ទីភ្នាក់ងាររបស់អ.ស.ប.ទទួលបន្ទុកខាងជនភៀសខ្លួន (UNHCR) រាយការណ៍ថា មនុស្សជិតកន្លះលាននាក់នៅក្នុងប្រទេសកូតឌីវ័របានគេចចេញពីលំនៅដ្ឋានដោយសារតែអំពើឃោរឃៅកាន់តែកើននៅទីនោះ។ អង្គការ UNHCR និយាយថា មានការយកចិត្ដទុកដាក់តិចតួចមកលើសោកនាដកម្មដែលកំពុងចេញមុខនៅតំបន់ភាគខាងលិចប្រទេសអាហ្វ្រីកនេះ ដោយសារតែគេបានយកចិត្ដទុកដាក់ខ្លាំងមកលើព្រឹត្ដិការណ៍នៅតំបន់ភាគខាងជើងតំបន់អាហ្រ្វីកទៅវិញ។
ទីភ្នាក់ងារអ.ស.ប.ខាងជនភៀសខ្លួននិយាយថាខ្លួនមានការព្រួយបារម្ភខ្លាំងចំពោះការឆ្លើយតបកម្រិតទាបទៅនឹងវិបត្ដិនៅក្នុងប្រទេសកូតឌីវ័ររហូតមកទល់ពេលនេះ។ អង្គការនោះនិយាយទៀតថាមនុស្សប្រមាណ៣៧០.០០០នាក់ បានត្រូវបង្ខំឲ្យទៅរកទីកន្លែងជ្រកកោនថ្មីនិងមនុស្សជិត ៨០.០០០នាក់បានរត់ចូលទៅជ្រកកោនក្នុងប្រទេសជិតខាង គឺប្រទេសលីបេរីយ៉ា។
អង្គការ UNHCR រាយការណ៍ថា ខ្លួនបានទទួលការឆ្លើយតបដ៏ខ្សត់ខ្សោយបំផុតទៅនឹងសេចក្ដីអំពាវនាវចុងក្រោយរបស់ខ្លួនសុំឲ្យជួយថវិកា៤៦លានដុល្លារ ទោះបីជាចំនួនមនុស្សគ្មានផ្ទះសម្បែង និងសេចក្ដីត្រូវការកាន់តែកើនក៏ដោយ។
អ្នកនាំពាក្យអ.ស.ប. លោកស្រី មេលិស្សា ហ្វ្លេមិង (Melissa Fleming) ថ្លែងថា អង្គការ UNHCR បានទទួលថវិកាត្រឹមតែ៥លានដុល្លារប៉ុណ្ណោះ។ លោកស្រីថ្លែងទៀតថា ទីភ្នាក់ងារកំពុងពិចារណារៀបចំចេញសេចក្ដីអំពាវនាវធំហើយថ្មីមូយទៀត។
លោកស្រីអំពាវនាវដល់ប្រទេសសប្បរសធម៌អន្ដរជាតិសុំឲ្យឆ្លើយតបដ៏សកម្មមកលើវិបត្ដមនុស្សជាតិនៅក្នុងប្រទេសកូតឌីវ័រ។
«យើងបានឃើញការចុះអន់ថយនូវកិច្ចការការពារសន្ដិសុខក្នុងអាប៊ីហ្សង់ (Abidjan)។ ការប៉ះទង្គិចថ្មីៗនៅក្នុងសង្កាត់អាបូបូនៅថ្ងៃទី៨ខែមិនានិងនៅសង្កាត់កូកូឌីនៅថ្ងៃទី៧ខែមិនា បណ្ដាលឲ្យមនុស្ស៣០នាក់របួសនិងមនុស្ស៣នាក់ស្លាប់។ ចំណុចឆែកឆេរដោយប្រដាប់អាវុធបានធ្វើឲ្យដំណើរនៅជុំវិញក្រុងមានសភាពគ្រោះថ្នាក់ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅ»។
លោកស្រី Fleming ថ្លែងទៀតថា អង្គការ UNHCR បានបញ្ជាក់ទីកន្លែង២០នៅជុំវិញក្រុងអាប៊ីហ្សង់ពោរពេញទៅដោយជនភៀសសឹកមកប្រមូលផ្ដុំគ្នានៅទីនេះ។ លោកស្រីនិយាយថាបុគ្គលិករបស់អង្គការសង្រ្គោះបានរាប់ចំនួនជនភៀសសឹកជាថ្មីឡើងវិញនៅក្នុងតំបន់ខ្លះ ហើយកំពុងធ្វើការវាយតម្លៃសេចក្ដីត្រូវការរបស់ជនទាំងនោះ។ ខណះដែលការរៀបចំដំណើរការកំពុងធ្វើឡើង លោកស្រីកត់សម្គាល់ថា គេមើលឃើញច្បាស់ថាជនទាំងនោះត្រូវការជំនួយជាបន្ទាន់ខាងស្បៀងអាហារនិង វត្ថុសង្រ្គោះជាប្រញាប់រាប់ទាំងថ្នាំពេទ្យផង។
«នៅក្រៅទីក្រុងអាប៊ីហ្សង់ អំពើឃោរឃៅនៅតំបន់ខាងលិច ហាក់ដូចជារាលដាលដល់កណ្ដាលក្រុងនិងតំបន់អាគ្នេយ៍ប្រទេស។ មនុស្សជាច្រើនបានត្រូវបង្ខំឲ្យរត់ចេញ ហើយជនទាំងនោះរាយការណ៍ថា គេបានព្យាយាមបញ្ឈប់ខ្លួនមិនឲ្យរត់ចេញ ហើយគេបានរាយការណ៍អំពីការរំលោភលើប្រាណ រាប់ទាំងករណីចាប់រំលោភលើស្រ្ដី។ នៅក្នុងប្រទេសលីបេរីយ៉ាក្នុងសប្ដាហ៍នេះ ជាឧទាហរណ៍ បុគ្គលិករបស់យើងបាននិយាយជាមូយជនភៀសខ្លួនស្រ្ដីកូតឌីវ័រអាយុ២១ឆ្នាំ ដែលរត់ចេញជាមួយកូនប្រុសអាយុ២ឆ្នាំ ក្រោយពីក្រុមបះបោរបានវាយដុំ ពីព្រោះនាងបានតទល់នឹងការរំលោភលើប្រាណនាង»។
លោកស្រី Fleming ថ្លែងថា ជនភៀសខ្លួនកាន់តែច្រើន ដែលរត់ចូលទៅក្នុងប្រទេសលីបេរីយ៉ា បាននិយាយប្រាប់អំពីការបាញ់ឆ្លងឆ្លើយគ្នានៅតាមផ្លូវ ជួនកាលបង្ខំឲ្យគេរកទីកន្លែងលាក់ខ្លួននិងទទួលទានដំណេកសម្រាកនៅក្នុងព្រៃ។
ភាពភ័យខ្លាចពីការវិលត្រឡប់មកវិញនូវសង្គ្រាមស៊ីវិលកាន់តែកើននៅចំពេលដែលមានការខ្វែងគំនិតគ្នាក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសកូតឌីវ័រ មិនបង្ហាញសញ្ញានៃការដោះស្រាយរួចក្នុងពេលឆាប់ៗនេះទេ។
ដោយយល់ឃើញជាមុននូវចំនួនមនុស្សកាន់តែច្រើនដែលរត់ចេញពីប្រទេស អង្គការ UNHCR កំពុងប្រុងប្រៀបបំពេញសេចក្ដីត្រូវការរបស់ជនភៀសខ្លួនចំនួន១៥០.០០០នាក់។ នេះជាចំនួន លើសពីរដងនៃជនភៀសខ្លួនដែលមកដល់ទីនេះរួចទៅហើយក្នុងប្រទេសលីបេរីយ៉ានោះ៕
ប្រែសម្រួលដោយ អ៊ូ ធួក