កាលពីថ្ងៃទី១ ខែមករា អាជ្ញាធរថៃបានចាប់ខ្លួនបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យលើកទី៣៨ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកថ្មីៗនេះ ក្រោមច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រដ៏តឹងរ៉ឹង ខណៈបន្តការបង្ក្រាបចលនាបាតុកម្ម ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេស។
មាត្រា១១២ នៃច្បាប់ព្រហ្មទណ្ឌថៃ ហាមឃាត់ការប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី ០៣ ទៅ១៥ឆ្នាំ ចំពោះការបំពានច្បាប់នេះ។
ច្បាប់ខាងលើនេះមិនសូវត្រូវបានយកមកប្រើប្រាស់នោះទេ ចាប់តាំងពីព្រះមហាក្សត្រ Maha Vajiralongkorn បានស្នងតំណែងពីព្រះបិតារបស់ទ្រង់ ព្រះបាទ Bhumibol Adulyadej ដែលបានសោយទីវង្គតកាលពីឆ្នាំ ២០១៦។ យ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ន រដ្ឋាភិបាលថៃបានកំពុងប្រើប្រាស់ច្បាប់នេះ ដើម្បីបង្រ្កាបបាតុកម្មដែលកំពុងតែបន្តធ្វើឡើង ដែលបាតុកម្មនេះកោះហៅឲ្យរដ្ឋាភិបាលថៃលាលែងពីតំណែង ឲ្យមានរដ្ឋធម្មនុញ្ញថ្មី និងកំណែទម្រង់ទៅលើស្ថាប័នព្រះមហាក្សត្រ។
ប្រទេសថៃជាប្រទេសរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញចាប់តាំងពីឆ្នាំ១៩៣២មក ប៉ុន្តែរដ្ឋប្រហារជោគជ័យចំនួន ១៣លើកដោយក្រុមយោធាគាំទ្រស្ថាប័នរាជវង្ស បានពង្រីកអំណាចរបស់ស្ថាប័នរាជវង្សលើអំណាចរបស់រដ្ឋាភិបាល។ បាតុកម្ម ដែលបានផ្ទុះឡើងតាមដងផ្លូវនានានៅក្រុងបាងកក សម្រាប់ពេលមួយភាគធំនៃឆ្នាំ២០២០ បានចោទប្រកាន់ព្រះមហាក្សត្រ Maha Vajiralongkorn ពីការបំពានរដ្ឋធម្មនុញ្ញតាមរយៈការដាក់ទ្រព្យសម្បត្តិរបស់រាជវាំង និងកងយោធាអភិជនក្រោមការគ្រប់គ្រងផ្ទាល់របស់ព្រះអង្គ ក៏ដូចជា ធ្វើឲ្យមានការផ្លាស់ប្តូរផ្ទៃក្នុងផ្នែកនយោបាយនៅប្រទេសថៃ។
ក្រុមបាតុករចង់ឲ្យមានការប្រគល់មកវិញនូវទ្រព្យសម្បត្តិតម្លៃរាប់ពាន់លានដុល្លាររបស់ស្ថាប័នរាជវង្សថៃឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រជាជនជាជាងព្រះមហាក្សត្រ ហើយលុបចោលមាត្រា១១២ នៃច្បាប់ព្រហ្មទណ្ឌ និងដាក់ស្ថាប័នព្រះមហាក្សត្រក្រោមការគ្រប់គ្រងមាំទាំដោយរដ្ឋធម្មនុញ្ញ។
អាជ្ញាធរកំពុងប្រឈមនឹងការលំបាកដើម្បីទប់ទល់នឹងបាតុករ។ ការលើកឡើងបែបវាយប្រហារពីសំណាក់ក្រុមបាតុករមកលើស្ថាប័នរាជវង្ស និងមកលើច្បាប់ការពារការវាយប្រហារមកស្ថាប័នរាជវង្ស ត្រូវបានបង្ហាញយ៉ាងច្បាស់នៅលើផ្ទាំងបដាព្យួរតាមស្ពាន និងតាមប្រព័ន្ធអ៊ីនធឺណិតក្នុងទម្រង់ជារូបត្លុកកំប្លែង និងការប្រើប្រាស់សញ្ញាទ្រុងជ្រូកឬ hashtag។
អាជ្ញាធរកំពុងចាត់ចំណាត់ការមកលើបាតុករវិញតាមរយៈការចោទប្រកាន់ផ្សេងៗដែលថា ក្រុមបាតុករកំពុង «គំរាមកំហែង បរិហារកេរ្តិ៍ ឬប្រមាថ» ស្ថាប័នព្រះមហាក្សត្រ ដែលនេះជាទង្វើត្រូវបានច្បាប់ហាមឃាត់។
យោងទៅតាមអង្គការគាំពារសិទ្ធិ «គណៈមេធាវីថៃដើម្បីសិទ្ធិមនុស្ស» សកម្មជនមួយរូបដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០១ ខែមករា ក្រោមឈ្មោះដែលត្រូវបានគេស្គាល់ថា «ណាត់» (Nut) គឺជា អ្នកកាន់គេហទំព័របណ្តាញសង្គមហ្វេសប៊ុកឲ្យបាតុករមួយក្រុម ប៉ុន្តែត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី០២ ខែមករា បន្ទាប់ពីត្រូវបានរងការចោទប្រកាន់ក្រោមមាត្រា១១២ នៃច្បាប់ព្រហ្មទណ្ឌជុំវិញការលក់ប្រតិទិន ដោយប្រើប្រាស់នូវរូបទាជ័រ ដែលត្រូវបានចាត់ទុកជានិមិត្តរូបបែបបញ្ចើចបញ្ចើមួយដើម្បីចំអកទៅលើស្ថាប័នរាជវង្សថៃ។
ក្រុមបាតុករខាងលើនេះបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា៖ «នៅក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះ បទប្រកាន់ក្រោមមាត្រា១១២ នៃច្បាប់ព្រហ្មទណ្ឌបានបន្តកើនឡើង»។
មនុស្សមួយចំនួនត្រូវបានចាប់ខ្លួនជាច្រើនលើក ខណៈមាត្រា១១២ នៃច្បាប់ព្រហ្មទណ្ឌត្រូវបានប្រើប្រាស់ប្រឆាំងនឹងបាតុករពាក់ព័ន្ធនឹងអាកប្បកិរិយាដែលត្រូវបានចាត់ទុកថា គឃ្លើន ដូចជា ការចម្អកមកលើជម្រើសសម្លៀកបំពាក់របស់ព្រះមហាក្សត្រ ការជំរុញឲ្យប្រទេសអាល្លឺម៉ង់ ទីដែលព្រះមហាក្សត្រ Maha Vajiralongkorn បានចំណាយពេលមួយភាគធំនៅទីនោះ ឲ្យស៊ើបអង្កេតភាពស្របច្បាប់ចំពោះការគង់ប្រថាប់របស់ព្រះអង្គ។
លោក Sunai Phasuk នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានប្រាប់ VOA ថា៖
«ទោះបីជាមានការសំដៅរិះគន់សូម្បីតែបន្តិចបន្តួចក៏ដោយក្នុងពេលឥឡូវនេះទៅលើស្ថាប័នរាជវង្សគឺ នឹងត្រូវរងការដាក់ទោសទណ្ឌ»។
បទចោទប្រកាន់ជាបន្តបន្ទាប់ក៏ចង្អុលបង្ហាញពីបញ្ហាពាក់ព័ន្ធនឹងច្បាប់បែបទូលំទូលាយ ដែលអនុញ្ញាតឲ្យសាធារណជនដាក់ពាក្យបណ្តឹងផ្ទាល់ទៅនគរបាល ដែលជាធម្មតាតែងបង្វែរពាក្យបណ្តឹងទៅកាន់តុលាការ មិនថា ករណីតូចស្រាលកម្រិតណានោះទេ។
លោក Khemthong Tonsakulrungruang សាស្រ្តាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យ Chulalongkorn ក្នុងក្រុងបាងកកបាននិយាយថា ប៉ូលិសដែលបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងជនដែលត្រូវបានឃាត់ខ្លួនទី ៣៨ «មិនអាចសូម្បីតែផ្តល់ចម្លើយទៅកាន់មេធាវីពាក់ព័ន្ធនឹងបែបផែនដែលការឃាត់ខ្លួននេះជាបទចោទប្រកាន់ពីការរំលោភបំពានមាត្រា១១២ នៃច្បាប់ព្រហ្មទណ្ឌ។ ហើយនេះគឺដោយសារហេតុផលនយោបាយទាំងស្រុង»។
លោកបានថ្លែងថា៖ «ច្បាប់នេះកំពុងត្រូវបានប្រើប្រាស់នៅសព្វទិសទី។ អ្នកណាក៏អាចដាក់ពាក្យបណ្តឹងបានដែរ ហើយតុលាការកំពូលមិនកំណត់ច្បាស់នូវលំនាំដែលច្បាប់នេះគួរត្រូវបានប្រើប្រាស់នោះទេ។ វានៅតែពាសវាលពាសកាលអញ្ចឹង»។
បទចោទប្រកាន់ផ្សេងៗនៅក្រោមច្បាប់ខាងលើនេះបានទាក់ទាញចំណាប់អារម្មណ៍ពីអគ្គស្នងការជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលកាលពីខែមុននេះ បានថ្កោលទោសការបង្រ្កាបលើសេរីភាពនៅក្នុងការបញ្ចេញមតិ ជាពិសេសការចាប់ខ្លួនយុវជនអាយុ ១៦ឆ្នាំពីការដើរបង្ហាញម៉ូដបែបចំអកលើរបៀបស្លៀកពាក់របស់ស្ថាប័នរាជវង្ស។
«ហួសពីភាពភ័យខ្លាច»
ច្បាប់ប្រឆាំងការប្រមាថព្រះចេស្តាព្រះមហាក្សត្រ យ៉ាងហោចណាស់សម្រាប់ពេលនេះ បានបរាជ័យនៅក្នុងការបំបិទសំឡេងក្រុមមេដឹកនាំបាតុកម្ម ដែលភាគច្រើនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ពីបទចោទប្រកាន់មួយចំនួន និងដែលបាននិយាយថា រាល់ពេលដែលច្បាប់នេះត្រូវបានប្រើ ច្បាប់នេះនឹងបាត់បង់ឥទ្ធិពលជាបន្តបន្ទាប់។
លោក Attapon Buapat មេដឹកនាំក្រុមបាតុករ ដែលត្រូវបានចោទប្រកាន់នៅក្រោមច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្របាននិយាយថា៖ «ប្រជាជនមិនខ្លាចមាត្រា១១២ នៃច្បាប់ព្រហ្មទណ្ឌតទៅទៀតទេ»។
លោកបានបន្តថា៖ «គ្រប់គ្នាដែលកំពុងតែធ្វើការតវ៉ាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេរីភាព និងសិទ្ធិរបស់ពួកយើងថា នឹងត្រូវបានរំលោភបំពាននៅថ្ងៃណាមួយ។ យើងបានបោះជំហានផុតពីភាពភ័យខ្លាចនោះហើយសម្រាប់ពេលឥឡូវនេះ។ អ្វីនឹងកើតឡើង គឺវានឹងកើតឡើង»។
ក្រុមបាតុករបានផ្អាកធ្វើបាតុកម្មមុនពេលបុណ្យណូអែល និងការកើតមានរលកទីពីរនៃជំងឺកូវីដ១៩ នៅប្រទេសថៃ ដែលបានជំរុញឲ្យមានការបិទសកម្មភាពសង្គមដោយផ្នែកនៅទូទាំងប្រទេស។ ហើយមិនច្បាស់ថា ពួកគេនឹងធ្វើការប្រមូលផ្តុំជាទ្រង់ទ្រាយធំសារជាថ្មីនៅពេលណានោះទេ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា