គេហទំព័រ​ថ្មី​របស់​អង្គការ​ WHO ​ផ្តល់​ការ​ណែនាំ​អំពី​ជីវជាតិ​ដែល​អាច​ជួយ​ជីវិត​

កុមារនៅក្នុងពិភពលោកច្រើនលាននាក់កំពុងរងគ្រោះដោយខ្វះ​អាហារូបត្ថម្ភ​​និង​អាហារ​​​មាន​ជីវជាតិ​។

អង្គការ​សុខភាព​ពិភពលោក​ WHO ​ឲ្យ​ដឹង​ថា​មនុស្ស​រាប់​លាន​នាក់​ស្លាប់​ និង​ឈឺ​រាល់​ឆ្នាំ​ ដោយ​ការ​ទទួល​អាហារ​មិន​គ្រប់​គ្រាន់​ ដែល​រួម​មាន​ ការ​ខ្វះ​អាហារូបត្ថម្ភ​ ជាតិ​វីតាមីន​ និង​ការ​ខ្វះ​ខនិជ​ (mineral)​ ហើយ​និង​បញ្ហា​លើស​ទម្ងន់​និង​ការ​ធាត់​ដុះ​ពោះ។​ អង្គការ​ WHO​ កំពុង​ចាប់​ផ្តើម​ដំណើរការ ​បង្កើត​គេហទំព័រ​ (Website)​ ដ៏​មាន​ឥទ្ធិពល​ថ្មី​មួយ​ ហៅ​ electronic​ Library​ of​ Evidence​ for​ Nutrition​ Actions​ ឬ​ហៅ​កាត់​ថា​ eLENA​ គឺ​ជា​បណ្ណាល័យ​អេឡិចត្រូនិច​សម្រាប់​ទុក​ភស្តុតាង​នៃ​កិច្ចការ​ទាក់​ទង​នឹង​ម្ហូប​អាហារ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ធំធាត់។​ Website​ នោះ​មាន​ផ្តល់​គោលការណ៍​ណែនាំ​ ដល់​រដ្ឋាភិបាល​និង​ក្រុម​អ្នក​ថែទាំ​សុខភាព​ អំពី​អន្តរាគមន៍​ទាំង​ឡាយ​ទាក់​ទង​និង​អាហារ​ដែល​មាន​ជីវជាតិ​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ មាន​ព័ត៌មាន​ដែល​អាច​រក​បាន​មួយ​ចំនួន​ធំ​ អំពី​របៀប​ព្យាបាល​ការ​ខ្វះ​អាហាររូបត្ថម្ភ​នៅ​ក្នុង​ទ្រង់ទ្រាយ​ផ្សេងៗ​ជា​ច្រើន។​ បញ្ហា​គឺ​ថា​ ការ​ណែនាំ​ដ៏​ច្រើន​អំពី​អន្តរាគមន៍​ខាង​អាហារ​មាន​ជីវជាតិ​ល្អ​ ដើម្បី​ធ្វើ​ការ​ទប់​ស្កាត់​និង​ព្យាបាល​រោគ​នោះ​ មាន​ការ​និយាយ​ផ្ទុយ​គ្នា។

នេះ​គឺ​ថា​ វា​មិន​ត្រឹមតែ​ពិបាក​យល់​ទេ​ ប៉ុន្តែ​វា​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន។​ អង្គការ​ WHO​ និយាយ​ថា​ Website​ ថ្មី​របស់​ខ្លួន​អាច​ជួយ​ប្រទេស​នានា​លៃលក​ដោះស្រាយ​ជា​មួយ​នឹង​ការ​គំរាម​សុខភាព​ដ៏​គួរ​ឲ្យ​ខ្លាច​ ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​អាហារូបត្ថម្ភ។​ អង្គការ​ WHO​ និយាយ​ថា​ គម្រោង​ថ្មី​បង្ហាញ​ពី​ការ​ណែនាំ​ចុង​ក្រោយ​បង្អស់​ អំពី​អន្តរាគមន៍​ណា​មួយ​ដែល​អាច​ដោះស្រាយ​បញ្ហា​ចម្បង​នៃ​ការ​ខ្វះ​អាហារូបត្ថម្ភ​បាន​ប្រសើរ​ជាង​គេ។​ ទាំង​នេះ​រួម​មាន​ការ​អត់អាហារ​ ការ​ខ្វះ​វីតាមីននិង​ខ្វះ​ខនិជ​ និង​បញ្ហា​លើស​ទម្ងន់​និង​ការ​ធាត់​ដុះ​ពោះ។

លោក​ ហ្វ្រានសេស្កូ​ ប្រង់ក៍​ (Francesco​ Branc)​ នាយក​ខាង​ផ្នែក​សុខភាព​និង​ការ​អភិវឌ្ឍន៍​របស់​អង្គការ​ WHO​ មាន​ប្រសាសន៍​ថា​ ប្រទេស​ពាស​ពេញ​ពិភពលោក​កំពុង​ដោះស្រាយ​បញ្ហា​ផ្គួប​បញ្ចូល​គ្នា​នៃ​ការ​ខ្វះ​និង​ការ​លើស​អាហារ​ដែល​មាន​ជីវជាតិ។​ លោក​និយាយ​ថា​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ កំពុង​ទទួល​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ​ពី​បញ្ហា​ទាំង​ពីរ​នេះ។

«យើង​អាច​និយាយ​ថា​បញ្ហា​ទាំងឡាយ​ មាន​ដូចជា​ក្មេង​មាន​ទម្ងន់​មិន​គ្រប់​ ការ​ខ្វះ​អាហារ​មាន​ជីវជាតិ​ និង​ការ​បំបៅ​ដោះ​កូន​ដ៏​ខ្សត់​ខ្សោយ​ ដែល​ជា​បញ្ហា​ចម្បង​នៃ​ការ​ខ្វះ​អាហារ​យ៉ាង​ជាក់​ស្តែង​នោះ​ បាន​បណ្តាល​ឲ្យ​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​ ចំនួន​៧​ភាគ​រយ​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ គឺ​ស្មើ​និង​ចំនួន​ប្រហែល​៤​លាន​នាក់​បាន​ស្លាប់​ដោយ​បញ្ហា​នេះ។​ នេះ​គឺ​ស្មើ​និង​ចំនួន​១០​ភាគ​រយ​នៃ​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​នៅ​ក្នុង​សកលលោក»។

ការ​ខ្វះ​អាហារ​មាន​ជីវជាតិ​ចាំបាច់​ដើម្បី​រស់​ រួម​មាន​ការ​ខ្វះ​ជាតិ​អ៊ីយ៉ូដ​ (iodine)​ ដែល​ជា​ការ​ងាយ​ស្រួលនឹង​ទប់​ស្កាត់​បាន ​តែ​ជា​មូលហេតុ​ចម្បង​បំផុត​នៃ​ការ​ធ្ចើ​ឲ្យ​ខូច​ខួរ​ក្បាល​នៅ​ក្នុង​ពិភពលោក។​ វា​ក៏​បណ្តាល​ឲ្យ​កើត​ជំងឺ​ខ្វះ​ឈាម​ក្រហម​ដែរ​ ដែល​ប៉ះពាល់​ដល់​មនុស្ស​ចំនួន​ ១​ពាន់​៦​រយ​លាន​នាក់​ ពី​ការ​ខ្វះ​វីតាមីន​ A​ និង​ Zinc​ ដែល​ប៉ះពាល់​ដល់​កុមារ​តូចៗ​រាប់​រយ​លាន​នាក់។

បញ្ហា​ទី​៣​នៃ​ការ​ខ្វះ​អាហារូបត្ថម្ភ​ គឺ​ការ​លើស​ទម្ងន់​និង​ការ​ធាត់​ដុះ​ពោះ។​ អង្គការ​ WHO​ រាយការណ៍​ថា​ មនុស្ស​ពេញ​វ័យ​អាយុ​លើស​២០​ឆ្នាំ​ ប្រមាណ​ ១​ពាន់​៥​រយ​លាន​នាក់ ​ជា​មនុស្ស​លើស​ទម្ងន់​ ឬ​ធាត់​ដុះ​ពោះ។​ ហើយ​ ការ​ប៉ាន់ស្មាន​ទាំងឡាយ​ផ្តល់​យោបល់​ថា​ កុមារ​ដែល​មាន​អាយុ​តិច​ជាង​៥​ឆ្នាំ​ ចំនួន​ជាង​៤០​លាន​នាក់​នៅ​ក្នុង​សកលលោក​ ជា​ក្មេង​លើស​ទម្ងន់​និង​ធាត់​ដុះ​ពោះ​ ជា​ស្រេច​ទៅ​ហើយ។

លោក​ Branca​ ប្រាប់​វីអូអេ​ថា​ មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​តំបន់​ដែល​មាន​កុមារ​ធាត់​ដុះ​ពោះ។​ ប៉ុន្តែ​លោក​កត់​ចំណាំ​ថា​ គម្រោង​សហគមន៍​ខ្លះ​ដែល​មាន​គោល​ដៅ​ជួយ​កុមារ​ឲ្យ​មាន​ទម្ងន់​ទាប​នោះ​ កំពុង​ជួប​ប្រទះ​នឹង​ជោគ​ជ័យ​ខ្លះៗ​ហើយ។​ លោក​និយាយ​ថា​ គម្រោង​ទាំង​នេះ​បាន​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ដល់​គុណភាព​ម្ហូប​អាហារ​ដែល​ឲ្យ​ដល់​កុមារ​ក្នុង​សាលារៀន​និង​ការ​លើក​ស្ទួយ​សកម្មភាព​ហាត់​ប្រាណ។

«ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ការ​ផ្គត់ផ្គង់​ម្ហូប​អាហារ​ដែល​ផ្តល់​ឲ្យ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ស្ថាប័ន​សិក្សា​ មាន​គ្រប់គ្រាន់​ ដោយ​មាន​គ្រឿង​ផ្តល់​ឋាមពល​ទាប។​ មាន​កិច្ច​ប្រឹងប្រែង​កាន់តែ​ច្រើន​ឡើង​ចំពោះ​ ឧទាហរណ៍​ដូចជា​ ការ​កាត់​បន្ថយ​ការប្រើ​ប្រាស់​ទឹក​សូដា​កំប៉ុង​ ដែល​ជា​សមាសភាគ​សំខាន់​នៃ​ការ​ធ្វើ​ឲ្យ​ក្មេង​ធាត់​ដុះ​ពោះ​ ការ​ផ្សព្វផ្សាយ​អំពី​គុណភាព​ខ្ពស់​នៃ​ម្ហូប​អាហារ ​ដូច​ជា​ ផ្លែ​ឈើ​និង​បន្លែ។​ នៅ​មានការ​ផ្តើម​គំនិត​ច្រើន​ទៀត​ ដូចជា​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ​ដើម្បី​ធ្វើ​ឲ្យ​បាន​ប្រសើរ​ដល់​ការ​ផ្តល់​ផ្លែ​ឈើ​និង​បន្លែ​នៅ​ក្នុង​សាលារៀន​ ក៏​ដូច​គ្នា​នឹង​ការ​លើក​ស្ទួយ​សកម្មភាព​លំហែ​កាយ​ និង​ការ​ហាត់​ប្រាណ​ផង​ដែរ»។

អង្គការ​ WHO​ រាយការណ៍​ថា​ មនុស្ស​រាប់​ពាន់​លាន​នាក់​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​ខ្វះ​អាហារូបត្ថម្ភ​ មួយ​ឬ​ក៏​ច្រើន​ប្រភេទ​ដែរ។​ អង្គការ​នេះ​ឲ្យ​ដឹង​ថា​ Website​ ដែល​ទើប​បាន​បង្កើត​ឡើង​នោះ​ នឹង​ផ្តល់​ប្រទេស​ជាច្រើន​នូវ​វិទ្យាសាស្ត្រ​និង​ការ​ណែនាំ​ដាស់តឿន​ជាក់​លាក់ ​ដែល​ប្រទេស​ទាំង​នោះ​ត្រូវការ​ ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​ដែល​មិន​ចាំបាច់​ និង​ការឈឺចាប់​ដែល​ទាក់ទង​នឹង​ការ​ខ្វះ​អាហារូបត្ថម្ភ៕

ប្រែ​សម្រួល​ដោយ​ នុច សារីតា