ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់នៅថ្ងៃចន្ទនេះថា យោធាអ៊ីស្រាអែល «បានបង្ហាញជូនគណៈរដ្ឋមន្ត្រី [អ៊ីស្រាអែល] ទទួលបន្ទុកកិច្ចការសង្គ្រាមអំពីផែនការមួយដើម្បីជម្លៀសប្រជាជនចេញពីតំបន់សង្គ្រាមក្នុងតំបន់ហ្កាហ្សា (Gaza) និងអំពីផែនការប្រតិបត្តិការបន្ទាប់»។
ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីលោក Netanyahu បានប្ដេជ្ញាជំរុញទៅមុខនូវផែនការនៃការវាយលុកតាមផ្លូវគោកនៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលនៅទីនោះប្រជាជនតំបន់ហ្កាហ្សាជាងពាក់កណ្ដាលកំពុងជ្រកពួនគេចពីសង្គ្រាម។
ការលើកឡើងនេះមិនបានផ្ដល់នូវសេចក្ដីលម្អិតណាមួយអំពីថាតើប្រជាជនប៉ាឡេស្ទីននឹងអាចទៅទីណាបាននោះទេ។
ទីក្រុង Rafah ស្ថិតនៅនៅតាមបណ្ដោយព្រំដែនរវាងតំបន់ហ្កាហ្សានិងប្រទេសអេហ្ស៊ីប។ ផ្នែកភាគខាងជើងនៃតំបន់ហ្កាហ្សាបានរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមរយៈពេល ៤ ខែកន្លងមក ហើយប្រទេសអេហ្ស៊ីបបានបញ្ជាក់ថានឹងមិនបើកព្រំដែនរបស់ខ្លួននោះទេ។
អង្គការសហប្រជាជាតិបានបង្ហាញក្ដីបារម្ភអំពីផែនការណាមួយដែលចង់ជម្លៀសជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សានិងអំពីផែនការរបស់អ៊ីស្រាអែលនៅក្នុងការចាប់ផ្ដើមការវាយប្រហារលើតំបន់ដែលមានប្រជាជនកំពុងត្រូវការជំនួយមនុស្សធម៌រស់នៅជាច្រើន។
លោក Netanhayu បានបញ្ជាក់ក្នុងកម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS News ក្នុងកិច្ចសម្ភាសន៍មួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យថា នៅពេលណាដែលកងទ័ពអ៊ីស្រាអែលចាប់ផ្ដើមប្រតិបត្តិការនៅក្នុងទីក្រុង Rafah អ៊ីស្រាអែលនឹងទទួលបានជោគជ័យនៅក្នុងសង្គ្រាមនៅហ្កាហ្សានេះក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។
សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តចម្បងរបស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់ (Hamas) នេះ ប៉ុន្តែទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានបញ្ជាក់ក្នុងកម្មវិធី «Meet the Press» របស់ទូរទស្សន៍ NBC ថា លោក Netanyahu មិនបានជូនដំណឹងដល់សហរដ្ឋអាមេរិកអំពីផែនការរបស់ខ្លួនសម្រាប់ការវាយប្រហារលើទីក្រុង Rafah និងការជម្លៀសប្រជាជនប៉ាឡេស្ទីននោះទេ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។