មាន​សញ្ញា​ថ្មី​នៃ​សុទិដ្ឋិនិយម​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​អាហ្វហ្គានីស្ថាន​និង​ប៉ាគីស្ថាន

  • Ayaz Gul

រូបភាព​ឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​បាគីស្ថាន Nawaz Sharif ស្តាំ​ ទទួល​ស្វាគមន៍​លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ Ashraf Ghani នៅ​ឯ​វិមាន​នាយក​រដ្ឋ​មន្រ្តី​នៅ​ក្នុង​រដ្ឋធានី​អ៊ីស្លាម៉ាបាដ ប្រទេស​បាគីស្ថាន​ នៅ​ថ្ងៃ​សៅរ៍​ ទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤។

អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ ទំនាក់​ទំនង​រវាង​ប្រទេស​ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​ ត្រូវ​បាន​សៅហ្មង​ដោយ​សារ​ការមិន​ទុក​ចិត្ត​គ្នា​និង​មន្ទិល​សង្ស័យ។​ ប៉ុន្តែ​រដ្ឋបាល​ថ្មី​ដែល​បាន​ចាត់​តាំង​នៅ​ក្នុង​ទីក្រុង​កាប៊ុល​ និង​ការ​ផ្តួច​ផ្តើម​ថ្មី​របស់​មេបញ្ជាការ​យោធា​បាគីស្ថាន​ បាន​ធ្វើ​ឲ្យ​មាន​សញ្ញា​នៃ​ការផ្លាស់​ប្តូរ​សំខាន់ៗ​សម្រាប់​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ដែល​តែង​តែ​ប្រយ័ត្ន​ប្រយែង​គ្នា​ទៅ​វិញ​ទៅ​មក។​

កាល​ពី​ខែ​វិចិ្ឆកា​ឆ្នាំ​មុន កន្លែង​ដំបូង​ដែល​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ Ashraf​ Ghani​ បាន​ទៅ​មុន​គេ​បង្អស់​ក្នុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ាគីស្ថាន​ គឺ​ទីស្នាក់ការ​កណ្តាល​របស់​កង​យោធា​ដ៏​មាន​អំណាច​នៅ​ក្នុង​ប្រទេស។​ នេះ​ជា​ស្ថាប័ន​មួយ​ដែល​អាហ្វហ្គានីស្ថាន​តែង​តែ​បន្ទោស​អំពី​ការ​បង្កើត​បញ្ហា​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​ប្រឈម។​

ចាប់​តាំង​ពី​ការ​ផ្តួច​ផ្តើម​នោះ​មក​ លោក​មេបញ្ជាការ​កងទ័ព​បាគីស្ថាន​ Raheel​ Sharif​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​កាប៊ុល​ជា​ច្រើន​លើក​ ជាមួយ​ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​ប៉ាគីស្ថាន​ និង​មេ​បញ្ជាការ​ផ្សេង​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​ពួក​គេ​កាន់​តែ​ស៊ី​ជម្រៅ​ជាមួយ​ប្រទេស​ជា​សមភាគី​អាហ្វហ្គានីស្ថាន។​

ការណ៍​ដែល​មន្រ្តី​ជាន់​ខ្ពស់​ទាំង​អស់​នោះ​មាន​ការ​ជួប​ប្រជុំ​ជា​ទៀងទាត់​ គឺ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ដោយ​សារ​ប្រទេស​នីមួយៗ​បាន​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ហិង្សា​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។​ ប៉ុន្តែ​កិច្ច​សហ​ប្រតិបត្តិការ​ថ្មី​នេះ​ វា​ហួស​ពី​ដំណើរ​ទស្សនកិច្ច​ថ្នាក់​កំពូល​ទៅ​ទៀត។​

អាជ្ញាធរ​បាគីស្ថាន​បាន​និយាយ​ថា​ ឥឡូវ​នេះ​កិច្ច​សហប្រតិបត្តិការ​យោធា​និង​ការ​ស៊ើបការណ៍​សម្ងាត់​មាន​ភាព​ប្រសើរ​ច្រើន​ ជាមួយ​នឹង​សកម្មភាព​ទប់ស្កាត់​ភេរវកម្ម​ដែល​អាហ្វហ្គានីស្ថាន​បាន​ចាប់​ផ្តើម​ធ្វើ​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​បាគីស្ថាន​ដែល​បាន​រត់​គេច​ខ្លួន​ចូល​ក្នុង​ទឹក​ដី​អាហ្វហ្គានីស្ថាន​នោះ។​ មន្រ្តី​អាហ្វហ្គានីស្ថាន​ក៏​បាន​ទទួល​ស្គាល់​ថា​វិធានការ​ប្រឆាំង​ភេរវកម្ម​របស់​បាគីស្ថាន​បាន​ធ្វើ​ឲ្យ​សន្តិ​សុខ​នៅ​តាម​បណ្តោយ​ព្រំដែន​មាន​ភាព​ប្រសើរ​ឡើង។​

ថ្មី​ៗ​នេះ​ មាន​ក្រុម​និស្សិត​នាយ​ទាហាន​របស់​អាហ្វហ្គានីស្ថាន​មួយ​ក្រុម​ បាន​ចូល​រៀន​ជា​លើក​ដំបូង​នៅ​បណ្ឌិត​សភា​យោធា​របស់​បាគីស្ថាន​ដ៏​មាន​កិត្យានុភាព​នៅ​ក្នុង​ទីក្រុង​ Abbottabad។​

នៅ​ក្នុង​ប្រទេស​បាគីស្ថាន​ មេដឹកនាំ​ស៊ីវិល​និង​យោធា​ហាក់​បី​ដូច​ជា​ផ្តោត​លើ​ការ​បញ្ចុះ​បញ្ចូល​ក្រុម​អ្នក​រិះគន់​ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិ​ថា​ រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាម៉ាបាដ​បាន​បោះបង់​គោល​នយោបាយ​អន្តរាគមន៍​របស់​ខ្លួន​ក្នុង​អតីតកាល​ នៅ​ក្នុង​កិច្ចការ​របស់​អាហ្វហ្គានីស្ថាន​នោះ​ហើយ។​

អ្នក​នាំ​ពាក្យ​កង​ទ័ព​ លោក​ឧត្តមសេនីយ៍ទោ​ Asim Bajwa​ បាន​ប្រាប់​វីអូអេ​ថា​ ក្រុម​មន្រ្តី​បាន​ផ្តោត​លើ​ទំនាក់​ទំនង​ស៊ី​ជម្រៅ​ដែលចង​ភ្ជាប់​ប្រទេស​ទាំង​ពីរ​ជា​យូរ​មក​ហើយ​ ទោះ​បី​ជា​ពួកគេ​មាន​ប្រវត្តិសាស្រ្ត​ស្អប់​គ្នា​យ៉ាង​ណា​ក៏​ដោយ។​

«ប្រសិន​បើ​អ្នក​មើល​ទៅ​លើ​បរិបទ​ទាំង​ស្រុង​វិញ​ ប្រជាពលរដ្ឋ​បាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​គឺ​ជា​បងប្អូន​គ្នា។​ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​នៅ​ក្នុង​ទំនាក់​ទំនង​តែង​មាន​ការ​ប្រេះ​ស្រាំ​នោះ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ពួក​យើង​កំពុង​ស្តារ​នូវ​ទំនាក់​ទំនង​ទៅ​កាន់​ភាព​ប្រក្រតី​ឡើង​វិញ​ ហើយ​មាន​សិស្ស​នាយ​ទាហាន​របស់​អាហ្វហ្គានីស្ថាន​ដែល​មក​បាគីស្ថាន​ ដើម្បី​ទទួល​ការ​ហ្វឹកហាត់​យោធា។​ អ្នក​អាច​ចេញ​ទៅ​ខាង​ក្រៅ​ហើយ​ជួប​នឹង​ជន​ជាតិ​អាហ្វហ្គានីស្ថានសាមញ្ញ​ម្នាក់​នៅ​តាម​ផ្លូវ​ គាត់​ប្រាកដ​ជាធ្លាប់​បាន​ទៅ​បាគីស្ថាន។​ ដូច្នេះ​វា​ដូច​ជា​ការ​ត្រឡប់​ទៅ​ផ្ទះ​វិញ​សម្រាប់​ជនជាតិ​អាហ្វហ្គានីស្ថាន​ទាំង​អស់​គ្នា​ ហើយ​យើង​ពិត​ជា​រីករាយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​កាប៊ុល»។​

អតីត​ឯក​អគ្គរដ្ឋទូត​របស់​ប្រទេស​បាគីស្ថាន​ប្រចាំ​អាហ្វហ្គានីស្ថាន​ លោក​ Mohammad​ Sadiq​ ឥឡូវ​នេះ​គឺ​ជា​លេខាធិការ​នៃ​ក្រុម​សន្តិសុខ​ជាតិ​របស់​បាគីស្ថាន​ដែល​ទើប​តែ​នឹង​បង្កើត​ឡើង។​

ក្នុង​អំឡុង​ពេល​សិក្ខាសាលា​នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ​ លោក​បាន​ព្យាយាម​ពន្យល់​ពី​មូល​ហេតុ​នៅ​ពី​ក្រោយ​ភាព​ប្រសើរ​ឡើង​វិញ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន។​

«លោក​ប្រធានាធិបតី​ Karzai​ មាន​ការ​មន្ទិល​សង្ស័យ​ខ្លាំង​លើ​ប្រទេស​បាគីស្ថាន​ ហើយ​យើង​ក៏​មាន​ការ​មន្ទិល​សង្ស័យ​ខ្លាំង​លើ​លោក​ប្រធានាធិបតី​ Karzai​ ក្នុង​ពេល​ដំណាល​គ្នា​នោះ​ដែរ។​ ហើយ​មាន​ការ​ព្រមព្រៀង​គ្នា​ជាច្រើន​ ប៉ុន្តែ​យើង​មិន​ដែល​បាន​យក​ទៅ​អនុវត្ត​ឡើយ។​ ជា​សំណាង​ល្អ​ លោក​ Ashraf​ Ghani​ មាន​វត្តមាន​នៅ​ក្នុង​ការប្រជុំ​ស្ទើរ​ទាំង​អស់​ ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធានាធិបតី​ Karzai​ ដំបូង​ជា​រដ្ឋ​មន្រ្តី​ ហើយ​ក្រោយ​មក​ជា​ទីប្រឹក្សា​លោក​ប្រធានាធិបតី​ Karzai។​ ឥឡូវ​ការ​អនុវត្ត​នៃ​ការ​ព្រមព្រៀង​ទាំង​នោះ​កំពុង​តែ​កើត​ឡើង​ហើយ​ បន្ទាប់​ពី​មាន​រដ្ឋាភិបាល​ឯកភាព​ ហើយ​ដោយសារ​តែ​ឱកាស​ថ្មី​នៃ​កិច្ច​សហ​ប្រតិបត្តិការ​បាន​បើក​ចំហ»។

លោក​ Sadiq​ បាន​និយាយ​ថា​ កង​យោធា​និង​ទីភ្នាក់ងារ​សន្តិសុខ​នៃ​ប្រទេស​ទាំង​ពីរ​ គឺ​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​ដែល​បាន​សាប​ព្រួស​ការ​មិន​ទុក​ចិត្ត​គ្នា​ខ្លាំង។​ ប៉ុន្តែ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ពី​ភាគី​ទាំង​ពីរ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ដើម្បី​ឈាន​ទៅ​មុខ​បាន។​

«ការ​តវ៉ា​គឺ​ប្រឆាំង​នឹង​ផ្នែក​ជាច្រើន​របស់​រដ្ឋាភិបាល។​ ឧទាហរណ៍​ យើង​បាន​តវ៉ា​ប្រឆាំង​នឹង​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​អាហ្វហ្គានីស្ថាន​ យើង​បាន​តវ៉ា​ប្រឆាំង​នឹង​ប៉ូលីស​ព្រំដែន​របស់​អាហ្វហ្គានីស្ថាន​ ហើយ​បាគីស្ថាន​បាន​តវ៉ា​ប្រឆាំង​នឹង​ក្រសួង​របស់​ពូក​គេ​សម្រាប់​កិច្ចការ​ព្រំដែន​និង​កុល​សម្ព័ន្ធ​ និយាយ​ជា​ទូទៅ​គឺ​ស្ថាប័ន​ចំនួន​បី​របស់​អាហ្វហ្គានីស្ថាន។​ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​តវ៉ា​ប្រឆាំង​នឹង​កងទ័ព​បាគីស្ថាន ហើយ​ប្រឆាំង​នឹង​ ISI​ គឺ​ក្រសួង​ទាំង​ពីរ​របស់​រដ្ឋាភិបាល​បាគីស្ថាន។​ តួនាទី​របស់​ពួក​យើង​ពី​ដំបូង​គឺ​ទាញ​ប្រទេស​ទាំង​ពីរ​ឲ្យ​ចូលរួម​ជា​មួយ​គ្នា​ ដោយ​ឲ្យ​ពួក​គេ​អង្គុយ​និយាយ​គ្នា​ ហើយ​រៀប​ចំ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នោះ​ទាំង​អស់​គ្នា។​ ហើយ​ករណី​កំពុង​តែ​កើត​ឡើង​នៅ​ពេល​បច្ចុប្បន្ន​នេះ»។​

មេដឹកនាំ​អាហ្វហ្គានីស្ថាន​ក៏​បាន​ទទូល​ស្គាល់​ដែរ​ថា​ ពេល​វេលា​បាន​មក​ដល់​ហើយ​សម្រាប់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួបរួម​គ្នា​ ដើម្បី​ទប់ស្កាត់​ការ​គំរាម​កំហែង​នៃ​ភាព​ជ្រុល​និយម​និង​ភេរវកម្ម។​

ឯកអគ្គរដ្ឋទូត​អាហ្វហ្គានីស្ថាន​ប្រចាំ​បាគីស្ថាន​ លោក​ Janan​ Mosazai​ បាន​និយាយ​ថា​ប្រទេស​របស់​លោក​បាន​ផ្តួច​ផ្តើម​ «ការងារ​ដែល​លំបាក​ប៉ុន្តែ​ចាំ​បាច់»​ ដើម្បី​កសាង​នូវ​សេចក្តី​ទុក​ចិត្ត​គ្នា​ ទំនុក​ចិត្ត​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បាគីស្ថាន​ ដោយ​មាន​ការ​ផ្តោត​ច្បាស់​ទៅ​លើ​ការ​ពង្រឹង​សន្តិសុខ​និង​សន្តិភាព​ក្នុង​តំបន់។​

លោក​ក៏​បាន​សង្កត់​ធ្ងន់​អំពី​តម្រូវ​ការ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ក្រុម​អ្នក​ប្រាជ្ញ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ឲ្យ​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​ប្រឆាំង​នឹង​ក្រុម​សាសនា​ជ្រុល​និយម​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។​

«ប្រសិន​បើ​វា​ជា​ការ​វាយ​ប្រយុទ្ធ​រួម​គ្នា​មួយ​ ដែល​យើង​ជឿ​ជាក់​ថា​វា​ពិត​ជា​ដូច្នេះ​មែន​ គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​និង​ភាព​ជ្រុល​និយម​ ហើយ​ដើម្បី​សន្តិភាព​និង​សន្តិសុខ​នោះ​ យើង​ត្រូវ​តែ​បង្កើត​និទានកថា​រួម​មួយ​ដែល​ចាំ​បាច់​ដើម្បី​ធានា​ឲ្យ​បាន​ជោគ​ជ័យ។​ ខ្ញុំ​ជឿ​ជាក់​ថា​ យើង​ត្រូវ​តែ​កោះ​ហៅ​បុគ្គល​ទាំង​នោះ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ ទោះ​ជា​គេ​ជា​អ្នក​ណា​ក៏​ដោយ​ ដែល​ចង់​ឲ្យ​មាន​សង្គ្រាម​សាសនា​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ ឬមនុស្ស​ដែល​បែរ​ទៅ​រក​អំពើ​ហិង្សា ភេរវកម្ម​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ ក្នុង​ទ្រង់​ទ្រាយ​ជា​សង្គ្រាម​សាសនា‍»។‍​

កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និត​រវាង​ក្រសួង​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ​ បាន​ធ្វើ​ឲ្យ​សេចក្តី​សង្ឃឹម​កើន​ឡើង​សម្រាប់​បើក​កិច្ច​ពិភាក្សា​សន្តិភាព​រវាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​និង​ក្រុម​តាលីបង់។

មាន​ជំនឿ​ជា​ទូទៅ​ថា​ មេដឹកនាំ​សំខាន់ៗ​នៃ​ក្រុម​ឧទ្ទាម​ត្រូវ​បាន​ផ្តល់​ទី​ជម្រក​នៅ​ក្នុង​ប្រទេស​បាគីស្ថាន​ ហើយ​រដ្ឋាភិបាល​ទីក្រុង​កាប៊ុល​ជឿជាក់​ថា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បាគីស្ថាន​អាច​បង្ខំ​ឲ្យ​ក្រុម​តាលីបង់​ចូល​មក​កាន់​តុ​ចរចា​បាន។​

ប៉ុន្តែ​អ្នក​និពន្ធ​ Ahmed​ Rashid ​ បាន​និយាយ​ថា​ មាន​សញ្ញា​ខ្លះ​ដែល​បង្ហាញ​ថា​ ប្រទេស​ចិន​អាច​ដើរ​តួ​ជា​អ្នក​ស្វែង​រក​សន្តិភាព​ដ៏​មាន​ឥទ្ធិពល​មួយ​ ដោយសារ​ចំណង​ទាក់ទង​ដ៏​យូរ​លង់​របស់រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជាមួយ​បាគីស្ថាន​ ហើយ​និង​សុច្ឆន្ទៈ​ដែល​ត្រូវ​បាន​សាទរ​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អាហ្វហ្គានីស្ថាន។

«ប្រទេស​ចិន​មាន​ការ​គោរព​ពី​ប្រទេស​ពាក់ព័ន្ធ​ជា​ច្រើន​ រួម​មាន​ ប៉ាគីស្ថាន​ អ៊ីរ៉ង់​ និង​អាហ្វហ្គានីស្ថាន។​ ហើយ​ប្រទេស​នេះ​ក៏​មាន​ការ​គោរព​ពី​ក្រុម​តាលីបង់​ផង​ដែរ។​ វា​ជា​លើក​ដំបូង​ហើយ​ ដែល​យើង​មាន​ប្រទេស​ចិន​ ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​អន្តរជាតិ​នៅ​ខាង​ក្រៅ​ព្រំដែន​របស់​ខ្លួន។​ ដូច្នេះ​ចិន​បាន​ឈាន​ជំហាន​ដំបូង​ចូល​ក្នុង​ឆាក​អន្តរជាតិ​ក្នុង​តួនាទី​ជា​អ្នក​សម្រប​សម្រួល​លើ​បញ្ហា​ប្រទេស​អាហ្វហ្គានីស្ថាន»។​

អ្នក​សង្កេតការណ៍​មួយ​ចំនួន​និយាយ​ថា​ ក្រុម​មន្រ្តី​ចិន​ក៏​កំពុង​ជំរុញ​បាគីស្ថាន​ឲ្យ​បន្ថយ​ភាព​តាន​តឹង​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​គឺ​ឥណ្ឌា​ដែរ។​ ចិន​បាន​ព្យាយាម​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្នុង​តំបន់​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ ដែល​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជំរុញ​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​ដំឡើង​ស្ថិរភាព​និង​ពាណិជ្ជកម្ម​ក្នុង​តំបន់៕

ប្រែ​សម្រួល​ដោយ នូវ​ ពៅ​លក្ខិណា