ប្រទេសសម្ព័នអូតង់ បានជ្រើសរើសនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte ជាមេដឹកនាំថ្មីរបស់អូតង់កាលពីថ្ងៃពុធ ពេលសង្គ្រាមនៅអ៊ុយក្រែនបន្តនៅជាប់ព្រំដែនខ្លួនហើយភាពមិនប្រាកដប្រជាអំពីឥរិយាបទក្នុងពេលអនាគតរបស់សហរដ្ឋអាមេរិក ចំពោះសម្ព័នភាពនេះ នៅតែមាន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ការតែងតាំងលោក Rutte ក្លាយជាផ្លូវការ ក្រោយពីគូប្រជែងតែម្នាក់គត់សម្រាប់តំណែងនេះ គឺប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis បានប្រកាសដកខ្លួនពីការប្រកួតកាលពីសប្តាហ៍មុន ដោយសារខ្វះការគាំទ្រ។
លោក Rutte នឹងចូលកាន់តំណែងជាអគ្គលេខាធិការចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៤ទៅ។
ក្រោយពីប្រកាសចំណាប់អារម្មណ៍របស់ខ្លួនចំពោះតំណែងនេះកាលពីឆ្នាំមុន លោក Rutte ទទួលបានការគាំទ្រតាំងពីដើមទីទៅពីប្រទេសជាសមាជិកសំខាន់ៗរបស់សម្ព័ន្ធអូតង់ រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស បារាំងនិងអាល្លឺម៉ង់ផងដែរ។
ប្រទេសជាសមាជិកផ្សេងទៀតរួញរាក្នុងចិត្តជាពិសេសប្រទេសអឺរ៉ុបខាងកើត ដែលលើកហេតុផលថា តំណែងនេះគួរតែបានទៅនរណាម្នាក់មកពីតំបន់របស់ខ្លួនជាលើកដំបូង។
តែទីបំផុត ប្រទេសទាំងនេះ ក៏គាំទ្រលោក Rutte ដែលជាអ្នករិះគន់ឥតសំចៃមាត់លើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានរបស់អ៊ុយក្រែន៕