នាយក​ស្តីទី​​ថ្មី​នៃ​ទីភ្នាក់ងារ USAGM ចាប់​ផ្តើម​ប្រែក្រឡាស់​គោល​នយោបាយ​របស់​​នាយក​មុន

បដាសម្គាល់ទី​ភ្នាក់ងារ​​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល​ ហៅ​កាត់​ថា USAGM នៅទីស្នាក់ការកណ្តាលរបស់វីអូអេ នៅរដ្ឋធានីវ៉ាស៊ីនតោន។

វ៉ាស៊ីនតោន — រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden ថ្មីៗ​នេះ​បាន​ដក​លោក Michael Pack នាយក​នៃទី​ភ្នាក់ងារសហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល​ ហៅ​កាត់​ថា USAGM ចេញ​ពី​តំណែង ​ហើយ​លោក Biden បាន​តែងតាំង​លោកស្រី Kelu Chao ដែល​ជា​បុគ្គលិក​វីអូអេ​ជើងចាស់​ ដែល​ទទួល​បាន​គោរព​យ៉ាង​ខ្លាំង ឱ្យ​ធ្វើ​ជា​នាយក​ស្តីទី​នៃ​ទីភ្នាក់ងារ USAGM ដែល​ជា​ស្ថាប័ន​មេ​របស់​វីអូអេ។

ក្នុង​វិធានការ​ភ្លាមៗ​ នៅ​ថ្ងៃ​ទី​១ ​នៃ​ការ​ចូល​កាន់​តំណែង​ជា​នាយក​ស្តី​ទី​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល ហៅ​កាត់​ថា USAGM អ្នកសារព័ត៌មាន​អាជីពអ្នកស្រី Kelu Chao បានដក​ថ្នាក់​ដឹកនាំ​នៅ​សំឡេង​សហរដ្ឋ​អាមេរិកវីអូអេ។​

នេះ​ជា​ចំណាត់ការ​ប្រែក្រឡាស់​នូវការ​តែងតាំង​ពី​មុន​មក ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង របស់​នាយក​មុន​គឺ​លោក Michael Pack ដែលត្រូវ​តែងតាំង​ដោយ​អតីត​ប្រធានាធិបតី​ Donald Trump។​

លោក Robert Reilly ដែល​ត្រូវ​លោក Pack តែងតាំងជា​នាយក​វីអូអេ​កាល​ពី​ខែ​ធ្នូ ត្រូវ​បាន​ដក​ចេញ​ជាមួយ​នឹង​អនុប្រធាន​របស់​លោក​គឺ​អ្នកស្រី Elizabeth Robbins។ អ្នកស្រី Yolanda Lopez អតីត​នាយិកា​មជ្ឈមណ្ឌល​ព័ត៌មាន​របស់​វីអូអេ ដែល​ត្រូវ​លោក Reilly ប្តូរ​តួនាទី​កាល​ពី​ពាក់​កណ្តាល​ខែ​មករា ត្រូវ​បាន​តែងតាំង​ជា​នាយក​ស្តី​ទី​នៃ​វីអូអេ។

ការ​ចាក​ចេញ​របស់​លោក Reilly ធ្វើ​ឱ្យ​លោក​ក្លាយជានាយក​វីអូអេ​ដំបូង​បំផុត​ ដែល​បាន​ចុះចេញ​ពី​តំណែង​ពីរ​ដង។ កាលពី​ឆ្នាំ​ ២០០១ លោក​បាន​កាន់​តំណែង​ជា​នាយក​វីអូអេ​លើកទី១​ ដែល​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ ។ កាលពីខែធ្នូ ឆ្នាំ​ ២០២០​ នេះ លោក​បាន​ឡើង​កាន់តំណែង​ជា​លើក​ទី២ ដែល​មាន​រយៈពេល​ប្រហែល​មួយខែ។

ទី​ភ្នាក់ងារ USAGM បាន​ផ្ញើ​សារ​អ៊ីមែល​ទៅ​កាន់​បុគ្គលិក​អំពី​ការ​ផ្លាស់​ប្តូរ​នានា​នេះ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១ ខែ​មករា។

សារ​នោះ​ក៏​បាន​បញ្ជាក់​ថា​ប្រធានាធិបតី Joe Biden បាន​ជ្រើសរើស​អ្នកស្រី Kelu Chao ដែល​ជា​បុគ្គលិក​វីអូអេ​ជើងចាស់​ដែល​ទទួល​បាន​គោរព​យ៉ាង​ខ្លាំង ឱ្យ​ធ្វើ​ជា​នាយក​ស្តីទី​នៃ​ទីភ្នាក់ងារ USAGMដែល​ជា​ស្ថាប័ន​មេ​របស់​វីអូអេ។

លោក Pack បាន​លាលែង​ពី​តំណែង​ កាល​ពី​ថ្ងៃ​ពុធ ទី​២០ ខែ​មករា ក្រោយ​ពី​រដ្ឋបាល​ថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យបាន​ជូន​ដំណឹង​ទៅ​លោក​ថា ​លោក​នឹង​ត្រូវ​ដក​ពី​តំណែង។ លោក Brian Conniff អតីត​ប្រធាន​នៃ​បណ្តាញ​ផ្សាយមជ្ឈិមបូព៌ា (Middle East Broadcasting Networks) ហៅ​កាត់​ថា MBN បាន​ត្រូវ​តែងតាំង​ជា​នាយករង​របស់​អ្នកស្រី Chao។

សេចក្តី​ប្រកាស​នោះ​ក៏​បាន​បន្ថែម​ថា លោក Jeffrey Shapiro បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​គុយបា (Office of Cuba Broadcasting)។

អ្នកស្រី Chao ដែល​ជា​អ្នក​សារព័ត៌មាន​ផ្នែក​ផ្សព្វផ្សាយ​ជើងចាស់​មួយ​រូប ដែល​បានបម្រើការ​នៅ​វីអូអ​និង​ទី​ភ្នាក់ងារ USAGM អស់​រយៈ​ពេល​ជាង​ ៤០​ ឆ្នាំ​មក​ហើយ ជា​ស្ត្រី​ដំបូង​ដែល​បាន​កាន់​តំណែង​កំពូល​នេះ​នៅ​ទីភ្នាក់ងារ USAGM។

ក្នុង​តួនាទី​ជា​នាយក​ស្តីទី​នេះ អ្នកស្រី Chao នឹង​ទទួល​ខុសត្រូវ​គ្រប់គ្រង​លើ​បណ្តាញផ្សព្វផ្សាយ និង​ស្ថាប័ន​ព័ត៌មាន​ដែល​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​ពី USAGM ដែល​ក្នុង​នោះ​រួម​មាន​វីអូអេ វិទ្យុ​អាស៊ី​សេរី (Radio Free Asia) វិទ្យុ​អឺរ៉ុប​សេរី ​និង​វិទ្យុ​សេរីភាព (Radio Free Europe/Radio Liberty) ការិយាល័យ​ផ្សព្វផ្សាយ​គុយបា បណ្តាញ​ផ្សាយមជ្ឈិមបូព៌ា និង​អង្គការ​មិន​រក​កម្រៃ​ដែល​ជំរុញ​សេរីភាព​តាម​អ៊ីនធឺណិត​ឈ្មោះ Open Technology Fund។

សេចក្តី​ប្រកាស​នោះ​ក៏​បាន​និយាយ​ថា លោក Biden នឹង​គ្រោង​តែងតាំង​នាយក​អចិន្ត្រៃយ៍​ម្នាក់​នៃ​ទីភ្នាក់ងារ USAGM នៅ​ពេល​ឆាប់ៗ​ខាង​មុខ។​

ការ​តែងតាំង​លោក Reilly ជា​នាយក​វីអូអេ​បាន​នាំ​ឱ្យ​មាន​ការ​រិះគន់​និង​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​អ្នក​តាក់តែង​ច្បាប់​អាមេរិក។

យ៉ាង​តិច​ណាស់ មាន​អ្នក​សារព័ត៌មាន​បច្ចុប្បន្ន​និង​ពី​មុន​ចំនួន​សរុប​ ៤៨​ នាក់ បាន​ទាមទារ​ឱ្យ​លោក Reilly និង​អ្នកស្រី​ Robbins ចុះចេញ​ពី​តំណែង​កាល​ពី​ពាក់​កណ្តាល​ខែ​មករា ដោយ​អ្នក​សារព័ត៌មាន​ទាំង​នោះ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ថា ​បាន​រំលោភ​លើ​ច្បាប់​សារព័ត៌មាន​របស់​ស្ថាប័ន​វីអូអេ​ ដោយ​បាន​ផ្តល់​ឱ្យ​ដល់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក នូវ​ «វេទិកា​ដ៏​សេរី​ដើម្បី​ថ្លែង​តាម​ការ​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​ផ្សាយ​របស់​យើង​ខ្ញុំ»។

ពួក​គេ​ក៏​បាន​លើក​ឡើង​ផងដែរអំ​ពី​ការ​ប្តូរ​ការងារ​ភ្លាមៗ​របស់​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ​ប្រចាំ​សេតវិមាន​ម្នាក់ ​គឺ​អ្នកស្រី Patsy Widakuswara

អ្នកស្រី Widakuswara ត្រូវ​បាន​ប្តូរ​ការងារ​ទៅ​កាន់​ក្រុមផ្សាយ​ជា​ភាសា​ឥណ្ឌូណេស៊ី​វិញ ដែល​ជា​កន្លែង​អ្នកស្រី​បានចាប់​ផ្តើម​ការងារ​ដំបូង​នៅ​វីអូអេ ក្រោយ​ពី​អ្នកស្រី​ព្យាយាម​សួរ​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo អំពី​ព្រឹត្តិការណ៍​ព័ត៌មានថ្មីៗ​នេះ នៅ​ក្រោយ​ពេល​លោក Pompeo បានថ្លែង​សុន្ទរកថា​ផ្សាយ​ផ្ទាល់​នៅ​សាល​ប្រជុំ​នៃទីស្នាក់ការ​វីអូអេ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

អ្នកស្រី Widakuswara បាន​សួរ​លោក Reilly ថា​តើ​ហេតុ​អ្វី​លោកមិន​បាន​ប្រើប្រាស់​វគ្គ​សំណួរ​ចម្លើយ​ក្រោយ​សុន្ទរកថា​នោះ​ ដើម្បី​សួរ​សំណួរ​របស់អ្នកយក​ព័ត៌មាន​វីអូអេអំពី​បញ្ហា​រសើប​មួយ​ចំនួន។

ព័ត៌មាន​ទាក់ទង៖ នាយក​វីអូអេ​ប្តូរ​ការងារ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​សេតវិមាន​របស់​វីអូអេ


រូបភាព​វីដេអូ​នៃ​ការ​ជជែក​ជាមួយ​លោក Reilly នេះ​បង្ហាញ​ថា ​ប្រធាន​វីអូអេ​រូប​នោះ​បាន​ប្រាប់​អ្នកស្រី​Widakuswara ថា អ្នកស្រី​ «មិន​ត្រូវ​បានអនុញ្ញាត»​ ឱ្យ​សួរ​សំណួរ​ទេ ហើយ​បាន​ស្តី​បន្ទោសថា​អ្នកស្រី​មិន​បាន​ធ្វើ​អាកប្បកិរិយា​ត្រឹមត្រូវ។ អ្នក Widakuswara បាន​តាម​លោក Pompeo ចេញ​ពី​អគារ​វីអូអេ​ទៀត ដោយ​ស្រែក​សួរ​សំណួរ។​

អ្នក​តាក់តែង​ច្បាប់​និង​អតីត​មន្ត្រី​ទី​ភ្នាក់ងារ​ USAGM បាន​និយាយ​កាល​ពី​ខែ​ធ្នូ​ថា មតិ​ជា​សាធារណៈ​របស់​លោក Reilly និង​សៀវភៅ​ដែល​លោក​បោះពុម្ពដែល​បង្ហាញ​ទស្សនៈ​ចម្រូងចម្រាស​អំពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ជនមូស្លីម អាចធ្វើ​ឱ្យ​ខូតខាត​មិន​អាច​កែប្រែ​វិញ​បាន​ចំពោះ​កេរ្តិ៍​ឈ្មោះនិង​ភាព​អាច​ជឿ​ទុក​ចិត្ត​បាន​របស់​ស្ថាប័ន​ព័ត៌មាន​វីអូអេ។

នៅ​ពេល​លោក​បាន​ចូល​កាន់​តំណែង​ជា​នាយក​វីអូអេ​ កាល​ពី​ខែ​ធ្នូ លោក Reilly បាន​ប្រាប់​បុគ្គលិក​ថា​ ការ​សរសេរ​របស់​លោក​ពី​មុនៗ​មក «មិន​ទាក់ទង​អ្វី​ទាំង​អស់» ទៅ​នឹង​ការងារ​ផ្លូវការ​របស់​លោក។​

លោក Eliot Engel ដែល​ពេល​នោះ​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា​ មិន​យល់​ស្រប​ទេ ហើយ​បាន​ពណ៌នា​ការ​តែងតាំង​របស់​លោក Reilly ថា​ជា​ «ការ​ខូចកិត្តិយស​និង​រឿង​អាម៉ាស់​មួយ»។​

លោក Engel ដែល​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ New York បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ខែ​ធ្នូ​ថា៖ «អ្នក​សារព័ត៌មាន​វីអូអេមិន​គួរ​ត្រូវ​រង​ការ​ខូតខាត​ដល់​កេរ្តិ៍​ឈ្មោះ ដោយ​សារ​ត្រូវ​ធ្វើ​ការ​ឱ្យ​អ្នក​ណា​ម្នាក់​ដែល​មាន​ទស្សនៈ​យ៉ាង​ចាស់គំរិលនិង​យ៉ាងខុស​ពី​គុណតម្លៃ​អាមេរិក​នេះ​ទេ»។

ទី​ភ្នាក់ងារ​ USAGM មិន​បាន​ផ្តល់​ការ​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​បណ្តេញ​លោក Reilly ចេញ​ពី​តំណែង​ទេ។

អាណត្តិរបស់​លោក Michael Pack ជា​នាយក​ប្រតិបត្តិ​ដំបូង​នៃ​ទី​ភ្នាក់ងារ USAGM មាន​ភាព​ច្របូក​ច្របល់​ ហើយ​បាន​បណ្តាល​ឱ្យ​មាន​ការ​ប្តឹងពីក្រុម​អ្នក​រាយការណ៍​អំពី​សកម្មភាព​ខុស​ច្បាប់ បទបញ្ជា​មួយ​ពីការិយាល័យ​រដ្ឋ​អាជ្ញា​ពិសេស​ឱ្យ​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​អំពី​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ ហើយដីកា​តុលាការ​ផ្សេងៗ​គ្នា​បាន​ហាម​ឃាត់​លោក Pack និង​ជំនួយការ​របស់លោក ​មិនឲ្យ​ជ្រៀតជ្រែក​ក្នុង​សេចក្តី​សម្រេច​អំពីខ្លឹមសារ​ព័ត៌មាន​របស់​វីអូអ ឬ ក្នុង​ការ​តែងតាំង​តំណែង​នៅ​មូលនិធិ Open Technology Fund។​

អតីត​នាយក USAGM រូប​នេះ​បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍នានា​ថា លោក​បាន​ព្យាយាមដោះស្រាយ​បញ្ហាសន្តិសុខ​ផ្ទៃ​ក្នុង​ធូរ​រលុង​ជា​យូរ​មក​ហើយ និង​បញ្ហា​នៃ​ខ្លឹមសារ​ព័ត៌មាន​លម្អៀង។

លោក David Seide មេធាវី​ជាន់​ខ្ពស់​នៃ​អង្គការ គម្រោងត្រួតពិនិត្យ​ការទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល (Government Accountability Project) ដែល​តំណាង​ឱ្យអ្នក​រាយការណ៍​អំពី​សកម្មភាព​ខុស​ច្បាប់នៅ​វីអូអេ​ចំនួន ២០​ នាក់ បាន​ស្វាគមន៍​ការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​នេះ។​

លោក​ថា ស្ថាប័ន​ព័ត៌មាន​នេះ​គួរ​ចាត់​វិធានការ​ប្រគល់​តួនាទី​ការងារ​របស់​អ្នកស្រី Widakuswara វិញ ក៏​ដូច​ជា​រាល់​បុគ្គលិក​ផ្សេង​ទៀត​ដែល​ត្រូវគេ​ព្យួរ​ការងារ ​ឬ​ដក​ពី​ការងារ​ដោយ​មិន​ត្រឹមត្រូវ ក៏​ដូច​ជា​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​អំពី​ការ​គ្រប់គ្រង​ស្ថាប័ន​មិន​ត្រឹមត្រូវ។

លោក Seide ថ្លែង​ថា៖ «គេ​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​ ៦​ ខែ​ចុង​ក្រោយ​នេះ។ ត្រូវ​តែ​មាន​តម្លាភាព។ ការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ថ្មី​ជា​ការ​ចាំ​បាច់។ ខ្ញុំជឿជាក់​ថា​ ពួក​គេ​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​ដំណើរការ​នេះ។»

ក្នុង​អំឡុង​ការ​កាន់​តំណែង​របស់​លោក Pack កាល​ពី​ឆ្នាំ​មុន អ្នក​តាក់តែង​ច្បាប់​បន្ថយ​អំណាច​របស់​តំណែងនាយក​ប្រតិបត្តិ​ USAGM តាម​រយៈ​ការ​បន្ថែម​យន្តការ​ត្រួតពិនិត្យ​ (checks and balances)​ ទៅ​ក្នុង​ច្បាប់ចាយវាយ​ថវិកា​របស់សហរដ្ឋ​អាមេរិក​ ក្នុង​វិស័យ​ការពារ​ប្រទេស National Defense Authorization Act។

ការ​ផ្លាស់​ប្តូរទាំងនោះ​នឹង​រារាំង​នាយកប្រតិបត្តិ​ ឬ​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ណា​ម្នាក់​មិនឱ្យ​កាន់​តួនាទី​ក្នុង​ក្រុមប្រឹក្សាភិបាល​នៃ​ស្ថាប័នព័ត៌មាន​ដែល​ទទួល​ថវិកា​ពី​ USAGM ទេ។ ម្យ៉ាង​ទៀត​ការ​ផ្លាស់ប្តូរ​នេះ​ក៏​ផ្តល់​អំណាច​ឱ្យក្រុមប្រឹក្សាភិបាល​អាច​ស្នើដល់នាយក USAGM ឱ្យ​គោរព​នូវ​បូរណភាព​និង​ឯករាជ្យភាព​របស់ស្ថាប័នផ្សាយ​ព័ត៌មាន​ទាំង​នោះ។

ក្រុមប្រឹក្សាភិបាល​នេះ​ក៏​ត្រូវ​អនុម័ត​ការ​តែងតាំង​ ឬ​ការ​បណ្តេញ​ចេញ​នាយក​នៃ​ស្ថាប័ន​ព័ត៌មាន​ក្រោម​ការ​គ្រប់គ្រង​របស់ USAGM ដែរ។​

ក្រុមប្រឹក្សាភិបាល​ទាំង​នេះ​ក៏​ត្រូវ​មាន​សមាជិក​មកពី​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​របស់​សហរដ្ឋ​អាមេរិក ហើយ​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​ទាំងឡាយ​ត្រូវ​មានជំនាញ​ផ្នែក​សារព័ត៌មាន បច្ចេកវិទ្យា ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ការ​ទូត​ផងដែរ។

កាល​ពី​សប្តាហ៍​មុន អ្នកស្រី Chao បាន​ប្រកាស​ឈ្មោះ​នាយក​ក្រុម​ប្រឹក្សា​នៃ​វិទ្យុ​អាស៊ីសេរី វិទ្យុ​អឺរ៉ុប​សេរី​និង​វិទ្យុ​សេរីភាព និង​បណ្តាញ​ផ្សាយមជ្ឈិមបូព៌ា ដែល​ជំនួស​នាយក​ក្រុមប្រឹក្សា ដែល​លោក Michael Pack បាន​តែងតាំង មុន​លោក​ចាកចេញ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ​លោក សឹង សុផាត