បាតុកម្មជាច្រើនត្រូវបានធ្វើនៅក្នុងប្រទេសទុយណេស៊ីនៃទ្វីបអាហ្វ្រីកភាគខាងជើង ដើម្បីទាមទារឲ្យរដ្ឋាភិបាលចេញពីតំណែង។
ក្រុមបាតុករបានស្រែកពាក្យស្លោកថា «ប្រជារាស្រ្ត យើងនាំគ្នាទៅ ដេញលទ្ធិផ្តាច់ការចេញ!» ដើម្បីសុំឲ្យគណបក្សគ្រប់គ្រងអំណាច RDC របស់លោកប្រធានាធិបតី ហ្ស៊ីន អិល-អាប៊ីឌីន បិន អាលី (Zine el-Abidine Ben Ali) ចេញពីតំណែង។
ក្រុមបាតុករស្រែកពាក្យស្លោកនៅតាមមហាវិថី ហាប៊ីប បួហ្គីបា (Habib Bourgiba Boulevard) នៅពីមុខភ្នាក់ងារប៉ូលិសកុប្បកម្ម និងទាហាននៅក្នុងរថក្រោះដែលកាន់កាំភ្លើងត្រៀមខ្លួនជាស្រេច។ មានស្នូរកាំភ្លើង និងមានឧទ្ធម្ភាគចក្រហោះចុះឡើងលើអាកាសក្នុងថ្ងៃទីបួនជាប់គ្នា។
លោកនាយករដ្ឋមន្រ្តី មោហាម៊ិត ហ្កានូជី (Mohamed Ghannouchi) ដែលជាដំណែលពីរដ្ឋាភិបាលចាស់ ត្រូវរំពឹងថា នឹងតែងតាំងគណរដ្ឋមន្រ្តីបណ្តោះអាសន្នមួយឲ្យគ្រប់គ្រងអំណាចរហូតទៅដល់ពេលបោះឆ្នោត ដែលសន្យាថា នឹងធ្វើក្នុងពេលពីរខែខាងមុខ។ របាយការណ៍បង្ហាញថា នឹងមានបញ្ចូលសមាជិកមួយចំនួនតូចពីគណបក្សប្រឆាំង តែមិនឲ្យកាន់ក្រសួងសំខាន់ៗ ដូចជាទីស្តីការរដ្ឋមន្រ្តីការបរទេសឬមហាផ្ទៃទេ។
ក្រុមបាតុករ ដូចជា អាឡិម (Alem) វ័យ២៣ឆ្នាំនេះជាដើម ចង់ឲ្យក្រុមឆ្មាំចាស់ចេញទាំងអស់។ លោកថ្លែងថា៖
«រដ្ឋាភិបាលគួរមានទម្រង់មួយទៀត មិនមែនទម្រង់បែបនេះទេ។ គួរជារដ្ឋាភិបាលមួយដែលចេះសន្សំ»។
ក្រុមបាតុកររួមមានមនុស្សគ្រប់អាយុ ដូចជាអ្នកស្រីឡាំម្ញ៉ា (Lamia) អាយុ៤៦ឆ្នាំ អ្នកធ្វើការនៅក្រសួងហិរញ្ញវត្ថុទុយណេស៊ី ដែលត្រូវបានបិទទ្វារ បន្ទាប់ពីមានកុប្បកម្ម និងបាតុកម្មកាលពីចុងសប្តាហ៍នេះមក។
អ្នកស្រីឡាម្ញ៉ានិយាយថា ប្រជាពលរដ្ឋទុយណេស៊ី មិនមែនធ្វើកុប្បកម្ម និងបាតុកម្មជាច្រើនសប្តាហ៍នេះ ដែលមានគោលបំណងបណ្តេញរបបចាស់ចេញ ដើម្បីឲ្យឃើញរបបដដែលនៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្នថ្មីនេះទៀតទេ។ អ្នកស្រីមិនជឿថា ប្រទេសទុយណេស៊ីនឹងអាចរៀបខ្លួនហើយស្រេចក្នុងពេលពីរខែខាងមុខនេះ ដើម្បីធ្វើការបោះឆ្នោតបានទេ។ អ្នកស្រីគិតថា គេត្រូវការពេលយ៉ាងតិចមួយឆ្នាំ ដើម្បីស្ថាបនាឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
អ្នកវិភាគ និងសកម្មជនមួយចំនួនបានបញ្ចេញមតិដូចគ្នានេះដែរ៕
ប្រែសម្រួលដោយ កែរ យ៉ាន