លោក Netanyahu ក្លាយ​ជា​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​កំពុង​កាន់​អំណាច​ដំបូង​គេ​បង្អស់ ដែល​ប្រឈម​នឹង​បទ​ចោទប្រកាន់​ឧក្រិដ្ឋ

រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្ដាហ៍​ ក្នុង​ទីក្រុង Jerusalem ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២០។

តុលាការ​អ៊ីស្រាអែល​បើក​សវនាការ​លើ​ករណី​ពុករលួយ​របស់​លោក​នាយរកដ្ឋមន្ត្រី Benjamin Netanyahu នៅ​ថ្ងៃ​អាទិត្យ​នេះ។

លោក Netanyahu គឺ​ជា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ដែល​កំពុង​កាន់​អំណាច​ដំបូង​គេ​បង្អស់ ដែល​ត្រូវ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​លួច​បន្លំ ការ​ធ្វើ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត និង​ការ​ទទួល​សំណូក​ជា​ដើម។

លោក​ក៏​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​កែប្រែ​បទបញ្ញត្តិ​សម្រាប់​ឧកញ៉ា​ដ៏​មាន​អំណាច​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម្នាក់ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ផ្សាយ​ព័ត៌មាន​ល្អៗ​អំពី​លោក​ផង​ដែរ។

លោក Netanyahu គឺ​ជា​ប្រធាន​គណបក្ស Likud ដែល​ប្រកាន់​ស្ដាំ​និយម។ លោក​បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ទាំងអស់ ហើយ​បាន​ហៅ​សវនាការ​នេះ​ថា​ជា​ការ​តាម​ព្យាបាទ​លើ​រូប​លោក​ពី​ពួក​ឆ្វេង​និយម។

សវនាការ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោក Netanyahu បាន​ស្បថ​ចូល​កាន់​តំណែង​ក្នុង​អាណត្តិ​ទី ៥ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក បាន​រយៈពេល​មួយ​សប្ដាហ៍។

លោក​មិន​ចង់​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទេ ប៉ុន្តែ​តុលាការ​នៅ​ទីក្រុង Jerusalem បាន​ចេញ​សាលក្រម​កាល​ពី​សប្ដាហ៍​មុន​ថា វត្តមាន​របស់​លោក Netanyahu គឺ​ចាំបាច់៕