ព្រះរាជពីធីឡាយព្រះហត្ថលេខាដែលត្រូវបានត្រៀម និងរៀបចំដោយប្រុងប្រយ័ត្នខ្ពស់ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែមេសា ជាសញ្ញាបង្ហាញពីការប៉ុនប៉ងថ្មីមួយដើម្បីបញ្ជាក់ថា រដ្ឋធម្មនុញ្ញប្រទេសនេះអាចនឹងមានស្ថិរភាពវិញ។
រដ្ឋធម្មនុញ្ញលើកនេះ គឺជាច្បាប់លើកទី២០ចាប់តាំងពីប្រទេសថៃប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្នុងឆ្នាំ១៩៣២ ដែលរដ្ឋធម្មនុញ្ញមុនត្រូវបានបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំដោយសារការប្រែប្រួលនយោបាយ និងរដ្ឋប្រហារយោធា។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញលើបញ្ហានយោបាយក្នុងប្រទេសថៃជាច្រើនរូប មានភាពមន្ទិលសង្ស័យលើភាពជោគជ័យនៃរដ្ឋធម្មនុញ្ញថ្មីនេះ។
រដ្ឋធម្មនុញ្ញថ្មីនេះអាចលេចចេញជារូបរាងបានបន្ទាប់ពីរយៈពេល៣ឆ្នាំដែលក្រុមយោធាបានដណ្ដើមអំណាចពីរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី Yingluck Shinawatra ក្នុងខែឧសភា ឆ្នាំ២០១៤។
ប្រទេសថៃ បានឆ្លងកាត់រដ្ឋប្រហារ ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារចំនួន២១ដង រាប់ចាប់តាំងពីឆ្នាំ១៩៣២មក។ រដ្ឋប្រហារឆ្នាំ២០០៦ទម្លាក់លោកនាយករដ្ឋមន្ត្រី Thaksin Shinawatra ដែលជាបងប្រុសលោកស្រីនាយករដ្ឋមន្ត្រី Yingluck បាននាំឲ្យកើតមានភាពតានតឹងនយោបាយជាងមួយទសវត្សរ៍ក្នុងប្រទេសមួយនេះ។
រដ្ឋធម្មនុញ្ញថ្មីនេះត្រូវបានការឯកភាពយល់ព្រមដោយការបោះឆ្នោតប្រជាមតិកាលពីឆ្នាំមុន ហើយបន្ទាប់មកត្រូវបានគេធ្វើវិសោធនកម្មដើម្បីកំណត់ឲ្យបានច្បាស់លើព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ។
ក្រុមសមាជិកព្រឹទ្ធសភាយោធាក៏បានឯកភាពយល់ព្រម
ក្រុមសមាជិកព្រឹទ្ធសភាចំនួន២៥០រូប ដែលត្រូវបានតែងតាំងដោយរបបយោធា និងសមាជិកព្រឹទ្ធសភាចំនួន៥០០រូបទៀតដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោតជាសមាជិកព្រឹទ្ធសភា ក៏បានឯកភាពយល់ព្រមច្បាប់រដ្ឋធម្មនុញ្ញនេះដែរ។ សភាទាំងពីរ មានសិទ្ធិអំណាចក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។
ស្របពេលដែលក្រុមអ្នកវិភាគនយោបាយជាច្រើនក្នុងប្រទេសថៃមើលឃើញថា រដ្ឋធម្មនុញ្ញថ្មីនេះជាជំហានឆ្ពោះទៅមុខ ពួកគេក៏បានព្រមានថា ការណ៍ដែលក្រុមយោធានៅតែត្រួតត្រាព្រឹទ្ធសភានោះ ភាពចលាចលខាងនយោបាយអាចនៅតែកើតមានជាបន្ត។
អ្នកវិទ្យាសាស្ត្រនយោបាយមួយរូបឈ្មោះ Titipol Pakdeewanich មកពីសាកលវិទ្យាល័យ Ubon Ratchathani បាននិយាយថា ក្រុមយោធាកំពុងសម្លឹងទុកការបោះឆ្នោតជាជំហានបន្ទាប់។
«សម្រាប់រដ្ឋធម្មនុញ្ញថ្មីនេះ របបយោធានៅតែអាចមានលទ្ធភាពរក្សាអំណាចរបស់គេបាន។ ប៉ុន្តែការរក្សាអំណាចរបស់ពួកគេតាមរយៈរដ្ឋធម្មនុញ្ញ គឺមិនទាន់គ្រប់គ្រាន់នៅឡើយក្នុងប្រទេសថៃ»។
Titipol បានបន្ថែមថា៖ «សម្រាប់ក្រុមយោធា ការណ៍ដែលមានការបោះឆ្នោតគឺជារឿងមួយផ្សេងទៀតដែលគេចង់បាន ដូច្នេះពួកគេអាចនិយាយជាមួយប្រទេសលោកខាងលិចឡើងវិញ និងមានការទទួលស្គាល់កាន់តែច្រើនឡើង»។
តួនាទីរបស់គណបក្សនយោបាយនៅមិនទាន់ច្បាស់លាស់
លោក Thitinan Pongsudhirak ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូប ដែលបានសរសេរបទអត្ថាធិប្បាយខ្លួនក្នុងទំព័រសារព័ត៌មានមួយ បានសរសេរថា៖ «ទោះជាយ៉ាងណាក៏ដោយ នេះជាដំណឹងដ៏អាក្រក់ វាដូចជាភាពតានតឹងរវាងក្រុមយោធា និងក្រុមស៊ីវិលក្រោយការបោះឆ្នោតកើតឡើងសាជាថ្មី និងបង្កឲ្យមានជម្លោះ ពីព្រោះក្រុមយោធាបានភ្ជាប់ឥទ្ធិពល និងការត្រួតត្រារបស់ខ្លួនលើនយោបាយប្រទេសថៃ»។
លោកក៏បានបង្ហាញការព្រួយបារម្ភថា ប្រទេសថៃអាចនឹងចំណាយពេលមួយទសវត្សរ៍ទៀតលើជម្លោះ និងការប្រឈមមុខដាក់គ្នាបន្ទាប់ពីការបាក់បែកគ្នា និងភាពអសកម្មដ៏ធ្ងន់ធ្ងរដែលបានមានរយៈពេលជាយូរឆ្នាំមកហើយនេះ។
រដ្ឋាភិបាលយោធា បានបញ្ជាឲ្យមានការរឹតបន្តឹងយ៉ាងខ្លាំងលើគណបក្សនយោបាយដោយគ្មានកាលកំណត់ ឬរចនាសម្ព័ន្ធច្បាស់លាស់សម្រាប់ពេលវេលា ដែលគណបក្សនយោបាយទាំងនោះអាចចូលរួមយ៉ាងសកម្មសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
លោក Pandit Chanrochanakit អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា ឧបសគ្គរបស់ក្រុមយោធាគឺ ការណ៍ដែលពួកគេត្រូវចុះចេញពីតំណែងជាថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលចាប់តាំងពីចូលកាន់កាប់អំណាចក្នុងឆ្នាំ២០១៤។
លោក Pandit បានប្រាប់ វីអូអេថា៖ «បញ្ហាដ៏លំបាកបំផុតសម្រាប់របបយោធា គឺការចុះចេញពីអំណាចគឺរបៀបដែលរបបនេះអាចធ្វើការផ្ទេរអំណាចដោយសន្តិភាពដោយមិនបញ្ហាអ្វីទាំងអស់»។
លោកបាននិយាយថា គណបក្សនយោបាយនាំមុខ តួយ៉ាងគណបក្ស Pheu Thai ដែលមានទំនាក់ទំនងជាមួយលោកស្រី Yingluck Shinawatra និងគណបក្សអ្នកប្រជាធិបតេយ្យ ដែលគណបក្សទាំងពីរនេះកំពុងតែដោះស្រាយបញ្ហារបស់ខ្លួនលើភាពបែកបាក់ផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំគណបក្ស។
ក្រុមអ្នកវិភាគបាននិយាយថា មានក្រុមថ្នាក់ដឹកនាំយោធាមួយចំនួនរួចជាស្រេចក្នុងជួររដ្ឋាភិបាលកំពុងសម្លឹងមើលគណបក្សនយោបាយ ដើម្បីខ្លួនអាចឈរនៅពីក្រោយមុនពេលការបោះឆ្នោតថ្នាក់ជាតិខិតចូលមកដល់ ប្រសិនបើពួកគេត្រូវបានគេជ្រើសតាំងជាអ្នកតំណាងគណបក្សនោះ ការណ៍នេះនឹងធ្វើឲ្យក្រុមយោធារឹតតែអាចគ្រប់គ្រងកាន់តែខ្លាំងថែមទៀត។
អ្នកវិភាគមួយចំនួនបាននិយាយថា រដ្ឋធម្មនុញ្ញថ្មី គឺមានលក្ខណៈមើលស្រាលអ្នកបោះឆ្នោត។
លោក Titipol បាននិយាយថា៖ «ការណ៍ដែលរដ្ឋធម្មនុញ្ញមិនមានលក្ខណៈប្រជាធិបតេយ្យខ្លាំងនោះ គឺជារឿងព្រួយបារម្ភមួយ។ វាពិបាកនឹងជឿថា រដ្ឋធម្មនុញ្ញថ្មីនេះ អាចស្តារលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសថៃបាននោះទេ ពីព្រោះតាមគំនិតខ្ញុំ វាមានលក្ខណៈមើលស្រាល (គោលការណ៍) មនុស្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក»។
លោកបានបន្ថែមថា៖ «រដ្ឋធម្មនុញ្ញថ្មីនេះ មិនបានបញ្ចូលការឲ្យតម្លៃមនុស្សស្មើភាពគ្នាឡើយ។ ដូច្នេះនៅពេលដែលរដ្ឋធម្មនុញ្ញមិនមានលក្ខណៈប្រជាធិតេយ្យផងនោះ ថាតើអ្នកអាចរំពឹងថា ឲ្យមានប្រជាធិបតេយ្យក្នុងប្រទេសហ្នឹងយ៉ាងដូចម្តេច?»។
ក្រុមអ្នកវិភាគបានកត់សម្គាល់ថា រដ្ឋធម្មនុញ្ញថ្មីនេះ បានអនុញ្ញាតឲ្យរដ្ឋសភាជ្រើសតាំងនាយករដ្ឋមន្រ្តីដែលមិនទាន់មានអាសនៈក្នុងរដ្ឋសភា។
លោក Pandit នៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា ការណ៍នេះនឹងបង្កើតឲ្យមានការភ័យខ្លាចនានានៃបាតុកម្មនយោបាយប្រឆាំងតវ៉ាសាជាថ្មីដូចឆ្នាំ១៩៩២ ប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី Suchinda Kraprayoon ដែលត្រូវក្រុមយោធាលើកបន្តុប។
លោក Suchinda ត្រូវបានគេបង្ខំឲ្យលាលែងពីតំណែង៣ថ្ងៃ បន្ទាប់ពីមានការបង្ហូរឈាមដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៥០នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស។
លោក Pandit បាននិយាយថា៖ «ចលនាងើបប្រឆាំងឆ្នាំ១៩៩២ (ដែលបានកើតឡើង) នោះ ពីព្រោះតែយើងមិនចង់បានអ្នកដែលមិនមែនជាតំណាងយើងក្លាយជានាយករដ្ឋមន្រ្តី។ ដូច្នេះ ការណ៍នេះ អាចនឹងជាបញ្ហាមួយផ្សេងទៀតសម្រាប់រដ្ឋាភិបាលយោធា»។
បាតុកម្មប្រឆាំងតវ៉ានានា ត្រូវបានបញ្ចប់ទៅវិញនៅពេលដែលអតីតព្រះមហាក្សត្រ Bhumibol Adulyadej ចូលធ្វើព្រះរាជអន្តរាគមន៍ ដោយបង្ខំឲ្យមានការបញ្ចប់ការគ្រប់គ្រងដោយក្រុមយោធា និងបើកឲ្យមានរយៈកាលដ៏វែងនៃការវិវត្តលទ្ធិប្រជាធិបតេយ្យ៕
ប្រែសម្រួលដោយ កោះ សុគន្ធី