មិន​ទាន់​មាន​វិធាន​ការ​នៅ​ឡើយ​ទេ ខណៈ​ពេល​ដែល​អង្គការ​ណាសា​ពិចារណា​អំពី​ករណី​នៃ​ស្ថានីយ​អវកាស​ដែល​គ្មាន​មនុស្ស​ជិះ

អវកាស​យានិក​ (កណ្តាល) Anton​ Shkaplerov​ ​និងអវកាស​​យានិករុស្ស៊ី ​​​(ស្តាំ) ​​Anatoly Ivanishin​ និង​អវកាស​យានិក​អាមេរិក​​ Daniel Burbankដើរ​ជាមួយ​គ្នា​បន្ទាប់ពី​បញ្ចប់​ការ​ពិ​និត្យសុខភាព​នៅមជ្ឈមណ្ឌល​អវកាស​ Star City ខាង​ក្រៅ​​ទីក្រុង​​​ម៉ូស្គូ​ ថ្ងៃទី២ ខ

បរាជ័យ​របស់​កាំជ្រួច​ដឹក​យាន​អវកាស​ សូយូស្ស​ (Soyuz)​ របស់​រុស្ស៊ី​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី​បន្ទាប់​ពី​ការ​បាញ់​បង្ហោះ​កាល​ពី​ខែ​មុន​ និង​ការ​សម្រេច​ចិត្ត​របស់​រុស្ស៊ី​ក្នុង​ការ​ផ្អាក​ការ​បាញ់​បង្ហោះ​យាន​អវកាស​សូយូស្ស​ទាំង​អស់​ ខណៈ​ពេល​ដែល​ខ្លួន​កំពុង​ស៊ើប​អង្កេត​រក​មូល​ហេតុ​នៃ​បរាជ័យ​នេះ​ បាន​បង្ក​ឲ្យ​មាន​បញ្ហា​ខ្លះៗ​ដល់​ដៃ​គូ​នៅ​ឯ​ស្ថានីយ​អវកាស​អន្តរជាតិ​ (International​ Space​ Station)។​
ក្រុម​មន្ត្រី​នៃ​អង្គការ​ណាសា​ (NASA)​កំពុង​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ទុក​ស្ថានីយ​នោះ​ក្នុង​ទី​អវកាស​ដោយ​គ្មាន​មនុស្ស​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត​១១​ឆ្នាំ​នេះ​ ខណៈ​ពេល​ដែល​ប្រទេស​ជា​ដៃ​គូ​ពិភាក្សា​អំពី​ការ​ត្រៀម​ខ្លួន​ដើម្បី​ចាប់​ផ្តើម​ការ​បាញ់​បង្ហោះ​យាន​អវកាស​សូយូស្ស​របស់​រុស្ស៊ី​ជា​ថ្មី​វិញ​ ទៅ​កាន់​ស្ថានីយ​នោះ។

និយាយ​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌​មាន​កាល​ពី​ដើម​សប្តាហ៍​នេះ​ ពី​លើ​ស្ថានីយ​អវកាស​ លោក​ ម៉ៃក​ ហ្វូសូម​ (Mike​ Fossum)​ អវកាស​យានិក​របស់​អង្គការ​ណាសា​ បាន​ឲ្យ​ដឹងថា​ ក្រុម​យានិក​ចំនួន​៦​នាក់​របស់​ស្ថានីយ​នេះ​មិន​ទាន់​រៀប​ចំ​ខ្លួន​ដើម្បី​ទុក​ឲ្យ​មន្ទីរ​ពិសោធន៍​ស្ថិត​នៅ​លើ​គន្លង​តារា​វិថី​នេះ​ដោយ​គ្មាន​មនុស្ស​នៅ​ឡើយ​ទេ។​ ប៉ុន្តែ​លោក​បាន​ថ្លែង​ទៀត​ថា​ ក្រុម​មន្ត្រី​នៅ​ឯ​មជ្ឈ​មណ្ឌល​អវកាស​ចនសុន​ (Johnson​ Space​ Center)​ របស់​អង្គ​ការ​ណាសា​ នៅ​ក្នុង​រដ្ឋ​តិចសាស់​ (Texas)​ កំពុង​ពិចារណា​អំពី​ជម្រើស​ទាំង​នោះ។​
«ក្រុម​អ្នក​ធ្វើ​ការ​ជាច្រើន​នៅ​ក្រុង​ហូស្តុន​ (Houston)​ស្ថិត​ក្នុង​ដំណាក់កាល​បឋមនៃ​ការ​សម្រេច​អ្វីៗ​គ្រប់​យ៉ាង​ ដោយ​រាប់​ចាប់​តាំង​ពី​បញ្ហា​ ថា​តើ​ប្រព័ន្ធ​ខ្យល់​ចេញ​ចូល​អ្វី​ខ្លះ​ដែល​យើង​នឹង​ទុក​ឲ្យ​ដើរ​ តើ​ភ្លើង​អ្វី​ខ្លះ​យើង​នឹង​ត្រូវ​បើក​ទុក​ចោល​ តើ​លក្ខខណ្ឌ​អ្វី​ខ្លះ​ដែល​ការ​ពិសោធន៍​នីមួយៗ​គួរ​ទុក​ឲ្យ​ដំណើរការ​ មាន​ដូច​ជា​ធុង​នី​មួយៗ​ ក្បាល​វ៉ាល់​នីមួយៗ​ និង​គម្រប​បើក​ចេញ​ចូល​នីមួយៗ។​ មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​បំពេញ​ ហើយ​ពួក​គេ​កំពុង​ចាប់​ផ្តើម​ធ្វើ​កិច្ច​ការ​នោះ​ហើយ​ ក្នុង​ពេល​ឥឡូវ​នេះ។​ និយាយ​តាម​ត្រង់​ទៅ​ វា​ជា​ការ​ឆាប់​ពេក​សម្រាប់​ឲ្យ​ពួក​យើង​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ក្នុង​រឿង​នោះ»។​
ខណៈ​ពេល​ដែល​លោក​ ហ្វូសូម​ មាន​ប្រសាសន៍​ថា​ វា​ជា​ការ​ប្រញាប់​ប្រញាល់​ពេក​ក្នុង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ទុក​ស្ថានីយ​អវកាស​នេះ​ចោល​មិន​ឲ្យ​មាន​មនុស្ស​ជិះ​ លោក​ទទួល​ស្គាល់​ថា​ វា​អាច​កើត​មាន​ជា​លើក​ដំបូង​បាន​ ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក។​ ហើយ​ប្រសិន​បើ​វា​កើត​ឡើង​មែន​ ក្រុម​អវកាស​យានិក​នឹង​គ្មាន​លទ្ធភាព​ធ្វើ​ការ​ផ្ទេរ​មនុស្ស​ទៅ​ឲ្យ​ក្រុម​យានិក​បន្ទាប់​បាន​ទេ។​
«វា​អាច​ជា​លទ្ធ​ភាព​មួយ​ដែល​យើង​នឹង​ទុក​ស្ថានីយ​មួយ​នេះ​ចោល​ដោយ​មិន​ចាំ​បាច់​មាន​មនុស្ស​នៅ​ក្នុង​នោះ​ ដោយ​សង្ឃឹម​ថា​សម្រាប់​រយៈ​ពេល​ខ្លី​មួយ។​ ផែន​ការ​ទាំង​ឡាយ​ដែល​យើង​មិន​ទាន់​ចាប់​ផ្តើម​នៅ​ឡើយ​ទាក់​ទង​នឹង​កិច្ច​ការ​នោះ ​រំពឹង​ថា​នឹង​អាច​ចង​ក្រង​ជា​ឯកសារ​ស្តី​ពី​កិច្ច​ការ​ដែល​យើង​ធ្វើ​ទាំង​នោះ​បាន​ តាម​ខ្សែ​វីដេអូ។​ ដូច្នេះ​យើង​អាច​ប្រើ​ប្រាស់​ខ្សែ​វីដេអូ​សម្រាប់​ការ​ហ្វឹក​ហ្វឺន​ក្រុម​យានិក​ក្រោយៗ​បាន។​ យើង​នឹង​ចាប់​ផ្តើម​និយាយ​អំពី​ព័ត៌​មាន​លម្អិត​ចំពោះ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​បិទ​ភ្លើង​ នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ»។​
ផ្នែក​ដំបូង​របស់​ស្ថានីយ​នេះ​ត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ឆ្នាំ​១៩៩៩​ ហើយ​មនុស្ស​បាន​ស្ថិត​នៅ​ក្នុង​យាន​នោះ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០០០​ មក​ម៉្លេះ។​ លោក ​ហ្វូសូម​ បាន​ថ្លែង​ថា​ វត្ត​មាន​ដ៏​យូរ​អង្វែង​នោះ​មិន​ត្រឹម​តែ​ជា​ប្រភព​នៃ​មោទនភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​មាន​សារៈ​សំខាន់​ក្នុង​ការ​ធានា​ឲ្យ​ស្ថានីយ​នោះ​មាន​ដំណើរ​ការ​ដ៏​ត្រឹម​ត្រូវ​ទៀត​ផង។​
លោក​ ហ្វូសូម ​បាន​គូស​បញ្ជាក់​ថា​ ប្រសិន​បើ​មាន​អ្វី​មួយ​បែក​បាក់​ដោយ​គ្មាន​មនុស្ស​នៅ​ចាំ​ជួស​ជុល​ទេ​ មាន​ដូច​ជា​ការ​ខូច​ប្រព័ន្ធ​បូម​ខ្យល់​ត្រជាក់ ​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត​ ហើយ​គ្រោះថ្នាក់​កាន់​តែ​កើន​ឡើង​ខ្ពស់​ ដរាប​ណា​ស្ថានីយ​អវកាស​នោះ​ត្រូវ​បាន​ទុក​ចោល​កាន់​តែ​យូរ​ដោយ​គ្មាន​មនុស្ស​ជិះ។​
សមាជិក​បី​នាក់​ក្នុង​ចំណោម​សមាជិក​៦​នាក់​នៃ​ក្រុម​យានិក​របស់​ស្ថានីយ​នេះ​នឹង​ចាក​ចេញ​ពី​ស្ថានីយ​អវកាស​អន្តរជាតិ​ ISS​ នៅ​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា។​ នៅ​ពាក់​កណ្តាល​ខែ​វិចិ្ឆកា​ អវកាស​យានិក​ ហ្វូសូម​ និង​សមាជិក​ក្រុម​យានិក​ពីរ​នាក់​ទៀត​មក​ពី​ប្រទេស​ជប៉ុន​ និង​រុស្ស៊ី​ គ្រោង​នឹង​វិល​ត្រឡប់​មក​ផែន​ដី​វិញ។​ ពួក​គេ​នឹង​ប្រើ​យាន​សូយូស្ស​ចំនួន​ពីរ​ ដែល​បាន​ធ្ពក់​ភ្ជាប់​នៅ​ឯ​ស្ថានីយ​អវកាស។

អង្គ​ការ​ណាសា​បាន​ឲ្យ​ដឹង​ថា​ ផែនការ​ដើម្បី​បាញ់​បង្ហោះ​សមាជិក​ក្រុម​យានិក​ថ្មី​ចំនួន​បី​នាក់​កំពុង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ ខណៈ​ដែល​ទី​ភ្នាក់​ងារ​អវកាស​សហរដ្ឋ​អាមេរិក​ និង​ដៃ​គូ​អន្តរជាតិ​របស់​ខ្លួន​ វាយ​តម្លៃ​ទៅ​លើ​ការ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​បាញ់​បង្ហោះ​យាន​សូយូស្ស​ជា​ថ្មី​ឡើង​វិញ។

បច្ចុប្បន្ន​នេះ​ អង្គ​ការ​ណាសា​បាន​ឲ្យ​ដឹង​ថា​ ស្ថានីយ​អវកាស​ស្ថិត​ក្នុង​សណ្ឋាន​ដ៏​ល្អ​ ហើយ​មាន​គ្រឿង​ផ្គត់​ផ្គង់​យ៉ាង​ច្រើន​ដើម្បី​គាំទ្រ​ក្រុម​យានិក​បច្ចុប្បន្ន៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង