មជ្ឈមណ្ឌលផ្តល់ប្រឹក្សាពីការអប់រំនៅសហរដ្ឋអាមេរិកថ្មីមួយទៀត ត្រូវបានបើកសម្ពោធនៅក្នុងទីតាំងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមករានេះ។
មជ្ឈមណ្ឌលនេះត្រូវបានរំពឹងថានឹងជួយផ្តល់ព័ត៌មានអំពីការសិក្សានៅសហរដ្ឋអាមេរិក ដល់អាណាព្យាបាល និងនិស្សិតកម្ពុជាដែលរស់នៅតាមបណ្តាខេត្ត ក្រៅពីរាជធានីភ្នំពេញ។ ព័ត៌មានទាំងនោះ រួមមានឱកាសអាហារូបករណ៍ របៀបស្វែងរកសាកលវិទ្យាល័យ និងរបៀបដាក់ពាក្យចូលរៀននៅតាមសាកលវិទ្យាល័យនានា នៅសហរដ្ឋអាមេរិក។
មជ្ឈមណ្ឌល EducationUSA មានចំនួនពីរមកហើយនៅក្នុងរាជធានីភ្នំពេញ គឺមួយស្ថិតនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងមួយទៀតនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
របាយការណ៍អប់រំឆ្នាំ២០២០របស់អាមេរិក បង្ហាញថានិស្សិតកម្ពុជាជាង៧៤០នាក់សិក្សានៅសហរដ្ឋអាមេរិកក្នុងឆ្នាំសិក្សា២០១៩-២០២០។ ចំនួននេះមានការកើនឡើង៨% បើធៀបទៅនឹងឆ្នាំសិក្សា២០១៨-២០១៩។
លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា W. Patrick Murphy រំពឹងថាចំនួននិស្សិតកម្ពុជាទៅសិក្សានៅអាមេរិក នឹងមានការកើនឡើង ជាពិសេសនិស្សិតនៅតាមបណ្តាខេត្តនានា៕