លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលកាន់អំណាចជិត ៦ ខែមកហើយ កំពុងរីករាយនឹងទំនាក់ទំនងដ៏កក់ក្តៅជាមួយមេដឹកនាំលោកខាងលិច។ លោកបានបញ្ជាក់ជំហរទំនាក់ទំនងរវាងរដ្ឋាភិបាលរបស់លោកជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង និងរក្សានូវយុទ្ធសាស្រ្តរឹតត្បិតក្នុងប្រទេសបន្តពីឪពុករបស់លោក គឺអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលកាន់អំណាចជិត ៤០ ឆ្នាំ។ នេះបើតាមអ្នកតាមដានស្ថានភាពសង្គមនិងនយោបាយនៅកម្ពុជា។
ភាពផ្ទុយគ្នានៃការស្វាគមន៍របស់មេដឹកនាំពិភពលោកខាងលិច និងការរិះគន់អំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងប្រទេស បានបង្កជាក្តីព្រួយបារម្ភសម្រាប់អ្នកតស៊ូមតិលើបញ្ហាសិទ្ធិមនុស្សដែលចង់ឃើញប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប និងម្ចាស់ជំនួយផ្សេងទៀតដាក់គំនាបលើរដ្ឋាភិបាលថ្មី ដើម្បីបើកលំហសេរីភាពនយោបាយ បន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ ២០២៣ ដែលមិនមានវត្តមានគណបក្សជំទាស់ដ៏ចម្បង គឺគណបក្សភ្លើងទៀន។
លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ដែលធ្វើការលើកកម្ពស់សិទ្ធិកម្មករ កត់សម្គាល់ថា លោកមើលមិនឃើញមានការផ្លាស់ប្តូរអ្វីឡើយ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដូចជាការផ្លាស់ប្តូរជាវិជ្ជមានអ្វីមួយ ឬក៏ការធ្វើឱ្យសេវាសាធារណៈមានភាពល្អប្រសើរ។ លោកបន្ថែមថា ស្ថានភាពសិទ្ធិមនុស្សនៅតែមិនល្អសម្រាប់ប្រទេសកម្ពុជាឡើយ រហូតមកដល់ពេលនេះ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំមើលទៅថា វាអត់មានអីដូរទេ។ តុលាការនៅតែជាឧបករណ៍សម្រាប់អ្នកមានអំណាច អ្នកនយោបាយអីប្រើ ដើម្បីយកឈ្នះ ឬក៏បំបាក់នូវគូប្រកួតប្រជែង។ អ៊ីចឹងបើយើងក្រឡេកមកសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយវិញទៀត ក៏កាន់តែយ៉ាប់ដែរ»។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានហៅលោក ហ៊ុន ម៉ាណែត ដែលទទួលការអប់រំនៅក្រៅប្រទេសថាជា «ស្រាចាស់ក្នុងដបថ្មី»។
លោកប្រាប់វីអូអេតាមសារអ៊ីម៉ែលថា៖ «លោក [ហ៊ុន ម៉ាណែត] នៅតែពឹងផ្អែកទាំងស្រុងទៅលើការគាំទ្ររបស់ឪពុកលោក។ ដូច្នេះលោកមិនហ៊ានផ្លាស់ប្តូរអ្វីឡើយ ជាពិសេសលើបញ្ហារសើប ដូចជាសិទ្ធិមនុស្ស។ មានផ្លូវជាច្រើនដែលលោក ម៉ាណែត អាចបង្ហាញថា លោកខុសពីឪពុករបស់លោក ប្រសិនបើលោកចង់។ ប៉ុន្តែលោកមិនបានធ្វើសោះ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា មិនមានអ្វីខុសគ្នាទេរវាងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដោយសារមេដឹកនាំទាំងពីរដើរតាមនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ លោកថ្លែងថា អ្វីដែលសំខាន់ គឺមេដឹកនាំបំពេញតម្រូវការរបស់ម្ចាស់ឆ្នោត។
លោកប្រាប់វីអូអេថា៖ «អ្នកសារព័ត៌មានជាច្រើនតែងតែឆ្ងល់ សួរមូលហេតុអីការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត មិនខុសអីពីសម្តេចតេជោ ហ៊ុន សែន ពីព្រោះយើងដឹងហើយការបោះឆ្នោតអនុវត្តតាមប្រព័ន្ធសមាមាត្រ។ គណបក្សនយោបាយណាដែលឈ្នះឆ្នោត ហើយឡើងកាន់អំណាច ដែលជារាជរដ្ឋាភិបាលដឹកនាំប្រទេស គឺអនុវត្តកម្មវិធីរបស់គណបក្សនយោបាយដែលឈ្នះឆ្នោតនោះ»។
លោក ហ៊ុន ម៉ាណែត តំណាងឱ្យការផ្ទេរអំណាចជាជំនាន់ក្នុងប្រទេសកម្ពុជា ដោយរដ្ឋាភិបាលថ្មីជាមនុស្សថ្មី ហើយជាគ្រួសារនិងសែស្រឡាយរបស់មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។ ការឡើងកាន់អំណាចផ្លូវការរបស់លោក ចាប់តាំងពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ កើតឡើងស្របពេលដែលអាជ្ញាធរបន្តកម្ទេចក្រុមប្រឆាំង ដូចអ្វីដែលបានកើតឡើងតាំងពីឆ្នាំ ២០១៧ នៅមុនការបោះឆ្នោត។ គណបក្សកាន់អំណាចត្រូវបានរិះគន់ថា កម្ទេចក្រុមប្រឆាំង និងរឹតត្បិតសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិល។
ប៉ុន្តែលោក ហ៊ុន ម៉ាណែត អាយុ ៤៦ ឆ្នាំ ដែលទទួលការអប់រំនៅបណ្ឌិត្យសភា West Point សហរដ្ឋអាមេរិក ផ្នែកយោធា និងមានបទពិសោធន៍ផ្នែកយោធាក្នុងប្រទេសកម្ពុជា បានប្រឈមតិចតួចនឹងការរិះគន់ពីបរទេស ដែលឪពុករបស់លោកតែងតែប្រឈមខ្លាំង នៅពេលលោកកាន់អំណាច។ លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា រំពឹងថានឹងក្លាយជាប្រធានព្រឹទ្ធសភា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាដែលនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះ។
កញ្ញា លី ស្រីស្រស់ អ្នកអត្ថាធិប្បាយនយោបាយ និងជាគ្រូឧទ្ទេសនៅសាកលវិទ្យាល័យក្នុងទីក្រុងភ្នំពេញ លើកឡើងថា អ្នកការទូតបរទេសឃើញតម្លៃយុទ្ធសាស្រ្តមួយក្នុងការប្រាស្រ័យទាក់ទងជាមួយលោក ហ៊ុន ម៉ាណែត បើទោះមានសុទិដ្ឋិនិយមតិចតួចដែលលោកនឹងខុសពីឪពុករបស់លោក ដែលជាអតីតមេដឹកនាំកម្ពុជាត្រូវបានរិះគន់ថាដឹកនាំបែបផ្តាច់ការ។
កញ្ញាថ្លែងថា៖ «ខ្ញុំមើលឃើញថា ប្រទេសលោកខាងលិចហ្នឹងនៅតែចង់ស្វែងរកនូវទំនាក់ទំនង ឬក៏កសាងទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាមួយរដ្ឋាភិបាលផ្សេងទៀតនៅក្នុងតំបន់អាស៊ីដែរ។ ហើយទាក់ទងជាមួយនឹងប្រទេសកម្ពុជា ខ្ញុំមើលឃើញថា ចំណុចសំខាន់នោះ ទាក់ទងនឹងភូមិសាស្រ្តនយោបាយដែលកម្ពុជាក៏ជាតំបន់យុទ្ធសាស្រ្តមួយដែលមានទំនាក់ទំនងស្និទ្ធជាមួយនឹងចិន។ អ៊ីចឹងនេះជាចំណុចសំខាន់ដែលប្រទេសលោកខាងលិចត្រូវយកចំណុចនេះជាចំណុចស្នូល នៅក្នុងការរក្សាទំនាក់ទំនង»។
កញ្ញាបញ្ជាក់បន្ថែមថា៖ «ខ្ញុំមើលឃើញថា ទំនាក់ទំនងដែលលោកខាងលិចព្យាយាមកសាងហ្នឹង អាចមិនប៉ះទៅលើចំណុចសំខាន់ៗខ្លាំងទេ អាចត្រឹមនៅក្នុងកម្រិតនៅក្នុងការវិនិយោគ ទាក់ទងជាមួយនឹងជំនួញ ឬក៏ទាក់ទងជាមួយនឹងការកសាងអភិវឌ្ឍទៅលើវិស័យកសិកម្មអីជាដើម»។
កាលពីខែមករា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង ហើយលោកបានជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron។ នៅអឺរ៉ុប លោក ហ៊ុន ម៉ាណែត ក៏ជួបអ្នកស្រី Samantha Power អ្នកគ្រប់គ្រងនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានទៅចូលរួមកិច្ចប្រជុំនៅទីនោះ។ អ្នកស្រី Samantha Power បានលើកឡើងលើប្រព័ន្ធសង្គមថាភាគីទាំងពីរបានពិភាក្សាអំពីឱកាសក្នុងការកសាងទំនាក់ទំនងផ្លែផ្កាបន្ថែមទៀត ប៉ុន្តែមិនបានលើកឡើងជាសាធារណៈអំពីបញ្ហាសិទ្ធិមនុស្ស ឬក៏ប្រជាធិបតេយ្យឡើយ។
កាលពីខែតុលា ឆ្នាំ ២០២៣ លោក ហ៊ុន ម៉ាណែត ក៏បានធ្វើដំណើរទៅកាន់ប្រទេសចិនដែលជាដំណើរទស្សនកិច្ចដំបូងទៅក្រៅប្រទេស ក្រោយលោកទទួលតំណែងជានាយករដ្ឋមន្រ្តីពីឪពុករបស់លោក។ នៅទីក្រុងប៉េកាំង លោកបានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ហើយលោកបានសន្យាថា រដ្ឋាភិបាលថ្មីរបស់លោកនឹងបន្តមិនផ្លាស់ប្តូរនូវគោលជំហរទៅកាន់ប្រទេសចិន។
ចំណែកកាលពីខែកញ្ញា ឆ្នាំមុន សហរដ្ឋអាមេរិកក៏បានសម្រេចផ្ដល់ជំនួយឡើងវិញដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារ តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។ អាមេរិកបានផ្អាកជំនួយនោះ ក្រោយការបោះឆ្នោតកាលពីខែកក្កដា ដែលអាមេរិករិះគន់ថាមិនសេរីនិងយុត្តិធម៌។
ខណៈលោក ហ៊ុន ម៉ាណែត ពង្រឹងទំនាក់ទំនងជាមួយមេដឹកនាំលោកខាងលិច ការរឹតត្បិតក្នុងប្រទេសកម្ពុជាក៏បន្តកើតមាន ហើយមានក្តីសង្ឃឹមតិចតួចថា វានឹងមានភាពប្រសើរឡើង។
កាលពីខែមករា មន្រ្តីគណបក្សជំទាស់ភ្លើងទៀន ៤ នាក់ត្រូវបានចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ ក្រោមបទចោទក្លែងបន្លំឯកសារ ក្នុងការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតដែលជាសំណុំរឿងកើតឡើងកាលពីឆ្នាំ ២០២២។ គណបក្សភ្លើងទៀនបានថ្កោលទោសការចាប់ខ្លួននេះ ហើយចាត់ទុកជាការគំរាមកំហែងថ្មី និងដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងធ្វើឱ្យបរិយាកាសនយោបាយអាប់អួរបន្ថែមទៀត មុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាថ្ងៃទី ២៥ ខែកុម្ភៈខាងមុខ។
កាលពីសប្តាហ៍មុន គឺនៅមុនដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងបាងកក សកម្មជននយោបាយខ្មែរចំនួន ៣ រូបដែលកាន់កាតទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ក្នុងនាមជាជនភៀសខ្លួន និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន។ សកម្មជនមួយចំនួនដែលគេចខ្លួនជ្រកកោនក្នុងប្រទេសថៃត្រូវបានរាយការណ៍ថា ពួកគេត្រៀមខ្លួនតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែតក្នុងប្រទេសថៃ។
កាលពីថ្ងៃពុធ នៅក្នុងសន្និសីទរួមមួយជាមួយនាយករដ្ឋមន្រ្តីថៃ ក្រោយជំនួបពិភាក្សាទ្វេភាគី លោក ហ៊ុន ម៉ាណែត ដែលបំពេញទស្សនកិច្ចនៅទីនោះ បានអរគុណមេដឹកនាំថៃដែលមិនអនុញ្ញាតឱ្យមានសកម្មភាព «លូកដៃចូលកិច្ចការផ្ទៃក្នុង» កម្ពុជា ក្រោយការចាប់សកម្មជននយោបាយខ្មែរដែលជ្រកកោននៅក្នុងប្រទេសថៃ។
ចំណែកកាលពីថ្ងៃចន្ទ ក្រុមមេធាវីរបស់លោក ហ៊ុន សែន បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក ស៊ឹង សែនករុណា មន្រ្តីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក ចំពោះពាក្យសម្តីនៅក្នុងសារព័ត៌មាន The Cambodia Daily ដែលលោក ហ៊ុន សែន ថាប៉ះពាល់កិត្តិយសរបស់គណបក្សកាន់អំណាច។ លោក ហ៊ុន សែន បានទាមទារសំណងជំងឺចិត្តចំនួន ២ ពាន់លានរៀល ឬប្រមាណ ៥០ ម៉ឺនដុល្លារពីលោក ស៊ឹង សែនករុណា។
ទោះជាយ៉ាងណា ប្រជាជនកម្ពុជាមួយចំនួនបានឃើញពីភាពខុសគ្នា និងក្តីសង្ឃឹមចំពោះមេដឹកនាំថ្មី លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលដែលដឹកនាំបានជិត ៦ ខែមកនេះ។
លោក ជន សុខធូធារាជ្យ អាយុ ២២ ឆ្នាំ និស្សិតឆ្នាំទី ៤ ផ្នែករដ្ឋបាលធុរកិច្ចនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ថ្លែងថា លោកបានកត់សម្គាល់ឃើញរដ្ឋាភិបាលថ្មីដែលមានសមត្ថភាពក្នុងការដឹកនាំ។ លោកក៏សរសើរនាយករដ្ឋមន្រ្តីថ្មី លោក ហ៊ុន ម៉ាណែត ថា«មានសិល្បៈក្នុងការទំនាក់ទំនង»។
យុវជនរូបនោះសង្ឃឹមថា មេដឹកនាំថ្មី ក៏ដូចជារដ្ឋាភិបាលថ្មីនឹងបង្ហាញសមិទ្ធភាពដែលរដ្ឋាភិបាលបានធ្វើឱ្យបានទៀងទាត់ និងគ្រប់ជ្រុងជ្រោយ ហើយសាធារណៈជនអាចបង្ហាញទស្សនៈចម្រុះលើសមិទ្ធផលទាំងនោះ «ដោយមិនមានភាពភ័យខ្លាច»៕