ធនាគារ​ជាតិ​ប្រាប់​ពល​រដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​សេវា​កម្ចី​ប្រាក់​រហ័ស​ក្រៅ​ផ្លូវការ

រូបឯកសារ៖ ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​នៅ​ឯ​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ​ខែ​មេសា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)

លោក ​ង៉ែត ជូ​ ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ប្រាប់​ ​VOA​ ​ថា​ ​ការ​ប្រកាស​​របស់​ធនាគារ​ជាតិ​នៅ​ពេល​នេះ គឺ​ជា​ វិធានការ​​ល្អ​ក្នុង​ការ​ទប់​ស្កាត់​ ​និង​កាត់បន្ថយ​ការ​ខ្ចី​ប្រាក់​ពី​ការ​ផ្តល់​កម្ចី​​​​​​​​​​ទាំងនោះ។​ ​

នៅ​ថ្ងៃ​ពុធ​នេះ​ ​ធនាគារជាតិនៃ​កម្ពុជា​ ​ប្រកាស​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើ​ប្រាស់​សេវា​កម្ចី​រហ័ស​ក្រៅ​ផ្លូវការដែល​មិន​មាន​ឯកសារ​ ​ឬ​ទ្រព្យ​បញ្ចាំ​ ​ដើម្បី​ជៀសវាង​ការ​ប្រឈម​នឹង​ហានិភ័យ​ផ្សេងៗ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​ ​VOA​ ​ទទួល​បាន។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ចេញ​នៅ​ថ្ងៃ​ទី៣​ ​ខែតុលា​ ​ឆ្នាំ​២០១៨​នេះ​ ស្តីពី​ការ​ផ្សព្វផ្សាយ​ឥណទាន​តាម​បណ្តា​ប្រព័ន្ធ​ទូរស័ព្ទ​ ​បញ្ជាក់​ថា​ ​នាពេល​ថ្មីៗ​នេះ​មាន​ការ​ផ្ញើ​សារ​ទាក់​ទង​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​ ​ឃោសនា​ផ្តល់​ប្រាក់​កម្ចី​រហ័ស​ដោយ​មិន​ចាំបាច់​មាន​ឯកសារ​ ​ឬ​ទ្រព្យ​បញ្ចាំ​នៅ​ទូទាំង​ប្រទេស។​ ​ធនាគារ​ជាតិ​បន្ថែម​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា​ ការ​ផ្តល់​កម្ចី​បែប​នោះ​ ​គឺ​ជា​អំពើ​ខុសច្បាប់​ស្តីពី​គ្រឹះ​ស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ដោយ​ថាក្រុមហ៊ុន​ ​ឬ​បុគ្គល​ទាំង​នោះ​មិន​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ផ្តល់​សេវា​ប្រាក់​កម្ចី​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​នោះ​ទេ។​
សេចក្តី​ប្រកាស​របស់​ធនាគារ​ជាតិ​បាន​បន្ថែម​ថា៖​

«សូម​សាធារណៈ​ជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​ ​និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ ​ដើម្បីជៀស​វាង​ការ​ប្រើ​ប្រាស់​សេវា​កម្ចី​ក្រៅផ្លូវ​ការ​ ដែល​អាច​ប្រឈម​នឹង​ការ​ចាញ់​បោក​ល្បិចកល​របស់​ឈ្មួញចងការ​ប្រាក់​ ​និង​ហានិភ័យ​ផ្សេងៗ​ជា​យថា​ហេតុ»។​

VOA​ ​មិនអាចទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី​ ​ជា សិរី​ ​អគ្គនាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ទេ​ រហូត​ដល់ល្ងាច​ថ្ងៃ​ពុធនេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​កម្ពុជា​ ​ធ្វើ​ឡើង​ខណៈដែលក្រុម​ហ៊ុន​ផ្តល់​កម្ចីជា​ច្រើន​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​តាមរយៈ​ការ​ផ្ញើសារ​តាមទូរស័ព្ទ​ ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ក៏​ដូច​ជា​ការ​ចែក​ខិត្ត​បណ្ណ​ផ្សេងៗជាច្រើន ​ដែល​រៀបរាប់​ពី​ការ​ផ្តល់​កម្ចី​មាន​ការ​ប្រាក់ខ្ពស់​ ​តែ​មិន​ចាំបាច់​តម្រូវ​ឲ្យ​មាន​វត្ថុ​បញ្ចាំ។​

លោក ​ង៉ែត ជូ​ ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​និង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC)​ ​បាន​ប្រាប់​ ​VOA​ ​ថា​ ​ការ​ប្រកាសរបស់​ធនាគារ​ជាតិ​នៅ​ពេល​នេះ គឺ​ជា​វិធានការល្អ​ក្នុង​ការ​ទប់​ស្កាត់​ ​និង​កាត់បន្ថយ​ការ​ខ្ចី​ប្រាក់​ពី​ការ​ផ្តល់​កម្ចីទាំងនោះ។​ ​លោក​ថា ​ការ​ផ្តល់​កម្ចី​បែប​នោះ​មិន​តម្រូវ​ឲ្យ​មាន​ឯកសារ​ ​ឬ​វត្ថុ​បញ្ចាំ​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​តម្រូវ​ឲ្យ​អ្នក​ខ្ចី​បង់​ការ​ប្រាក់​ខ្ពស់​ ​ដែល​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​អ្នក​ខ្ចី​អាច​ប្រឈម​នឹង​ហានិភ័យ។​

លោក​បញ្ជាក់​ថា៖​

«ជួន​កាល​គាត់​មាន​កម្ចី​នៅធនាគារ​ ​ឬក៏​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​គាត់​កំពុង​លំបាក​សង​ ​ហើយ​គាត់​មាន​តម្រូវ​ការ​ហិរញ្ញវត្ថុ​បន្ថែម​ ​ជា​សម្ពាធ​អីផ្សេងៗ​ ​ឬក៏​គាត់​ពិបាក​ក្នុង​ការរក​ប្រាក់​សងគ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ហ្នឹង​ ​គាត់​អាច​រត់​ទៅ​រក​កម្ចី​ក្រៅ​ផ្លូវការ​ហ្នឹងឯង។​ ​អញ្ចឹង​វាងាយ​មាន​បញ្ហា​ផ្នែក​ខាង​វិបត្តិ​ហិរញ្ញវត្ថុ​ខ្លាំង​ណាស់​ សម្រាប់​អ្នក​ដែល​គាត់​ខ្ចី​ប្រភព​ទុន​ដែលមិនមាន​ការ​គ្រប់គ្រង​ច្បាស់​លាស់​ហ្នឹង ដោយសារ​ការប្រាក់​ហ្នឹង​វា​ថ្លៃ»។​

លោក​ ​ង៉ែត ជូ​ ​ពន្យល់​ពី​មូលហេតុ​ដែលក្រុម​ផ្តល់​កម្ចី​ទាំង​នោះ​នៅបន្ត​ការ​ផ្តល់​កម្ចីដោយ​មិនមាន​ឯកសារ​ ឬវត្ថុ​បញ្ចាំ​ថា៖​

«ជាទូទៅ​គាត់​បន្ត​ធ្វើ​សកម្មភាព​ហ្នឹង​ ​ដោយសារ​គាត់​យក​ការប្រាក់​ខ្ពស់​ ​អញ្ចឹង​ហើយ​បើ​សិន​ណា​ឧទាហរណ៍​ថា​អតិថិជន​ដែល​ខ្ចី​ប្រាក់​ហ្នឹង​១០​នាក់​ ​មាន​២​នាក់​ខូច​ ​បាន​ន័យ​ថា​ ​មិនមាន​លទ្ធភាព​សង​ ​ក៏​នៅ​មានអ្នក​៨​នាក់​ទៀត​មាន​លទ្ធភាព​សង​ ​អញ្ចឹង​គេ​អាច​កាត់កង​ ​គិតគូរ​ហានិភ័យ​ហ្នឹង​បាន ជា​ទូទៅ។ ដោយ​សារ​អត្រា​ការប្រាក់​ហ្នឹងវាខ្ពស់​មែនទែន»។​

លោក​ ​ង៉ែត ជូ​ ​បន្ថែម​ថា​ ​រដ្ឋាភិបាល​ដែល​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ ​គួរប្រើយន្តការ​ច្បាប់​ក្នុង​ការ​រឹត​បន្តឹងការផ្តល់​កម្ចី​បែប​នេះឲ្យ​បាន​តឹង​រ៉ឹង​ជាង​មុន​ ​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​នៃ​ការ​ការពារ​ផលប្រយោជន៍របស់​សាធា​រណៈជន។​

ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុម​ហ៊ុន​ផ្តល់​កម្ចី​មួយ​ឈ្មោះ​ ​Brother Cash​ ​បាន​ផ្តល់​កម្ចី​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយគណនា​ប្រាក់​កម្រៃ​តាម​រូបមន្ត​ ​ប្រាក់​កម្រៃ​ ​=​ ​ប្រាក់​កម្ចី​ ​x​ ​ចំនួន​ថ្ងៃ​ប្រើប្រាស់​ ​x អត្រា​ការ​ប្រាក់។​ ​ក្នុង​គេហទំព័រ​ដែល​គ្រាន់តែ​បំពេញ​ព័ត៌មាន​ដើម្បី​ខ្ចី​ប្រាក់​នោះ​ ​បាន​កំណត់​ពី​ការ​ខ្ចី​ប្រាក់​ចំនួន​២០០​ដុល្លារ​ ​ក្នុង​រយៈពេល​១​ថ្ងៃ​ ​ត្រូវ​បង់​ការប្រាក់​ចំនួន​៣.៧​ដុល្លារ។​ ​ចំណែក​ការ​ខ្ចី​ប្រាក់​ចំនួន​២០០​ដុល្លារ​ ​ក្នុង​រយៈពេល​៣០​ថ្ងៃ ត្រូវ​បង់​ការប្រាក់​ចំនួន​១១១​ដុល្លារ។​

រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​អះអាង​ណាមួយ​ដែល​បញ្ជាក់​ពី​ប្រភព​នៃ​ក្រុម​ហ៊ុន​ផ្តល់​កម្ចីដោយ​មិន​ត្រូវ​ការ​ឯកសារ​ ​និង​វត្ថុ​បញ្ចាំ​ ​តែ​មាន​ការ​ប្រាក់​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ៕