រដ្ឋសភាជាតិ នៅថ្ងៃពុធនេះ បានប្រកាសជាផ្លូវការនូវសុពលភាពតំណាងរាស្រ្តថ្មីចំនួន៣៨រូបរបស់គណបក្សកាន់អំណាច ដែលទើបត្រូវបានសម្រេចផ្លាស់ប្តូរក្នុងខេត្ត រាជធានី១៥ បន្ទាប់ពីតំណាងរាស្រ្តជាប់ឆ្នោតចាស់ចំនួន៣៨រូបបានលាលែងចេញពីសមាជិករដ្ឋសភា។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញនៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨ នេះបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភានាព្រឹកថ្ងៃពុធនេះ លោកហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសសុពលភាពរបស់តំណាងរាស្រ្តថ្មីទាំង៣៨រូបសម្រាប់នីតិកាលទី៦នៃរដ្ឋសភា។
សេចក្តីប្រកាសនោះត្រូវបានសរសេរក្នុងន័យដើមថា៖
«សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសជាឱឡារិកថា បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជូនមកនេះ ត្រូវបានសម្រេចសុពលភាពនៃអាណត្តិសមាជិកនីមួយៗចាប់ពីថ្ងៃពុធទី១៩ខែកញ្ញាឆ្នាំ២០១៨នេះទៅ និងស្នើសុំអគ្គលេខាធិការដ្ឋានរដ្ឋសភាបិទផ្សាយជាសាធារណៈ ហើយរៀបចំពិធីសច្ចាប្រណិធានជូនសមាជិករដ្ឋសភាថ្មីទាំង៣៨រូប នៅព្រះបរមរាជវាំង»។
តំណាងរាស្រ្តរបស់គណបក្សកាន់អំណាចទាំង៣៨រូបដែលត្រូវបានផ្លាស់ប្តូរគឺជាតំណាងរាស្រ្តក្នុងមណ្ឌលចំនួន១៥រាជធានី ខេត្តគឺស្ថិតនៅមណ្ឌលខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្ដាល ខេត្តក្រចេះ រាជធានីភ្នំពេញ ខេត្តខេត្តព្រៃវែង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកែប ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។
ការសម្រេចផ្លាស់ប្តូរតំណាងរាស្រ្តទាំង៣៨រូបរបស់គណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិទី៦នេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៨បានថ្លែងក្នុងកិច្ចប្រជុំរបស់រដ្ឋសភាអាណត្តិទី៦ជាលើកដំបូង ដោយប្រាប់ឲ្យតំណាងរាស្រ្តដែលជាមន្រ្តីរដ្ឋាភិបាល លាលែងចេញពីតំណែងសមាជិករដ្ឋសភា។
រដ្ឋសភាកម្ពុជាអាណត្តិទី៦នេះបានក្លាយជារដ្ឋសភាឯកបក្សជាលើកដំបូងចាប់តាំងពីការបោះឆ្នោតអាណត្តិទី១ក្នុងឆ្នាំ១៩៩៣មក។ រដ្ឋសភាជាតិ ដែលដឹកនាំដោយគណបក្សតែមួយជាលើកដំបូងនេះ បង្កើតឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឈ្នះការបោះឆ្នោត និងទទួលបានអាសនៈក្នុងរដ្ឋសភាទាំង១២៥ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រជែងដ៏ធំរបស់ខ្លួន កាលពីចុងឆ្នាំ២០១៧កន្លងទៅ៕