លទ្ធផល​បោះឆ្នោត​បឋម បង្ហាញ​ថា​គណបក្ស​ប្រជាជន​ឈ្នះ​នាំ​មុខ​ដាច់

គណបក្ស​ប្រជាជន​កម្ពុជា​ថា​ខ្លួនឈ្នះ​បាន​ ១២៥ កៅអី​ក្រោយ​លទ្ធផលបឋមនៃការ​បោះឆ្នោតថ្នាក់​ជាតិ​ចជ្រើសតាំងតំណាងរាស្រ្ត​​អណត្តិ​ទី ៦ ឆ្នាំ២០១៨។ ​(ខាន់​ សុគុមនោ​​ និង​ អូន ឆេងប៉រ/ VOA)

គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​ដាច់គេ​ដោយ​នាំមុខគណបក្ស​១៩ទៀត​ដ៏ច្រើន​លើស​លុប ក្នុង​ការបោះឆ្នោត​ដែល​រងការរិះគន់​ថាមិន​សេរី យុត្តិធម៌​ ត្រឹមត្រូវ ហើយ​គ្មាន​គណបក្ស​ជំទាស់​ដែល​មានកម្លាំង​ប្រហាក់​ប្រហែល​ចូលរួម​នោះ។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​អំពីលទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន​របស់​គ.ជ.ប.​ ដែល​ចេញ​ផ្សាយ​នៅព្រឹក​នេះ​គ.ជ.ប. បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សម្លេង​ ៤ លាន៨ សែន ខណៈ​ដែល​គណបក្ស​១៩ទៀត​បាន​ទទួល​សំឡេង​ឆ្នោត​ តែ ជាង​៣សែន។ តួលេខ​នេះ បើគ្មាន​អ្វីប្រែប្រួល​នឹង​ផ្តល់​អាសនៈ​ចំនួន​១២៥ ក្នុង​រដ្ឋសភា​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

តែ​គ​.ជ.ប.ទុក​ពេល​វេលា​ប្តឹង​តវ៉ា​ចំនួន​៧២ម៉ោង។ ការបោះឆ្នោត​កាល​ពី​ថ្ងៃ​២៩​ ខែ​ កក្កដា មាន​មនុស្ស​ចំនួន ៦លាន ៩ សែន​នាក់​បាន​ចេញ​ទៅបោះ​ឆ្នោត​ក្នុងចំណោម​អ្នកបោះឆ្នោត​ជាង​៨លាន​៣សែន។

ប្រទេស​កម្ពុជា​គ្រោង​នឹង​បង្កើត​សភា​និង​រដ្ឋាភិបាល​ថ្មីនៅ​ដើមខែ​កញ្ញាខាង​មុខ។