ក្រុមហ៊ុនមួយនៅរដ្ឋ កាលីហ្វកញ៉ា (California) កំពុងអភិវឌ្ឍនាវាហោះប្រភេទថ្មីមួយ ដើម្បីដឹកទំនិញ និងប្រហែលជាដឹកអ្នកដំណើរផងដែរ។ យាននេះមិនមែនជាយន្តហោះមួយទេ និងក៏មិនមែនជាបាឡុងហោះមានដង្ហាល់មួយនោះដែរ ប៉ុន្តែមានសមាសភាគនៃយានទាំងពីរ។ យាននេះប្រើបច្ចេកវិជ្ជាថ្មី ហើយអាចប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្មនិងយោធាបានផងដែរ។
នាវាហោះថ្មីរបស់សាជីវកម្ម អ៊ែរ៉ូស៍ (Aeros corporation) ត្រូវបានគេហៅថា អ៊ែរ៉ូស៍ក្រាហ្វត៍ (Aeroscraft) ហើយត្រូវបានរចនាឡើង ដើម្បីដឹកទំនិញដែលមានទម្ងន់ច្រើនជាង៥០តោន និងធ្វើការដឹកជញ្ជូនបានចម្ងាយរាប់ពាន់គីឡូម៉ែត្រ។
យានគំរូបង្ហាញមួយកំពុងត្រូវបានសាងសង់ឡើង នៅខាងក្រៅទីក្រុង ឡូស អែនជឺឡែស (Los Angeles) ជាមួយនឹងជំនួយហិរញ្ញវត្ថុ ពីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ វាស្ថិតនៅក្នុងរោងយន្តហោះមួយ ដែលនៅពេលមួយ កងទ័ពជើងទឹកបានប្រើប្រាស់សម្រាប់បាឡុងហោះមានដង្ហាល់ ដែលបំប៉ោងដោយឧស្ម័នហ៊ីលីយ៉ូម (helium) ដើម្បីប្រើសម្រាប់ឈ្លបយកការណ៍។ យានដែលត្រូវបានធ្វើការសាកល្បងនេះគឺមានប្រវែង៧៥ម៉ែត្រ និងទទឹង៣០ម៉ែត្រ ហើយនឹងអាចធ្វើរួចរាល់សម្រាប់ការហោះហើរនៅចុងឆ្នាំក្រោយ។
អែដវ័ដ ប៉េវហ្ស៍ន័រ (Edward Pevzner) នៃសាជីវកម្ម អ៊ែរ៉ូស៍ (Aeros) និយាយថា យាននេះនឹងអាចធ្វើដំណើរទៅកាន់កន្លែងទាំងឡាយដែលពិបាកទៅដល់។
«ភាគខាងជើងនៃប្រទេសកាណាដា (Canada) និងតំបន់ អាឡាស្កា (Alaska) ដែលនៅទីនោះ ការរុករកឧស្ម័ននិងប្រេងដ៏ធំកំពុងតែធ្វើបន្ត ដូចគ្នាផងដែរជាមួយនឹងតំបន់ អាម៉ាហ្សូន (Amazon) ឬទ្វីបអាហ្រ្វិក (Africa) ដែលមានការអភិវឌ្ឍន៍ខ្សោយយ៉ាងខ្លាំង»។
វិស្វករអាកាសនាវាវិជ្ជា ទីម កែននី (Tim Kenny) និយាយថា គន្លិះទៅកាន់ប្រព័ន្ធនេះ គឺបច្ចេកវិជ្ជាថ្មីមួយ ដែលអនុញ្ញាតឱ្យយាននេះបើកឡើងលើឬចុះក្រោមបាន ដោយមិនចាំបាច់ធ្វើការដកចេញឬបន្ថែមទម្ងន់ ដូចដែលតម្រូវឱ្យមានសម្រាប់នាវាហោះសាមញ្ញនោះទេ។ ខុសគ្នាពីបាឡុងហោះមានដង្ហាល់ យាននេះមិនតម្រូវឱ្យមាននាវិកនៅលើដីទេ។ ហើយខុសគ្នាពីបាឡុងហោះដែលមានដង្ហាល់ យាននេះមិនតែងតែស្រាលជាងខ្យល់ទេ។ កែននី និយាយថា យន្តហោះនេះជួនកាលមានទម្ងន់ស្រាលជាង ហើយជួនកាលមានទម្ងន់ធ្ងន់ជាងខ្យល់ ដែលនៅជុំវិញខ្លួនវា។
«ទម្រង់ទាំងមូលនឹងត្រូវបានបំពេញដោយឧស្ម័ន ហ៊ីលីយ៉ូម នៅទូទាំងតួយានទាំងមូល ហើយបន្ទាប់មក នៅផ្ទៃខាងក្នុងនៃយាននេះ យើងនឹងមានប្រព័ន្ធសម្រាលដែលអាចប្រែប្រួលបាន»។
ឧស្ម័ន ហ៊ីលីយ៉ូម ផ្តល់កម្លាំងទាញឡើងលើ សម្រាប់ឱ្យយាននោះហោះឡើង ហើយនៅពេលដែលឧស្ម័ន ហ៊ីលីយ៉ូម ត្រូវបានសង្កត់ឱ្យតឹងណែន យាននោះនឹងបាត់បង់ប្រព័ន្ធសម្រាលរបស់វា ហើយអាចចុះចតបាន។
ប្រព័ន្ធគ្រប់គ្រងនិងប្រព័ន្ធរុញច្រានទៅមុខ ត្រូវបានផ្តល់ឱ្យដោយម៉ាស៊ីនកង្ហា ដែលបានថាមពលមកពីប្រេងឥន្ធនៈសម្រាប់យន្តហោះ។
កែននី និយាយថា ទម្ងន់ស្រាល និងគ្រោងរឹងមាំ របស់យាននេះអាចធ្វើទៅបាន ដោយការប្រើប្រាស់បច្ចេកវិជ្ជាថ្មី។
«ការអភិវឌ្ឍន៍ជឿនលឿននៅក្នុងសមាសធាតុ ពិតជាបានលើកទឹកចិត្ត និងជំរុញឱ្យឧស្សាហកម្មនេះធ្វើដំណើរទៅមុខបានយ៉ាងច្រើន។ ពួកគេមានលទ្ធភាពអាចលាយសមាសធាតុទាំងអស់បញ្ចូលជាអាលុយមីញ៉ូម (aluminium) ហើយសាងសង់សមាសភាគនៃគ្រោងយានដែលមានទម្ងន់ស្រាល»។
គំរូបង្ហាញនៃយាននេះ គួរចាប់ផ្តើមហោះហើរបាននៅចុងឆ្នាំក្រោយ។ ប្រសិនបើវាដំណើរការបានតាមការគ្រោងទុក សូម្បីតែប្រភេទយន្តហោះដែលធំជាងនេះ ក៏ប្រហែលជានឹងមានលក់នៅលើទីផ្សារ នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះបានដែរ។
យោធាសហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ ជាមួយនឹងសក្តានុពលរបស់យាននេះ។ ហើយឧស្សាហកម្មក៏មានការចាប់អារម្មណ៍ដូច្នេះដែរ។ ការប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្ម រួមបញ្ចូលទាំងការដឹកយកកង្ហាខ្យល់(ធំៗ)ទៅកាន់ទីវាលកង្ហាខ្យល់ដែលពិបាកទៅដល់ សម្រាប់ផលិតថាមពលអគ្គីសនី។ ក្រុមហ៊ុននិយាយថា នៅពេលដែលយាននេះបានបង្ហាញសមត្ថភាពអាចធ្វើការដឹកជញ្ជូនទំនិញបានយ៉ាងល្អប្រសើរហើយ គំរូយានដែលត្រូវបានធ្វើការកែប្រែបន្ថែម អាចនឹងត្រូវបានសាងសង់ឡើងដែរ សម្រាប់ដឹកជញ្ជូនអ្នកដំណើរ៕
ប្រែសម្រួលដោយ ឌី ខាំបូលី