព័ន្ធ​ទាំង ២៣ ករណី​ដែល​លោក​កំពុង​ប្រឈម​ទេ។ លោក​បាន​ឋិត​នៅ​ក្រោម​ការ​ពិនិត្យ​ពិច្ច័យ​យ៉ាង​ខ្លាំង​ក្លា​ហើយត្រូវ​គេ​ចំអក​ក្រោយត្រូវ​បាន​លាត​ត្រដាង​ថា​លោក​បាន​បំភ្លៃ​អំពីការ​សិក្សា​ អាជីពនិង​ប្រវត្តិ​គ្រួសារ​របស់​លោក។

ជា​សរុប​មក​ មានសមាជិក​រដ្ឋសភា​ចំនួន ៣១១ ​នាក់​បាន​បោះឆ្នោត​ដក​លោក​ចេញ​ពី​តំណែងតំណាង​រាស្ត្រ​ក្នុង​រដ្ឋសភា​សហរដ្ឋអាមេរិក ដែល​ចំនួន​នេះ​មាន​លើស​ពី​ចំនួន ២ ភាគ ៣​ ដែល​ត្រូវការ​ដើម្បី​ឱ្យមាន​ការបណ្តេញ​ចេញ​សមាជិក​រដ្ឋសភា​ណា​ម្នាក់​ទៅ​ទៀត។

ប្រធាន​រដ្ឋសភា លោក Mike Johnson បាន​ប្រកាសជា​ផ្លូវការ​អំពី​ការ​ដក​តំណែង​លោក Santos។

លោក​ Johnson ថ្លែង​ថា៖ «ស្មៀនរដ្ឋសភា​នឹងជូន​ដំណឹង​ដល់​អភិបាល​រដ្ឋ New York ​អំពី​សកម្មភាពរបស់​រដ្ឋសភា​នេះ។ ​យោង​តាម​ប្រការ 5-D នៃ​បទបញ្ញត្តិ​លេខ​២០​ប្រធានរដ្ឋសភា​ប្រកាសដល់​រដ្ឋសភាអំពី​ការ​បណ្តេញ​លោក​ Santos ​មក​ពី​រដ្ឋ New York ចេញ​ពី​តំណែង។ ឥឡូវ​នេះ សមាជិក​ទាំងអស់​នៃ​រដ្ឋសភា​នៅ​សល់​ចំនួន ៤៣៤ នាក់»។

ជាមួយនឹង​ការដក​តំណែង​លោក​ Santos ​ពីរដ្ឋសភា គណបក្ស​សាធារណរដ្ឋមានសមាជិក​ភាគច្រើន​ស្ដួច​ស្ដើងនៅ​ពេល​ការ​បោះឆ្នោត​ជាតិ​មក​ដល់​ក្នុង​រយៈពេល​១១ខែ​ខាង​មុខ៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ