ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៉ី​អះអាង​ពីកំណើន​នៃ​ការ​គាំទ្រ​ពី​ពល​រដ្ឋ​ខ្មែរអាមរិកាំង​


​មេដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​លោក​សម រង្ស៉ី​
​មេដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​លោក​សម រង្ស៉ី​
វ៉ាស៊ីនតោន​៖ ក្រុម​មេដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​លោក​សម រង្ស៉ី​សម្តែង​នូវភាព​រីក​រាយ​ នៅ​ពេល​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​នយោបាយ ​និង​ហិរញ្ញ​វត្ថុ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គាំទ្រ​គណបក្ស​លោក​ដោយពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​លោក​សម ​រង្ស៉ី​អះអាង​ថា ​មិន​ធ្លាប់​មាន​ពីមុន។​ លោក​សម​ រង្ស៉ី​បាន​ចាត់​ទុក​ថា​ចរន្ត​នៃ​ការ​ចូលរួម​គាំទ្រ​នេះ​ជាផ្នែក​មួយ​នៃ​ជ័យ​ជំនះ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ។​

«បរិយាកាស​នេះ​គឺ​ខុស​ប្លែក​ ឃើញ​មាន​ទឹកចិត្ត​ផុសផុល ​ឃើញ​ចរន្តនេះ​សន្ទុះ​នេះ​ដូច​ជា​មិន​ធម្មតា។​ ហើយ​ខ្ញុំជឿ​ជាក់​ថា ​ចរន្ត​នេះ​ សន្ទុះ​នេះ​នឹង​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ជ័យជំនះ​ដ៏​ត្រចះ​ត្រចង់​នៅ​ឆ្នាំ​២០១៣​នេះ»។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​ ការ​គាំទ្រ​លើក​មុនៗ​មាន​មនុស្ស​ចូល​រួម​តែ​១០០​នាក់​ ឬ​ជាង​១០០​នាក់​ប៉ុណ្ណោះ ​នៅពេល​លោក​ជួប​តាម​រដ្ឋ​នីមួយៗ​ តែ​ទស្សន​កិច្ច​របស់​លោក​ពេល​នេះ​មាន​ការ​ចូលរួម​មួយ​កន្លែងៗ​ដល់​ទៅ​៥០០​នាក់​ មាន​ការ​ចូល​ជាថវិកាជាច្រើន​ទៀត។​ ពី​រដ្ឋ​អ៊ីល្លីណយ​លោក​រង្ស៉ី​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរ​ស័ព្ទ​បន្ថែម​ថា​ អ្នក​ចាស់​ដែល​មិនសូវ​រវី​រវល់​នឹង​នយោបាយ​បាន​វិល​មក​វិញ​ រីឯ​អ្នក​ថ្មី​ក៏​បាន​ចូលរួម​យ៉ាង​ច្រើន​ជាង​មុន​ដែរ។​

«ពីព្រោះ​បងប្អូន​យើង​នៅ​ស.រ.អា.​អបអរ​សាទរ​ការ​រួប​រួម​គ្នា​រវាង​គណបក្ស​សម រង្ស៉ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស។​ ពួកគេ​ចាត់ទុក​ថា​ ការ​រួបរួម​គ្នា​នេះ​ជា​ការ​ចាំបាច់​ដាច់​ខាត​ដើម្បី​រំដោះ​ប្រទេស​ជាតិ​យើង​ពី​ក្រញ៉ាំ​អ្នក​ដឹកនាំ​សព្វ​ថ្ងៃ​ ដែល​បម្រើ​បរទេស​ឈ្លាន​ពាន»។​

លោក​សម រង្ស៉ី​បានធ្វើ​ដំណើរ​មក​ដល់​ស.រ.អា.​កាល​ពី​ថ្ងៃ១២​ខែ​មេសា​ក្នុង​បេសក​កម្ម​បួន​សប្តាហ៍​របស់​លោក។​ លោក​បាន​បំពេញ​ទស្សន​កិច្ច​នៅ​ក្នុង​ទីក្រុង​នៃ​រដ្ឋ​ជាច្រើន​ពាស​ពេញ​ស.រ.អា.​ ដូចជា​រដ្ឋ​មីនីសូតា​ រដ្ឋ​ម៉ាសាជូស្សេត​ រដ្ឋ​ន័ស ខារ៉ូឡាញណា​ រដ្ឋ​វ៉ាស៊ីនតោន​ រដ្ឋ​កាលីហ្វ័រញ៉ា​ រដ្ឋ​អ៊ីល្លីណយ​ រដ្ឋ​តិចសាស់​ រដ្ឋ​ញូយ៉ក​ និង​ទៅ​ប្រទេស​កាណាដា​ បន្ទាប់​ទៀត​ មុន​នឹង​វិល​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ស.រ.អា.​នៅថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី៩​ខែ​ឧសភា។​ ដំណើរ​ទស្សន​កិច្ច​របស់​លោក​សម រង្ស៉ី​នេះ​គឺ​ចូលរួម​ដោយ​លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ តែចំនួន​ពីរ​រដ្ឋ​ទេ​គឺ​រដ្ឋ​វ៉ាស៊ីនតោន​ និង​រដ្ឋ​កាលីហ្វ័រញ៉ា។​

លោក​កឹម សុខា​បាន​ដឹកនាំ​មេឃុំ​គណបក្ស​សិទ្ធិ​មនុស្ស​ម្នាក់​គឺ​លោក​ប៊ុត សារុត​នៃ​ឃុំ​ឫស្សីស្រុក​ ខេត្ត​ព្រៃវែង​មក​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ស.រ.អា.​ ដើម្បី​រៀន​សូត្រ​បទពិសោធន៍​អំពី​ការ​រៀបចំ​មូលដ្ឋាន​ក្នុង​ប្រទេស​អាមេរិក​តាម​បែប​ប្រជា​ធិបតេយ្យ។​

«ខ្ញុំ​ចង់ប្រាប់​បងប្អូន​ទាំង​ក្នុង​និងក្រៅ​ប្រទេស​ថា​ យើង​ត្រូវតែ​យក​គម្រូ​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ យក​ទៅ​រៀបចំ​ប្រទេស​កម្ពុជា​យើង​តាម​រយៈ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​យើង​ដឹង​ហើយ​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​គាត់លម្អៀង​ទៅ​រក​តែ​ប្រទេស​កុម្មុយនីស្ត​ទេ​ ប្រទេស​យួន ​ប្រទេស​ចិន។​ យើង​ដឹង​ហើយ​យួន​និង​ចិន​នេះ​ហើយ​ដែល​ធ្វើឲ្យ​ស្រុកខ្មែរ​ខ្ទេច​ខ្ទី​អស់»។​

ដោយ​ការ​អះអាង​ពីកិច្ចការ​រវល់​ក្នុង​ប្រទេស​ទាក់ទង​នឹង​ការ​បោះឆ្នោត​ លោក​កឹម សុខាបាន​វិល​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​ ដោយ​ពុំបាន​ចូល​រួម​ជាមួយ​លោក​សម រង្ស៉ី​ដើម្បី​ជួប​នឹង​មន្ត្រី​នានា​របស់​លោក​ប្រធានាធិបតី​ស.រ.អា. ​បារ៉ាក់​ អូបាម៉ា​និង​មន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អា.ទេ។​

លោក​សម រង្ស៉ី​ពុំបាន​អះអាង​ថា​ លោក​នឹង​ពិភាក្សា​អ្វីខ្លះ​ទេ​ជាមួយ​មន្ត្រី​ស.រ.អា.​ តែបញ្ហា​កែប្រែ​គណៈ​កម្មាធិការ​ជាតិ ​ការ​សុំ​អន្តរាគមន៍​ពី​ស.រ.អា.​ឲ្យ​លោក​បាន​វិល​ទៅកាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ការ​បោះឆ្នោត ​និង​ការ​ទទួល​ស្គាល់​លទ្ធផល​ការ​បោះឆ្នោត​របស់​ស.រ.អា.​អាច​ជា​ប្រធានបទ​ក្នុង​កិច្ច​ពិភាក្សា​ដែរ។​
លោក​សម រង្ស៉ី​ ដែលកំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​ហើយ​ដែល​ត្រូវ​រារាំង​ដោយ​រឿង​ក្តីក្តាំ​នៅ​តុលាការ​នោះ​ ​មិនឲ្យ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលកាន់​អំណាច​ជាង​៣០ឆ្នាំ​នោះទេ​ ដោយសារ​រឿងដក​តម្រុយ​ព្រំដែន​ដែល​គេ​គិត​ថា​ ជា​រឿង​នយោបាយ។​ សូមលោក​អ្នករង់ចាំ​ស្តាប់កិច្ច​សម្ភាសន៍រវាង​វីអូអេ​ជាមួយ​លោកសម រង្ស៉ី​ក្រោយ​ជំនួប​រវាង​មន្ត្រី​ស.រ.អា.​នៅដើម​ខែ​ឧសភា៕​
XS
SM
MD
LG