គណបក្ស​បង្កើត​ដោយ​អតីត​​តំណាង​រាស្រ្ត​​បក្ស​សង្រ្គោះ​ជាតិ​ចាប់​ផ្តើម​ពង្រឹង​រចនា​សម្ព័ន្ធ​មូលដ្ឋាន

រូបឯកសារ៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែលបច្ចុប្បន្ន​ជា​ស្ថាបនិក​គណ​បក្ស​កែ​ទម្រង់​កម្ពុជា ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន​នៅក្បែរអគារតុលាការកំពូល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ (ទី អូលីស្សា/វីអូអេ) 

នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​ក្រោយ​នេះ គណបក្ស​កែ​ទម្រង់​កម្ពុជា (Cambodia Reform Party) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​តំណាង​រាស្រ្ត​គណ​បក្ស​សង្រ្គោះ​ជាតិ ​បាន​ចាប់​ផ្តើម​រៀបចំ​រចនា​សម្ព័ន្ធ​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន។

សកម្មភាព​នៃ​ការ​ចុះ​ទៅ​តាម​បណ្តា​ខេត្ត ដើម្បី​ជួប​សកម្ម​ជន​របស់​ខ្លួន ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គណបក្ស​កែ​ទម្រង់​កម្ពុជា ដែល​មាន​ពាក្យ​ស្លោក​ថា​«ប្រជាធិបតេយ្យ កំណែ​ទម្រង់ ឯក​ភាព​ជាតិ»និង​«គិត​ផល​ប្រយោជន៍​ខ្មែរ​ជា​ធំ»។ ស្លាក​សញ្ញា​គណបក្ស​មាន​រូប​សត្វ​ដំរី​ស ដែល​ប្រមោយ​មាន​តោង​ផ្កាឈូក។ នៅ​ក្នុង​ការ​ចុះ​តាម​មូលដ្ឋាន​នោះ ក៏​មាន​លោក ​ប៉ុល ហំម និង​លោក អ៊ូ ច័ន្ទរ័ត្ន ​អតីត​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ ​ក្រោយ​មាន​ការ​ស្នើ​សុំ​ទៅ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង។

លោក​ អ៊ូ ច័ន្ទរ័ត្ន ដែល​ជា​ស្ថាបនិក​គណ​បក្ស​កែ​ទម្រង់​កម្ពុជា បាន​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​លោក​និង​ក្រុម​ការងារ​គណបក្ស​បាន​ចុះ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ដូចជា​ខេត្ត​តាកែវ​ ព្រះវិហារ ​និង​កំពង់​ចាម​ជា​ដើម នា​ពេល​ថ្មីៗ​នេះ​ ដើម្បី​ជួប​សំណេះ​សំណាល​ជាមួយ​សកម្មជន​និង​អ្នក​ដែល​ចង់​ចូល​រួម​ជាមួយ​គណបក្សរបស់​លោក។

អតីត​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​តាកែវ​ លោក ​អ៊ូ ច័ន្ទរ័ត្ន ​បានប្រកាស​បង្កើត​ថា «គណ​បក្ស​កែទម្រង់​កម្ពុជា» កាល​ពី​ខែ​មករា ​បន្ទាប់​ពី​លោក​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ ក្រោយ​មក លោក​ ប៉ុល ហំម ​អតីត​អនុ​ប្រធាន​ទី​មួយ​របស់​គណបក្ស​សង្រ្គោះ​ជាតិ ​បានចូលរួម​ក្នុង​គណបក្ស​នេះ​ផង​ដែរ​នា​ពេល​ថ្មីៗ​នេះ។

លោក​ អ៊ូ ច័ន្ទរ័ត្ន​ ក៏​បាន​សង្កត់​ធ្ងន់​ពី​សារ:សំខាន់​នៃ​ការ​ចូលរួម​របស់​លោក​ ប៊ុល ហំម នៅ​ក្នុង​គណ​បក្ស ខណៈទទួល​ស្គាល់​ថា​មាន​ការ​ជំទាស់​ពី​អ្នក​ដែលនៅ​បន្ត​រង់ចាំ​ការ​វិល​ត្រឡប់​របស់​គណបក្ស​សង្រ្គោះ​ជាតិ​មក​វិញ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «យើង​ឃើញ​មាន​ការ​ប្រែប្រួល​ច្រើន​ដោយ​សារ​តែ​ប្រជាពលរដ្ឋនៅ​តាម​មូលដ្ឋាន​ហ្នឹង​លោក​គាំទ្រ​ឯកឧត្តម​ ប៉ុល ហំម ​ហើយ​ជា​ពិសេស​ឯកឧត្តម​ ប៉ុល ហំម លោក​ជា​អនុប្រធាន​ទី​មួយ​នៅ​ក្នុង​គណបក្ស​សង្រ្គោះ​ជាតិ​នោះ។ អាច​នឹង​ទាញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ហ្នឹង​លោក​មាន​ទំនុកចិត្ត​កាន់​តែ​ខ្លាំង​។ ប៉ុន្តែ​មាន​ឧបសគ្គ​មួយ​ចំនួន​ដែរ ដូចជា​ការ​រារាំង​ពី​អ្នក​មាន​និន្នាការ​ប្រឆាំង​ក៏​មាន​ខ្លះ​ដែរ។ មាន​អ្នក​មាន​ទស្សនៈ​ចាំ​អន្តរ​ជាតិ​ហ្នឹង​ក៏​មាន​ទៅ។​ អ្នក​ដែល​មាន​ទស្សនៈ​ថា​បើ​មិន​មាន​សង្រ្គោះជាតិ​ទេ​ មិន​ចូលរួម​ទេ​ហ្នឹង​ ក៏​មាន​ខ្លះ​ដែរ​»។

រូបឯកសារ៖ លោក ប៉ុល ហំម ជាសមាជិក​គណបក្ស​កែ​ទម្រង់​កម្ពុជា កាល​ពី​លោក​នៅ​ជា​សមាជិក​គណបក្ស​សង្គ្រោះជាតិ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/វីអូអេ)

លោក​បន្ថែម​ថា​នា​ពេល​បច្ចុប្បន្ន ថ្នាក់​ដឹកនាំ​គណ​បក្សកំពុង​រៀបចំ​ប្រមូល​ស្នាម​មេដៃ​សមាជិក និង​គោល​នយោបាយ​ជូន​ក្រសួង​មហាផ្ទៃ​ ក្នុង​រយៈពេល​ប្រមាណ​ពីរ​សប្តាហ៍​ខាង​មុខ ដើម្បី​ចុះ​បញ្ជី​ឈរ​ឈ្មោះ មុន​ចាប់​ផ្តើម​ប្រតិបត្តិ​ការលើក​ស្លាក​គណបក្ស និង​បណ្តុះ​បណ្តាល​អ្នក​ចូលរួម​ ដើម្បី​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​ ដែល​ត្រូវ​កំណត់​យក​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០២២​ខាង​មុខ។ ហើយ​បេក្ខជន​ក្នុង​រចនាសម្ព័ន្ធ​មូលដ្ឋានរបស់​គណ​បក្ស​កែទម្រង់កម្ពុជា​នឹង​ក្លាយ​ជា​បេក្ខជន​ឈរ​ឈ្មោះ​តាម​ឃុំសង្កាត់​នានា។

លោក​បន្តថា មក​ទល់​ពេល​នេះ មិន​ទាន់ការ​កំណត់​តួនាទី ​តំណែង​ជាក់​លាក់​ណាមួយនៅ​ក្នុង​ជួរគណ​បក្ស​នៅ​ឡើយ​ទេ ថា​តើ​អ្នក​នយោបាយ​ណាមួយ​ជា​ប្រធាន​ និង​អនុ​ប្រធាន។

VOA ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក ​ប៉ុល ហំម​ បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក ​មាស នី អ្នក​វិភាគ​សង្គម​ និង​នយោបាយ​លើក​ឡើង​ថា​ទំនាក់​ទំនង​ជា​សម្ព័ន្ធ​ផ្នែក​យុទ្ធសាស្រ្ត​មិន​មាន​នោះ​ទេ​នៅ​ក្នុងជួរ​គណបក្ស​តូច​ៗ ដូច្នេះ​គណ​បក្ស​ទាំង​នោះ​ មិន​អាច​ប្រកួតប្រជែង​នឹង​គណ​បក្ស​កាន់​អំណាច ដើម្បី​អាច​ស្តារ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ​បាន​នោះ​ទេ។

លោក​ថ្លែង​ថា៖ «នៅ​ក្នុង​ការ​ស្តារ​ឡើង​វិញ​នេះ​ វា​អាច​មាន​ពីរ​។ ទី​មួយ​ប្រសិន​បើ​គ្រាន់​តែ​បង្កើត​ឡើង​រៀង​ខ្លួន ហើយ​ធ្វើ​ការ​រៀង​ខ្លួន។ អាហ្នឹង​វា​អាច​ទៅ​ជា​សួន​លម្អ​ប្រជាធិបតេយ្យ ហើយ​គណបក្ស​កាន់​អំណាចក៏​អាច​អះអាង​ថា គេ​កំពុង​ស្តារ​ដែរ​ហើយ​នៅ​ក្នុង​នោះ​ព្រោះ​អី​នៅ​ពេល​នេះ​មាន​គណបក្ស​តូចៗ​កើត​កាន់​តែ​ច្រើន។ ដូច្នេះ​ បើ​សិន​ជា​យើង​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ ឬ​ក៏​ឈាន​ទៅ​រក​ការ​នាំ​មក​វិញ​នូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ​សម្រាប់​កម្ពុជា​នេះ គណបក្ស​តូចៗ ហ្នឹង​ខ្ញុំ​គិត​ថា​បើ​ធ្វើ​រៀង​ខ្លួន​បែប​នេះ មិន​ដឹង​អាច​ទៅ​យក​ជ័យជម្នះ​អី​មក​គណ​បក្ស​កាន់​អំណាច​បាន​នោះទេ»។

​លោក​ មាស នី ​បន្ថែម​ថា​ការប្រមូល​ការ​គាំទ្រ​មូល​ដ្ឋាន​ពី​សំណាក់​គណបក្ស​នយោបាយ​តូចៗ​បង្កើត​ឡើង​ដោយ​អតីត​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ គឺ​កាន់​តែ​ធ្វើ​ឲ្យ​បាច​សាច​សំឡេង​គាំទ្រ​ដែល​ធ្លាប់​តែ​ប្រមូល​ផ្តុំគ្នា ក្រោម​ឈ្មោះ​គណបក្ស​សង្រ្គោះ​ជាតិ​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ។

លោក ​សយ ស៊ីនថាត ​អតីត​មេឃុំ​ស្ពឺ ស្រុក​ចំការ​លើ ខេត្ត​កំពង់ចាម​ មក​ពីអតីត​គណ​បក្ស​សង្រ្គោះ​ជាតិ ​បាន​លើក​ឡើង​ថា​លោក​មិន​ទាន់​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​គណបក្ស​នយោបាយ​តូច​ណា​មួយ​ ដែល​បង្កើត​ឡើង​ដោយ​អតីត​មន្រ្តី​ជាន់ខ្ពស់​គណ​បក្ស​សង្រ្គោះជាតិ​នៅ​ឡើយ​ទេ ដោយ​លោក​រង់ចាំ​មើល​គោល​នយោបាយ​ជាក់​ស្តែង​របស់​គណបក្ស​ទាំង​នោះ​ជា​មុន​សិន។

លោក​ប្រាប់​VOA​ថា៖ «សំខាន់​ត្រង់​ថា​ទិសដៅ​ ហើយ​និង​បំណង​របស់​អ្នក​ដែល​ទៅ​បង្កើត​បក្ស​ថ្មី​ហ្នឹង គាត់​មាន​ឆន្ទៈ​ការពារ​ពលរដ្ឋ​ ការពារ​ប្រទេស​ជាតិ ជា​ការពារ​អ្វីៗ​ដែល​មាន​នៅ​លើ​ប្រទេស​កម្ពុជា ដែរ​ឬ​ក៏​អត់។ បើ​សិន​ជា​គាត់​ធ្វើ​ទៅ ​ដើម្បី​តែ​ចូលរួម​ ចង់​បាន​តែ​តំណែង ឬ​លាភ​សក្ការៈ​ផ្សេងៗ គឺ​ខ្ញុំ​មិន​អាច​ចូលរួម​បាន​ទេ»។

ចំណែក​លោក អ៊ុត ជឿន អតីត​មន្រ្តី​មូលដ្ឋាន​របស់​គណ​បក្ស​សង្រ្គោះជាតិ​នៅ​ស្រុក​មោង​ឫស្សី ខេត្ត​បាត់​ដំបង ក៏​នៅ​រង់ចាំពិនិត្យ​មើល​ជា​មុន​សិន​ផង​ដែរ មុន​ពេល​សម្រេច​ចិត្ត​ថានឹង​ចូលរួម​ក្នុង​គណ​បក្ស​នយោបាយ​តូច​ណា​មួយ​ ដោយ​សារ​សព្វ​ថ្ងៃ​នេះ​លោក​នៅ​ជាប់​បម្រាមក្នុង​ការ​ចូលរួម​សកម្ម​ភាព​នយោបាយ ក្រោម​បទ​ចោទ​ប្រកាន់​ «រួម​គំនិត​ក្បត់»។ យ៉ាង​ណាក្តី លោក​បន្ថែម​ថា​លោក​នឹង​ចូល​រួម​ក្នុង​គណបក្ស​នយោបាយ​ណា​ដែល​លោក​គិត​ថា​«បម្រើ​ប្រជា​ពលរដ្ឋ​ពិត​ប្រាកដ»៕