ការ​ចរចា​អំពី​ការ​ដំឡើង​ពិដាន​បំណុល​របស់​អាមេរិក​នឹង​បន្ត​ធ្វើ​ម្ដង​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ

រូបឯកសារ៖ ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Kevin McCarthy ថ្លែងនៅក្នុងជំនួបពិភាក្សាជាមួយលោកប្រធានាធិបតី Joe Biden អំពីការកំណត់ពិដានបំណុលរបស់សហរដ្ឋអាមេរិក នៅសេតវិមាន កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣។

នៅ​សហរដ្ឋ​អាមេរិក ការ​ចរចា​រវាង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden និង​សមាជិក​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​អំពី​កម្រិត​បំណុល​អតិបរមា​របស់​រដ្ឋាភិបាល​នឹង​បន្ត​ធ្វើ​ម្ដង​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ។

ការ​ពិភាក្សា​រវាង​ភាគី​ទាំង​ពីរ​ត្រូវ​បាន​បញ្ឈប់​ភ្លាមៗ​កាលពី​ថ្ងៃ​អង្គារ​ដោយ​មិន​មាន​ដំណើរ​វិវឌ្ឍ​ជាក់ស្ដែង​ណា​មួយ​ឆ្ពោះ​ទៅ​រក​ការ​ព្រមព្រៀង​គ្នា​ដែល​នឹង​អនុញ្ញាត​ឱ្យ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អាច​ដំឡើង​ពិដាន​បំណុល​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​ដែល​មាន​ចំនួន ៣១ លាន​លាន​ដុល្លារ និង​បន្ត​ខ្ចី​ប្រាក់​ដើម្បី​សង​បំណុល​ដែល​នៅ​សេសសល់​របស់​រដ្ឋាភិបាល​នោះ​ទេ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen បាន​ព្រមាន​ថា ក្រសួង​ហិរញ្ញវត្ថុ​នឹង​អស់​ថវិកា​នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែ​មិថុនា​ខាង​មុខ ដែល​អាច​បង្ខំ​ឱ្យ​រដ្ឋាភិបាល​មិន​អាច​សង​បំណុល​របស់​ខ្លួន​បាន ដោយ​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​មហន្តរាយ ​និង​បង្កើត​ឱ្យ​មាន​ភាព​ចលាចល​នៅ​លើ​ទីផ្សារ​សាកលលោក។

គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋសភា​ទាមទារ​ឱ្យ​រដ្ឋបាល​របស់​លោក Biden យល់ព្រម​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ឱ្យ​នៅ​ត្រឹម​កម្រិត​ឆ្នាំ ២០២២។ គណបក្ស​សាធារណរដ្ឋ​ក៏​ចង់​ដាក់​លក្ខខណ្ឌ​ការងារ​តឹងតែង​ផង​ដែរ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ណា​ដែល​ស្ថិត​ក្នុង​កម្មវិធី​ជំនួយ​ជា​ម្ហូប​អាហារ​និង​ថវិកា​របស់​រដ្ឋាភិបាល​សម្រាប់​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ស្ថិត​ក្នុង​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​សម្រាប់​ជន​ក្រីក្រ (Medicaid)។

សេតវិមាន​បាន​ស្នើ​ឱ្យ​ទុក​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ឱ្យ​នៅ​ត្រឹម​កម្រិត​បច្ចុប្បន្ន​នៅ​ក្នុង​ឆ្នាំ​នេះ និង​ចង់​ឱ្យ​បញ្ចប់​ការ​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណូល​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​អ្នក​មាន​និង​សាជីវកម្ម​មួយ​ចំនួន។ រដ្ឋបាល​របស់​លោក Biden ក៏​ចង់​ស្នើ​ផង​ដែរ​ឱ្យ​មាន​ការ​បញ្ចូល​ការ​ចំណាយ​ផ្នែក​ការពារ​ជាតិ​ទៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ណា​មួយ​ដែល​អាច​ធ្វើ​ឡើង។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Karine Jean-Pierre បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា ការ​ចរចា «កំពុង​បន្ត​ធ្វើ​ទៅ​មុខ» ប៉ុន្តែ​បាន​ទទូច​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ «យល់​ថា ពួកគេ​នឹង​មិន​ទទួល​បាន​អ្វីៗ​គ្រប់​យ៉ាង​ដូច​អ្វី​ដែល​ពួកគេ​ចង់​បាន​នោះ​ទេ»។ អ្នកស្រី​បាន​និយាយ​ថា គោល​បំណង​គឺ​ធ្វើ​យ៉ាង​ណា «ឈាន​ដល់​កញ្ចប់​ថវិកា​មួយ​ដែល​សម​ហេតុ​សម​ផល ដែល​មាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំង​ពីរ ដែល​ទាំង​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋសភា​និង​ព្រឹទ្ធសភា​អាច​បោះឆ្នោត​និង​យល់ព្រម​តាម»។

ប៉ុន្តែ តំណាងរាស្ត្រ​លោក Garret Graves ដែល​ជា​អ្នក​ចរចា​មួយ​រូប​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋសភា បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា នៅ​មាន «គម្លាត​គួរសម»​ រវាង​គោលជំហរភាគី​ទាំង​ពីរ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP