វីរុស​កូវីដ១៩ បំប្លែង​ថ្មី Omicron បាន​ឆ្លង​ដល់​ប្រទេស​កាន់តែ​ច្រើន

អ្នកធ្វើដំណើរ​អន្តរជាតិ​ដែល​ពាក់​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន​មក​ដល់​អាកាស​យានដ្ឋាន Tullamarine ក្នុង​ទីក្រុង Melbourne នៅ​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈដែល​ប្រទេស​អូស្ត្រាលី​កត់ត្រា​ករណី​ដំបូង​នៃ​វីរុស​កូវីដ១៩ បំប្លែង​ថ្មី Omicron។

វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron) ដែល​គេ​បាន​រកឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ឥឡូវ​នេះ​កំពុង​ឆ្លង​រាលដាល​ទៅកាន់​ប្រទេស​ជា​ច្រើន។ ករណី​នេះ​ធ្វើ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក (WHO) ព្រមាន​ទុកជាមុន​អំពី​ហានិភ័យ​ដែល​អាច​កើតមាន និង​ជំរុញ​ឱ្យ​ប្រទេស​មួយ​ចំនួន​អំពាវនាវ​ទៅកាន់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូស​ជំរុញ។

គិត​មក​ទល់​នឹង​ថ្ងៃ​អង្គារ​នេះ ប្រទេស​ដែល​បាន​បញ្ជាក់​ថា​ មាន​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​មាន​ដូចជា​ប្រទេស​ជប៉ុន អេស្ប៉ាញ ព័រទុយហ្គាល់ កាណាដា ស្កុតលែន អូស្ត្រាលី ហូឡង់ អូទ្រីស ស៊ុយអែត និង​ដែន​កោះ Reunion របស់​ប្រទេស​បារាំង។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​របស់​មហា​សន្និបាត​សុខភាព​ពិភពលោក (World Health Assembly) កាលពី​ថ្ងៃ​ចន្ទ​ថា៖ «វីរុស​ដ៏​កាច​សាហាវ​ដែល​យើង​អាច​បង្ការ អាច​រកឃើញ និង​អាច​ព្យាបាល​នេះ នៅតែ​បន្ត​ធ្វើ​ឲ្យ​ពិភពលោក​មាន​ភាព​អាប់អួ​យូរ​តទៅ​មុខ​ទៀត»។

លោក​បាន​បន្ថែម​ថា៖ «ការ​លេច​ឡើង​នៃ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​នេះ​ គឺជា​ការ​រំឭក​មួយ​ទៀត​ថា បើ​ទោះបីជា​មនុស្ស​ជា​ច្រើន​អាច​គិត​ថា យើង​បាន​បញ្ចប់​នូវ​ជំងឺ​កូវីដ១៩ ក៏​ដោយ ក៏​ជំងឺ​នេះ ​នៅ​មិន​ទាន់​ចប់​ជាមួយ​យើង​នៅ​ឡើយ​ទេ។ យើង​កំពុង​រស់នៅ​ជាមួយ​នឹង​វដ្ដ​នៃ​ការ​ភ័យ​ស្លន់ស្លោ​ និង​ការ​ធ្វេសប្រហែស។ លទ្ធផល​ដែល​យើង​ទទួល​បាន​ដោយ​លំបាក​ អាច​ត្រូវ​បាត់បង់​ទៅវិញ​ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ ការងារ​ចំពោះ​មុខ​បន្ទាន់​បំផុត​របស់​យើង​នៅ​ពេល​នេះ​ គឺ​ការ​បញ្ចប់​ជំងឺ​ឆ្លង​រាតត្បាត​នេះ»។

ការ​គំរាមកំហែង​នៃ​វីរុស​បំប្លែង​ថ្មី​នេះ ​បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ និង​ចក្រភព​អង់គ្លេស ​អំពាវនាវ​ដល់​ពលរដ្ឋ​ពេញវ័យ​របស់​ខ្លួន​ទាំង​អស់​ឱ្យ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូស​ជំរុញ៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។