គេហទំព័រនេះមានឈ្មោះថា «Dodgy Doctors» ហើយវាគឺជាទិន្នន័យព័ត៌មានដែលអាចស្វែងរកបានពីអ្នកជំនាញផ្នែកវេជ្ជសាស្រ្តមានអាជ្ញាប័ណ្ណក្នុងប្រទេសនីហ្សេរីយ៉ា។
លោក Temi Adeoye ជាអ្នកជំនាញយុទ្ធសាស្រ្តនៃក្រុមបច្ចេកវិទ្យាពលរដ្ឋមួយឈ្មោះថា Code for Nigeria ដែលបានជួយបង្កើតប្រព័ន្ធទិន្នន័យនេះ។ លោកនិយាយថា លោកមានគំនិតនេះមកពីកម្មវិធីស្រដៀងគ្នាមួយនៅក្នុងប្រទេសកេនយ៉ា។ លោកយល់ថាកម្មវិធីនេះមានអត្ថប្រយោជន៍ក្នុងការជួយរកដំណោះស្រាយចំពោះបញ្ហាគ្រូពេទ្យក្លែងក្លាយនៅក្នុងប្រទេសនីហ្សេរីយ៉ា។
លោក Adeoye និយាយថា៖ «បញ្ហាគ្រូពេទ្យក្លែងក្លាយគឺជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសនីហ្ស៊េរីយ៉ា។ ខ្ញុំផ្ទាល់បានឃើញគ្លីនិកពេទ្យមួយចំនួន ដែលអ្នកអាចមានភាពប្រាកដប្រជាថា ជាគ្លីនិកគ្មានអាជ្ញាប័ណ្ណនោះទេ»។
លោក Adeoye និយាយថា អ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺទៅគេហទំព័រសារព័ត៌មាន Sahara Reporters ដែលបានបង្ហោះគេហទំព័រ Dodgy Doctors ហើយវាយឈ្មោះគ្រូពេទ្យរបស់ពួកគេ ដើម្បីឆែកមើលថាតើឈ្មោះគ្រូពេទ្យទាំងនោះស្ថិតនៅក្នុងទិន្នន័យនៃក្រុមប្រឹក្សាវេជ្ជសាស្រ្តនិងទន្តិកនៃប្រទេសនីហ្សេរីយ៉ាដែរឬអត់។ ក្រុមប្រឹក្សានោះគឺជាស្ថាប័នបញ្ញត្តិរបស់នីហ្សេរីយ៉ាសម្រាប់អ្នកប្រកបមុខរបរវិជ្ជាជីវៈមានអាជ្ញាប័ណ្ណ។
លោក Adeoye និយាយថា៖ «ហេតុអ្វីខ្ញុំត្រូវពិនិត្យជាមួយគ្រូពេទ្យនេះ? ដោយសារតែគាត់ជាវេជ្ជបណ្ឌិតឬ? អូ! អត់ទេ ដោយសារគាត់ជាគ្រូពេទ្យមានអាជ្ញាប័ណ្ណ ហើយធ្វើម៉េចខ្ញុំដឹងថាគាត់មានអាជ្ញាប័ណ្ណ? នេះគឺជាកម្មវិធីដែលប្រាប់ខ្ញុំថាតើគាត់ជាគ្រូពេទ្យមានអាជ្ញាប័ណ្ណឬអត់»។
ក្រុម Code for Nigeria ក៏បានអភិវឌ្ឍកម្មវិធីដែលជួយប្រជាជនក្នុងការកំណត់ទីតាំងមន្ទីរពេទ្យដែលនៅជិតបំផុត និងកំណត់តម្លៃទីផ្សារនៃថ្នាំពេទ្យផងដែរ។
លោក Henry Okwuokenye ជាប្រធានអធិការកិច្ចនៃក្រុមប្រឹក្សាវេជ្ជសាស្រ្តនិងទន្តិកនៃប្រទេសនីហ្សេរីយ៉ា បានហៅបញ្ហាគ្រូពេទ្យក្លែងក្លាយនេះថាជា «បញ្ហាដ៏ធំមួយ។»
លោកបាននិយាយថា យ៉ាងហោចណាស់មានបណ្តឹងកំពុងដំណើរការជាង៣០ករណី ចំពោះការចោទប្រកាន់ទៅលើគ្រូពេទ្យក្លែងក្លាយនៅទូទាំងប្រទេស។ ប៉ុន្តែលោកនិយាយថា ទិន្នន័យដែលក្រុម Code for Nigeria កំពុងប្រើប្រាស់គឺតាំងពីឆ្នាំ២០០៦។ លោកបន្ថែមថា ក្រុមនេះគួរតែរង់ចាំបន្តិចទៀតដើម្បីបានព័ត៌មានថ្មីៗ មុនពេលបង្ហាញកម្មវិធីនេះជាសាធារណៈ។
«វាគឺជាគំនិតដ៏ល្អមួយ ដែលឲ្យមនុស្សបានដឹងព័ត៌មានអំពីគ្រូពេទ្យតាមរយៈទូរស័ព្ទរបស់ពួកគេ។ វាពិតជាគួរឲ្យសរសើរ ប៉ុន្តេវាគួរតែមានការឯកភាពមួយពីក្រុមប្រឹក្សាវេជ្ជសាស្រ្តនិងទន្តិកនៃប្រទេសនីហ្សេរីយ៉ា ដើម្បីផ្សព្វផ្សាយកម្មវិធីនេះ»។
លោក Adeoye និយាយថា ទិន្នន័យដែលបានប្រើប្រាស់នៅក្នុងគេហទំព័រ Dodgy Doctors គឺជាទិន្នន័យដែលថ្មីបំផុតអាចរកបានពីសមាគមនេះ។ លោកនិយាយថា លោកមានគម្រោងនឹងស្នើសុំទិន្នន័យថ្មីៗជាងនេះទៀតពីសមាគម បើសិនជាមាននោះ ហើយនឹងធ្វើបច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធទិន្នន័យ៕
ប្រែសម្រួលដោយ៖ នូវ ពៅលក្ខិណា