អង្គការណាសា ដែលជាទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិកបានចេញផ្សាយទិន្នន័យមកពីយានអវកាសពិនិត្យអង្កេតទំនាញផែនដីប៊ី ឬហៅជាភាសាអង់គ្លេសថា Gravity Probe B ក្នុងឆ្នាំ២០០៤ ដែលបេសកកម្មចម្បងរបស់ខ្លួនក្នុងពេលនៅលើគន្លងផែនដី ត្រូវសាកល្បងទៅលើ ទ្រឹស្តីនៃទំនាញចក្រវាឡ (Theory of Relativity) កាលពីឆ្នាំ១៩១៦ របស់លោក អាល់ប៊ើត អាញស្តាញ (Albert Einstein)។ ខណៈដែលការធ្វើពិសោធន៍នេះបានវិវត្តន៍អស់ជាច្រើនទសវត្សរ៍រួចមក លទ្ធផលចុងក្រោយ អះអាងបន្ថែមទៅលើ ស្នាដៃរកឃើញរបស់ លោក អាញស្តាញស្តីពីទំនាញផែនដីនិងច្បាប់រូបវិទ្យារបស់ចក្រវាឡនេះ។
អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យស្តេនហ្វដ (Stanford University) បានស្នើឡើងជាលើកដំបូង ឱ្យធ្វើពិសោធន៍ ដើម្បីសាកល្បងទ្រឹស្តីរបស់លោក អាញស្តាញ កាលពីឆ្នាំ១៩៥៩ តាមរយៈការបង្វិលឧបករណ៍ប្រាប់ចំណុចផ្ទៃដើម ឬហៅថា ហ្ស៊ីរ៉ូស្កូប នៅក្នុងលំហអាកាស។ លោក ហ្វ្រង់ស៊ីស អេវើរីត (Francis Everitt) បានចូលរួមក្នុងគម្រោងនោះ នៅឯសាកលវិទ្យាល័យស្តេនហ្វដ កាលពីឆ្នាំ១៩៦២។ នៅទីបញ្ចប់ អស់រយៈពេលមួយទសវត្សរ៍ក្រោយមក លោកមានឱកាសធ្វើពិសោធ នៅពេលដែលលោក ត្រូវបានតែងតាំងជាអ្នកស៊ើបអង្កេតនាំមុខគេស្តីពីបេសកកម្មនៃយាន Gravity Probe B ក្នុងឆ្នាំ២០០៤ របស់អង្គការណាសា។
«ដូច្នេះយើងសម្រេចបាននូវការធ្វើពិសោធន៍ដ៏គួរឲ្យកត់សម្គាល់នេះដោយសាកល្បងទៅលើទ្រឹស្តីនៃទំនាញចក្រវាឡរបស់លោក អាញស្តាញ។ ហើយលោក អាញស្តាញ នៅតែមានអត្ថិភាពជានិច្ច»។
បន្ទាប់ពីទទួលរងនូវការពន្យារពេលក្នុងការបាញ់បង្ហោះដោយសារបញ្ហាថវិកា ទិន្នន័យមិនត្រឹមត្រូវ និងការស៊ើបអង្កេតរបស់សហព័ន្ធជាច្រើនដង បេសកកម្មរបស់យាន Gravity Probe B ត្រូវបានអនុម័ត និងបានចំណាយពេល១៧ខែនៅលើគន្លងផែនដី។ ការពិសោធន៍នៅក្នុងយានអវកាសបានសាកល្បងទ្រឹស្តីចំនួនពីររបស់លោក អាញស្តាញ។ លោក អេវើរីតពន្យល់ថាទ្រឹស្តីទីមួយគឺ«អានុភាពប្រថពីវិភាគ»។
«តាមទ្រឹស្តីទំនាញចក្រវាឡរបស់ លោក អាញស្តាញ លំហអាកាសនិងពេលវេលាត្រូវប្រែប្រួលទៅតាមទំនាញផែនដី។ ផែនដី ផ្លាស់ប្តូរលំហអាកាសដែលនៅជុំវិញបន្តិចម្តងៗ តាមរយៈទំនាញផែនដី។ ហើយទំនាញនោះមានរង្វាស់ ១,១ អ៊ីញ ក្នុងរយៈចម្ងាយ ២៥.០០០ម៉ាយ ឬស្មើនឹង ២,៧៥សង់ទីម៉ែត្រក្នុងរយៈចម្ងាយ៤០.០០០គីឡូម៉ែត្រ។ ដូច្នេះវាជាការផ្លាស់ប្តូរមិនសូវខ្លាំងប៉ុន្មានទេ»។
ទ្រឹស្តីទីពីររបស់លោក អាញស្តាញដែលត្រូវបានដាក់ឲ្យសាកល្បងនោះគឺ «ទំនាញបម្រែបម្រួល» ដែលជានិន្នាការរបស់វត្ថុវិលចុះឡើងៗ ដើម្បីទាញយកបែបផែនរបស់លំហអាកាសនិងពេលវេលា ជាមួយនឹងវត្ថុនោះនៅពេលវត្ថុនោះវិលចុះឡើងដែលជាអព្ភូតហេតុមួយដែលលោកអេវើរីតបានប្រដូចផែនដីទៅនឹងការជ្រមុជចូលទៅក្នុងសមុទ្រទឹកឃ្មុំ។
«ហើយអ្នកអាចស្រមៃថាទឹកឃ្មុំត្រូវបានអូសជុំវិញវត្ថុនោះដូច្នេះប្រដាប់ចង្អុលរបស់អ្នកនៅក្នុងទឹកឃ្មុំនោះក៏ត្រូវបានអូសជុំវិញដែរហើយនោះជាអ្វីដែលបានកើតឡើងដូចទៅនឹងឧបករណ៍ប្រាប់ចំណុចផ្ទៃដើមដែរ។ ដូច្នេះផែនដីពិតជាបានទាញយកលំហអាកាសនិងពេលវេលាឲ្យនៅជុំវិញដែរ»។
រហូតមកដល់ពេលនៃការបាញ់បង្ហោះក្នុងឆ្នាំ២០០៤ យានGravity Probe B បានប្រមូលផ្តុំបច្ចេកវិទ្យាទាន់សម័យជាច្រើនដែលមិនធ្លាប់មាននៅពេលដែលក្រុមរបស់សាកលវិទ្យាល័យស្តេនហ្វដបានធ្វើពិសោធន៍ពីទំនាញផែនដីជាលើកដំបូង។ ក្នុងចំណោមនោះរួមមានឧបករណ៍ប្រាប់ចំណុចផ្ទៃដើមដ៏ច្បាស់លាស់ចំនួន៤ ដែលឆាប់ទទួលសញ្ញាក្នុងល្បឿនលើស១លានដងច្រើនជាងឧបករណ៍ដែលធ្លាប់មានកាលពីទសវត្សរ៍១៩៦០។
«ដូច្នេះ នេះគឺជាដែនមួយដែលមានទំហំប៉ុនគ្រាប់ប៉េងប៉ុង ដែលដាក់ចូលទៅក្នុងកែវកញ្ចក់គ្រីសស្តាល់។ យើងធ្វើឲ្យគ្រាប់នោះមានលំនឹងដោយប្រើចរន្តអគ្គិសនី។ យើងបង្វិលវាឡើងទៅលើដោយប្រើឧស្ម័ន។ យើងធ្វើឲ្យគ្រាប់នោះវិលក្នុងល្បឿន ៥ពាន់ដងក្នុងមួយនាទីបូមឧស្ម័ននោះចេញដើម្បីផ្ទុកក្នុងសញ្ញាកាសមានកម្រិតខ្ពស់បំផុតហើយនៅពេលនោះយើងនឹងបានឧបករណ៍ប្រាប់ចំណុចផ្ទៃដើម»។
នៅពេលចូលក្នុងគន្លងតារាវិថីឧបករណ៍ប្រាប់ចំណុចផ្ទៃដើមដែលវិលខ្ញាល់ដូចដុំបង្វិលសម្រាប់ក្មេងលេង (ឬដុំវូ) ត្រូវបានធ្វើឡើងដើម្បីរក្សាយាន Gravity Probe B ឲ្យត្រូវទិសគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងផ្កាយគោលដែលស្ថិតនៅពីចម្ងាយ។ ស្របដូចទ្រឹស្តីរបស់លោក អាញស្តាញ ពួកគេទទួលបាននូវការផ្លាស់ប្តូរតិចតួចមួយចំនួនប៉ុន្តែអាចវាស់បាននៅក្នុងទិសដៅនៃការវិលដោយសារវត្ថុទាំងនោះត្រូវបានទាញដោយសារទំនាញផែនដី។
អស់រយៈពេលជាច្រើនឆ្នាំទស្សនៈវិស័យដែលទទួលបានពីការពិសោធន៍នៃយានGravity Probe B បានបង្កើតបច្ចេកវិទ្យាថ្មីៗជាបន្តបន្ទាប់ដោយរាប់ទាំងប្រព័ន្ធកំណត់ទីតាំងភូមិសាស្រ្តសកល ឬហៅកាត់ថា GPS ដែលជាបណ្តាញផ្កាយរណបនៅលើគន្លងផែនដីដែលមានសារៈសំខាន់សម្រាប់ចលនាដ៏ជាក់លាក់នៅលើដីនិងសមុទ្រ។
លោក រ៉េច ជីវីដេន (Rex Geveden) អតីតអ្នកគ្រប់គ្រងនៃអង្គការណាសាមានប្រសាសន៍ថាបើទោះជាមានលទ្ធភាពដែលថាបេសកកម្មរបស់យាន Gravity Probe B អាចត្រូវបរាជ័យក៏ដោយភាពជោគជ័យក្នុងបេសកកម្មលើកនោះគឺជាជ័យជម្នះខាងស្មារតីនិងចំណេះដឹងរបស់មនុស្ស។
«វាជាការរំឭកដល់ភាពអស្ចារ្យដែលមនុស្សអាចសម្រេចបានដែលពួកគេអាចដាក់ចិត្តគំនិតរបស់ពួកគេទៅលើគោលដៅបែបនេះ»។
លោក អាល់ប៊ើត អាញស្តាញ ដែលបានទទួលមរណៈភាពក្នុងឆ្នាំ១៩៥៥ មិនដែលស្រមៃឃើញថា ទ្រឹស្តីទំនាញចក្រវាឡនឹងឬក៏អាចត្រូវបានបញ្ជាក់ថាពិតនោះទេ។ នៅក្នុងសៀវភៅរបស់លោក ក្រោមចំណងជើងថា «អត្ថន័យនៃទំនាញចក្រវាឡ» ឬហៅជាភាសាអង់គ្លេសថា The Meaning of Relativity អ្នករូបវិទ្យាដ៏ល្បីល្បាញនេះបានសរសេរថា៖ «…..ការបញ្ជាក់អំពីទំនាញផែនដី តាមរយៈការពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ មិនត្រូវបានគិតដល់ទេ»។
«ប៉ុន្តែដោយសារអង្គការណាសាយើងបានធ្វើកិច្ចការច្រើនជាងយើងបានគិតទៅទៀត។ យើងពិតជាអាចវាស់ស្ទង់បានមែន»។
លោក ហ្វ្រង់ស៊ីស អេវើរ៉ាត អ្នកស៊ើបអង្កេតនាំមុខគេនៃបេសកកម្មយាន Gravity Probe B បញ្ជាក់ថាការរកឃើញនេះនឹងមានចុះនៅក្នុងព្រឹត្តិប័ត្រត្រួតពិនិត្យខាងរូបវិទ្យានៅក្នុងច្បាប់ចេញផ្សាយឆាប់ៗនេះ៕
ប្រែសម្រួលដោយ លី សុខឃាង