ទីភ្នាក់ងារអវកាសអាមេរិក NASA ទទួលបានជោគជ័យក្នុងការភ្ជាប់ទំនាក់ទំនងបានពេញលេញឡើងវិញជាមួយយាន Voyager 2 តាមរយៈការប្រើប្រាស់ឧបករណ៍បញ្ជូនសញ្ញាខ្លាំងបំផុត ដើម្បីបញ្ជូនជា «រលកសញ្ញាបញ្ជាឆ្លងផ្កាយ» ដែលបានកែតម្រូវទិសនៃអង់តែនរបស់យាន Voyager 2 ដ៏សែនឆ្ងាយនោះ។ នេះបើយោងតាមការលើកឡើងរបស់ទីភ្នាក់ងារអវកាសនេះ កាលពីថ្ងៃសុក្រ ទី៤ ខែសីហា។
ដោយត្រូវបានបង្ហោះចេញកាលពីឆ្នាំ ១៩៧៧ ដើម្បីស្វែងយល់បន្ថែមពីភពខាងក្រៅ និងបម្រើការជានិមិត្តរូបរបស់មនុស្សលោកទៅកាន់ចក្រវាឡដ៏ទូលំទូលាយ យាន Voyager 2 នាពេលបច្ចុប្បន្នស្ថិតនៅចម្ងាយជាង ១៩,៨ ពាន់លានគីឡូម៉ែត្រ ពីភពផែនដី ដែលចម្ងាយនេះគឺ ស្ថិតនៅខាងក្រៅព្រំដែនប្រព័ន្ធព្រះអាទិត្យទៅទៀត។
បណ្តុំសញ្ញាបញ្ជាដែលត្រូវបានបញ្ជូនទៅកាន់យាននេះ កាលពីថ្ងៃទី ២១ ខែកក្កដា មានកំហុសធ្វើឱ្យអង់តែនរបស់យានងាករេចំនួនពីរដឺក្រេចេញពីផែនដី ដោយបង្កផលប៉ះពាល់ទៅដល់សមត្ថភាពរបស់យានក្នុងការបញ្ជូននិងទទួលរលកសញ្ញា ហើយគំរាមកំហែងដល់បេសកកម្មទាំងមូល។
ស្ថានភាពនេះមិនត្រូវបានរំពឹងថា នឹងអាចដោះស្រាយបាន មុនយ៉ាងហោចណាស់ថ្ងៃទី១៥ ខែតុលា នៅពេលយាន Voyager 2 ត្រូវបានគ្រោងឲ្យធ្វើការកែសម្រួលទិសដៅរបស់ខ្លួនឲ្យត្រួវដោយស្វ័យប្រវត្តិឡើងវិញនោះទេ។
ប៉ុន្តែនៅថ្ងៃអង្គារ ទី១ ខែសីហា ក្រុមវិស្វករបានប្រើជំនួយពីមណ្ឌលសង្កេតមើលផ្កាយមួយចំនួននៅលើផែនដី ដែលបង្កើតបានជាបណ្តាញប្រព័ន្ធផ្តោតលើលំហអវកាសជ្រៅ ឬ Deep Space Network ដើម្បីកំណត់រករលកសញ្ញា ឬ «ចង្វាក់បេះដូង» របស់យាន Voyager 2 បើទោះបីរលកសញ្ញាវានៅមានលក្ខណៈខ្សោយខ្លាំង សម្រាប់ការទាញមើលទិន្នន័យដែលយាននេះផ្ទុកក៏ដោយ។
តាមរយៈព័ត៌មានទទួលបានថ្មីកាលពីថ្ងៃសុក្រ មន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់ទីភ្នាក់ងារអវកាសណាសា ដែលបានបង្កើតនិងបញ្ជាយាន Voyager 2 បាននិយាយថា នៅទីបំផុត ខ្លួនទទួលបានជោគជ័យក្នុងកិច្ចប្រឹងប្រែងដោយមិនមានភាពប្រាកដប្រជាមួយ ដើម្បីបាញ់សញ្ញាបញ្ជាទៅចំយាននេះ។
ប្រធានគ្រប់គ្រងគម្រោងយាន Voyager 2 អ្នកស្រី Suzanne Dodd បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «បណ្តាញប្រព័ន្ធផ្តោតលើលំហអវកាសជ្រៅ (Deep Space Network) បានប្រើប្រាស់ឧបករណ៍បញ្ជូនដោយប្រើថាមពលអគ្គិសនីខ្ពស់ ដើម្បីបញ្ជូនសញ្ញាបញ្ជា (តាមប្រព័ន្ធ អេឡិចត្រូម៉ាញេទិច S-band ក្នុងកម្លាំងអគ្គិសនី ១០០គីឡូវ៉ាត់ ពីទីតាំងមួយនៅក្រុងកង់បារ៉ា ប្រទេសអូស្រ្តាលី) ហើយកំណត់ពេលបញ្ជូនសញ្ញានេះ ពេលមានស្ថានភាពអាកាសធាតុល្អបំផុតក្នុងអំឡុងពេលតាមដានអង់តែន ដើម្បីបង្កើតលទ្ធភាពល្អបំផុត ដែលយាន Voyager 2 អាចទទួលបានសញ្ញាបញ្ជា»។
យាន Voyager 2 ចាប់ផ្តើមបញ្ជូនទិន្នន័យវិទ្យាសាស្រ្ត និងតេឡេម៉ែត្រមកវិញ នាម៉ោង ១២ និង ២៩នាទី ព្រឹក ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៤ ខែសីហា «ដោយបង្ហាញថា យាននេះដំណើរការជាធម្មតា ហើយថា យាននេះនៅបន្តស្ថិតលើគន្លងដែលត្រូវបានរំពឹងទុក»។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍របស់មន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់ទីភ្នាក់ងារ NASA។
«បន្ទះថាសមាស»
យាន Voyager 2 បានចាកចេញពីរង្វង់ដែនម៉ាញេទិចការពារផ្តល់ដោយព្រះអាទិត្យ ហៅថា ហេលីអូស្វ៊ែរ (Heliosphere) កាលពីខែធ្នូ ឆ្នាំ២០១៨ ហើយកំពុងតែធ្វើដំណើរឆ្លងកាត់លំហអវកាសក្នុងចំណោមផ្កាយនានា។
មុនពេលចាកចេញពីប្រព័ន្ធព្រះអាទិត្យ យាននេះបានរុករកភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn) ហើយបានក្លាយជាយានដំបូង និងតែមួយគត់ គិតមកទល់ពេលនេះ ដែលបានទៅដល់ភពអ៊ុយរ៉ានុស (Uranus) និងភពណិបទូន (Neptune)។
យាន Voyager 1 ដែលជាបងប្អូនភ្លោះនឹងយាន Voyager 2 គឺជាយានអវកាសដំបូងគេរបស់មនុស្សជាតិ ដែលបានហោះចូលក្នុងលំហអវកាសនៅចន្លោះបណ្តាផ្កាយ កាលពីឆ្នាំ ២០១២ ហើយកំពុងស្ថិតនៅចម្ងាយប្រមាណ ២៤ ពាន់លានគីឡូម៉ែត្រ ពីផែនដី។
យានទាំងពីរមាន «បន្ទះថាសមាស» ដែលជាបន្ទះថាស ឬឌីសទង់ដែងស្រោពដោយមាសទំហំ ៣០ សង់ទីម៉ែត្រ ដែលបានឆ្លាក់ចារអំពីរឿងរ៉ាវពីពិភពលោករបស់យើង សម្រាប់ឲ្យជីវិតនៅក្រៅភពអាចអានបាន។
ចំណារនោះរួមមាន ផែនទីប្រព័ន្ធព្រះអាទិត្យ ដុំអ៊ុយរ៉ាញ៉ូមប្រើជានាឡិកាវិទ្យុសកម្មដែលអនុញ្ញាតឱ្យអ្នកទទួលបានកំណត់នូវពេលវេលាដែលយានត្រូវបានបង្ហោះឡើង និងរូបសញ្ញាដើម្បីបង្ហាញពីរបៀបចាក់បន្ទះថាសតន្ត្រីឱ្យដំណើរការ។
មាតិកានៅក្នុងបន្ទះថាស ដែលត្រូវបានជ្រើសរើសសម្រាប់ទីភ្នាក់ងារអវកាសណាសាដោយគណៈកម្មាធិការដឹកនាំដោយតារាវិទូដ៏ល្បីឈ្មោះ លោក Carl Sagan រួមមាន រូបថតពីជីវិតនៅលើផែនដី ក៏ដូចជា តន្រ្តីនិងសំឡេងដែលអាចចាក់លេងបាន ដោយប្រើប្រាស់ប៊ិចពិសេសមួយដែលត្រូវបានដាក់ទៅជាមួយ។
សម្រាប់ពេលនេះ យាន Voyager ទាំងពីរនៅតែបន្តបញ្ជូនទិន្នន័យវិទ្យាសាស្រ្តមកកាន់ភពផែនដី បើទោះបីថាមពលស្តុកទុកត្រូវបានគេរំពឹងថានឹងអស់ បន្ទាប់ពីឆ្នាំ ២០២៥ ក្តី។
ហើយក្រោយពីនេះទៅ យានទាំងពីរនឹងបន្តដំណើរនៅក្នុងកាឡាក់ស៊ី Milky Way ប្រហែលអាចជារៀងរហូត ដោយស្ងប់ស្ងាត់៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា