ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតឧបករណ៍ពិសោធន៍ឈាមដែលអាចដាក់តាមខ្លួនបាន ដែលឧបករណ៍នេះអាចឲ្យដឹងថាតើមនុស្សមានមេរោគHIV ឬស្វាយ។ ឧបករណ៍នោះបានយកទៅពិសោធន៍នៅក្នុងប្រទេស រវ៉ាន់ដា នៃទ្វីបអាហ្វ្រិកប្រកបដោយជោគជ័យ ហើយក្រុមអ្នកស្រាវជ្រាវនិយាយថាវាអាចផ្តល់របៀបពិសោធន៍លឿន ថោក និងងាយស្រួល។
ឧបករណ៍ Microfludic Chip ឬ mChip ជាគំនិតផ្ទាល់របស់លោកសាមុអែល សៀ (Samuel Sia) វិស្វករម្នាក់ខាងជីវៈវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យកូឡុមបៀ ក្នុងទីក្រុងញូវយ៉ក។
លោកមានប្រសាសន៍ថាឧបករណ៍ប្ល៉ាស្ទិកតូចនេះអាចធ្វើរោគវិនិច្ឆ័យមេរោគ HIV និងស្វាយបាននៅក្នុងរយៈ២០នាទី ដោយគ្រាន់ប្រើតែឈាមមួយដំណក់តូច។
«អ្វីដែលយើងបានធ្វើនោះគឺដើម្បីបង្រួមឲ្យតូចនូវការធ្វើតេស្តដ៏ស្មុគស្មាញក្នុងមន្ទីរពិសោធន៍ឲ្យទៅជារបស់តូចមួយ ទំហំប៉ុនប័ណ្ណឥណទានដែលលោកអ្នកអាចកាន់ក្នុងដៃបាន។ ដូច្នេះលោកអ្នកគ្រាន់តែបន្តក់ឈាមចុងម្រាមដៃមួយដំណក់តូចនៅលើឧបករណ៍នោះហើយរង់ចាំ១៥នាទី លោកអ្នកបានទទួលលទ្ធផល»។
ឧបករណ៍ mChip ដែលប្រើហើយបោះចោល មានតម្លៃតែមួយដុល្លារប៉ុណ្ណោះ រីឯប្រដាប់សម្រាប់ធ្វើរោគវិនិច្ឆ័យមួយឈុត មានតម្លៃប្រមាណ១០០ដុល្លារ។
លោក Sia មានប្រសាសន៍ថា mChip បានពិសោធគំរូឈាមជាង៤០០ នៅមន្ទីរពេទ្យក្នុងទីក្រុងគីហ្គាលី ប្រទេសរវ៉ានដា។ លោកថ្លែងថា Chip នោះបានផ្តល់លទ្ធផលត្រឹមត្រូវ១០០ភាគរយនៅក្នុងការតាមរកមេរោគ HIV ដោយមានករណីវិជ្ជមានមិនពិតតែមួយគត់ ដែលករណីនោះអ្នកស្ម័គ្រចិត្តម្នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យដោយមានកំហុស។ ចំពោះការធ្វើពិសោធន៍មេរោគស្វាយវិញ ឧបករណ៍ mChip មានភាពសុក្រិតត្រឹមតែ៩៤ភាគរយ ដោយមានកំហុសបួនករណីប៉ុណ្ណោះក្នុងចំណោមឈាមដែលគេយកធ្វើជាគំរូទាំងអស់៦៧។
អត្ថបទរៀបរាប់អំពី ឧបករណ៍ mChip ត្រូវបានបោះពុម្ភផ្សាយក្នុងទស្សនាវដ្តីពេទ្យឈ្មោះ Nature Medicine។
ប្រែសម្រួល ដោយ នុច សារីតា