គ.ជ.ប.​ ថា ​ការ​បិទ​បន្ទប់​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​មិន​ត្រូវ​ចាត់​ទុក​ថា​ ជា​ភាព​មិន​ប្រក្រតី​នោះ​ឡើយ

រូបឯកសារ៖​ មន្រ្តី​រៀប​ចំការបោះឆ្នោត​កត់ត្រាចំនួនស្លឹកឆ្នោតដែលបានរា​ប់​ នៅមណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹង​ព្រលិត​​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

នៅ​ក្នុង​ការ​ពន្យល់​មួយ​ទៅ​លើ​របាយ​ការណ៍​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ដែលឃ្លាំមើល​ការ​បោះឆ្នោត ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅកាត់​ថា​ គ.ជ.ប.​បាន​លើក​ឡើង​ថា​ ការបិទ​បន្ទប់​ការិយាល័យរាប់​សន្លឹក​ឆ្នោត​មិន​ត្រូវ​ចាត់​ទុកថា ​ជាភាព​មិន​ប្រក្រតីនោះ​ឡើយ។​

បញ្ហា​ប្រឈម​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​លើក​ឡើងក្នុង​របាយ​ការណ៍​ខ្លួន​នោះ ​រួម​មាន​ការ​រៀប​ចំ​ឲ្យ​មានការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ ការ​បិទ​ទ្វារ​ ឬ​បង្អួច​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ និង​ការ​លុប​បេក្ខជន ​ឬ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ និង​បញ្ហា​មួយ​ចំនួន​ទៀត។​ គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​(ខុមហ្វ្រែល)​ដែល​មាន​លោក​សុក សំអឿន​ជា​តំណាង​ បាន​ពិភាក្សាបញ្ហា​ខាង​លើក្នុង​ជំនួប​ជាមួយ​អគ្គ​លេខាធិការ​រង​គ.ជ.ប.​ លោក​សោម សូរីដា​ ធ្វើ​ឡើង​កាលពីថ្ងៃ​ចន្ទ​នៅ​ទីស្តីការ​គ.ជ.ប.។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប.​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅថ្ងៃអង្គារនេះ។

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​គ.ជ.ប.​ លោក​សោម សូរីដា​ បាន​ប្រាប់​ភាគី​អង្គការ​ខុមហ្រ្វែល​ថា​ ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​៥​ ឆ្នាំ​២០២២​នាពេល​កន្លង​ទៅ​នេះ​ បាន​បញ្ចប់​ទៅ​ដោយ​ទទួល​បាន​ការ​សាទរ​ និង​ការ​វាយ​តម្លៃ​ពី​មជ្ឈដ្ឋាន​ទូទៅ​ ទាំង​ជាតិ និងអន្តរ​ជាតិ​ថា​ ដំណើរ​ការ​បោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅ​រលូន​ល្អ​ ក្នុង​បរិយាកាស​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​ល្អ​ ដោយ​អនុលោម​តាម​ច្បាប់​ បទ​បញ្ជា ​និង​នីតិវិធី​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជា​ធរមាន។​

លោក​សោម សូរីដា​ ដែល​ជាទីប្រឹក្សា​របស់​គ.ជ.ប.​ផង​នោះ​ បាន​បន្ថែម​ថា​ បើទោះ​បី​ជា​ការ​បោះឆ្នោត​នេះ​ បាន​ប្រព្រឹត្ត​ទៅ​រលូន​ក៏ពិតមែន​ តែមិន​អាច​ចាត់​ទុក​ថា​ ល្អ​ឥត​ខ្ចោះ​នោះ​ទេ ហើយ​គ.ជ.ប.​ក្នុងនាម​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​ គឺ​មាន​តែ​ខិត​ខំ​ពង្រឹង​ការ​អនុវត្ត​ការ​ងារ​របស់​ខ្លួន​ស្រប​តាម​បទប្បញ្ញត្តិ​ច្បាប់​ពាក់​ព័ន្ធ​ជា​ធរមាន។​

សេចក្តី​ប្រកាស​របស់​គ.ជ.ប.​ឲ្យដឹង​ទៀត​ថា​ ភាគី​អង្គការ​ខុមហ្វ្រែល​បាន​លើក​ឡើងរបាយ​ការណ៍​ដែល​អង្គការ​នេះ​បាន​ដាក់​ជូន​គ.ជ.ប.​ថា ​របាយ​ការណ៍​នេះ​មិន​មែន​ជា​ការ​ចង់​ដាក់​បន្ទុក​ដល់​គ.ជ.ប.​នោះទេ​ តែ​សង្ឃឹម​ថា​ គ.ជ.ប.​នឹង​ពិចារណា​លើ​ចំណុច​ដែល​បាន​រក​ឃើញ​ទាំង​នោះ​ ក្នុង​ន័យ​លើក​កម្ពស់​ការ​រៀបចំ​បោះឆ្នោត​នៅ​កម្ពុជា​ នា​ពេល​ខាង​មុខៗ​ទៀត​ឲ្យ​កាន់​តែ​ប្រសើរ។​

ក្រោយ​ការ​បង្ហាញ​ទិដ្ឋភាព​វិជ្ជមាន​ជុំវិញ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ​ ក្នុង​ការ​ពិភាក្សាជាមួយ​ភាគីខុមហ្វ្រែល​កាល​ពី​ថ្ងៃ​ចន្ទ​ ភាគី​គ.ជ.ប​ បាន​បកស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​ភាគី​ខុមហ្វ្រែល​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​របស់​ខ្លួន។ ​

នៅ​ក្នុង​បញ្ហា​ការ​បិទ​ទ្វារ​ ឬ​និង​បង្អួច​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ នៅ​ពេល​រាប់​សន្លឹក​ឆ្នោត ​ភាគី​គ.ជ.ប.​បាន​បក​ស្រាយ​ថា​ យោង​តាម​មាត្រា​៣០​នៃ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ «អ្នក​ដែល​មាន​សិទ្ធិ​អាច​នៅ​ក្នុង​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​បាន​គឺ​មាន​មន្ត្រី​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ ភា្នក់​ងារ​គណបក្ស​នយោបាយ​ អ្នក​សង្កេត​ការណ៍​ ភ្ញៀវ​ពិសេស​ និង​អ្នក​សារ​ព័ត៌មាន​ ដូច្នេះ​មិន​អាច​ថា​ ការ​បិទ​បន្ទប់​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ជា​ភាព​មិន​ប្រក្រតី​នោះ​ទេ»។​

សម្រាប់​ការ​រៀប​ចំ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ ភាគី​គ.ជ.ប.​ បាន​បក​ស្រាយ​ថា​ គ.ជ.ប.​ បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ ដោយ​គោរព​ និង​អនុវត្ត​ទៅតាម​ក្រប​ខណ្ឌ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ការិយាល័យ​បោះឆ្នោត​ តែ​នៅក្នុង​ដែន​ដី​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។​

រីឯ​ការ​លុប​ឈ្មោះ​បេក្ខជន​ ឬ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ ភាគី​គ.ជ.ប.​បំភ្លឺ​ថា​ ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ចុះ​បញ្ជី​បេក្ខ​ជន​ ច្បាប់​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​ត្រូវ​ដាក់​បេក្ខជន​ចំនួន​ពីរ​ដង​នៃ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នោះ។​

គ.ប.ជ.​បក​ស្រាយ​ទៀត​ថា៖​ «ករណី​ការ​ដាក់​បេក្ខជន​មិន​គ្រប់​តាម​ចំនួន​កំណត់​ បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​នោះ​ត្រូវ​បាន​បដិសេធ​ការ​សុំ​ចុះ​បញ្ជី។ ​ប៉ុន្តែ​ក្នុង​ករណី​បញ្ជី​មាន​បេក្ខជន​គ្រប់​ចំនួន ​ហើយ​ត្រូវ​បាន​ទទួល​យល់​ព្រម​ឲ្យ​ចុះ​បញ្ជី​ បញ្ជី​នោះត្រូវ​បិទ​ផ្សាយ​ជា​បញ្ជី​បេក្ខជនដំបូង។ ​ប្រសិន​បើ​មាន​ការ​ប្តឹង​ពី​ប្រជា​ពលរដ្ឋ​ចំពោះ​បញ្ជី​បេក្ខជន​ដំបូង​ បេក្ខជន​ណា​មិន​បំពេញ​បាន​តាម​លក្ខខណ្ឌ​កំណត់​នៃ​ច្បាប់​ បេក្ខជន​នោះ​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បេក្ខជន​ដំបូង​ ពោល​គឺ​មិន​បដិសេធ​បញ្ជី​បេក្ខជន​ទាំង​មូល​ទេ»។​

ប្រធាន​គណៈ​កម្មាធិការ​នាយក​អង្គការ​ខុមហ្វ្រែល​លោក​សុក សំអឿន​ យល់​ថា​ ការ​បកស្រាយ​របស់​គ.ជ.ប.​ធ្វើ​ឡើង​នៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ ដែល​សមហេតុផល។ ​ប៉ុន្តែ​ អ្វីដែល​ជា​ការ​បារម្ភ​របស់​សង្គម​ស៊ីវិល​ពាក់​ព័ន្ធ​នឹង​ដំណើរការ​បោះឆ្នោត​នោះ គឺ​វិធាន​ការ​ច្បាប់​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្រៅ​ការ​ទទួល​ខុសត្រូវ​ខាង​ផ្លូវ​ច្បាប់របស់​គ.ជ.ប.។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «ក្នុង​ពេល​បោះឆ្នោត​ យើង​មិន​បារម្ភ​ទេ​ ក៏​ប៉ុន្តែ​យើងអ្វី​ដែល​យើង​បារម្ភ​... ​បារម្ភ​រឿង​បញ្ហា ​ឧទាហរណ៍​ដូច​ជា​យើង​ការ​រំលាយ​បក្ស​អ៊ីចឹង។ ​ការ​រំលាយ​បក្ស​ស្រាប់តែ​អា​អ្នក​ខុស​ ឧបមា​ថា​ យើង​ថា​ ខុស​ឧទាហរណ៍​ថា​ ចោទ​មេបក្ស​គាត់​ធ្វើ​ខុស​ចុះ! ​តែ​វា​ទៅ​ជា​បាត់​អាសនៈ​របស់​តំណាង​រាស្ត្រ​ផ្សេង​ទៀត នោះ​ហើយ​ យើង​បារម្ភ​អាហ្នឹង។ ​ក៏​ប៉ុន្តែអាហ្នឹង​មិន​មែន​ជា​អំណាច​ មិន​មែន​ស្ថិត​នៅក្នុង​យុត្តា​ធិការ​គ.ជ.ប.ទេ។ ​អាហ្នឹង​បញ្ហា​ផ្លូវ​ច្បាប់​ទេ។ ​អាហ្នឹង​នោះ​មាន​តែ​សភា​ទេ​ ដែល​អាច​កែ​បាន»។​

ដោយ​ឡែក​ ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក​អំ សំអាត​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ អង្គារ​នេះ​ថា​ លទ្ធភាព​ដែល​ពលរដ្ឋ​អាច​ចូលតាម​ដាន​ការ​រាប់​សន្លឹក​ឆ្នោត​បាន​គួរ​តែត្រូវ​បាន​ពិចារណា​ ហើយ​សង្គម​ស៊ីវិល​ក៏មាន​ការ​ពិភាក្សា​អំពី​បញ្ហា​នេះ​ដែរ។​

លោក​លើក​ឡើង​ថា៖ ​«ចំណុច​នេះ​ វាធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ម្ចាស់​ឆ្នោត​ ពីព្រោះ​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ អ៊ីចឹង​គាត់​បោះឆ្នោត​ហើយ​ គាត់​ក៏មាន​សិទ្ធិ​ក្នុង​ការ​តាម​ដាន​ទៅ​លើ​ការ​រាប់​សន្លឹក​ឆ្នោត​ហ្នឹង​ផង​ដែរ។ ​អ៊ីចឹង​ យើង​ក៏​សង្កេត​ឃើញ​ដែរ​ថា​ មុន​ឆ្នាំ​២០១៣​ ការ​បោះឆ្នោត​រាល់​អាណត្តិ​ រហូត​មក​ដល់​ឆ្នាំ​២០១៣​ហ្នឹង​គឺ​មាន​ការ​អនុញ្ញាត​ឲ្យ​បង​ប្អូន​ដែល​ជា​ម្ចាស់​ឆ្នោត​ហ្នឹង​តាម​ដាន​នៅ​ការិយាល័យ​រាប់សន្លឹក​ឆ្នោត​ហ្នឹង​រហូត​ដល់​ចប់»។​

បើ​តាម​លោក​អំ សំអាត​ ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​សន្លឹក​ឆ្នោត​ លែង​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​តាម​ដាន​កា​ររាប់​សន្លឹក​ឆ្នោត​ គិត​ចាប់តាំង​ពីការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧​ ​និង​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត ​និង​នីតិ​វិធីនៃ​ការ​រៀបចំ​ការ​បោះឆ្នោត​មួយ​ចំនួន។​

យ៉ាង​ណា​ក៏ដោយ​ លោក​សោម សូរីដា​ ​អគ្គលេខាធិការ​រង​គ.ជ.ប.​បាន​ផ្តល់​ការ​ពន្យល់​ថា​ គ.ជ.ប.​បាន​បំពេញ​ការងារ​បោះឆ្នោត​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន ដូច្នេះ​នៅ​ក្នុង​ច្បាប់​ពលរដ្ឋ​គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្ថិត​ក្នុង​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ទេ។ ​ម្យ៉ាង​ទៀត​លោក​ថា ​តាម​បទ​ពិសោធន៍​នៃ​ការ​រៀបចំការ​បោះឆ្នោត​មុន​ឆ្នាំ​២០១៧​ មាន​ហេតុការណ៍​ដែល​អ្នក​បោះឆ្នោត​ជា​សមាជិក​គណបក្ស​នយោបាយ​មួយ​បាន​បង្ក​ហិង្សា​ក្នុង​ការិយា​ល័យ​បោះ​ឆ្នោត​ដោយ​ចាប់​ប្រធាន​ការិយាល័យ​បោះឆ្នោត​មក​ធ្វើ​ជា​ចំណាប់​ខ្មាំង​ដែល​រារាំងដល់​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត៕