គ.ជ.ប​ ព្រមាន​ចាត់​ការ​បុគ្គល​ដែល​បង្ក​ការ​ខូចខាត​ដល់​ដំណើរការ​បោះ​ឆ្នោត

រូបឯកសារ៖ បុគ្គលិកត្រួតពិនិត្យការបោះឆ្នោតបំពេញការងារនៅមណ្ឌលបៅះឆ្នោតមួយ ដែលជាថ្នាក់រៀនក្នុងសាលារៀនមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ​ប្រកាសចាត់​វិធាន​ការ​ច្បាប់​ម៉ឺង​ម៉ាត់​ចំពោះ​ជន​ណា​ដែល​ប៉ុនប៉ងបង្ក​ការ​រំខាន​ដល់​ដំណើរការ​បោះឆ្នោត​ តាម​រយៈ​ការ​ចេញ​ផ្សាយ​ខិត្តបណ្ណ ​ឬ​ឃ្លីប​វីដេអូ​ឃោសនា​ផ្សេងៗតាម​បណ្តាញ​ព័ត៌មាន​សង្គម​ អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ឱ្យ​ខូច​សន្លឹក​ឆ្នោត និង​កុំទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​ ខណៈ​មិន​មាន​វត្តមាន​គណបក្ស​ភ្លើងទៀន។ ​នេះ​បើតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប។​

នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣​ខែ​កក្កដា​ឆ្នាំ​២០២៣​ មាន​គណបក្ស​នយោបាយ​ចំនួន​១៨​បាន​ត្រៀម​ចូល​រួម​ការបោះឆ្នោត​ ក្រោយ​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​របស់​គ.ជ.ប។ ​ដោយ​ឡែក ​គណបក្ស​ភ្លើងទៀន​ដែល​ជា​គណ​បក្ស​ជំទាស់​ ត្រូវ​បាន​ផាត់​ចេញ​ពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ ដោយ​សារភាព​ចម្រូង​ចម្រាស​ពាក់​ព័ន្ធ​នឹង​ឯកសារ​របស់​គណបក្ស​ភ្លើងទៀន​សម្រាប់​ការចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ។​ ​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប​ ចុះ​ថ្ងៃ​ទី៦​ខែ​មិថុនា ក្រុម​ប្រតិកម្ម​ព័ត៌មាន​ គ.ជ.ប ​បាន​កំណត់​ឃើញ​ថា​ «មាន​បុគ្គល​មួយ​ចំនួន​ធ្វើ​យុទ្ធនាការ​តាម​រយៈ​ខិត្ត​បណ្ណ​ រូប​ភាព​ ឬ​ស៉្បត​ឃោសនា​នានា​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ ដោយ​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​ មិន​ឱ្យ​ទៅ​បោះឆ្នោត​...​ព្រោះ​គ្មាន​គណបក្ស​ភ្លើង​ទៀន»។​

លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

អ្នក​នាំ​ពាក្យ​ គ.ជ.ប ​លោក​ ហង្ស ពុទ្ធា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ មិន​ថា ​ក្នុង​កាលៈ​ទេសៈ​ណា​នោះ​ទេ​ ​គ.ជ.ប ​នឹង​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចាត់​វិធានការ​ចំពោះ​បញ្ហា​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់។​

លោក​ថ្លែង​ថា៖​ «ចំពោះ​សកម្ម​ភាព​រារាំង ​ញុះញង់ ឬ​ធ្វើ​ឱ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត​នោះ​គឺច្បាប់​នឹង​មាន​ចំណាត់​ការ​ទៅ​តាម​ទំហំ​ ទៅ​តាម​សកម្ម​ភាព​ទាំង​ឡាយ​ដែល​មាន។ ​អ៊ីចឹង​សូម​កុំឱ្យ​បង​ប្អូន​មាន​ការ​ភាន់​ច្រឡំ​ទៅ​លើ​ព័ត៌មាន​ទាំង​ឡាយ​ណាដែល​មិន​ផ្សព្វ​ផ្សាយ​ចេញ​ពី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បាទ»។​

គ.ជ.ប​ បាន​ផ្តល់​សេចក្តី​ពន្យល់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ​ថា៖ ​«ការណ៍​ដែល​គ.ជ.ប បដិសេធ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​បោះឆោ្នត​ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​របស់​គណបក្ស​ភ្លើង​ទៀន​ ក៏ដូច​ជា​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​ គឺ​ជា​ការ​អនុវត្ត​ច្បាប់​ ហើយ​សូម​ជ្រាប​ គ.ជ.ប​ គឺ​ជា​ស្ថាប័ន​បចេ្ចកទេស​ និង​អនុវត្ត​ច្បាប់ ដោយ​គ.ជ.ប​ បាន​អនុវត្ត​ដោយ​ស្មើភាព​ និង​គ្មាន​ការ​រើស​អើង​ចំពោះ​គ្រប់​គណបក្ស​នយោបាយ»។ ​

គ.ជ.ប ​បញ្ជាក់​ទៀត​ថា​ យុទ្ធនាការ​ខាង​លើ​ គឺជា​ការ​រំលោភ​បំពាន​លើមាត្រា​ ១៤២​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ដែលនឹង​ត្រូវ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ពី​ ៥​លាន​រៀល​ ទៅ​២០​លាន​រៀល​ លើ​បុគ្គល​ដែល​បង្ក​បទល្មើស ​ដូចជា​ «រារាំង​ប្រជា​ពល​រដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិន​ឱ្យ​ទៅ​បោះឆ្នោត​ ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​នាំឱ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត» ​និង ​«បង្ក​ការ​រំខាន​មិន​ឱ្យ​ដំណើរ​ការ​បោះ​ឆ្នោត​បាន»។​

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន ​លោក​ គីមសួរ​ ភិរិទ្ធ បញ្ជាក់​ប្រាប់​វីអូអេ​ថា​ ចំណាត់​ការ​របស់​គ.ជ.ប ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ ពីព្រោះ​គណបក្ស​គ្មាន​គោល​ការណ៍​ឃាត់​ពលរដ្ឋ​ មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នោះ​ទេ។

លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក​លើក​ឡើង​ថា៖ ​«ឆ្លៀត​ឱកាស​នេះ​ ខ្ញុំ​សុំ​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​លាស់​ថា​ គណបក្ស​ភ្លើង​ទៀនគ្មាន​គោល​ការណ៍​ ឬ​សេចក្តី​សម្រេច​ចិត្ត​ណា​ណែនាំសកម្ម​ជន ​ឬ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​ ឱ្យ​និយាយ​ហាម​ឃាត់​ប្រជា​ពលរដ្ឋ​មិន​ឱ្យ​ទៅ​បោះឆ្នោត​ ដោយ​សារ​តែគ្មាន​វត្តមាន​គណបក្ស​ភ្លើង​ទៀន​នៅ​ក្នុង​អំឡុងពេល​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ទេ»។​

លោក​បន្ថែម​ថា​ ការ​ធ្វើ​សកម្ម​ភាព​ដូច​ដែល​បាន​រាយ​ការណ៍​ដោយ​គ.ជ.ប​ នោះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹងគណបក្ស​ភ្លើងទៀន​នោះ​ឡើយ។​

ដោយ​ឡែក​នៅថ្ងៃ​ពុធនេះ​ លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ប្រកាស​គាំទ្រ​ចំពោះ​វិធាន​ការ​របស់​ គ.ជ.ប ​ទៅ​លើ​អ្នក​ដែល​មាន​ចេតនា​បង្ក​ឱ្យ​មាន​អសន្តិសុខ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ដែល​ខិត​ជិត​មក​ដល់។​

លោក ​ហ៊ុន សែន​ ថ្លែង​បែប​នេះ​ ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត​ ដោយ​មាន​ការ​ចូលរួម​របស់​ឯក​អគ្គ​រដ្ឋទូត​ចិន​លោក​ វ៉ាង វិនធៀន​ (Wang Wentian)។​

លោក ​ហ៊ុន សែន​ ថ្លែង​ដោយ​សំដៅ​លើ​គ.ជ.ប ​យ៉ាង​ដូច្នេះ​៖ «ដំណើការ​បោះឆ្នោត​ត្រូវ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ស្ងប់​ស្ងាត់​ គ្មាន​ហិង្សា​ ដោយ​ប្រជា​ធិបតេយ្យ​ និង​គោរព​សិទ្ធិ​ជ្រើស​រើស​របស់​ប្រជាជន។ ​ឯ​រឿង​វិធានការ​នានា​ដែល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតត្រូវ​ចាត់​វិធានការចំពោះ​អ្នក​បន្ទុច​បង្អាក់​នៃ​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​គឺ​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បញ្ជាក់​ហើយ»។​

លោក កន សាវាង្ស អ្នកសម្របបសម្រួលកម្មវិធីអង្កេត និងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែលថ្លែងក្នុងវេទិកាប្រចាំឆ្នាំលើកទី២ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មានក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​លោក​ កន សាវាង្ស​ ប្រាប់​វីអូអេ​ថា ​ អវត្តមាន​នៃ​គណបក្ស​ភ្លើងទៀន​គឺ​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​សោក​ស្តាយ​ចំពោះជម្រើស​របស់​ប្រជា​ពលរដ្ឋជា​ម្ចាស់​ឆ្នោត​ក្នុង​ការ​ជ្រើស​រើស​តំណាង​របស់​ខ្លួន។​

ក៏​ប៉ុន្តែ​លោក​ថា​ ​វិធានការរបស់​ គ.ជ.ប​ គឺ​ជា​ការ​គិតគូរ​ត្រឹមត្រូវ​ ហើយថា​ ប្រជា​ពលរដ្ឋ​អាច​ចូលរួម​ ឬ​មិនចូលរួម​ក្នុង​ការ​បោះឆ្នោតនោះ​ គឺជា​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​សម្រេច​ចិត្ត​ ដោយ​ពុំ​មាន​នរណា​ម្នាក់​អាច​បញ្ជា​ ឬ​ ហាមឃាត់​ពួកគេ​បាន​នោះ​ឡើយ។​

ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​ គ.ជ.ប​ បាន​ប្តឹង​អនុប្រធាន​ណបក្ស​ភ្លើងទៀន​មួយ​រូប​គឺ​លោក ​សុន ឆ័យ ​ចំពោះ​ការ​អត្ថាធិប្បាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​នៃការ​បោះឆ្នោត​ និង​លទ្ធផល​បោះឆ្នោត។​

លោក ​សុន ឆ័យ​ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ហើយ​តុលាការ​ក៏​បាន​សម្រេច​ឱ្យ​លោក ​សុន ឆ័យ ​បង់​សង​សំណង​សរុប​ជាង​១​លាន​ដុល្លារ​ អាមេរិក​ទៅ​ឱ្យ​គណបក្ស​កាន់​អំណាច​ និង​គ.ជ.ប​ ដែល​ដាក់​ពាក្យ​បណ្តឹង​ស្រដៀង​គ្នា​នឹង​គ.ជ.ប៕