គ.ជ.ប.៖ ការ​ទាមទារ​របស់​សង្គម​ស៊ីវិល​ដដែលៗ​នឹង​មិន​អាច​ធ្វើ​តាម​បាន

ថ្លែង​ក្នុង​ស​ន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​សុក្រ​ទី​០៣​ មេសា​ លោក ទេព នីថា (កណ្តាល) ​អគ្គ​លេខាធិការ​គ.ជ.ប.​មាន​ប្រសាសន៍​ថា​ការស្នើ​សុំ​ទាំង​នេះ​មិន​មាន​អ្វី​ថ្មី​នោះ​ទេ​ហើយ​គ.ជ.ប.​បាន​ពិនិត្យ​មើល​និង​ស្រាយ​បំភ្លឺ​រួចរាល់​អស់​ហើយ។ (រូបថត៖ ស៊ុយ ហ៊ាមខេមរា)

រាជធានី​ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ហៅ​កាត់​ថា​ គ.ជ.ប. ​បាន​ប្រកាស​ច្រានចោល​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​ហៅ​សំណើ​នោះ​ថា​ជា​រឿង​ច្រំដែល។

កាលពី​ម្សិល​មិញ​នេះ​អង្គការ​សង្គម​ស៊ីវិល​បាន​ទទូច​ឲ្យ​គ.ជ.ប.​បិត​ឈ្មោះ​អ្នកបោះឆ្នោត​ផ្លូវការ​នៅ​តាម​ភូមិដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ចាប់​ពីពេល​នេះ​តទៅ​។ ពួកគេ​យល់​ថា​ធ្វើ​ដូច​នោះ​នឹង​ផ្តល់​ឱកាស​ដល់​អ្នក​បាត់​ឈ្មោះ​ឬ​ឈ្មោះ​ខុស​ស្នើ​ឲ្យ​មានការ​កែតម្រូវ​ហើយ​ក៏​បានស្នើ​ឲ្យ​គ.ជ.ប.​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ដែល​មាន​អសនៈ​ក្នុង​រដ្ឋសភា​ចូលរួម​ក្នុង​ការ​ចូលរួម​ជ្រើសរើស​និង​តែងតាំង​សមាជិក​គណៈកម្មការ​បោះ​ឆ្នោត។

ថ្លែង​ក្នុង​ស​ន្និសីទ​កាសែត​ លោក ទេព នីថា​អគ្គ​លេខាធិការ​គ.ជ.ប.​មាន​ប្រសាសន៍​ថា​ការស្នើ​សុំ​ទាំង​នេះ​មិន​មាន​អ្វី​ថ្មី​នោះ​ទេ​ហើយ​គ.ជ.ប.​បាន​ពិនិត្យ​មើល​និង​ស្រាយ​បំភ្លឺ​រួចរាល់​អស់​ហើយ។

លោក​ទេព នីថា​បាន​បញ្ជាក់​បន្ថែម​ថា៖ «ច្រើនសា​រហើយ​តែ​គាត់​នៅតែ​បន្ត​លើកឡើង​ទៀត​ចឹ​ង​គ.ជ.ប.​នៅតែ​បន្ត​ឆ្លើយបំភ្លឺ​ទៀត។ តែ​យើង​គ្រាន់តែ​ចង់​ស្រាយ​បំភ្លឺថា​អ្វីខ្លះ​ដែល​គាត់​ស្នើ​សុំ​ហើយ​អ្វីខ្លះ​ដែល​យើង​បានធ្វើ»។

ជាមួយ​គ្នា​នេះ​លោក​ទេព នីថា​ បញ្ជាក់​ថា​ការ​ទាមទារ​ឱ្យ​មាន​តំណាង​គណបក្ស​នយោបាយ​ចូលរួម​ក្នុង​ការ​ជ្រើសរើស​និង​តែងតាំង​សមាជិក​គណៈកម្មការ​បោះឆ្នោត​និង​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ការ​តែងតាំង​សមាជិក​គណៈកម្មការ​ឃុំ​-សង្កាត់​រៀបចំ​ការ​បោះឆ្នោត​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ ពីព្រោះ​មិន​មាន​ច្បាប់។

ដោយ​ឡែក​ទាក់ទង​នឹង​ការ​បិត​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ លោក​ទេព ​នីថា បញ្ជាក់​ថា​គ.ជ.ប. ​មិនមាន​នីតិ​វិធី​បិត​បញ្ជី​នេះ​នៅតាម​ភូមិ​នោះទេ។

ទោះបី​ជា​យ៉ាងនេះ​ក្តី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ប្រសិន​បើ​គ.ជ.ប. ​មិន​ព្រម​ទទួលយក​អនុសាសន៍​របស់​ខ្លួន​នោះ​នឹង​នាំ​ឲ្យ​បាត់បង់​ការ​ជឿ​ទុកចិត្ត​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត។

លោក លោក គុល បញ្ញា ​ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា​ ខុមហ្វ្រែល ​មាន​ប្រសាសន៍​ថា​ការ​ស្នើ​សុំ​ឱ្យ​មាន​តំណាង​គណបក្ស​នយោបាយ​ចូលរួម​ជ្រើសរើស​និង​តែងតាំង​សមាជិក​គណៈកម្មការ​បោះ​ឆ្នោត​មិនមែន​ជា​រឿង​ខុសច្បាប់​ឡើយ។

«គាត់​ឱ្យ​ សេច (គណៈកម្មការ​បោះឆ្នោត​ឃុំ-សង្កាត់) ​ទៅ​រើស​មន្ត្រី​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត។ ចឹ​ង​ការ​ជ្រើសរើស​លម្អិត​ច្បាប់​គេ​អត់​បាន​ប្រាប់​ទេ តែ​គ.ជ.ប.​មាន​លទ្ធភាព​ក្នុងការ​ចាត់ចែង​លើ​បញ្ហា​ហ្នឹង​ដើម្បី​ធានា​ឱ្យ​មាន​ការចូលរួម​ពី​គណបក្ស​នយោបាយ។ តែ​ច្បាប់​ហា​ម​ គាត់​បែរជា​ធ្វើ​វិញ ​ដូច​ជា​មន្ត្រី​រាជការ​ជាដើម​ហ្នឹង។ ច្បាប់​ហាម​គាត់​ធ្វើ​វិញ។ ពី​មុន​មក​ឥឡូវ​បាន​កែ​តិច»។

តាម​របាយការណ៍​រប​ស់​អង្គការ​និកហ្វិ​ក​និង​ខុមហ្វ្រែល​បង្ហាញ​ថា​មាន​ប្រជាពលរដ្ឋ​ពី​ ១៣​ទៅ​ ១៧% មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​បោះឆ្នោត​ទាំង​នោះ។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ២០១៣​នេះ។
លោក​ទេព នីថា ​ឲ្យ​ដឹង​ថា​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​ទី ០៣ ​ខែឧសភា​នេះ​មាន​គណបក្ស​ចំនួន៥ ​ហើយ​បានមក​ចុះបញ្ជី​គណបក្ស​នយោបាយ​និង​បេក្ខជន​តំណាងរាស្ដ្រ។ ក្នុង​នោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​សញ្ជាតិ​កម្ពុជា ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​គណបក្ស​សាធារ​ណ​រដ្ឋ​ប្រជាធិបតេយ្យ ​និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។

ដោយ​ឡែក​អ្នក​អង្កេត​ការណ៍​ជាតិ​សរុប​ជិត ​៧ពាន់​នាក់​មក​ពី ​១៧​អង្គការ​និង​អ្នក​អង្កេតការណ៍​អន្តរជាតិ​ចំនួន​ ១៧​នាក់​ត្រូវបាន​ទទួល​ស្គាល់​ដោយ​គ.ជ.ប.៕