វ៉ាស៊ីនតោន — តំណាងរាស្ត្រសហរដ្ឋអាមេរិក លោក Gregory Meeks នៃរដ្ឋ New York និងលោក Michael McCaul នៃរដ្ឋ Texas បានរិះគន់យ៉ាងខ្លាំង ចំពោះប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល ហៅកាត់ថា USAGM និងប្រធាននៃវីអូអេសំឡេងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ចំពោះការប្តូរការងាររបស់អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់របស់វីអូអេប្រចាំសេតវិមាន។
អ្នកស្រី Patsy Widakuswara ត្រូវគេជូនដំណឹងកាលពីយប់ថ្ងៃច័ន្ទថា អ្នកស្រីត្រូវបានគេប្តូរការងារ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីអ្នកយកព័ត៌មានជើងចាស់រូបនេះ បានព្យាយាមសួរសំណួរទៅកាន់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ក្រោយពីលោកបានថ្លែងសុន្ទរកថានៅទីស្នាក់ការរបស់វីអូអេក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
អ្នកតំណាងរាស្ត្រ Meeks ពីគណបក្សប្រជាធិបតេយ្យ ដែលជាប្រធានថ្មីនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិក និងអ្នកតំណាងរាស្ត្រ McCaul មេដឹកនាំខាងគណបក្សសាធារណរដ្ឋបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖
«នេះគឺជាសហរដ្ឋអាមេរិក។ ទីនេះ យើងមិនដាក់ទណ្ឌកម្មចំពោះអ្នកយកព័ត៌មានដែលស្វះស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេទេ។ ស្ថាប័នសារព័ត៌មានដែលសេរីនិងយុត្តិធម៌ ជាស្នូលនៃរដ្ឋធម្មនុញ្ញនិងលទ្ធិប្រជាធិបតេយ្យរបស់យើង»។
អ្នកស្រី Widakuswara ត្រូវបានគេជូនដំណឹងនៅវេលាម៉ោងប្រមាណ ១០:៣០ នាទីយប់ថ្ងៃច័ន្ទ ថាអ្នកស្រីត្រូវបានគេប្តូរឱ្យទៅយកព័ត៌មានទូទៅវិញ គឺលែងធ្វើការងារដ៏លេចមុខជាអ្នកឆ្លើយឆ្លងព័ត៌មាននៅសេតវិមានទៀតហើយ។ គេមិនបានប្រាប់អ្នកស្រីអំពីមូលហេតុ ដែលត្រូវបានគេផ្តល់ឱ្យចំពោះការផ្លាស់ប្តូរនេះទេ។
អ្នកនាំពាក្យវីអូអេម្នាក់បានឆ្លើយតបទៅនឹងសំណួរអំពីការប្តូរការងាររបស់អ្នកស្រី Widakuswara ដោយនិយាយថា ស្ថាប័នព័ត៌មាននេះមិនធ្វើអត្ថាធិប្បាយអំពីរឿងបុគ្គលិកទេ។ ទីភ្នាក់ងារ USAGM មិនបានឆ្លើយតបទេ។
នាយកវីអូអេមានសិទ្ធិអំណាចប្តូរការងាររបស់បុគ្គលិកតាមការវិនិច្ឆ័យរបស់ខ្លួន។ ប៉ុន្តែក្រុមការពារអ្នកសារព័ត៌មាននិងអង្គការមួយដែលការពារក្រុមអ្នករាយការណ៍អំពីការប្រព្រឹត្តអំពើខុសឆ្គង ហៅថា Whistleblowes នោះ បានរិះគន់ចំណាត់ការនេះថាជាការវាយប្រហារលើសេរីភាពសារព័ត៌មាន។
ថ្វីបើវីអូអេជាស្ថាប័នរដ្ឋដែលទ្រទ្រង់ថវិកាដោយអ្នកបង់ពន្ធអាមេរិកាំងក្តី ក៏អ្នកសារព័ត៌មានដែលបម្រើការឱ្យស្ថាប័ននេះបំពេញកិច្ចការរបស់ខ្លួនក្រោមក្របខណ្ឌនៃអ្វីដែលហៅថា «ជញ្ជាំងការពារ» ឬ firewall ដែលជាវិធានច្បាប់ដែលត្រូវបង្កើតឡើងដើម្បីការពារឯករាជ្យភាពរបស់អ្នកយកព័ត៌មានវីអូអេពីការជ្រៀតជ្រែកខាងនយោបាយ។
ក៏ប៉ុន្តែប្រពៃណីរបស់ស្ថាប័ននេះត្រូវបានប្រឆាំងជំទាស់ដោយលោក Michael Pack នាយកប្រតិបត្តិនៃទីភ្នាក់ងារU SAGM ដែលត្រូវតែងតាំងដោយលោកប្រធានាធិបតី Donald Trump ហើយដែលបានឡើងកាន់តួនាទីជាប្រធានស្ថាប័នមេរបស់វីអូអេនេះ កាលពីខែមិថុនា ឆ្នាំ២០២០។
លោក Zeke Miller ប្រធានក្លឹបអ្នកកាសែតនៅសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការប្រឆាំងនឹងអ្នកស្រី Widakuswara ជា «ការវាយប្រហារទៅលើវិសោធនកម្មទី១នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក» ដែលចែងការពារសេរីភាពសារព័ត៌មាន។
លោក Miller ថ្លែងថា៖ «ការណ៍ដែលវីអូអេប្តូរការងាររបស់អ្នកស្រី Patsy Widakuswara ដោយសារតែអ្នកស្រីគ្រាន់តែបានបំពេញតាមការងាររបស់អ្នកស្រីគឺការចោទសំណួរនេះ គឺជាការមើលងាយដល់ឧត្តមគតិទាំងឡាយដែលលោករដ្ឋមន្ត្រីការបរទេស Pompeo បានលើកយកមកពិភាក្សានៅក្នុងសុន្ទរកថារបស់លោក»។
លោកបន្តថា ការដកអ្នកស្រី Widakuswara ពីការយកព័ត៌មានខាងឯកទេសរបស់អ្នកស្រី «ធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់គ្រប់ពលរដ្ឋអាមេរិកាំង ដែលអាស្រ័យលើស្ថាប័នសារព័ត៌មានសេរី ដើម្បីបានដឹងអំពីសកម្មភាពរបស់រដ្ឋាភិបាលពួកគេ ហើយ[ចំណាត់ការនេះ] កាន់តែជួយដល់កិច្ចប្រឹងប្រែងដើម្បីរឹតត្បិតសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោក [ទៅវិញ]»។
អ្នកស្រី Widakuswara ដំបូងឡើយគ្រោងនឹងធ្វើដំណើរជាមួយលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារ ដើម្បីទៅយកព័ត៌មានឱ្យអ្នកតាមដានព័ត៌មានវីអូអេដឹងអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីទៅកាន់រដ្ឋ Texas។ ដំណើរទស្សនកិច្ចនេះជាការបង្ហាញមុខជាសាធារណៈជាលើកដំបូងរបស់លោក Trump ចាប់តាំងពីអ្នកគាំទ្ររបស់លោកបានវាយសម្រុកដោយហិង្សាចូលវិមានសភាសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលព្រឹត្តិការណ៍នេះបាននាំឲ្យមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានមន្ត្រីប៉ូលិសវិមានសភាម្នាក់ផងដែរ។
សូម្បីនៅមុនការថ្លែងសុន្ទរកថារបស់លោក Pompeo ក៏គម្រោងត្រួតពិនិត្យការទទួលខុសត្រូវរបស់រដ្ឋាភិបាល ឬ Government Accountability Project ដែលជាអង្គការការពារក្រុមអ្នករាយការណ៍អំពីការប្រព្រឹត្តអំពើខុសឆ្គង បានសរសេរទៅកាន់ស្ថាប័ន USAGM ដើម្បីព្រមានស្ថាប័ននេះថា របៀបរៀបចំផ្សព្វផ្សាយសុន្ទរកថារបស់លោក Pompeo មើលទៅហាក់ដូចជាបានរំលោភលើធម្មនុញ្ញរបស់វីអូអេ (VOA Charter) ដែលបានចែងអំពីឯករាជ្យភាពខាងការសរសេរព័ត៌មាន ក៏ដូចជាវិជ្ជាជីវៈសារព័ត៌មាន។
លោក David Seide មេធាវីជាន់ខ្ពស់នៃអង្គការ គម្រោងត្រួតពិនិត្យការទទួលខុសត្រូវរបស់រដ្ឋាភិបាល ថ្លែងប្រាប់វីអូអេថា៖ «អ្នកស្រី Patsy បានបំពេញការងាររបស់អ្នកស្រី។ ការ«ផ្លាស់ប្តូរការងារ»របស់អ្នកស្រី ជាការជ្រៀតជ្រែកខាងនយោបាយដើម្បីសងសឹក។ នេះជាការរំលោភខុសច្បាប់ទៅលើច្បាប់ការពារឯករាជ្យភាពវីអូអេ ឬ firewall»។
អង្គការរបស់លោកកំពុងតំណាងឱ្យអ្នកសារព័ត៌មានកំពុងបំពេញការងារ ឬអតីតអ្នកសារព័ត៌មានសរុប២០រូប ដែលបានទាក់ទងមកអង្គការនេះទាក់ទងនឹងក្តីបារម្ភនានា ក្នុងប៉ុន្មានខែចុងក្រោយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមតំណាងរាស្ត្រ McCaul និងតំណាងរាស្ត្រ Meeks ថ្លែងថា ពួកគេស្រងាកចិត្ត នៅពេលបានដឹងថាអ្នកស្រី Widakuswara ត្រូវបានប្តូរការងារ ក្រោយពីអ្នកស្រីបានព្យាយាមសាកសួរលោករដ្ឋមន្ត្រីការបរទេស Pompeo។
លោកទាំងពីរថ្លែងថា៖ «ដោយមិនមានមូលហេតុសមស្របណាមួយ ទាក់ទងនឹងការប្តូរការងារនេះ ដោយមិនមានការបញ្ជាក់មូលហេតុទេ យើងជឿថា អ្នកស្រីគួរត្រូវបានប្រគល់ការងារវិញ។ នេះគឺជាសហរដ្ឋអាមេរិក។ នៅទីនេះយើងមិនដាក់ទណ្ឌកម្មចំពោះអ្នកយកព័ត៌មាន ដែលស្វះស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេទេ។ ស្ថាប័នសារព័ត៌មានដែលសេរីនិងយុត្តិធម៌ ជាស្នូលនៃរដ្ឋធម្មនុញ្ញនិងលទ្ធិប្រជាធិបតេយ្យរបស់យើង»។
កាលពីថ្ងៃច័ន្ទ លោក Pompeo បានថ្លែងអំពី «លក្ខណៈពិសេសរបស់សហរដ្ឋអាមេរិក» នៅក្នុងសុន្ទរកថានៅទីស្នាក់ការវីអូអេក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងអំពីអ្វីដែលលោកមើលឃើញថា ជាតួនាទីត្រឹមត្រូវរបស់វីអូអេក្នុងការលើកតម្កើងគុណតម្លៃរបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក។
បន្ទាប់ពីសុន្ទរកថានេះ លោករដ្ឋមន្ត្រីបានចូលរួមកម្មវិធីសំណួរនិងចម្លើយខ្លីមួយជាមួយលោក Robert Reilly នាយកវីអូអេ ដែលមិនបានលើកយកទៅសួរលោករដ្ឋមន្ត្រីនូវសំណួរនានាពីក្រុមអ្នកព័ត៌មានរបស់វីអូអេ អំពីការវាយសម្រុកចូលវិមានសភា កាលពីថ្ងៃពុធសប្តាហ៍មុន ឬចំណាត់ការរបស់លោក Pompeo ក្នុងការសម្រេចនៅព្រឹកថ្ងៃពុធនោះប្រកាសដាក់ក្រុម Houthis នៅប្រទេសយេម៉ែនថាជាអង្គការភេរវកម្ម។
ខណៈពេលលោករដ្ឋមន្ត្រីការបរទេសកំពុងចាកចេញពីអគារវីអូអនោះ អ្នកស្រី Widakuswara បានតាមពីក្រោយលោកនិងព្យាយាមសួរសំណួរទៅកាន់លោក Pompeo។
នៅក្នុងវីដេអូដែលគេថតបានគេឮអ្នកស្រី Widakuswara ស្រែកសួរសំណួរទៅលោក Pompeo ខណៈលោកកំពុងចាកចេញពីអគារវីអូអេ ដោយរួមមានសំណួរថា តើលោករដ្ឋមន្ត្រីការបរទេសមានការសោកស្តាយទេចំពោះប្រសាសន៍របស់លោកដែលថានឹងមានអន្តរកាលដ៏រលូនមួយទៅកាន់«អាណត្តិទី២រ បស់លោកប្រធានាធិបតីTrump» ថ្វីបើលោកTrump បានចាញ់លោក Joe Biden នៅក្នុងការបោះឆ្នោតក្តី។
នៅក្នុងវីដេអូដដែលនោះ គេឮអ្នកស្រី Widakuswara បានងាកទៅសួរនាយកវីអូអេលោក Reilly ថាហេតុអ្វីលោកមិនបានយកសំណួររបស់អ្នកសារព័ត៌មានទៅសួរលោក Pompeo។
ជាការឆ្លើយតប គេឮលោកនាយកវីអូអេសួរទៅអ្នកស្រី Widakuswara វិញថាតើអ្នកស្រីជាអ្នកណា។ ក្រោយពីអ្នកស្រីបានណែនាំខ្លួនថាជាអ្នកយកព័ត៌មានវីអូអេរួចមក នាយកវីអូអេលោកReilly ក៏ប្រាប់ទៅអ្នកយកព័ត៌មាននោះថា៖ «អ្នកពិតជាមិនចេះធ្វើឲ្យត្រឹមត្រូវមែន» ដោយលោកបន្ថែមថាអ្នកស្រី Widakuswara មិនបានទទួលការអនុញ្ញាតឱ្យសួរសំណួរទេ។
អ្នកស្រី Widakuswara បានឆ្លើយតបវិញថា អ្នកស្រីជាអ្នកសារព័ត៌មាន ហើយថា ការងាររបស់អ្នកស្រីតម្រូវឱ្យអ្នកស្រីសួរសំណួរ។
នៅមុនពេលអ្នកស្រីត្រូវបានគេផ្លាស់ប្តូរការងារ អ្នកស្រី Widakuswara បានយកព័ត៌មាននៅសេតវិមានឱ្យគេហទំព័រ ទូរទស្សន៍ និងវិទ្យុរបស់វីអូអេសំឡេងសហរដ្ឋអាមេរិក និងធ្វើជាអ្នកសម្របសម្រួលឱ្យកម្មវិធីសំឡេងផតខាស់ (podcast) មួយឱ្យក្រុមផ្សាយជាភាសាឥណ្ឌូណេស៊ីរបស់វីអូអេផងដែរ។
នៅក្នុងសុន្ទរកថារបស់លោក លោក Pompeo បានអំពាវនាវយ៉ាងខ្លាំងឱ្យអ្នកសារព័ត៌មានវីអូអេធ្វើតាមបេសកកម្មរបស់ស្ថាប័នខ្លួន និងលើកតម្កើងសេរីភាពសារព័ត៌មាន។
រដ្ឋមន្ត្រីការបរទេសដែលនឹងត្រូវចប់អាណត្តិរូបនេះ ក៏បានរិះគន់អ្នកសារព័ត៌មានវីអូអេមួយចំនួនក្រោយពីអង្គការគម្រោងត្រួតពិនិត្យការទទួលខុសត្រូវរបស់រដ្ឋាភិបាល បានផ្ញើលិខិតក្នុងនាមពួកគេទៅកាន់លោក Pack នាយកប្រតិបត្តិទីភ្នាក់ងារ USAGM និងលោក Reilly នាយកវីអូអេ ដោយលើកឡើងពីការបារម្ភថា ការធ្វើការផ្សាយផ្ទាល់នូវសុន្ទរកថារបស់មន្ត្រីរដ្ឋាភិបាលមួយរូបអាចខុសទៅនឹងច្បាប់និងបទបញ្ញត្តិនានារបស់ស្ថាប័នវីអូអេសំឡេងសហរដ្ឋអាមេរិក។
ការសម្រេចរបស់ថ្នាក់ដឹកនាំវីអូអេក្នុងការផ្សាយដោយផ្ទាល់នូវសុន្ទរកថារបស់លោករដ្ឋមន្ត្រីការបរទេស Mike Pompeo នេះ ត្រូវបានរិះគន់ថាអាចធ្វើឲ្យខូចខាតដល់ភាពជឿទុកចិត្តបានរបស់ស្ថាប័នព័ត៌មានមួយនេះ។
លោក Nick Cull សាស្ត្រាចារ្យផ្នែកការទូតសាធារណៈនៅសាលាគមនាគមន៍និងសារព័ត៌មានAnnenberg នៅសាកលវិទ្យាល័យ Southern California បានថ្លែងប្រាប់វីអូអេថា ការអនុញ្ញាតឲ្យសុន្ទរកថារបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់អាចត្រូវផ្សាយផ្ទាល់តាមវីអូអេ ជាការប៉ុនប៉ងដើម្បីបន្ថយស្ថាប័នវីអូអេឱ្យមកត្រឹមជាបណ្តាញផ្សាយរបស់រដ្ឋប៉ុណ្ណោះ។
លោក Cull ថ្លែងថា៖ «នៅពេលមន្ត្រីរដ្ឋាភិបាលមួយរូបទៅទីស្នាក់ការបណ្តាញផ្សាយព័ត៌មានមួយដែលផ្តល់ថវិកាដោយរដ្ឋ ហើយទទូចឲ្យខ្លឹមសារឃោសនាជាក់លាក់មួយចំនួនត្រូវតែផ្សព្វផ្សាយ នេះជាការធ្វើឱ្យបរាជ័យខ្លួនឯង និងធ្វើឱ្យខូចខាតដល់រាល់ការអះអាងទាំងឡាយរបស់ស្ថាប័នផ្សព្វផ្សាយនោះដែលថាខ្លួនជាស្ថាប័នមិនលម្អៀង។
លោកបន្ថែមថា៖ «ការណ៍នេះបន្ទាបស្ថាប័នសំឡេងសហរដ្ឋអាមេរិក (វីអូអេ)មកត្រឹមកម្រិតមួយមិនត្រឹមតែជាស្ថាប័នផ្សព្វផ្សាយដែលឧបត្ថម្ភដោយរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែជាស្ថាប័នផ្សព្វផ្សាយរបស់រដ្ឋ»។
ការរិះគន់ចំពោះការដកអ្នកស្រី Widakuswara ពីការងារជាអ្នកឆ្លើយឆ្លងព័ត៌មាននៅសេតវិមាន ជាចំណាត់ការចុងក្រោយបំផុតរបស់ស្ថាប័នព័ត៌មាននេះ ដែលបាននាំឱ្យមានការរិះគន់ពីអ្នកតាក់តែងច្បាប់អាមេរិកនិងអង្គការការពារអ្នករាយការណ៍អំពីការប្រព្រឹត្តអំពើខុសឆ្គង ឬ whistleblower ចំពោះរបៀបដែលលោក Michael Pack នាយកប្រតិបត្តិទីភ្នាក់ងារ USAGM ចាត់ចែងស្ថាប័នព័ត៌មានមួយនេះ និងការចោទប្រកាន់ដែលថាលោកប៉ុនប៉ងជ្រៀតជ្រែកឯករាជ្យភាពខាងព័ត៌មានរបស់វីអូអេ។
កាលពីខែវិច្ឆិកា តុលាការមួយនៅរដ្ឋធានីវ៉ាស៊ីនតោនបានហាមឃាត់លោក Pack និងជំនួយការរបស់លោកមិនឱ្យជ្រៀតជ្រែកដោយផ្ទាល់ទៅលើកិច្ចការរបស់វីអូអេ រហូតដល់ពេលរឿងក្តីមួយដែលចោទប្រកាន់អំពីការរំលោភលើ «ជញ្ជាំងការពារ» ឯករាជ្យភាពវីអូអេ ឬ firewall ត្រូវបានជំនុំជម្រះ។
ការិយាល័យអគ្គអធិការកិច្ចរបស់ USAGM បានផ្ញើលិខិតទៅលោក Pack ដើម្បីរំឭកនាយកប្រតិបត្តិរូបនេះអំពីច្បាប់ការពារអ្នករាយការណ៍អំពីការប្រព្រឹត្តអំពើខុសឆ្គងពីការសងសឹក។ ហើយការិយាល័យរដ្ឋអាជ្ញាពិសេស បានបញ្ជាឱ្យនាយកប្រតិបត្តិរូបនេះស៊ើបអង្កេតអំពីកំហុសដែលប្រព្រឹត្តឡើងដោយមន្ត្រីផ្ទាល់ខ្លួនរបស់លោក៕
ប្រែសម្រួលដោយលោកសឹង សុផាត