គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃអង្គារ ទី៣ ខែមករានេះ បានចាប់ផ្ដើមបិទផ្សាយបញ្ជីបោះឆ្នោតថ្មីជាលើកដំបូង និងបញ្ជីឈ្មោះស្ទួនដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតទូទាំងប្រទេស។
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងរយៈពេល១០ថ្ងៃនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា ដែលបានចុះឈ្មោះបោះឆ្នោត អាចពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ពួកគេថាត្រឹមត្រូវឬយ៉ាងណា។
ពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញដែល VOA បានជួបសម្ភាសន៍បង្ហាញសុទិដ្ឋិនិយមចំពោះបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ ដោយពួកគេយល់ថា បញ្ជីនេះមានភាពសុក្រឹត និងងាយស្រួលផ្ទៀងផ្ទាត់ជាងបញ្ជីមុនៗ។
លោក ទ្រឿង សំរាយ វ័យ៧០ឆ្នាំ ជាមន្ត្រីរាជការចូលនិវត្តន៍មួយរូប ដែលរស់នៅក្នុងសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ បានមកផ្ទៀងផ្ទាត់ឈ្មោះរបស់លោក និងក្រុមគ្រួសារ។
«ការចុះឈ្មោះថ្មីនេះ ឃើញថាល្អជាងមុន។ មុនមានតែឈ្មោះ តែគ្មានរូបថត ឥឡូវច្បាស់លាស់។ ខ្ញុំមកមើលក្រែងលោ ខុសឈ្មោះខ្ញុំ។ តែខុសឈ្មោះខ្ញុំ ខ្ញុំ Complain [តវ៉ា] ហើយ។ អ្នកណាដែលខុស គេខ្វែង។ តិចទៀតខ្ញុំនឹងរៀបចំបោះចៅសង្កាត់ណា ដែលខ្ញុំពេញចិត្តដែលធ្វើឲ្យ ខ្ញុំវិវឌ្ឍ ទៅអភិវឌ្ឍ ទៅវឌ្ឍនភាព»។
លោក ហាក់ សារុំ វ័យ៤៨ឆ្នាំ ជាពលរដ្ឋម្នាក់ទៀតក្នុងរាជធានីភ្នំពេញ។ មន្ត្រីរាជការនៃក្រសួងបរិស្ថានរូបនេះថ្លែងប្រាប់ VOA ក្រោយពេលលោកផ្ទៀងផ្ទាត់ឈ្មោះលោករួចរាល់យ៉ាងដូច្នេះថា៖
«ខ្ញុំឃើញដំណើរការថ្មីដូចលឿនជាងមុន ហើយដូចច្បាស់ មានឈ្មោះ រូបថត ឃើញមកដល់ស្រួលរក។ យើងមើលតាមឈ្មោះ អក្សរទៅ ត្រកូលយើងអ៊ីចឹងទៅ ហើយផ្ទៀងមើលទៅថាសរសេរខុស ឬត្រូវ។ បើខុស ប្រាប់អាជ្ញាធរ។ ហើយឈ្មោះខ្ញុំត្រូវអស់ហើយ»។
លោក ហាក់ សារុំ រំពឹងចង់ឃើញភូមិឃុំដែលលោករស់នៅមានសុវត្ថិភាព និងសន្តិសុខសង្គមជាងមុន បន្ទាប់ពីការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ។
«យើងឃើញស្ពាន ថ្នល់ ភ្លើង ទឹកអី មានអស់ហើយ។ សំខាន់ ខ្ញុំចង់បានឲ្យវាមានសុវត្ថិភាព»។
បញ្ជីបោះឆ្នោតថ្មីនេះ ត្រូវបានបិទផ្សាយចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែមករាខាងមុខ ដើម្បីឲ្យពលរដ្ឋកម្ពុជាអាចប្ដឹងតវ៉ាចំពោះការកត់ត្រាព័ត៌មានមិនត្រឹមត្រូវនានា ព្រមទាំងអាចប្ដឹងជំទាស់ចំពោះបុគ្គលណាដែលមានឈ្មោះស្ទួន ឬជនណាដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ប្រាប់ VOA ថា ក្នុងករណីប្រជាពលរដ្ឋរកឃើញភាពមិនប្រក្រតីនៃបញ្ជីបោះឆ្នោតដំបូងនេះ ពួកគេអាចប្ដឹងតវ៉ា ឬជំទាស់ទៅនឹងបញ្ជីនេះទៅកាន់ក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ខាងមុខ។
«បើសិនជាមានអ្វីខុសឆ្គង ប្រជាពលរដ្ឋអាចប្ដឹងបាន។ ទី១ ប្ដឹងតវ៉ា ដើម្បីកែទិន្នន័យ។ ប្ដឹងទៅអាជ្ញាធរភូមិឃុំ។ បើមិនពេញចិត្តអាចប្ដឹងបន្តទៅគ.ជ.ប។ ហើយបើមិនពេញចិត្តទៀត អាចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ»។
លោក ហង្ស ពុទ្ធា ឲ្យដឹងទៀតថា ប្រជាពលរដ្ឋក៏អាចពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ពួកគេនៅលើគេហទំព័ររបស់ គ.ជ.ប ផងដែរ។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក បង្ហាញសុទិដ្ឋិនិយមចំពោះបញ្ជីឈ្មោះថ្មីនេះ បើប្រៀបធៀបនឹងបញ្ជីឈ្មោះបោះឆ្នោតមុនៗ ដោយសារការចុះឈ្មោះថ្មីនេះ ធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ និងមានការផ្ទៀងផ្ទាត់ទិន្នន័យជាច្រើនសារមកហើយ។
យ៉ាងណាក៏ដោយ លោកយល់ថា ការផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនេះ នៅមិនទាន់ទូលំទូលាយគ្រប់គ្រាន់នៅឡើយ ដែលជាហេតុធ្វើឲ្យពលរដ្ឋខ្លះនៅមិនទាន់បានដឹងពីព័ត៌មាននេះបានគ្រប់ជ្រុងជ្រោយ។
«ការបិទផ្សាយបញ្ជីឈ្មោះដំបូងនេះទាមទារឲ្យមានការផ្សព្វផ្សាយទូលាយទៅ ដើម្បីឲ្យគាត់ដឹងពេលវេលារយៈពេល១០ថ្ងៃហ្នឹង ដើម្បីឲ្យគាត់យកចុងសន្លឹក ឬបង្កាន់ដៃចុះឈ្មោះបោះឆ្នោតទៅផ្ទៀង។ ភាគច្រើនអត់ដឹងទេថា គេបិទផ្សាយបញ្ជីឈ្មោះដំបូងនៅថ្ងៃនេះទេ»។
ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ដែលធ្វើឡើងរយៈពេលបីខែចុងឆ្នាំ២០១៦កន្លងទៅនេះ មានចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបជាង៧លាន ៨សែននាក់ ឬស្មើនឹង៨១.៥៨% នៃចំនួនប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុប។ ក្នុងនោះ ឈ្មោះស្ទួនចំនួនជាង៨.០០០ ត្រូវបានរកឃើញ និងលុបចេញពីបញ្ជីបោះឆ្នោតដំបូងនេះ៕