របាយការណ៍ថ្មីមួយរបស់គណៈកម្មការទន្លេមេគង្គ (Mekong River Commission ឬ MRC) ចេញផ្សាយកាលពីថ្ងៃចន្ទឱ្យដឹងថា គម្រោងទំនប់វារីអគ្គិសនីចំនួនពីរតាមដងទន្លេមេគង្គក្នុងប្រទេសឡាវ«បានបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ តែក្នុងកម្រិតមធ្យម»ទៅលើលំហូរទឹក កំណកកករ និងជលផល។ ការរកឃើញថ្មីនេះបញ្ជាក់បន្ថែមទៅលើការព្រួយបារម្ភ ដែលត្រូវបានលើកឡើងតាំងពីមុនទំនប់វារីអគ្គិសនីត្រូវបានសាងសង់។
ទំនប់វារីអគ្គិសនីដែលកំពុងដំណើរការទាំងពីរនេះ ស្ថិតនៅជិតកម្ពុជា គឺទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី (Xayaburi) ដែលមានទំហំថាមពល១.២៨៥មេហ្គាវ៉ាត់ និងទំនប់វារីអគ្គិសនីដនសាហុង(Don Sahong) ដែលមានទំហំ២៦០មេហ្គាវ៉ាត់។ អ្នកធ្វើការលើផ្នែកបរិស្ថានធ្លាប់បង្ហាញក្តីបារម្ភយូរមកហើយថា ទំនប់វារីអគ្គិសនីនៅលើតួទន្លេមេគង្គនឹងប៉ះពាល់ការរស់នៅរបស់មនុស្សប្រមាណ៦០លាននាក់ នៅប្រទេសតាមដងទន្លេមេគង្គក្រោមទាំង៤ រួមមានថៃ ឡាវ កម្ពុជា និងវៀតណាម។
ក្រុមអ្នកអង្កេតដែលមានជាតិសាសន៍ចម្រុះដែលចូលរួមដំណើរការគម្រោងសាកល្បងកម្មវិធីតាមដានបរិស្ថានរួម (Joint Environmental Monitoring programme) របស់ គណៈកម្មការទន្លេមេគង្គ បានវាស់ស្ទង់លើសូចនាករសំខាន់ៗទាំង៥នៃសុខុមាលភាពទន្លេមេគង្គ រួមមានជលសាស្ត្រ កំណកកករ គុណភាពទឹក អេកូឡូស៊ីក្នុងទឹក និងជលផល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីរបាយការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ។
ក្នុងចំណោមការរកឃើញសំខាន់បំផុតនៃការសាកល្បងនេះ ក្រុមអ្នកតាមដានបានសង្កេតឃើញថាលំនាំលំហូរទន្លេជារួម មិនមានការប្រែប្រួលនោះទេ។ នៅតំបន់ផ្នែកខាងលើទំនប់ សុខុមាលភាពអេកូឡូស៊ីរបស់ទន្លេមានកម្រិត«ល្អ» និង «មធ្យម» ក្នុងតំបន់អាងស្តុក ក៏ដូចជាតំបន់ផ្នែកខាងក្រោមនៃទំនប់ទាំងពីរ។ គុណភាពទឹកស្ថិតក្នុងស្ថានភាព«ល្អ»សម្រាប់ការប្រើប្រាស់របស់មនុស្ស។ ក្នុងតំបន់អាងទំនប់ វាមិនមានភ័ស្តុតាងបង្ហាញពីការបង្កើតស្រទាប់កករ ដែលអាចជះឥទ្ធិពលដល់ទាំងគុណភាពទឹក និងជលផលទេ។ ប៉ុន្តែនៅពេលទឹកហូរកាត់តាមទំនប់«វាមានភ័ស្តុតាងតិចតួច បង្ហាញពីការប្រែប្រួលគុណភាពទឹកនៅផ្នែកខាងក្រោមទន្លេ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
នៅផ្នែកខាងក្រោមនៃគម្រោងសាយ៉ាប៊ូរីក្នុងប្រទេសឡាវ ក្រុមអ្នកតាមដានក៏បានប្រទះឃើញការប្រែប្រួលកម្រិតទឹកប្រចាំថ្ងៃ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីផងដែរ។ ក៏ប៉ុន្តែបញ្ហានេះមិនបានកើតមាននៅផ្នែកខាងក្រោមនៃទំនប់ដនសាហុងទេ។ ក្រុមអ្នកតាមដានក៏បានសង្កេតឃើញលំនាំដែលបានចាប់ផ្តើមកើតមានកាលពីឆ្នាំ២០១៨ នោះគឺការធ្លាក់ចុះនៃបណ្តុំកករ និងការផ្ទុកនូវកំណកកករ ដែលនាំមកនូវអាហារូបត្ថម្ភចិញ្ចឹម និងធ្វើឱ្យច្រាំងទន្លេមានលំនឹង។ ក៏ប៉ុន្តែការថមថយចុះនេះ«អាចនឹងបណ្តាលមកពីការបង្ខាំង ឬការកកស្ទះនៃកំណកកករ តាមតំបន់គម្រោងវារីអគ្គិសនីតាមដៃទន្លេមេ និងទន្លេមេគង្គ»។
ក្រុមតាមដានក៏បានសង្កេតឃើញពីការប្រែប្រួលខ្លះៗលើភាពចម្រុះនៃមច្ឆានៅផ្នែកខាងលើទំនប់សាយ៉ាប៊ូរី ដោយវាមានកម្រិតថេរចាប់ពីឆ្នាំ២០១៧ដល់២០១៩ និងធ្លាក់ចុះក្នុងឆ្នាំ២០២០។ នៅផ្នែកខាងក្រោមនៃអាងស្តុក ភាពចម្រុះនេះ នៅតែមានកម្រិតខ្ពស់។ ផ្ទុយមកវិញ ផលចាប់ត្រីហាក់ដូចជាមានកម្រិតថេរ ដែលគេបានរាយការណ៍ថាកើនឡើងនៅឆ្នាំ២០១៧ ធ្លាក់ចុះនៅឆ្នាំ២០១៨ និង២០១៩ ហើយកើនឡើងវិញនៅឆ្នាំ២០២០។ នៅជុំវិញទំនប់ដនសាហុងវិញ ក្រុមអ្នកតាមដានបានប្រទះឃើញទិន្នន័យគួរឱ្យភ្ញាក់ផ្អើលមួយ នោះគឺក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលចាប់នៅភាគខាងជើងប្រទេសកម្ពុជាបានធ្លាក់ចុះ ប៉ុន្តែវាបានកើនឡើងខ្លាំងនៅផ្នែកខាងក្រោមនៃទំនប់ទៅវិញ។
ទោះជាយ៉ាងនេះក្តី លទ្ធផលទាំងនេះបានមកពីវដ្តតាមដានមួយប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
ក្រុមអ្នកតាមដានបរិស្ថានរួម(JEM)បានស្នើឱ្យតាមដានពីរទៅបីឆ្នាំបន្ថែមទៀត ដើម្បីទាញឱ្យបាននូវ«ការសន្និដ្ឋានដ៏មុតមាំមួយ»ពីផលប៉ះពាល់នៃការអភិវឌ្ឍទំនប់វារីអគ្គិសនី និងសម្ពាធនានាបង្កើតឡើងដោយសកម្មភាពមនុស្ស។
លោក អានុល័ក ខិធិឃួន (Anoulak Kittikhoun) នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ(MRC )បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «យើងត្រូវដឹងពីកម្រិតនៃបញ្ហាប្រឈមរបស់យើង និងធ្វើការកំណត់ពីវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត ដើម្បីវាយតម្លៃផលប៉ះពាល់នេះ។ ខណៈដែលរបាយការណ៍នេះ បង្ហាញពីផលប៉ះពាល់ខ្លះៗនៃទំនប់វារីអគ្គិសនីនោះ វាលឿនពេកក្នុងការវាយតម្លៃថា រាល់ផលប៉ះពាល់ទាំងអស់សុទ្ធតែបណ្តាលមកពីទំនប់។ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍផ្សេងទៀតក៏អាចជាកត្តាផងដែរ»។
លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍ និងកម្មវិធីថាមពល ធនធានទឹក និងចីរភាព នៅមជ្ឈមណ្ឌល Stimson ប្រាប់វីអូអេថា វាគួរតែបញ្ចូលការពិគ្រោះយោបល់ពីសហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិលដែលសកម្មក្នុងការតាមដានឥទ្ធិពលនៃទំនប់វារីអគ្គិសនី។ លោកបន្ថែមថា ប្រជាសហគមន៍នៅក្នុងប្រទេសថៃ«អាចផ្តល់ភ័ស្តុតាង»ថា តើទំនប់នេះកំពុងផ្លាស់ប្តូរជីវិតរបស់ពួកគេ ដូចម្តេច? ហើយគណៈកម្មការទន្លេមេគង្គ ប្រតិបត្តិករទំនប់ និងរដ្ឋាភិបាលថៃអាចធ្វើការជាមួយពួកគេ ដើម្បីសម្រាលផលប៉ះពាល់ និងផ្តល់នូវមធ្យោបាយសម្របសម្រួល។
លោកក៏ចោទជាសំណួរអំពីការប្រមូលទិន្នន័យ ដែលលោកថាគួរតែមានទិន្នន័យ និងព័ត៌មានពីប្រតិបត្តិករទំនប់ ជាជាងផ្តោតតែលើទិន្នន័យពីទឹកទន្លេដែលអាចវាស់ស្ទង់បាន ដើម្បីអាចបង្កើនតម្លាភាពកាន់តែខ្លាំងក្លា។ លោកក៏ជំរុញឱ្យមានការពិគ្រោះយោបល់រួមគ្នាជាមួយសហគមន៍នៅផ្នែកខាងលើទំនប់ និងក្រោមទំនប់ផងដែរ។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក ដាវង់ ផនកែវ (Daovong Phonekeo) ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែរបស់ប្រទេសឡាវ តាមសារអ៊ីម៉ែលបាននៅឡើយទេ។ ប៉ុន្តែកាលពីកន្លងទៅ លោកធ្លាប់ប្រាប់វីអូអេថារដ្ឋាភិបាលឡាវបានសិក្សាផលប៉ះពាល់បរិស្ថានច្បាស់លាស់ មុននឹងស្ថាបនាទំនប់វារីអគ្គិសនីនានា ហើយក្រុមហ៊ុនក៏បានស្ថាបនាទំនប់ ដោយបញ្ចៀសផលប៉ះពាល់ដែលអាចកើតឡើងចំពោះការបម្លាស់ទីរបស់ត្រី។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបាននៅឡើយទេ។
កាលពីឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ទំនប់វារីអគ្គិសនី ដនសាហុង (Don Sahong) របស់ឡាវ មិនប៉ះពាល់ត្រីនៅកម្ពុជានោះទេ។
គួរបញ្ជាក់ថាប្រទេសឡាវមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីផ្សេងទៀតនៅលើតួទន្លេមេគង្គ ខណៈប្រទេសនេះមានផែនការក្លាយជាអ្នកលក់ថាមពលដ៏ធំមួយនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន៕