បញ្ញត្តិ​ទិដ្ឋាការ​ថ្មី​ធ្វើ​ឲ្យ​និស្សិត​សិក្សា​នៅ​អាមេរិក​​មួយ​ចំនួន​ព្រួយ​បារម្ភ

រូបឯកសារ​៖ និស្សិត​នៃ​សាកលវិទ្យាល័យ California ទីក្រុង Los Angeles (UCLA) ដើរ​ក្នុង​បរិវេណ​សាលា ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

សហរដ្ឋ​អាមេរិក​បាន​ស្នើ​បទបញ្ញត្តិថ្មីមួយសម្រាប់និស្សិត​អន្តរជាតិ​កំពុងសិក្សា​នៅ​អាមេរិក ដោយនឹង​កំណត់ទិដ្ឋាការនិស្សិត​ឲ្យ​មាន​រយៈ​ពេលត្រឹម​បួន​ឆ្នាំ។

និស្សិត​អន្តរជាតិដែលចង់​ពន្យារ​ការ​ស្នាក់​នៅបន្ត​របស់​ខ្លួននឹង​តម្រូវ​ឲ្យ​ដាក់​ពាក្យ​ស្នើ​សុំ​ការ​ពន្យារ​ពេល នេះ​បើ​យោង​តាម​បញ្ញត្តិ​ថ្មី​នេះ។ បញ្ញត្តិ​នោះ​ក៏​នឹង​កំណត់រយៈ​ពេល​នៃ​ទិដ្ឋាការ​និស្សិត​អន្តរជាតិ​ឲ្យ​មក​ត្រឹមរយៈពេល​ពីរឆ្នាំ​បើ​សិន​ជា​និស្សិត​នោះមក​ពីប្រទេស​មួយ​ដែល​មាន​អត្រា​និស្សិត​បន្ត​ស្នាក់​នៅ​ហួស​ពេល​លើស​១០​ភាគរយ​ ឬ​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​«រដ្ឋ​ដែល​គាំទ្រ​ភេរវកម្ម» (State Sponsor of Terrorism)​ នៃ​ក្រសួង​ការបរទេស​អាមេរិក។​

បញ្ញត្តិ​ថ្មី​បាន​ចែង​ថា៖«ការ​ផ្លាស់ប្តូរ​នេះ​នឹង​ផ្តល់​ឲ្យ​ក្រសួង​[ការ​បរទេស]​នូវ​ការ​ការពារ​និង​យន្តការ​បន្ថែម​ដើម្បី​អនុវត្ត​ការ​ត្រួត​ពិនិត្យ​ចាំបាច់​លើ​ការ​ពង្រឹងច្បាប់​អន្តោប្រវេសន៍​ជាតិ​តឹងរ៉ឹង ដើម្បី​ការពារបូរណភាពនៃ​កម្មវិធី​មិនមែន​អន្តោប្រវេសន៍​ទាំងនេះ និង​ដើម្បី​ស្វែង​រក​ឃើញ​ភ្លាមៗ​នូវ​បញ្ហា​សន្តិសុខ​ជាតិ»។

គោលការណ៍​ណែនាំ​អំពី​ទិដ្ឋាការ​និស្សិត​បច្ចុប្បន្ន​អនុញ្ញាត​ឲ្យ​និស្សិត​ស្នាក់​នៅ​ក្នុងសហរដ្ឋ​អាមេរិក​អំឡុង «រយៈពេល​នៃ​ឋានៈ»​ របស់​ពួកគេ។ និយាយ​ម្យ៉ាង​ទៀត​ គឺ​អ្នក​កាន់​ទិដ្ឋាការ​និស្សិត​អាច​ស្នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិកបាន​ឲ្យ​តែ​ពួកគេ​បាន​ចុះ​ឈ្មោះ​សិក្សា​ក្នុង​សាលា​ហើយ​គោរព​តាម​ឋានៈ​អន្តោប្រវេសន៍​របស់​ពួកគេ។

កម្មវិធី​សិក្សា​មួយ​ចំនួន​អាច​មាន​រយៈពេល​យូរ​ជាង​បួន​ឆ្នាំ កុំ​ថា​ឡើយ​ពីរ​ឆ្នាំ។ ឧទាហរណ៍ កម្រិត​សិក្សា​ថ្នាក់​បណ្ឌិត​មួយ​អាច​ត្រូវ​ការ​រយៈពេល​៤​ទៅ​៦​ឆ្នាំ​ដើម្បី​បញ្ចប់ នេះ​បើ​យោង​តាម​សាកលវិទ្យាល័យ Franklin

រូបឯកសារ៖ និស្សិត​ដើរ​ក្បែរ​បណ្ណាល័យWidener របស់​សាកលវិទ្យាល័យ Harvard ក្នុង​ក្រុង Cambridge រដ្ឋ Massachusetts ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

បទបញ្ញត្តិ​ថ្មី​បាន​ចែង​ថា អ្នក​កាន់​ទិដ្ឋាការ​និស្សិត​ដែល​ស្នើ​សុំ​ពន្យារ​ពេល​ស្នាក់​នៅ​របស់​ខ្លួន​ ​អាច​ស្នើ​សុំ​បាន​បើ​សិន​ជា​ «ប្រសិន​បើមាន​សេចក្តី​ត្រូវការពេល​បន្ថែម​ដោយសារ​ហេតុផលចាំបាច់ខាង​ការ​សិក្សា​ក្នុង​សាកលវិទ្យាល័យ​ មាន​ឯកសារពេទ្យបញ្ជាក់​ថា និស្សិត​នេះ​មាន​ជំងឺ​ឬ​មាន​កាលៈទេសៈ​ដែលហួសពី​ការ​គ្រប់គ្រង​របស់​និស្សិត​នោះ»។​

អ្នក​នាង​ Sofia Elkin Becerra ដែល​មក​ប្រទេស​កូស្តារីកា ជា​និស្សិត​ឆ្នាំ​ទី​៤​នៅ​សាកល​វិទ្យាល័យ Maryland និង​ជា​ប្រធាន​សហភាព​និស្សិត​អន្តរជាតិ​នៅ​ក្នុង​សាកល​វិទ្យាល័យ​នេះ​ ។ នាង Becerra បាន​និយាយ​ថា នាង​គ្រោង​នឹង​ដាក់​ស្នើ​ពន្យារ​ទិដ្ឋាការ​នៅពេល​នាង​បញ្ចប់​ការ​សិក្សា​ក្នុង​ខែ​ធ្នូ​ដើម្បី​បន្ត​ចូលកម្មវិធី​ហ្វឹកហ្វឺន​ការងារ​ក្រោយ​បញ្ចប់​ការសិក្សា​សម្រាប់​និស្សិត​អន្តរជាតិ​ដែល​ហៅកាត់​ថា OPT​ (Optional Practical Training)។

នាង​បាន​និយាយ​ថា​ នាង​ត្រូវ​ការរយៈពេល​មួយ​ឆ្នាំ​បន្ថែម​ទៀត​ដើម្បី​សិក្សា​ ដោយ​សារ​មាន​អសមត្ថភាព​ខាង​ការសិក្សា​មួយដែលនាង​មិន​អាច​បញ្ជាក់​បាន​ ​ហើយនាងមិន​ច្បាស់​ថា​តើ​បញ្ញត្តិ​ថ្មី​នេះនឹង​អនុញ្ញាតសម្រាប់​កាលៈទេសៈ​ទាំង​នោះ​ឬទេ។

«បញ្ញត្តិ​ថ្មី​គឺមិន​សូវ​ច្បាស់​ហើយ​ស្មុគស្មាញ​ ដែល​សូម្បី​តែ​អ្នក​ប្រឹក្សា​និស្សិត​អន្តរជាតិ​មិន​មាន​ចម្លើយ​ទាំង​អស់​សម្រាប់​និស្សិត​ក្នុង​ស្ថានភាព​ដូច​ជា​ខ្ញុំ។ ដូច្នេះ​ខ្ញុំមិន​ច្បាស់ថា ​តើវា​នឹង​ប៉ះពាល់​ខ្ញុំ​ឬ​ទេ​ ឬ​ប៉ះពាល់​យ៉ាង​ណា»។

បើ​សិន​ជា​បញ្ញត្តិ​នេះ​មាន​តាំង​ពី​មុន​អ្នក​នាង​ Becerra​ ចាប់​ផ្តើម​ការ​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ម៉្លោះ នោះ​នាង​ប្រហែល​មិន​អាច​បញ្ចប់​ការ​សិក្សា​ក្រោម​រយៈពេល​កំណត់​ថ្មី​ទេ។

នាង​បាន​និយាយ​ថា៖ «ជាមួយ​នឹង​រយៈពេល​កំណត់​ជាក់លាក់​មួយ តាម​អ្វីដែល​ខ្ញុំ​យល់ វា​នឹង​មិន​ងាយស្រួល​ឡើយ ហើយ​ខ្ញុំ​ប្រហែល​មិនអាច​បញ្ចប់​ការ​សិក្សា​នៅមហាវិទ្យាល័យ​បានទេ»។

បើយោង​តាម​បញ្ញត្តិ​ថ្មី​នេះ និស្សិត​អន្តរជាតិ​ដែល​កំពុង​សុំ​ពន្យារ​ទិដ្ឋាការ​និស្សិត​របស់​ពួកគេ​ត្រូវ​តែ​ធ្វើ​ក្រោម​គោល​បំណង​បញ្ចប់​វគ្គ​សិក្សា​ប៉ុណ្ណោះ។

អ្នក​នាង​ Kenji Ho និស្សិត​អន្តរជាតិ​មក​ពី​ប្រទេស​សិង្ហបុរី​គឺ​ជា​និស្សិតឆ្នាំ​ទី​៣​ដែល​កំពុង​សិក្សា​ផ្នែក​អចលនទ្រព្យនៅ​សាលា​សិក្សា​វិជ្ជាជីវៈ នៃ​សាកលវិទ្យាល័យ​ញូវយ៉ក។ អ្នក​នាង​ Ho ​បាន​និយាយ​ថា​ នាង​មិន​យល់​ចំពោះ​ពេលវេលា​និង​ហេតុផល​នៃ​បញ្ញត្តិ​ថ្មី។​

អ្នក​នាង Ho បាន​និយាយ​ថា៖​ «វា​ធ្វើ​ឲ្យ​គ្រប់យ៉ាង​កាន់​តែ​មិន​ច្បាស់​ ហើយ​ភ័ន្តច្រឡំ​ក្នុង​ពេលដែល​មិន​អាច​ទស្សន៍ទាយ​ទៅ​ហើយបាន​សម្រាប់​និស្សិត​អន្តរជាតិ។»

អ្នក​នាង ​Ho ថា​បញ្ញត្តិ​ថ្មី​អាច​បន្ថែម​សម្ពាធ​ផ្នែក​ការ​សិក្សា​កាន់តែ​ខ្លាំង​ដល់និស្សិត​ដែល​មក​ពី​ប្រទេស​ជាក់លាក់មួយ​ចំនួន។​

អ្នក​នាង ​Ho បន្ថែម​ថា​ ការតម្រូវ​ឲ្យ​និស្សិត​ស្នើ​សុំ​ការ​ពន្យារ​មួយ​អាច​បន្ថយ​ឱកាស​ដែល​ពួកគេ​អាច​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ពន្យារ​ទិដ្ឋាការ​នោះ។

ខណៈដែលសមាគម​អប់រំ​ជាច្រើន​និង​និស្សិត​ជំទាស់​នឹង​ការ​ផ្លាស់ប្តូរ​នេះ សមាជិក​សភា​មួយ​ចំនួន​បាន​រិះគន់​អ្វី​ដែល​ពួកគេ​និយាយ​ថា​ជា​ភាព​ធូរលុង​មួយ​ក្នុង​ការ​អនុម័ត​ទិដ្ឋាការ​និស្សិត។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋរបស់​សហរដ្ឋ​អាមេរិក​ពីរ​រូប​គឺ​លោក Tom Cotton នៃរដ្ឋ​Arkansas និង​អ្នកស្រី Marsha Blackburn នៃ​រដ្ឋTennessee និយាយ​ថា​ សាកលវិទ្យាល័យ​នានា​របស់​អាមេរិកត្រូវ​បាន​ប្រើ​ដោយ​ប្រទេស​ដទៃសម្រាប់​ជា​កន្លែង​ចារកម្ម​និង​លួច​កម្មសិទ្ធិ​បញ្ញា។​

អ្នក​ស្រី Blackburn បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ជាមួយ​នឹង​លោក Cotton​ កាលពី​ខែ​ឧសភា​ថា៖ «រដ្ឋាភិបាលទីក្រុង​ប៉េកាំង​បានកេងប្រវ័ញ្ច​ពី​ទិដ្ឋាការ​និស្សិត​និង​ទិដ្ឋាការ​អ្នកស្រាវជ្រាវ​ដើម្បី​លួច​ព័ត៌មាន​សម្ងាត់​ផ្នែក​ផលិតកម្ម​ វិស្វកម្ម បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រ​ពី​ស្ថាប័ន​ស្រាវជ្រាវ​និង​ស្ថាប័ន​អប់រំ​ក្នុង​សហរដ្ឋ​អាមេរិក។ យើង​បានចិញ្ចឹម​ផ្គត់ផ្គង់កង្វះខាត​យ៉ាង​ខ្លាំងនៃ​ភាពច្នៃប្រឌិត​របស់​ចិន​ ជាមួយ​នឹង​គំនិតប៉ិន​ប្រសប់​របស់​ជនជាតិ​អាមេរិក​និង​លុយ​ដុល្លារ​របស់​អ្នក​បង់ពន្ធរបស់​យើង​ អស់​ពេល​យូរ​ពេក​ហើយ។»

ពួកគេ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា៖ «វា​ដល់​ពេល​ដែល​យើង​ត្រូវ​ការពារស្ថាប័ន​ស្រាវជ្រាវ​របស់សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ចារកម្ម​សេដ្ឋកិច្ច​របស់​គណៈបក្ស​កុម្មុយនីស្ត​ចិន។»

ការ​ផ្លាស់ប្តូរ​មួយ​ទៀត​ដែល​ត្រូវ​បាន​ធ្វើ​នោះ​គឺ​រយៈពេល​នៃ​ការ​ចាកចេញ​របស់​អ្នក​កាន់​ទិដ្ឋាការ​និស្សិត​ពី​ ៦០​ថ្ងៃ​បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​មក​ត្រឹម​ ៣០​ថ្ងៃ។

បញ្ញត្តិ​ថ្មី​បាន​ចែង​ថា៖ «ក្រសួង​[ការ​បរទេស]​បារម្ភ​អំពី​បូរណភាពនៃ​កម្មវិធី​នេះ ​ហើយ​និង​ហានិភ័យ​ដែល​អាច​កើនឡើង​សម្រាប់​សន្តិសុខ​ជាតិ។»

នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១៨​និង​២០១៩ មាន​និស្សិត​អន្តរជាតិ​ចំនួន​១.០៩៥.២៩៩​នាក់​បាន​សិក្សា​ក្នុង​ចំណោម​និស្សិត​សរុប​១៩.៨២៨.០០០​នាក់​ក្នុង​ស្ថាប័ន​ឧត្តមសិក្សា​ក្នុង​សហរដ្ឋ​អាមេរិក​ នេះ​បើ​យោង​តាមវិទ្យាស្ថាន​សម្រាប់​ការ​អប់រំ​អន្តរជាតិ។

ទិន្នន័យ​នេះ​បង្ហាញ​ថា ​និស្សិត​អន្តរជាតិមាន​ចំនួន​៥,៥​ភាគរយ​នៃ​ចំនួន​និស្សិត​សរុប​តាម​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​ក្នុង​សហរដ្ឋ​អាមេរិក។

ទោះបីចំនួន​និស្សិត​អន្តរជាតិ​ក្នុង​សហរដ្ឋ​អាមេរិក​បន្ត​កើនឡើង ក៏​អត្រា​ការ​ដាក់​ពាក្យ​ចូល​រៀន​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​បីឆ្នាំ​ចុង​ក្រោយ។

និស្សិត​អន្តរជាតិ​នៅតាម​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យរបស់​សហរដ្ឋ​អាមេរិក​បាន​រួម​ចំណែក​ដល់សេដ្ឋកិច្ច​អាមេរិក​ចំនួន៤១​ពាន់លាន​ដុល្លារ ​និង​ផ្គត់ផ្គង់​ការងារ​ចំនួន​៤៥៨.២៩០​ ក្នុង​សេដ្ឋកិច្ច នេះ​បើ​យោង​តាម​ការ​វិភាគ​ចុងក្រោយ​របស់​អង្គការ​ NAFSAសមាគម​អ្នក​អប់រំ​អន្តរជាតិ៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ