រដ្ឋសភាប្រកាសទទួលស្គាល់លោក ជា វ៉ាន់ដេត ទីប្រឹក្សានៃទីស្ដីការគណៈរដ្ឋមន្ត្រី ជាតំណាងរាស្ត្រខេត្តតាកែវជំនួសលោក សុខ អាន អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានស្លាប់ដោយសារជំងឺកាលពីខែមីនាកន្លងទៅ។
ការប្រកាសនេះធ្វើឡើងនៅក្នុងសម័យប្រជុំសភាលើកទី៨ នីតិកាលទី៥ នៅព្រឹកថ្ងៃសុក្រនេះ ដោយមានសមាជិកចូលរួមសរុប៩៩រូប និងផ្ដោតលើរបៀបវារៈចំនួន៤។
ថ្លែងមុនចាប់ផ្ដើមកិច្ចប្រជុំតាមរបៀបវារៈទាំង៤ដែលបានកំណត់ លោក ហេង សំរិន ប្រធានរដ្ឋសភាបានអានលិខិតប្រកាសទទួលស្គាល់លោក ជា វ៉ាន់ដេត ជាតំណាងរាស្ត្រខេត្តតាកែវ តាមការស្នើសុំរបស់គណបក្សប្រជាជនកម្ពុជា។ លោក ហេង សំរិន បន្ថែមថា លោក ជា វ៉ាន់ដេត ត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង មុនចូលកាន់តំណែង។
«សូមឯកឧត្ដមអគ្គលេខាធិការរដ្ឋសភា ទាក់ទងជាមួយនឹងក្រសួងព្រះបរមរាជវាំង ដើម្បីរៀបចំពិធីសច្ចាប្រណិធានជូនឯកឧត្ដម ជា វ៉ាន់ដេត តំណាងរាស្ត្រថ្មី មុននឹងចូលទៅកាន់តំណែង»។
នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាក៏បានពិភាក្សានិងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ និងសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រម លើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរាជរដ្ឋាភិបាលនៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េផងដែរ។
អតីតរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ លោក សុខ អាន ដែលគេដឹងថាបានកាន់តួនាទីជាច្រើនផ្សេងទៀតនៅក្នុងរដ្ឋាភិបាល បានទទួលមរណភាពកាលពីខែមីនា នៅក្នុងមន្ទីរពេទ្យមួយនៅក្នុងក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។
លោក ជា វ៉ាន់ដេត ដែលទើបក្លាយជាតំណាងរាស្ត្រថ្មី គឺជាអតីតនាយកខុទ្ទកាល័យលោក សុខ អាន និងបានឈប់ពីតួនាទីនេះអស់រយៈពេលជាច្រើនឆ្នាំហើយ។ បច្ចុប្បន្ន លោកគឺជាទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រី។
លោក ជា វ៉ាន់ដេត ក៏ជាស្ថាបនិកមួយរូបក្នុងចំណោមស្ថាបនិកពីររូបនៃសាកលវិទ្យាល័យ American University of Phnom Penh ដែលជាសាកលវិទ្យាល័យថ្មីមួយនៅរាជធានីភ្នំពេញ។ លោកក៏ត្រូវគេដឹងថា ជាប្រធានក្រុមហ៊ុន JC Royal Group ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។
ក្រុមហ៊ុននេះ ទទួលបានកិច្ចសន្យារយៈពេល៣០ឆ្នាំដើម្បីគ្រប់គ្រងវាលពិឃាដជើងឯក ដែលបច្ចុប្បន្នក្លាយជាតំបន់ទេសចរណ៍ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៥៕