គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃពុធនេះ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីទឹកថ្នាំពណ៌ខ្មៅសម្រាប់ជ្រលក់ម្រាមដៃក្នុងពេលបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ។ ការសាកល្បងនេះបង្ហាញឱ្យឃើញថា ទឹកថ្នាំនោះអាចលាងជ្រះស្ទើរតែទំាងអស់ ដោយប្រើទឹកថ្នាំអ៊ុតសក់ពីប្រទេសថៃ។ មន្រ្តីគណបក្សសង្គ្រោះជាតិ និងអ្នកឃ្លាំមើលការបោះឆ្នោតរិះគន់ គ.ជ.ប ថា ធ្វេសប្រហែលក្នុងការរៀបចំទឹកថ្នាំ និងបារម្ភថា អាចនឹងមានការបន្លំចូលបោះឆ្នោតច្រើនដង។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ទឹកខ្មៅលុបមិនជ្រះដែលប្រើក្នុងពេលបោះឆ្នោត មិនសំខាន់ដូចវិធានការ៥ចំណុចដើម្បីធានាថា អ្នកបោះឆ្នោតម្នាក់បោះឆ្នោតបានតែម្តងនោះទេ។ លើសពីនេះទៀត គ.ជ.ប. ព្រមានចាត់វិធានការផ្លូវច្បាប់លើជនណាដែលអះអាងថាទឹកខ្មៅនោះអាចលាងជ្រះ។
ការអះអាងរបស់ប្រធានគ.ជ.ប.រូបនេះ ធ្វើឡើងបន្ទាប់ពីតំណាងគណបក្សសង្គ្រោះជាតិ ដែលចូលរួមសាកល្បងទឹកខ្មៅសម្រាប់ប្រើក្នុងការបោះឆ្នោតពេលខាងមុខ បង្ហាញថា ទឹកខ្មៅនោះអាចលាងជ្រះដោយទឹកថ្នាំសម្រាប់អ៊ុតសក់។
ប្រតិកម្មភ្លាមៗតបទៅនឹង តំណាងគណបក្សប្រឆាំងដែលបង្ហាញថា ទឹកខ្មៅនោះអាចលាងជ្រះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកឡើងថា ជាធម្មតាទឹកខ្មៅដែលផលិតចេញពីសារធាតុគីមីនឹងអាចលុបជ្រះដោយប្រើសារធាតុគីមី។ លោកបន្ថែមថា បើទោះបីជាទឹកខ្មៅដែលបញ្ជាទិញពីប្រទេសឥណ្ឌានេះអាចលុបជ្រះស្ទើរទាំងអស់ ដោយប្រើទឹកថ្នាំអ៊ុតសក់ពីប្រទេសថៃក៏ដោយ ប៉ុន្តែទឹកថ្នាំខ្មៅនោះនៅតែសល់ស្នាមខ្មៅដែលអាចសម្គាល់បានថា ជននោះបានបោះឆ្នោតរួចហើយ។
លោក ស៊ិក ប៊ុនហុក បន្ថែមថា បើទោះបីជាទឹកខ្មៅជ្រលក់ដៃនេះនឹងត្រូវប្រើក្នុងការបោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខនេះក្តី ប៉ុន្តែទឹកខ្មៅនេះមិនសំខាន់ដូចវិធានការចំនួន៥ចំណុចរបស់ គ.ជ.ប ដែលអាចធ្វើឲ្យអ្នកក្លែងបន្លំចង់បោះឆ្នោតច្រើនដងអាចជាប់ពន្ធនាគារ និងទទួលពិន័យជាប្រាក់នោះទេ។ ប្រធានគ.ជ.ប.រូបនេះ ក៏បានបញ្ជាក់បន្ថែមថា វិធានការទាំង៥ចំណុចដើម្បីធានាថា អ្នកបោះឆ្នោតម្នាក់បោះឆ្នោតបានតែម្តង រួមមាន ការពង្រឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណជូនអ្នកបោះឆ្នោត។ ការពង្រឹងភារកិច្ចមន្រ្តីនៅតាមការិយាល័យបោះឆ្នោតក្នុងការផ្ទៀងផ្ទាត់ឯកសារបោះឆ្នោត និងរូបពិតរបស់អ្នកបោះឆ្នោតទៅនឹងទិន្នន័យ ដើម្បីបញ្ជាក់ថា ជននោះបានមកបោះឆ្នោត។ ការរំឭកដល់ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីឈ្មោះនៅក្នុងដៃ និងអ្នកសង្កេតការណ៍បោះឆ្នោតឲ្យតាមដានពិនិត្យមើលដំណើរការ ពិនិត្យផ្ទៀងផ្ទាត់ឯកសារបម្រើឲ្យការបោះឆ្នោតរបស់អ្នកបោះឆ្នោតធៀបទិន្នន័យក្នុងបញ្ជីបោះឆ្នោតជាមួយនឹងរូបពិតរបស់ជននោះ។
លោក ស៊ិក ប៊ុនហុក ដែលជាអតីតតំណាងរាស្ត្រគណបក្សកាន់អំណាច បន្ថែមថា ចំណុចសំខាន់បំផុតនៃវិធាននោះ គឺការពង្រឹងការអនុវត្តទោសប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា១៧១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលផាកពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា៖
«វិធានការ៥យ៉ាងនេះ វាសំខាន់ជាង អាហ្នឹងខ្ញុំឲ្យសារៈសំខាន់ខ្លាំងជាង ហើយនឹងផ្សាយឲ្យបានទូលំទូលាយជាង ព្រោះរឿងហ្នឹងឯងដែលធ្វើឲ្យអ្នកដែលមានបំណងចង់នោះ មិនប្រថុយប្រថាននឹងវិធានការ៥យ៉ាងហ្នឹងទេ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃពុធនេះ បានរៀបចំសន្និសីទមួយស្តីពីការបង្ហាញ និងការសាកល្បងទឹកខ្មៅលាងមិនជ្រះដែលត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ ក្នុងសន្និសីទនោះក៏មានការចូលរួមពីតំណាងគណបក្សនយោបាយ តំណាងស្ថានទូត តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន។ ក្នុងការសាកល្បងជ្រលក់ទឹកខ្មៅដែល គ.ជ.ប បានទិញពីក្រុមហ៊ុនមួយនៅប្រទេសឥណ្ឌា បានចូលរួមសាកល្បងដោយអ្នកចូលរួមជាង១០នាក់ រួមទាំងតំណាងគណបក្សប្រឆាំងផងដែរ។ គេឃើញថា ទឹកខ្មៅនោះអាចលាងឲ្យរលុបច្រើនដោយប្រើទឹកថ្នាំអ៊ុតសក់ដែលផលិតនៅប្រទេសថៃ។
យ៉ាងណាក៏ដោយ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ក៏បានព្រមានចាត់វិធានការផ្លូវច្បាប់លើជនណា ឬអង្គការចាត់តាំងណា ដែលចេញមុខអះអាងថា ទឹកខ្មៅអាចលុបជ្រះនៅថ្ងៃបោះឆ្នោត។
ថ្លែងក្នុងសន្និសីទនាថ្ងៃពុធនេះ លោក ស៊ិក ប៊ុនហុក ថ្លែងថា៖
«បើសិនជាមានរូបភាពគេចង់សាកល្បង ឧទាហរណ៍ថា អង្គការចាត់តាំងណាក៏ដោយ គេទៅចាត់តាំងការធ្វើអីដើម្បីនឹងបំផា្លញការបោះឆ្នោតអី ចាំមើលតើគ.ជ.បនឹងមានការម៉ឺងម៉ាត់អនុវត្តផ្លូវច្បាប់យ៉ាងម៉េច? ទាំងអង្គការទាំងស្អីក៏ដោយទាំងអស់ តែកាលណាមានបំណងដើម្បីធ្វើឲ្យគេភាន់ច្រឡំជាមួយការបោះឆ្នោត គឺដល់ហើយ យើងលេងគ្នាក្នុងផ្លូវច្បាប់ហើយ»។
បន្ទាប់ពីប្រធានគ.ជ.ប ធានាអះអាងដោយភ្ជាប់នូវវិធានទាំង៥ចំណុច លោក ម៉ន ផល្លា ប្រធានប្រតិបត្តិរាជធានីភ្នំពេញ និងជាតំណាងគណបក្សសង្គ្រោះជាតិរំពឹងថា គ.ជ.ប នឹងអនុវត្តវិធានការនេះឲ្យបានម៉ឺងម៉ាត់ ជៀសវាងមនុស្សម្នាក់អាចបន្លំបោះឆ្នោតបានច្រើនដង។ ទោះជាយ៉ាងណាលោកថា គ.ជ.ប គួរតែរៀបចំទឹកខ្មៅជ្រលក់ដៃឲ្យបានល្អប្រសើរជាងនេះដើម្បីផ្តល់ទំនុកចិត្តដល់អ្នកបោះឆ្នោត។
លោក ម៉ន ផល្លា បញ្ជាក់ថា៖
«ជាជំហររបស់គណបក្សសង្គ្រោះជាតិ គឺនៅបន្តទទូចសុំឲ្យ គ.ជ.ប រៀបចំ និងធានានូវទឹកថ្នាំនេះ ដើម្បីឲ្យមានគុណភាពប្រសើរជាងនេះ ដើម្បីឲ្យអ្នកបោះឆ្នោតមានការជឿទុកចិត្តបន្ថែមទៀត និងបន្តការរៀបចំដោយគណៈកម្មាធិការជាតិបន្តទៀត»។
កាលពីខែមេសា គ.ជ.ប បានសម្រេចបញ្ជាទិញទឹកថ្នាំដែលដូចទៅនឹងប្រភេទទឹកថ្នាំប្រើក្នុងការបោះឆ្នោតអាណត្តិមុន ពីក្រុមហ៊ុននៅប្រទេសឥណ្ឌាចំនួន៤៦.៥០០ដប ក្នុងតម្លៃជិត៨សែនដុល្លារអាមេរិក សម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ខាងមុខ។ គ.ជ.បអះអាងថា ដោយសារការបោះឆ្នោតកាន់តែខិតជិតមកដល់ គ.ជ.ប មិនអាចផ្លាស់ប្តូរការបញ្ជាទិញបាន បើទោះជាមានការលើកឡើងថា ទឹកថ្នាំនេះអាចលុបជ្រះដោយប្រើទឹកថ្នាំអ៊ុតសក់ក៏ដោយ។
លោក យឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល ប្រាប់ VOA ថា បើទោះបីជា គ.ជ.ប មានវិធានការការពារជាច្រើនក្នុងការធានាមិនឲ្យមានការបោះឆ្នោតបានពីរដង ប៉ុន្តែលោកថា ទឹកថ្នាំជ្រលក់ដៃ នៅតែជាវត្ថុសំខាន់សម្រាប់ការបោះឆ្នោតនៅកម្ពុជា។ លោកបន្ថែមថា ការធ្វេសប្រហែសមិនចាត់ទុកទឹកថ្នាំជ្រលក់ដៃជាអាទិភាព នឹងអាចធ្វើឲ្យមានបញ្ហាក្នុងពេលបោះឆ្នោត។
លោក យឿង សុធារ៉ា បញ្ជាក់ថា៖
«យើងអាចធានាបានប៉ុន្មានភាគរយថា មន្រ្តីគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ហ្នឹងសុទ្ធតែជាអ្នកគោរពវិជ្ជាជីវៈទាំងអស់គ្នា? ហើយខ្ញុំជឿទុកចិត្តច្រើនថា ពួកគាត់នឹងធ្វើតាមក្រមសីលធម៌របស់ពួកគាត់ ប៉ុន្តែក្នុងហេតុការណ៍ណាមួយវាអាចកើតឡើងដោយការទិញទឹកចិត្ត ការប្រើប្រាស់លុយកាក់ទិញទឹកចិត្តមន្រ្តីការិយាល័យ។ កាលណាតែអាចទិញទឹកចិត្តបានវាជាលក្ខណៈបន្លំជាប្រព័ន្ធ ចុះតើរឿងហ្នឹងវាទៅជាយ៉ាងម៉េច?»។
អ្នកចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ មានចំនួនជិត៨លាននាក់។ ការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេស មានជាង២ម៉ឺនការិយាល័យ និងមានគណបក្សនយោបាយចំនួន១២ បានចុះបញ្ជីជាបេក្ខជនឈរឈ្មោះបោះឆ្នោត៕